ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​សេសាន២​​


ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ក៏​លើកឡើង​ផង​ដែរ​ថា ​រដ្ឋាភិបាល​គួរ​តែ​ស្តាប់​ប្រជាជន​ ហើយ​គួរ​សិក្សា​បន្ថែម​ទៀត​អំពី​គម្រោង​សាងសង់​​ទំនប់​នោះ។​
ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ក៏​លើកឡើង​ផង​ដែរ​ថា ​រដ្ឋាភិបាល​គួរ​តែ​ស្តាប់​ប្រជាជន​ ហើយ​គួរ​សិក្សា​បន្ថែម​ទៀត​អំពី​គម្រោង​សាងសង់​​ទំនប់​នោះ។​
​ស្ទឹង​ត្រែង
ទោះបីជា​រដ្ឋាភិបាល​បាន​អនុម័ត​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​រួច​ទៅ​ហើយ​ក៏​ដោយ ​ក៏​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ នៅ​តែ​បន្ត​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នោះ​ ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​អំពី​គម្រោង​សាងសង់​ទំនប់​ដ៏​ចម្រូង​ចម្រាស់​នោះ។​
អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​នៅក្នុង​ខេត្តស្ទឹង​ត្រែង​នេះ​និយាយ​ថា​ ពួក​គេ​មិន​ចង់​ឃើញ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅលើ​ទន្លេ​នេះ​ទេ។​
លោក​ណយ ភុត​គឺ​ជា​អ្នក​នេសាទ​ម្នាក់​នៅក្នុង​ភូមិស្រែគរ ​ឃុំ​ស្រែគរ​ ​ស្រុក​សេសាន។ ​លោក​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ត្រូវគេ​សាងសង់​មែន​ ទំនប់​នោះ នឹង​ធ្វើ​ឲ្យ​លោក​មិន​អាច​រក​ត្រី​ត​ទៅ​ទៀត​បាន​ទេ។​
«អត់​ហ្នឹង​ហើយ។ ​រក​មិន​បាន​ទេ​ បើ​គេ​ធ្វើ​ទំនប់​ ព្រោះ​ទឹក​ឡើង​ច្រើន»។​

កាល​ពី​ខែ​មុន ​អ្នកភូមិ​រាប់រយ​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅតាមដង​ទន្លេនេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដែល​មាន​កម្លាំង​ថាមពល​៤០០​មេហ្គាវ៉ាត់​នោះ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុម័ត​ការ​ធានា​ទូទាត់​ឲ្យ​ក្រុម​ហ៊ុន​សាងសង់​ទំនប់​នោះ។​
ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ថា​ ហាយដ្រូ ​ផៅវ័រ​ឡូវើ​សេសាន​២​នេះ​គឺ​ជា​គម្រោង​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ខ្មែរ ​ចិន ​និង​វៀតណាម​ ដែល​មាន​ទឹកប្រាក់​ចំនួន​ជាង​៧៨១​លាន​ដុល្លារ​អាមេរិក។​
លោកហ្វុត ឃឿន​គឺ​ជា​អ្នក​ចូលរួម​ការ​តវ៉ា​ម្នាក់។​
«ដល់​ពេល​គេ​អនុម័ត​ច្បាប់​ហើយ​ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​តាម​ដង​ទន្លេ​នីមួយៗ​ មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ជម្លៀស​ទី​លំនៅ​ដ្ឋាន ​ទៅ​នៅ​ភូមិដ្ឋាន​ថ្មី ​ធ្វើ​ស្រែ​ថ្មី ​ដាំ​ដើម​ឈើ​ថ្មី ​ដែល​ពិបាក​ទទួល​ផល»។​
ក្នុង​ក្តី​សង្ឃឹម​ចង់​ឲ្យ​រដ្ឋាភិបាល​ស្តាប់​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ ក្រុម​អ្នក​ភូមិ​ទាំង​នេះ​បាន​បន្ត​ក្បួន​ដង្ហែ​របស់​ពួកគេ​តាម​ម៉ូតូ ​គោយន្ត​ និង​បន្ទាប់មក​ដោយ​ថ្មើរ​ជើង​ ឆ្ពោះ​ទៅកាន់​អាស្រម​អ្នក​តា​របស់​ពួកគេ​មួយ​កន្លែង ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ភូមិ​ ដើម្បី​បួងសួង​សុំ​ឲ្យ​អារុក្ខអារក្ស ​ដែល​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​នោះ ​ជួយ​អន្ទង​ចិត្ត​របស់​អ្នក​សម្រេច​ចិត្ត​លើ​បញ្ហា​ទំនប់​សេសាន​ក្រោម​២​នេះ​ ឲ្យ​ពិចារណា​ឡើង​វិញ​លើ​គម្រោង​នោះ ។​
លោក​ចាន់ ធុន​គឺ​ជា​អ្នក​តំណាង​សហគមន៍​ឃុំ​ស្រែ​គរ។​ លោក​មាន​ប្រសាសន៍​ថា​ អ្នក​ភូមិ​របស់​លោក​ចង់​រស់នៅ​ក្នុង​ជីវភាព​ធម្មតា​ដូច​សព្វ​ថ្ងៃ​ ដោយ​មិន​ចាំបាច់​ផ្លាស់​ទៅ​រស់នៅ​ទី​តាំង​ថ្មី​នោះ​ទេ។​
«នៅ​ក្នុង​តំបន់​ហ្នឹង​គឺ​សុទ្ធ​តែ​កសិករ​ធ្វើ​ស្រែ។​ ប្រសិន​បើ​ដី​គ្រួស​ថ្ម ​អញ្ចឹង ​ធ្វើ​ស្រែ​យ៉ាង​ម៉ិច​ទៅ​កើត?»​
គម្រោង​សាងសង់​ទំនប់​នេះ​នឹង​តម្រូវ​ឲ្យ​ប្រជាជន​ជាង​១៥០០​គ្រួសារផ្លាស់​ទី​លំនៅ​ នេះ​បើ​យោង​តាមរបាយ​ការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។​
ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា ​ប្រជា​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​នេះ​មាន​ប្រមាណ​តែ​ពាក់​កណ្តាល​នៃ​ចំនួន​នោះ​ប៉ុណ្ណោះ ​ហើយ​និយាយ​ថា ​រដ្ឋាភិបាល​ ត្រូវ​ការ​ទំនប់​នេះ ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ចកិច្ច​ជាតិ។​
តែ​ទោះ​ជាយ៉ាង​នេះ​ក្តី ​ក្រុម​អ្នក​ភូមិ​លើក​ឡើង​ថា ​កំណើន​សេដ្ឋ​កិច្ច​នោះ​គឺ​មិន​មែន​សម្រាប់​ពួកគេ​ទេ។​
លោកសេត កាល់​ គឺ​ជា​អ្នក​ភូមិ​ម្នាក់​មក​ពីឃុំ​ក្បាល​រមាស។​
«រីក​ចម្រើន​បាន​តែ​ពួក​អ្នក​ធំៗ ​ឯ​ប្រជាជន​នៅ​ជនបទ​បាន​ស្អី? ​អត់​មាន​បាន​រីក​ចម្រើន​ទេ​ បាន​តែ​អ្នក​ទី​ក្រុង​ អ្នក​ធំៗ។​ អ្នក​ជនបទ​អត់​បាន​ទេ»។​
ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ក៏​លើកឡើង​ផង​ដែរ​ថា ​រដ្ឋាភិបាល​គួរ​តែ​ស្តាប់​ប្រជាជន​ ហើយ​គួរ​សិក្សា​បន្ថែម​ទៀត​អំពី​គម្រោង​សាងសង់ទំនប់​នោះ។​
លោក​មៀច មាន​គឺ​ជា​អ្នក​សម្រប​សម្រួល​បណ្តាញ​ការ​ពារ​ទន្លេ​បី​ គឺ​ទន្លេ​សេសាន​ ស្រែពក ​និង​សេកុង។​
«នៅ​ពេល​ដែល​កម្រិត​ទឹក​ពេញ​៧៥​ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ​ នោះ​មាន​ន័យ​ថា ​ទំនប់​សេសាន​ក្រោម​២នេះ​អាច​ផលិត​ថាម​ពល​បាន​កម្រិត​៤០០​មេហ្គាវ៉ាត់។​ ប៉ុន្តែ​ប្រសិន​បើ​ស្ថាន​ភាព​ទឹក​នៅ​ត្រឹម​កម្រិត​នេះ ​ស្ទើរ​តែ​ដាច់​ពី​ទន្លេ​អញ្ចឹង​ ទំនប់​ហ្នឹង​មិន​អាច​ធានា​បាន​នូវ​កម្រិត​៤០០​មេហ្គាវ៉ាត់​បាន​ទេ»។​
ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន ​ទំនប់​សេសាន​ក្រោម​២​នឹង​គម្រាម​កំហែង​ដល់​ប្រព័ន្ធ​ជីវ​ចម្រុះ​របស់​ទន្លេ​សេសាន ​និង​ស្រែពក ​ដែល​ជា​ដៃ​ទន្លេ​ដ៏​សំខាន់​បំផុត​ពីរ​របស់​ទន្លេ​មេគង្គ​ នេះ​បើ​ផ្អែក​តាម​អង្គការ​ទន្លេ​អន្តរជាតិ​(International Rivers)។​
ហើយ​ក្រុម​អ្នក​ភូមិ​ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​ទី​នេះ​ និយាយ​ថា​ ទំនប់​នោះ​ក៏​នឹង​បំផ្លាញ​ជីវភាព​រស់​នៅ​និង​ប្រពៃណី​របស់​ពួកគេ​ជា​រៀង​រហូត។​
លោក​សៀក មេគង្គ​គឺ​ជា​មេឃុំ​ស្រែគរ។​
«តាម​គោល​ការណ៍​សិក្សា​របស់​រដ្ឋាភិបាល​គេ​ថា​ អាច​ចំណេញ​ជាតិ​ច្រើន​ជាង។​ បើ​តាម​ខ្ញុំ​សិក្សា​ ដូច​ជា​ទៅ​ប្រទេស​ផ្សេងៗ​ ដូចជា​ឡាវ​ជាដើម​ ខ្ញុំ​ថា ​វា​ប៉ះពាល់​ខ្លាំង​ណាស់ ​ជាពិសេស​ជំងឺ​ឈឺ​ថ្កាត់​ ប៉ះពាល់​ធនធាន​ធម្មជាតិ​ទាំង​អស់ ​ហើយ​អនាគត​ទៅ ​កូនចៅ​អ្នក​ភូមិ​ស្រែគរ​ និង​ឃុំ​ស្រែគរ​ហ្នឹង​ នឹង​ធ្វើ​ជា​កម្មករ​គេ​ទាំង​អស់​ ព្រោះ​វា​អស់​ធនធាន​ធម្មជាតិ​ វា​អស់​រលីង​ទៅ​ហើយ»។​
លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ឡើង​វិញ មុន​ពេល​ដែល​ការ​សាងសង់​ទំនប់​នេះ​ចាប់​ផ្តើម៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG