ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​​នេសាទ​​ត្រី​ចិន​៣០០គ្រឿង​​នៅ​ក្នុង​សមុទ្រ​​​អាមេរិក​ខាង​ត្បូង​​នាំ​ឲ្យ​មាន​កង្វល់​​​សន្តិសុខ​​ម្ហូបអាហារ


រូបឯកសារ៖ នាវា​ទាហាន​ជើងទឹក​​មួយ​ចំនួន​របស់ Ecuador ឡោមព័ទ្ធ​នាវា​នេសាទ​មួយ​គ្រឿង​នៅ​ក្នុងដែនទឹក​អន្តរជាតិ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ នាវា​ទាហាន​ជើងទឹក​​មួយ​ចំនួន​របស់ Ecuador ឡោមព័ទ្ធ​នាវា​នេសាទ​មួយ​គ្រឿង​នៅ​ក្នុងដែនទឹក​អន្តរជាតិ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

កងទ័ពជើង​ទឹក​នៃ​ប្រទេស Ecuador បាន​បញ្ជាក់​ថា​នាវា​នេសាទ​ត្រី​ចិន​ប្រមាណ៣០០​គ្រឿង​បាន​ចាកចេញ​ពី​ប្រជុំ​កោះ Galapagos ហើយ​កាលពី​ចុង​ខែ​កញ្ញា​ ហើយ​ឥឡូវ​នេះ​កំពុង​នេសាទ​ត្រី​ក្នុង​ដែន​ទឹក​អន្តរជាតិទល់មុខ​នឹង​ឆ្នេរ​សមុទ្រ​ប្រទេស​ Peru។

លោកឧត្តមនាវី Daniel Ginez មេបញ្ជាការកិច្ច​ប្រតិបត្តិការនៃកងទ័ព​ជើង​ទឹក​ Ecuador បាន​និយាយ​កាលពី​ចុង​ខែ​កញ្ញា​ថា​នៅពេល​នេះ​កប៉ាល់​ចិន​ទាំងនេះ«ឋិតនៅ​ក្នុង​ដែន​ទឹកខាង​ក្រៅតំបន់​សេដ្ឋកិច្ច​ដាច់​មុខ​នៃប្រទេស​Peru»។

លោក​បាន​និយាយ​បន្ថែមថា​នាវានេសាទ​ចិននៅ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ។

លោក Ginez បាននិយាយ​ឱ្យ​ប្រុង​ប្រយ័ត្ន​ថា«ជា​មួយនាវា​នេសាទត្រី​ច្រើន​បែប​នេះ​យើងមាន​ការ​ប្រថុយ​ប្រថាន​ថាត្រី​ប្រភេទ​ខ្លះ​នឹងមាន​ចំនួនចុះថយ»។​

ពួក​អ្នក​ជំនាញ​បាននិយាយ​ប្រាប់​វីអូអេ​ថាសកម្មភាព​គឃ្លើន​របស់ប្រទេស​ចិន​ខាង​ការ​នេសាទមិន​មែនគ្រាន់​តែគំរាមកំហែងអធិបតេយ្យភាពនៃ​ប្រទេសមាន​ឆ្នេរសមុទ្រ​ទាំង​នេះ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់សន្តិសុខ​អាហារ​សាកលនិង​អេកូឡូស៊ី​សមុទ្រ​ផង​ដែរ។

ការ​ត្អូញត្អែរ​ពីពួក​ប្រទេសអាមេរិក​ខាង​ត្បូង

នាវានេសាទត្រី​ចិនជា​ច្រើនដែលធ្វើប្រតិបត្តិការ​តាម​ឆ្នេរមហា​សមុទ្រ Pacificបាន​នាំ​ឱ្យ​មានកង្វល់ពី​ប្រទេស​មួយ​ចំនួន​ក្នុងទ្វីប​អាមេរិក​ខាង​ត្បូង​កាល​ពីប៉ុន្មាន​ខែ​មុន​នេះ។ កាល​ពី​ខែ​មិថុនា​ នាវា​នេសាទចិន​ប្រមាណ៣៤០​គ្រឿងបាន​បើក​ចួក​ដែន​សមុទ្រ ​ប្រទេស Ecuador បណ្តាលឱ្យ​មានការ​តវ៉ាអំពី​លទ្ធភាព​នៃ​ការ​គំរាម​កំហែងដល់​ប្រជុំ​កោះ Galapagos ដែល​ជាកន្លែងកេរ្តិ៍​ដំណែលពិភពលោក​មួយ​នៃ​អង្គការ UNESCO និង​ជាកន្លែង​រស់នៅ​របស់​សត្វច្រើន​ប្រភេទ។

បើ​តាមរបាយការណ៍នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​នាវា​នេសាទ​ត្រី​ចិន​ទាំង​នេះ​បាន​ត្រូវចោទ​ប្រកាន់ថា​បាន​បិទប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​ស្វ័យ​ប្រវត្តិផ្អែក​លើ​ផ្កាយ​រណប​វិទ្យាសាស្ត្រ​របស់ខ្លួនហើយ​បានបើក​ចូលក្នុង​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​នៃ​ប្រទេស​ Ecuador។​ ក៏​ប៉ុន្តែលោកឧត្តមនាវី​ Ginez នៃ​ប្រទេស Ecuador បាន​និយាយ​ថា​លើកនេះ​គ្មាននាវា​នេសាទចិនបានចូលក្នុងដែន​ទឹក​នៃប្រទេស Ecuador នៅ​ពេលធ្វើ​ប្រតិបត្តិការ​នៅ​ជិត​ប្រជុំ​កោះ Galapagos ទេ។​

សេដ្ឋកិច្ច​នៃ​ប្រទេស​ Peru និងប្រទេស Ecuador ​ពឹងពាក់​ខ្លាំង​លើអាហារ​សមុទ្រ។ ​បើ​តាមស្ថិតិ​ធានាគារ​ពិភពលោក​ថាក្នុង​ឆ្នាំ២០១៨ ប្រទេសទាំង​ពីរនេះនេសាទត្រី​បាន​៤លាន៥​សែន​តោន​គឺប្រហែល​នឹង​សហរដ្ឋ​អាមេរិក​ដែរ ប៉ុន្តែ​ស្មើរ​តែ​ប្រមាណ​២៥%​នៃ​អ្វីដែល​ចិន​បាននេសាទក្នុង​ឆ្នាំ​ដូចគ្នានេះ។

ប្រទេស​ទាំង​ពីរនេះនិយាយ​ថា​កងនាវានេសាទ​ចិន​ធំៗ​គំរាម​កំហែងសន្តិសុខ​ប្រភព​អាហារ​ពួក​គេ។

ប្រទេស​ចិន​ត្រូវការ​ម្ហូប​សមុទ្រ​ច្រើនជាងគេ​ក្នុង​ពិភពលោក។ ប្រជារាស្ត្រ​ចិន​បរិភោគ​ត្រី​ចំនួន​មួយ​ភាគបី​នៃការ​បរិភោគ​ត្រី​ទាំង​អស់​ក្នុង​ពិភពលោក​ហើយ​មាន​អត្រា​កំណើន​ប្រចាំ​ឆ្នាំចំនួន៦%។

ការនេសាទ​ដោយ​ខុស​ច្បាប់ និង​ខុស​បទបញ្ញ័ត្តិ​ហៅ IUU

ពួក​អ្នក​វិភាគនិយាយ​ថានាវាចិន​ច្រើន​គ្រឿង​បានធ្វើ​សកម្មភាព​នេសាទ«ខុស​ច្បាប់ មិន​រាយការណ៍​និងដោយ​គ្មានបទបញ្ញ័ត្តិ​ហៅ IUU ដែលគំរាម​កំហែង​អធិបតេយ្យភាពប្រទេសជាតិឯទៀតៗនិង​នាំ​ឱ្យ​មានគ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សន្តិសុខម្ហូប​អាហារ​សាកល​ថែមទៀត​ផង។

កាល​ពី​ថ្ងៃ​ទី២២​កញ្ញា​ លោក​ប្រធានាធិបតី​ Donald Trump បានផ្តោត​ទៅលើ​ការ​នេសាទ​របស់​ប្រទេស​ចិននៅ​ក្នុង​សុន្ទរកថា​របស់​លោកទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដោយ​លោក​បាន​ថ្លែង​ថារដ្ឋាភិបាល​ប៉េកាំង«បាន​ចាក់ចោល​ប្ល៉ាស្ទីក​និង​សំរាមរាប់​លាន​តោនក្នុង​មហា​សមុទ្រ​ហើយ​បាននេសាទហួស​កម្រិត​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​ឯ​ទៀតៗ»។

លោក Rashid Sumaila ជា​នាយកនៃ​អង្គភាព​ស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​នេសាទនៅ​ឯ​វិទ្យាស្ថានមហា​សមុទ្រ​និង​នេសាទនៃ​សាកលវិទ្យាល័យ​ British Columbia។​ លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថាដោយសារ​ត្រី​ក្នុង​សមុទ្រនៅ​ជិត​ប្រទេស​ចិន​ជិតអស់​ហើយ​ ទើប​ចិនត្រូវ​ទៅ​នេសាទនៅ​កន្លែង​ឯ​ទៀតៗ​វិញ។

លោក Rashid Sumaila បានថ្លែង​ទៀត​ថា«​ការ​ចូលចិត្ត​បរិភាគ​ត្រី​ច្រើននៅ​ក្នុង​ប្រទេស​ចិន​ជា​ហេតុផលខាង​សេដ្ឋកិច្ចដែល​នាំ​ឱ្យ​ចិនធ្វើ​ការ​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់ មិន​រាយការណ៍​និងដោយ​គ្មានបទបញ្ញ័ត្តិ ហៅកាត់ថា IUU នោះ។ ប្រទេសចិន​ក៏​គ្មានគោល​នយោបាយ​នេសាទ​ត្រី​ខ្លាំង​និង​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង IUU ទេហើយ​ថែម​ទាំង​មានការ​ផ្តល់​ប្រាក់​ជំនួយ​បន្ថែមដូច​ជា​ប្រាក់​សម្រាប់ទិញ​ប្រេងឥន្ធនៈជា​ដើម»។

វិទ្យាស្ថានខាង​ការ​អភិវឌ្ឍន៍​នៅ​ឯ​ប្រទេស​ក្រៅ​ហៅកាត់​ថា​ ODI ដែលមានមូលដ្ឋាន​ក្នុង​ក្រុងឡុង​បាន​កត់ត្រា​នាវា​នេសាទ​ចិន​ជិត១ម៉ឺន៧ពាន់​គ្រឿងដែល​ជា​ចំនួន​ច្រើន​លើសលប់​មិន​អាច​ធ្វើ​ឱ្យ​វិទ្យាស្ថាន​នេះឃ្លាំ​មើល​នាវា​ទាំង​អស់​នេះ​នៅ​ក្នុង​ពិភពលោក​បានឡើយ។

លោកស្រី Tabitha Mallory ជាសាស្ត្រាចារ្យ​ខាង​គោលនយោបាយការបរទេស​និងបរិដ្ឋាននៅ​ឯ​សាកលវិទ្យាល័យ​រដ្ឋ Washington។ លោកស្រី​បាននិយាយ​ប្រាប់​វីអូអេថាពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍មានការ​ពិបាកក្នុង​ការ​ឃ្លាំមើលលំហ​សមុទ្រទល់មុខ​ឆ្នេរ​សមុទ្ររបស់​ពួក​គេ​ដែរ។

លោកស្រី Tabitha Mallory បាន​ថ្លែង​ថា«​ចិន​ទៅ​នេសាទ​ត្រីនៅក្នុង​ប្រទេសដែល​គ្មាន​សមត្ថភាពមាំ​មួន​ដើម្បីឃ្លាំ​មើល​លំហ​សមុទ្រទល់មុខ​ឆ្នេរ​សមុទ្ររបស់​ពួក​គេ។​ នាវា​នៃ​កង​ឆ្មាំឆ្នេរ​សមុទ្រនិងប្រេង​ឥន្ធនៈសម្រាប់​កង​នាវា​ល្បាតទាំង​នោះ​មាន​សោហ៊ុយ​ច្រើន​សម្រាប់ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងនោះ»។

លោក Jim Risch ជាសមាជិក​ព្រឹទ្ធសភាស.រ.អ.​ខាងគណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Idaho និងជា​ប្រធាន​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេសរបស់ព្រឹទ្ធសភា។ កាលពី​សប្តាហ៍​ទី​បី​នៃ​ខែ​កញ្ញាលោក​បាន​ថ្លែង​ថាសហគមន៍​អន្តរជាតិគួរ​ដាក់​សម្ពាធលើប្រទេស​ចិនឱ្យកែ​លម្អ​របៀប​នេសាទ​ត្រី​របស់ផង​ខ្លួន។

លោក Jim Risch បាន​និយាយ​ថា«​ការ​នេសាទ​ត្រី​យ៉ាង​គឃ្លើននិង​ខុស​ច្បាប់​ដោយ​ប្រទេស​ចិន​រំលោភ​លើ​បូរណភាព​ទឹក​ដី​នៃ​ពួកប្រទេស​នានា​ក្នុងទ្វីប​អាមេរិក​ឡាទីន​ដែលនៅ​ជាប់នឹង​សមុទ្រ​ដោយ​បង្កើន​ការ​ខ្វល់ខ្វាយខាង​សន្តិសុខ​ក្នុងរយៈពេល​យូរ»។

ប្រទេស​ចិន​បានសន្យាអំពី​គោលនយោបាយ​«គ្មានការ​អត់​ឱន»​ដល់​ការនេសាទខុស​ច្បាប់ហើយ​បាន​ស្នើឱ្យ​មានបម្រាម​នេសាទបណ្តោះអាសន្ននៅ​ក្នុង​តំបន់​ជិត​ប្រជុំ​កោះ Galapagos។

បើ​តាមក្រសួង​កសិកម្ម​និង​កិច្ចការ​ជន​បទ​នៃ​ប្រទេស​ចិន​ថាបម្រាម​បណ្តោះអាសន្ន​នេះហាម​ប្រាម​កងនាវានេសាទ​ចិនទាំង​អស់មិន​ឱ្យ​នេសាទ​ត្រីក្នុងសមុទ្រ​ជ្រៅក្នុង​ប៉ែកនិរតី​នៃមហាសមុទ្រ Atlantic និងមហា​សមុទ្រ​ Pacific ក្នុង​រយៈពេល​បី​ខែ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ខែ​កក្កដា។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG