ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំរុញ​ឱ្យ​ដាក់​គោលគំនិត​របស់​លោក ស៊ី ជីនពីង ទៅ​ក្នុង​កម្មវិធីសិក្សា​មហាវិទ្យាល័យ


រូបឯកសារ៖ រូបរបស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​កន្លែង​តាំង​ពិព័ណ៌​មួយ​អំពី​ប្រវត្តិសាស្ត្រ​បក្ស​កុំម្មុយនីស្ត​ចិន នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ រូបរបស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​កន្លែង​តាំង​ពិព័ណ៌​មួយ​អំពី​ប្រវត្តិសាស្ត្រ​បក្ស​កុំម្មុយនីស្ត​ចិន នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ខណៈ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​បន្ត​ពង្រឹង​អំណាច​របស់​ខ្លួន គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ប្រឹងប្រែង​ដាក់​បញ្ចូល​អត្ថបទ​ និង​គោលគំនិត​របស់​លោក​កាន់​តែ​ច្រើន​ទៅ​ក្នុង​កម្មវិធីសិក្សា​តម្រូវ​ជា​ចាំបាច់​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​នេះ។

ចាប់ពី​រដូវ​ស្លឹក​ឈ្លើ​ជ្រុះ ឆ្នាំ២០២០​នេះ មហាវិទ្យាល័យ​ និង​សាកលវិទ្យាល័យ​ចំនួន ៣៧ នៅ​ទូទាំង​ប្រទេស​បាន​បើក​មុខវិជ្ជា «សេចក្តីផ្តើម​នៃ​គំនិត​សង្គម​និយម​ ដែល​មាន​ចរិត​លក្ខណៈ​ចិន នៅ​ក្នុង​សម័យ​ថ្មី​របស់​ប្រធានាធិបតី ស៊ី ជីនពីង ឬ An Overview of Socialist Thought with Chinese Characteristics in Xi Jinping's New Era»។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​ឈ្មោះ​ថា ស្វែង​រក​ការ​ពិត ឬ Seeking Truth។ សាកលវិទ្យាល័យ​ទាំង​នេះ​រួម​មាន​ សាកលវិទ្យាល័យ​ល្បីៗ​ដូចជា សាកលវិទ្យាល័យ Peking និង​សាកលវិទ្យាល័យ Tsinghua។​

សាកលវិទ្យាល័យ​តូចៗ​នៅ​ទូទាំង​ប្រទេស​ចិន​បាន​បញ្ចូល​មុខ​វិជ្ជា​នេះ​ទៅក្នុង​កម្មវិធី​សិក្សា​របស់ខ្លួន​ចាប់តាំង​ពី​ការ​ប្រកាស​នេះ​មក។ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា​ថា មហាវិទ្យាល័យ​វិជ្ជាជីវៈ Yantai នៅ​ក្នុង​ខេត្ត Shandong បាន​បង្កើត​ក្រុម​ការងារ​ចំនួន​៣ ដើម្បី​បន្ថែម​អត្ថបទ​ទាំង​នេះ (ដែល​បង្រៀន​ពី​ទ្រឹស្តី​របស់​លោក​ប្រធានាធិបតី​ ស៊ី) ​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន។

នៅ​ក្នុង​ករណី​ជាច្រើន ខ្លឹមសារ​ថ្មី​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា «គោលគំនិត​របស់​លោក ស៊ី ជីនពីង» កំពុង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​មុខវិជ្ជា​ដែល​សិក្សា​លើ​សំណេរ​របស់​លោក​រួច​ទៅ​ហើយ​អំពី «ជំនឿ​ទុក​ចិត្ត​ខ្លួន​ឯង​ទាំង ៤» ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៦។ ខ្លឹមសារ​ទាំង​នេះ​បង្ហាញ​ពី​ជំនឿ​សំខាន់ៗ​នៅ​ក្នុង​ទ្រឹស្តី​សង្គម​និយម​របស់​លោក ស៊ី ប្រព័ន្ធ​សង្គម វប្បធម៌ និង​ផ្លូវ​ដំណើរ ដែល​សំដៅ​ដល់ «ផ្លូវ​សង្គម​និយម​ដែល​មាន​ចរិតលក្ខណៈ​ចិន»។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ គណបក្ស​កុម្មុយនិស្ត​ចិន​បាន​សង្កត់​ធ្ងន់​លើ​ការ​ដឹកនាំ​ជា​រួម​ថា​ជា​អំណាច​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​មេដឹកនាំ​មួយ​ទៅ​មេដឹកនាំ​មួយ​ទៀត​ដែល​ជ្រើសរើស​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន។ លោក​ប្រធានាធិបតី ស៊ី បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​នេះ ចាប់តាំងពី​ពេល​លោក​បាន​ក្លាយ​ជា​មេដឹកនាំ​ចិន​នៅ​ក្នុង​ឆ្នាំ២០១២ ដោយ​ផ្តោត​លើ​អំណាច និង​លើក​ទឹកចិត្ត​ដល់​ការ​គោរព​ដល់​ថ្នាក់ដឹកនាំ​ នៅ​ជុំវិញ​ខ្លួន​លោក ដោយ​បាន​បញ្ចូល​អត្ថបទ​នយោបាយ​របស់​លោក​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស និង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ទូរស័ព្ទ​ទំនើប (smartphone) ដែល​មាន​បង្រៀន​ពី «គោលគំនិត​របស់​លោក ស៊ី ជីនពីង» ដែល​រដ្ឋាភិបាល​បាន​អះអាង​ថា មាន​ភាព​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។

ស្រប​ពេល​មាន​ការ​ផ្តោត​លើ​ការ​អប់រំ​មនោគមវិជ្ជា​កាន់​តែ​ច្រើន​ទៅៗ សារព័ត៌មាន​លោក​ខាង​លិច​កំពុង​រាយការណ៍​ថា ឯកសារ​ផ្លូវ​ការ​ចេញ​ពី​សាកលវិទ្យាល័យ​ចិន​បង្ហាញ​ថា មាន​កិច្ចប្រឹងប្រែង​ថ្មីៗ​ក្នុង​ការ​តាមដាន​គំនិត​របស់​សាធារណជន​នៅ​តាម​បរិវេណ​សាកលវិទ្យាល័យ។

នៅ​ក្នុង​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ វិទ្យាស្ថាន Heilongjiang សម្រាប់​ការ​សិក្សា​ស្ថាបត្យកម្ម និង​បច្ចេកវិទ្យា​វិជ្ជាជីវៈ​បាន​សង្ខេប «ហានិភ័យ​ចំនួន៨» សម្រាប់​ការ​អប់រំ​នយោបាយ​នៅ​ក្នុង​សាកលវិទ្យាល័យ។ ហានិភ័យ​ទាំង​៨​នេះ​រួម​មាន អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​និស្សិត «ធាតុ​អាក្រក់ៗ» របស់​បរទេស​ក្នុង​ការ​លើក​កម្ពស់ «នយោបាយ​តាម​ផ្លូវ» ព្រម​ទាំង​អ្វី​ដែល​គេ​ហៅ​ថា ភាព​ទន់ខ្សោយ​នៅ​ក្នុង​មនោគមវិជ្ជា​របស់​និស្សិត និង​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ខ្លឹមសារ​នៃ​ការ​បណ្តុះបណ្តាល​របស់​គ្រូ​នៅ​ក្រៅ​សាលា។

លោកQin Weiping ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​បាន​ប្រាប់ VOA ថា បើ​និយាយ​ពី​វិធានការ​ជា​រួម​ទាំង​នេះ វា​បង្ហាញ​ពី​របៀប​ដែល​គណបក្ស​កុម្មុយនិស្ត​ខ្វះ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​និស្សិត និង​គ្រូ​បង្រៀន​នៅ​តាម​សាលា​ទាំង​នោះ​មិន​មែន​ជា​អ្នក​ជឿ​ជាក់​យ៉ាង​មុតមាំ​លើ​ទ្រឹស្តី​របស់​គណបក្ស​កុម្មុយនិស្ត​នោះ​ទេ។

លោក Qin បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «នៅ​ក្នុង​ន័យ​មួយ ប្រសិន​បើ​គណបក្ស​កុម្មុយនិស្ត​ចិន​ពិត​ជា​ជឿ​ជាក់​លើ​ខ្លួន​ឯង គណបក្ស​នេះ​នឹង​មិន​បញ្ចេញ​ឯកសារ និង​បង្កើត​ចលនា​អំពី​ជំនឿ​ទុក​ចិត្ត​ទាំង​ ៤ នោះ​ទេ។ ប៉ុន្តែ​វា​ឆ្លុះ​បញ្ចាំង​ពី​អសន្តិសុខ​ខ្លាំងក្លា ដែល​ជា​វិបត្តិ​អភិបាលកិច្ច​បន្ទាន់​នៅ​ក្នុង​ក្រុម​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។ ក៏​មាន​ការ​សង្ស័យ​ផងដែរនៅ​ក្នុង​គណបក្ស​ និង​ក្នុង​សង្គម​អំពី​គោលនយោបាយ​របស់​គណបក្ស និង​ទិសដៅ​អនាគត​របស់​ប្រទេស»។


កម្មវិធី​សិក្សា​ថ្មី​សម្រាប់​សញ្ញាបត្រ​សម្រាប់​មុខវិជ្ជា​ទូទៅ


គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ទៀត​របស់​គណបក្ស​កុម្មុយនិស្ត​នៅ​សាកលវិទ្យាល័យ​ចិន​គឺ​មាន​បំណង​កែប្រែ​កម្មវិធី​សិក្សាមុខវិជ្ជា​ទូទៅនៅ​ពេល​បច្ចុប្បន្ន​ ដើម្បី​បញ្ច្រៀប «គោលគំនិត​របស់​លោក ស៊ី ជីនពីង» ឱ្យ​បាន​កាន់​តែ​ច្រើន និង​ដើម្បី «លើក​កម្ពស់​ការ​យល់ដឹង​ផ្នែក​មនោគមវិជ្ជា និង​កម្រិត​សីលធម៌​របស់​និស្សិត»។

កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ក្រសួង​អប់រំ​បាន​ចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការ​បង្កើត​មុខវិជ្ជាទូទៅ​ថ្មី។ ការ​ប្រកាស​នេះ​បាន​ស្នើ​បង្កើត​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​បង្រៀន​ទស្សនវិជ្ជា និង​វិទ្យាសាស្ត្រ​សង្គម ដែល​ក្រសួង​នេះ​បាន​អះអាង​ថា នឹង​ជួយ​ធ្វើ​ឱ្យ​អំណាច​ទន់​ផ្នែក​វប្បធម៌​របស់​ប្រទេស​នេះ​ល្អ​ប្រសើរ​ជាង​មុន។ វិធីសាស្ត្រ​ថ្មី​នេះ​រួម​មាន​ទាំង​ការ​បញ្ចូល​អត្ថបទ​សំណេរ​ និង​មនោគមវិជ្ជា​របស់​លោក ស៊ី ទៅ​ក្នុង​កម្មវិធី​សិក្សា​មុខវិជ្ជា​ទូទៅ​នេះ​ផងដែរ។

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​សង្កត់​ធ្ងន់​ពី​ការ​ដក​ចេញ «គុណតម្លៃ​លោក​ខាង​លិច» ពី​កម្មវិធី​សិក្សា​ចិន ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា អ្នក​និពន្ធ​បរទេស ឬ​គំនិត​បរទេស​មួយ​ណា​ត្រូវ​បាន​ដកចេញ​នោះ​ទេ។

ការ​លើក​ឡើង​បែប​នេះ​នៅ​តាម​បណ្តា​សាកលវិទ្យាល័យនានា​ក្នុង​ប្រទេស​ចិន ​បាន​ធ្វើ​ឱ្យ​អ្នក​គ្រប់គ្រង​សាលា​មួយ​ចំនួន​និយាយ​ថា ដេប៉ាតឺម៉ង់​ទាំង​មូលចាំបាច់ត្រូវ​រៀបចំ​ឡើង​វិញ។

យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន លោក Xu Xianming ដែល​ជា​មន្ត្រី​នៃ​ក្រសួង​អប់រំ​បាន​សង្កត់​ធ្ងន់​ថា «មុខវិជ្ជាទូទៅ​នេះ​គួរ​តែ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធដឹកនាំ​របស់​ចិន និង​ដក​ចេញ​ពី​ប្រព័ន្ធដឹកនាំ​របស់​លោក​ខាង​លិច។ កម្មវិធីសិក្សាមុខវិជ្ជា​ទូទៅថ្មី​របស់​ចិន​នឹង​មិន​មាន​វត្តមាន​នោះ​ទេ ប្រសិនបើ​ការ​កែប្រែ​នេះ​មិន​ត្រូវ​បាន​បញ្ចប់​នោះ»។

លោកJia Huixuan សាស្ត្រាចារ្យ​ជំនាញមុខវិជ្ជា​ទូទៅចូល​និវត្តន៍​មួយ​រូបនៅ​សាកលវិទ្យាល័យ Peking មិន​យល់​ស្រប​តាម​ការ​ណែនាំ​នេះទេ។​

លោក Jia បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «យើង​នៅ​សាកលវិទ្យាល័យ Peking តែងតែ​តស៊ូមតិ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី និង​សេរីភាព​ក្នុង​ការ​សិក្សាស្រាវជ្រាវ និង​សម្រាប់​វិទ្យាសាស្ត្រ។ ការ​ព្យាយាម​ដាក់​ការ​រឹតត្បិត​លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវបែបនេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ»។

មនុស្ស​មួយ​ចំនួន​ទៀត​រិះគន់​កាន់​តែ​ខ្លាំង​លើ​ការ​ផ្លាស់ប្តូរ​ដែល​បាន​ស្នើ​ឡើង​ខាង​លើ។

លោក Qin បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ការ​ពង្រឹង​ការ​អប់រំ​លើ​មុខវិជ្ជា​ទូទៅអាច​ជា​ការ​ឃោសនា​នយោបាយ​មួយ​ប្រភេទ ដោយសារ​តែ​មុខវិជ្ជា​ទូទៅ​របស់​គណបក្ស​កុម្មុយនិស្តត្រូវ​បាន​របប​ដឹកនាំ​នេះប្រើប្រាស់... ដើម្បី​ពង្រឹង​ភាព​ស្មោះស្ម័គ្រ​ចំពោះ​គោលគំនិត​របស់​ថ្នាក់​ដឹកនាំ»៕

XS
SM
MD
LG