ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ថ្នាក់​ឧត្តមសិក្សា​និង​ក្រោយ​ឧត្តមសិក្សា​សម្លឹង​មើល​ជម្រើស​ផ្សេង​ក្រៅ​ពី​សហរដ្ឋ​អាមេរិក


នេះ​ជា​ទិដ្ឋាភាព​នៅ​សាកលវិទ្យាល័យ Aalborg University Copenhagen ក្នុង​ប្រទេស​ដាណឺម៉ាក។
នេះ​ជា​ទិដ្ឋាភាព​នៅ​សាកលវិទ្យាល័យ Aalborg University Copenhagen ក្នុង​ប្រទេស​ដាណឺម៉ាក។

ការ​ប្រកួត​ប្រជែង​កាន់តែ​កើន​ឡើង នៅក្នុង​វិស័យ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​និង​ក្រោយ​ឧត្តមសិក្សា​​ ដែល​អាច​ផ្តល់​ការ​អប់រំ​ដែល​មាន​តម្លៃ​សមរម្យ​ដល់​និស្សិត​នានា​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​​នៅ​តាម​បណ្តា​ប្រទេស​នានា​ ក្រៅ​ពី​សហរដ្ឋ​អាមេរិក។

សម្រាប់​កញ្ញា Kristin Clay និស្សិត​អាមេរិក​ដើម​កំណើត​កាណាដា ការ​ចំណាយ​លើ​ការ​សិក្សា​គឺជា​កត្តា​ចម្បង ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ថា តើ​គួរ​តែ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ទីណា។

នាង​បាន​ជ្រើសរើស​យក​សាកលវិទ្យាល័យ Aalborg University នៅ​ប្រទេស​ដាណឺម៉ាក ជា​ជាង​សាកលវិទ្យាល័យ Palm Beach Atlantic University នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការ​សិក្សា​ផ្នែក​វប្បធម៌ ទំនាក់ទំនង​សារគមនាគម៍ និង​សាកល​ភាវូបនីយកម្ម ដោយសារ​តែ​ការ​ចំណាយ​លើ​ការ​សិក្សា​នៅ​ប្រទេស​ដាណឺម៉ាក មាន​តម្លៃ​សមរម្យ​ជាង។

​កញ្ញា Kristin Clay បាន​ប្រាប់ VOA ​ថា៖ «‍ខ្ញុំ​យល់​ថា ខ្ញុំ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ទេ»។ នាង​បាន​បន្ថែម​ថា នាង​ចំណាយ​ត្រឹម​តែ​៣០០០ដុល្លារ​ក្នុង​មួយ​ឆមាស​តែ​ប៉ុណ្ណោះ សម្រាប់​ការ​សិក្សា​របស់​នាង​នៅ​ប្រទេស​ដាណឺម៉ាក។

ជាមធ្យម​ ថ្លៃ​សិក្សា និង​ចំណាយ​ផ្សេងៗ​ទៀត​នៅ​មហាវិទ្យាល័យ ឬ​សាកល​វិទ្យាល័យ​អាមេរិក មាន​ចំនួន​ប្រហែល​២៥,០០០ដុល្លារ ក្នុង​រយៈពេល​មួយ​ឆ្នាំ។ រីឯ​ការ​ចំណាយ​នៅ​តាម​មហាវិទ្យាល័យ​ឯកជន​ដែល​ល្បីល្បាញ​នៅ​អាមេរិក​វិញ​ គឺ​មាន​ចំនួន​លើស​ពី​៧០,០០០ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ឯណោះ។ ក៏ប៉ុន្តែ សញ្ញាបត្រ​ដែល​ទទួល​បាន​ពី​មហាវិទ្យាល័យ​ឯកជន​ទាំង​នេះ​ អាច​អនុញ្ញាត​ឲ្យ​និស្សិត​មាន​ឱកាស​ការងារ​ល្អ និង​ទទួល​បាន​ប្រាក់​ចំណូល​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

សូម​ចុច​មើល​វីដេអូ​នៅ​ខាង​ក្រោម៖

Foreign Students Shop for Schools Outside US
សូម​រង់ចាំ

No media source currently available

0:00 0:01:40 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ឆ្នាំ២០១៨ វិស័យ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​របស់​អាមេរិក កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​ផ្តល់​ការ​អប់រំ​ក្នុង​តម្លៃ​សមរម្យ​ជាង ហើយ​រួម​ទាំង​មាន​ការ​សម្រួល​ផ្នែក​អន្តោប្រវេសន៍ និង​បញ្ហា​ផ្សេងៗ​ដល់​និស្សិត​អន្តរជាតិ​ទៀត​ផង។

ចំនួន​និស្សិត​អន្តរជាតិ ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​តាម​សាកល​វិទ្យាល័យ​របស់​អាមេរិក បាន​ថយចុះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។ តែ​គេ​ឃើញ ចំនួន​និស្សិត​អន្តរជាតិ​បាន​កើន​ឡើង​នៅ​តាម​សាកល​វិទ្យាល័យ​នានា​នៅ​ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និង​កាណាដា។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​របស់​វិទ្យាស្ថាន​ដើម្បី​ការ​អប់រំ​អន្តរជាតិ។

អ្នកស្រី Esther Brimmer នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន NAFSA បាន​ឲ្យ​ដឹង​ថា មហាវិទ្យាល័យ និង​សាកល​វិទ្យាល័យ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ខ្ពស់​លើ​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​របស់​និស្សិត រួម​ទាំង​និស្សិត​អាមេរិក និង​និស្សិត​អន្តរជាតិ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «‍សំណួរ​សំខាន់​ជាង​នេះ​គឺ​ថា តើ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ការ​ចំណាយ​លើការសិក្សា​របស់​និស្សិត​គ្រប់រូប ទាំង​និស្សិត​អាមេរិក និង​និស្សិត​អន្តរជាតិ រួមទាំង​អ្នក​ស្រាវជ្រាវ​ផង​នោះ មាន​តម្លៃ​សមរម្យ»។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «‍វា​សំខាន់​ណាស់ ដែល​យើង​ទាំងអស់​គ្នា ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ប្រទេស ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​លើ​ការ​សិក្សា ជួយ​ពង្រឹង​ដល់​ឱកាស​ទទួល​បាន​ការ​សិក្សា​ជាន់ខ្ពស់​បន្ថែម​ទៀត និង​ជួយ​ស្វែងរក​ដំណោះស្រាយ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​និស្សិត​អាច​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​ជាន់​ខ្ពស់​នេះ​បាន»។

យោង​តាម​ក្រសួង​ការបរទេស សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខ​គេ ​ក្នុង​ពិភពលោក ដែល​មាន​ចំនួន​សិស្ស​និស្សិត​ជាង​១លាន​នាក់ មក​សិក្សា​នៅ​សហរដ្ឋអាមេរិក ជា​រៀងរាល់​ឆ្នាំ ហើយ​ជា​លទ្ធផល​បាន​នាំ​មក​នូវ​ចំណូល​ជា​ទឹកប្រាក់​ប្រមាណ​៤២ពាន់លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន​៤៥០,០០០​ ដល់​សេដ្ឋកិច្ច​អាមេរិក។

ការ​បន្ត​ការ​សិក្សា​នៅ​បរទេស

ក៏ប៉ុន្តែ ​ការ​ចំណាយ​លើ​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​នៅ​អាមេរិក មាន​តម្លៃ​ខ្ពស់​ជា​ប្រទេស​ផ្សេងៗ​ទៀត ដែល​កំពុង​ប្រកួត​ប្រជែង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

នៅ​ប្រទេស​ហូឡង់ អាស្រ័យ​តាម​ស្ថាប័ន​អប់រំ​នីមួយៗ ការ​ចំណាយ​លើ​ការ​សិក្សា​ប្រចាំ​ឆ្នាំ សម្រាប់​កម្មវិធី​សិក្សា​យក​សញ្ញាបត្រមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១,៩០០ អឺរូ​ សម្រាប់​និស្សិត​នៅក្នុង​សហភាព​អឺរ៉ុប និង​ប្រមាណ​៦,០០០អឺរូ​ សម្រាប់​និស្សិត​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​គេហទំព័រ topuniversities.com។

បន្ថែម​លើ​នេះ ប្រាក់​ឧបត្ថម្ភ​ក៏​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​និស្សិត​អន្តរជាតិ ​ដែល​មិន​មែន​ជា​ពលរដ្ឋ​របស់​សហភាព​អឺរ៉ុប​ផងដែរ។ សាកលវិទ្យាល័យ University of Amsterdam ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ «‍ពូកែ» ​ជា​ទឹកប្រាក់​ចំនួន​២៥,០០០​អឺរូ ដែល​ទូទាត់​លើ​ថ្លៃ​សិក្សា ការ​ចំណាយ​ផ្សេងៗ និង​រួមទាំង​ថ្លៃ​ស្នាក់នៅ​ទៀត​ផង។ «‍និស្សិត​នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​កម្មវិធី​អាហារូបករណ៍​នេះ ដោយ​ផ្អែក​លើ​ប្រវត្តិ​សិក្សា​ល្អ​បំផុត ​គម្រោង​ក្រោយ​ការ​បញ្ចប់​ការ​សិក្សា និង​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ការ​សិក្សា​និង​ឱកាស​ការងារ​នាពេល​អនាគត​របស់​និស្សិត​នោះ»។

នៅ​ប្រទេស​អាល្លឺម៉ង់​វិញ និស្សិត​ដែល​មិនមែន​ជា​ពលរដ្ឋ​របស់​សហភាព​អឺរ៉ុប ចំណាយ​លើ​ថ្លៃ​សិក្សា​ត្រឹម​តែ ៣,៥០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

បន្ថែម​លើ​ថ្លៃ​សិក្សា​សមរម្យ មហាវិទ្យាល័យ​នានា​នៅ​ប្រទេស​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដូច​ជា​ប្រទេស​ស៊ុយអ៊ែត ដាណឺម៉ាក និង​ហូឡង់ បាន​បង្កើត​កម្មវិធី​សិក្សា​ផ្សេងៗ​ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស។ រីឯ​នៅ​ប្រទេស​កាដាណា​វិញ ការ​សម្រួល​ផ្នែក​អន្តោប្រវេសន៍​មាន​លក្ខណៈ​ងាយ​ស្រួល និង​មិន​សូវ​តឹងរ៉ឹង​ដូច​នៅ​សហរដ្ឋ​អាមេរិក​ទេ។

លោក Akshay Chaturvedi ស្ថាបនិក និង​ប្រធាន​នៃ​អង្គការ Leverage ប្រចាំ​ប្រទេស​ឥណ្ឌា​ដែល​ជួយ​និស្សិត​ឥណ្ឌា​បន្ត​ការ​សិក្សា​នៅ​បរទេស បាន​លើក​ឡើង​ថា៖ «‍នៅ​អាល្លឺម៉ង់ ថ្លៃ​សិក្សា​មាន​តម្លៃ​ទាប​ខ្លាំង គឺ​ទាប​ជាង​នៅ​ប្រទេស​ឥណ្ឌា​ទៅ​ទៀត»។

អង្គការ Leverage បាន​ជួយ​ដល់​និស្សិត​ឥណ្ឌា​ជាង​១,៥០០នាក់ ឲ្យ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដែល​នៅ​ក្រៅ​ប្រទេស។ លោក Chaturvedi បាន​កត់​សម្គាល់​ថា ក្នុងរយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ ខុស​ពី​សហរដ្ឋអាមេរិក កម្មវិធីសិក្សា​ថ្នាក់ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​នៅ​អឺរ៉ុប និង​ចិន បាន​បង្កើន​កម្មវិធី​សិក្សា​ផ្នែក​ទីផ្សារ​ដល់​និស្សិត ដោយ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​បទពិសោធន៍​ការងារ។

នាង Ailu Xu ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ចិន ដាក់​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ​ដល់​និស្សិត​ចិន​ថ្មីៗ ទៅ​កាន់​កម្មវិធី​ណែនាំ​និស្សិត​សម្រាប់​ការ​សិក្សា នៅ​សាកលវិទ្យាល័យ University of Texas ក្នុង​ក្រុង Richardson រដ្ឋ Texas កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
នាង Ailu Xu ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ចិន ដាក់​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ​ដល់​និស្សិត​ចិន​ថ្មីៗ ទៅ​កាន់​កម្មវិធី​ណែនាំ​និស្សិត​សម្រាប់​ការ​សិក្សា នៅ​សាកលវិទ្យាល័យ University of Texas ក្នុង​ក្រុង Richardson រដ្ឋ Texas កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

និស្សិត​ត្រូវការ​បទពិសោធន៍​ការងារ ​ដើម្បី​អាច​ដាក់ពាក្យ​ចូលរៀន​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​ជាក់លាក់​ និង​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​អាមេរិក ហើយ​និស្សិត​អន្តរជាតិ​ភាគច្រើន មិន​ធ្លាប់​មាន​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​អាមេរិក មុន​ពេល​ពួកគេ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ទេ។

លោក Chaturvedi បាន​និយាយ​ថា៖ «‍ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សហភាព​អឺរ៉ុប​ បាន​បង្កើត​ឱកាស​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ដល់​និស្សិត​មក​ពី​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មិន​តម្រូវ​ឲ្យ​មាន​បទពិសោធន៍​ការងារ​ទេ»។

ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​មួយ​របស់​អាមេរិក ក្នុង​ការ​ផ្តល់​កម្មវិធី​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា។

Kashish Yadav ធ្លាប់​ធ្វើការ​នៅ​ហាង​លក់​ទំនិញ​បោះ​ដុំ Costco មុន​នឹង​នាង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម​ នៅ​មហាវិទ្យាល័យ China Europe International Business School (CEIBS) នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

នាង​និយាយ​ថា៖ «‍ខ្ញុំ​បាន​ដាក់​ពាក្យ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នានា​នៅ​ទ្វីបអាស៊ី នៅ​ទ្វីបអឺរ៉ុប និង​មហាវិទ្យាល័យ​ពីរ​ទៀត​ មួយ​នៅ​សហរដ្ឋ​អាមេរិក និង​មួយ​ទៀត​នៅ​កាដាណា»។

នាង​បន្ថែម​ថា៖ «‍ការ​សិក្សា​នៅ​មហាវិទ្យាល័យ​របស់​ប្រទេស​ចិន​ មាន​តម្លៃ​ថោក​ជាង ហើយ​មួយ​ទៀត​ ខ្ញុំ​ចង់​ធ្វើការ​នៅ​ក្នុង​វិស័យ​ជួញដូរ​ទំនិញ ហើយ​ប្រទេស​ចិន​កំពុង​តែ​សិក្សា​អំពី​បច្ចេកវិទ្យា​ថ្មី​ក្នុង​វិស័យ​នេះ​ស្រាប់» ដែល​បច្ចេកវិទ្យា​ថ្មី​នេះ មិន​ទាន់​មាន​នៅ​ឡើយ​ទេ​នៅ​សហរដ្ឋ​អាមេរិក។

ការ​ចុះ​ឈ្មោះ​របស់​និស្សិត​អន្តរជាតិ​មាន​ចំនួន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។ កាលពី​ឆ្នាំ​២០០៨ ប្រទេស​ចិន​បាន​កំណត់​គោលដៅ​មួយ​ថា នឹង​ទទួល​យក​និស្សិត​អន្តរជាតិ​ចំនួន​៥សែន​នាក់​ គិត​រហូត​ដល់​ឆ្នាំ​២០២០។ ហើយ​ជាក់ស្តែង ចិន​បាន​សម្រេច​គោលដៅ​នេះ បី​ឆ្នាំ​មុន​ពេល​កំណត់។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន NAFSA។

ការ​ព្រួយបារម្ភ​ពី​ច្បាប់​អន្តោប្រវេសន៍​អាមេរិក

មូលហេតុ​ផ្សេង​ទៀត ដែល Yadav សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ប្រទេស​ចិន គឺ​ដោយសារ​តែ​ «‍ភាព​មិន​ប្រាកដ​ប្រជា» ​នៃ​ច្បាប់​ទិដ្ឋាការ​ និង​វោហាសព្ទ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​របស់​អាមេរិក។

អ្នក​ជំនាញ​ក្នុង​វិស័យ​អប់រំ បាន​ឲ្យ​ដឹង​ថា បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​៧​ ក្នុង​នោះ​ប្រទេស​៥​គឺជា​ប្រទេស​កាន់​សាសនា​ឥស្លាម បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​និស្សិត​អន្តរជាតិ។

អ្នក​ស្រី Brimmer បាន​លើក​ឡើង​ថា៖ «‍សម្រាប់​និស្សិត​ដែល​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សហរដ្ឋអាមេរិក នៅ​ពេល​ដែល​បទបញ្ជា​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​ប្រកាស ពួកគេ​ខ្លះ​គឺ​កំពុង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក ហើយ​ពួក​គេ​ព្រួយ​បារម្ភ​ថា ពួកគេ​ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​បាន​វិញ​ទេ»។

យោង​តាម​វិទ្យស្ថាន NAFSA ក្នុង​អំឡុង​ពេល​វិស្សមកាល​រដូវក្តៅ និស្សិត​អន្តរជាតិ​ជា​ច្រើន​នាក់​សម្រេច​ចិត្ត​នៅ​សហរដ្ឋ​អាមេរិក ដោយ​មិន​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​កំណើត​របស់​ពួកគេ​ទេ ដោយសារ​តែ​ពួកគេ​ភ័យខ្លាច​ថា មិន​អាច​វិល​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​បាន។

ស្រប​ពេល​ជាមួយ​គ្នា​នោះ វោហាសព្ទ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍ ក៏​បាន​ជំរុញ​ឲ្យ​និស្សិត​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក សម្រេច​ចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេង​វិញ។

អ្នកស្រី Brimmer នៃ​ NAFSA បាន​លើក​ឡើង​ថា៖ «‍និស្សិត​ និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ជា​ច្រើន​នាក់ អាច​មាន​ការ​ព្រួយ​បារម្ភ​ដោយសារ​តែ​បញ្ហា​ទាំង​នេះ ដូចជា​បញ្ហា​ទិដ្ឋាការ វោហាសព្ទ និង​បរិបទ​នយោបាយ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​លក្ខណៈ​តឹងរ៉ឹង​នឹង​ពលរដ្ឋ​មក​ពី​ប្រទេស​ផ្សេងៗ​នៅ​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ​អាច​បង្កើត​ជា​បរិយាកាស​អវិជ្ជមាន​ខ្លាំង»។

រីឯ​លោក Chaturvedi នៃ​អង្គការ Leverage ក៏​បាន​ឲ្យ​ដឹង​ថា និស្សិត​ជា​ច្រើន​នាក់​ដែល​អង្គការ​របស់​លោក​បាន​ជួយ និង​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​បទ​បញ្ជា​របស់​លោក ត្រាំ នៅតែ​មាន​ភាព​ស្ទាក់ស្ទើរ​ ដោយ​សារ​តែ​ការ​ត្រួតពិនិត្យ​លើ​និស្សិត​បរទេស ទិដ្ឋាការ​សិស្ស និង​ទិដ្ឋាការ​ការងារ ដែល​រដ្ឋបាល​លោក ត្រាំ បាន​ស្នើ​ឡើង។

លោក​ថា៖ «‍ផ្នត់​គំនិត​បែប​នេះ ដែល​ត្រូវបាន​បង្កើត​ឡើង [ដោយ​លោក ត្រាំ] ​បង្ក​ភាព​ចប្រូក​ច្របល់​គួរសម»។

លោក​បាន​បន្ថែម​ថា៖ «‍ផ្នត់​គំនិត​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក [ត្រាំ] ប្រឆាំង​នឹង​ពលរដ្ឋ​ឡាទីន ឥណ្ឌា និង​ពលរដ្ឋ​អាស៊ី។ ហើយ​ហេតុការណ៍​បាញ់ប្រហារ បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន មាន​ការ​ព្រួយ​បារម្ភ។ បើ​ទោះបីជា​តួលេខ​បង្ហាញ​ថា​នៅ​ទាប​ក៏ដោយ ក៏​ហេតុការណ៍​បាញ់​ប្រហារ​នៅ​តាម​សាលារៀន​នៅ​អាមេរិក ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​និង​យ៉ាង​ទូលំទូលាយ​ដល់​សហគមន៍​អន្តរជាតិ»។

ទោះ​ជា​យ៉ាងណា​ក្តី វិទ្យាស្ថាន​អប់រំ និង​សាកល​វិទ្យាល័យ​អាមេរិក កំពុង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ទប់ទល់​នឹង​បញ្ហា​ខ្លះៗ​ទាំង​នេះ ដែល​អាច​បណ្តាល​ឲ្យ​និស្សិត​ជ្រើស​យក​ជម្រើស​ផ្សេង។

អ្នក​ស្រី Brimmer បាន​លើក​ឡើង​ថា៖ «‍យើង​គួរ​តែ​កត់​សម្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាក់​ស្តែងរបស់​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ក្នុង​ការ​ស្វាគមន៍​និស្សិត​ និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ ដែល​ក្នុង​នោះ​រួម​មាន អ្នក​ដែល​បំពេញ​ការងារ​នៅ​តាម​មហាវិទ្យាល័យ​និង​សាកល​វិទ្យាល័យ​នានា រួមទាំង​សហគមន៍​តាម​មូលដ្ឋាន ដែល​ផ្តល់​តម្លៃ​ដល់​ការ​ស្វាគមន៍​ដល់​ពលរដ្ឋ​ដែល​មក​ពី​ជុំវិញ​ពិភពលោក ចូល​ក្នុង​សហគមន៍​របស់​ពួកគេ និង​អ្នក​ដែល​ទទួល​យក​និស្សិត​និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ ឲ្យ​រស់នៅ​ជាមួយ​ពួកគេ»។

បើ​ទោះបី​ជា​និស្សិត​ខ្លះ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ដោយសារ​តែ​វោហាសព្ទ​នយោបាយ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន្ត៍​ក៏​ដោយ ក៏​និស្សិត​ដ៏ទៃ​ខ្លះ​ទៀត​នៅតែ​ចង់​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

លោក Santiago Lopez Alvarez បាន​ជ្រើសរើស​យក​សាកល​វិទ្យាល័យ Rice University នៅ​រដ្ឋ​ Texas ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ តាមរយៈ​កម្មវិធី​អាហារូបករណ៍ Fulbright ដោយសារ​តែ​សាកលវិទ្យាល័យ​នេះ​បាន​ទាក់ទង​មក​លោក​ផ្ទាល់។ លោក​ថា បើសិន​ជា​សាកលវិទ្យាល័យ​មិន​ទាក់ទង​មក​លោក​ដោយ​ផ្ទាល់​ទេ នោះ​លោក​នឹង​មិន​ពិចារណា​កម្មវិធី​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​រដ្ឋ Texas នេះ​ទេ។

លោក​បាន​ប្រាប់ VOA នៅ​ក្នុង​សប្តាហ៍​បើក​កម្មវិធី​សិក្សា​នៅ​សាកលវិទ្យាល័យ Rice University ថា៖ «‍ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​ខ្លាំង​មែន​ទេ។ ដំបូង​ឡើយ ខ្ញុំ​បាន​គិត​ថា ពលរដ្ឋ​នៅ​រដ្ឋ​នោះ ច្បាស់​ជា​មាន​កាំភ្លើង​ជាប់​ខ្លួន ហើយ​រដ្ឋ​ Texas នេះ គឺជា​រដ្ឋ​ដែល​អភិរក្ស​និយម។ ក៏ប៉ុន្តែ ខ្ញុំ​ក៏​គិតថា វា​ល្អ​ប្រសើរ​ដែល​ខ្ញុំ​បាន​មក​សិក្សា​នៅ​ទីនេះ ដោយសារ​តែ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង ការ​រើសអើង និង​ការ​ប្រកាន់​ពូជសាសន៍​ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​រហូត​នោះ​ទេ»។

លោក Santiago Lopez Alvarez បាន​ចាត់​ទុក​ទីក្រុង Houston ថា​ ជា​ទីកន្លែង​ដែល​ពោរពេញ​ដោយ​មនុស្ស​រួសរាយ​រាក់ទាក់ និង​ស្វាគមន៍៕

ប្រែសម្រួល​ដោយ ទែន សុខស្រីនិត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG