ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ដែល​ផ្ដល់​កម្ចី​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ពន្យារ​ពេល​សង​បំណុល​ដល់​ប្រទេស​ចំនួន ៧៧


រូបឯកសារ៖ គណៈរដ្ឋមន្ត្រីក្រោកឈរទះដៃ ខណៈលោកប្រធានាធិបតីចិន Xi Jinping មកដល់បន្ទប់ប្រជុំរបស់សភាជាតិចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ពន្យារពេល​ដល់​ប្រទេស​ចំនួន ៧៧ ដែល​មាន​ប្រាក់​ចំណូល​ទាប សម្រាប់​ការ​សង​បំណុល​ឡើង​វិញ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សម្រាល​បំណុល​របស់​ក្រុម​ប្រទេស G-20។

ការ​ប្រកាស​នេះ​បាន​ផ្តល់​ឱ្យ​ប្រទេស​ចិន​នូវ​កម្លាំង​នយោបាយ​មួយ​ ជាមួយ​សម្ព័ន្ធមិត្ត​បរទេស នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពិច័យ​ ទាក់ទិន​នឹង​តួនាទី​របស់​ខ្លួន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ផ្ដើម​ដំបូង​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

គេ​នៅ​តែ​មិន​ដឹងច្បាស់​លាស់​អំពី​ថា ​តើ​ប្រទេស​ចិន​នឹង​មានឥទ្ធិពល​នយោបាយខ្លាំង​បែប​ណា​នោះ។នៅ​ពេល​ដែល​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Ma Zhaoxu ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាលពី​ថ្ងៃ​ច័ន្ទ​ទី ៨ ខែ​មិថុនា ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ពន្យារពេល​ដល់​ប្រទេស និង​តំបន់​ចំនួន ៧៧ សម្រាប់​ការ​សង​បំណុល​ដល់​ចិន លោក​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ទេ ​ទាក់ទិន​នឹង​ប្រទេស​ដែល​ទទួល​បាន​ការ​លើកលែង​នេះ ចំនួន​បំណុល​ដែល​ពាក់ព័ន្ធ និង​លក្ខខណ្ឌ​នៃ​ការ​ផ្អាក​ការ​សង​បំណុល​នេះ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​មាន​កម្ចី​មិន​ទាន់​សង​មាន​ចំនួន​លើស ៦% នៃ​ផលិត​ក្នុង​ស្រុក​សរុប​របស់​សាកលលោក។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ទស្សនាវដ្ដី Harvard Business Review បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន ៥០ ដែល​ជាប់​បំណុល​ច្រើន​បំផុត ប្រមាណ ១៥% នៃ​បំណុល​សរុប​ទាំង​អស់​ គឺ​ជំពាក់​ប្រទេស​ចិន។

ការ​ឆ្លង​រាត​ត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​បានធ្វើ​ឱ្យ​មានបញ្ហា​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​សាកលលោក ហើយ​វិស័យ​ហិរញ្ញវត្ថុ​ផ្ទាល់​របស់​ប្រទេស​ចិន​ក៏​មាន​បញ្ហា​បែប​នេះ​ដែរ។

កាល​ពីចុង​ខែ​ឧសភា នៅ​ក្នុង​ការ​ប្រជុំ​របស់​សភា​ជាតិ​ចិន លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បាន​ព្រមាន​ថា រដ្ឋាភិបាល​នៅ​គ្រប់​កម្រិត​ទាំង​អស់​ត្រូវ​រឹត​បន្តឹង​ថវិកា ហើយ​រដ្ឋាភិបាល​កណ្តាល​គួរ​នាំ​មុខ​នៅ​ក្នុង​ការ​ចាត់​វិធានការ​នេះ។

អត្រា​ផ្លូវការ​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ខែ​មេសា ​មាន ៦% គឺ​ខ្ពស់​ជាង​អត្រា​កាល​ពី​ខែ​មីនា​បន្តិច។ ក៏​ប៉ុន្តែ សេដ្ឋវិទូ​នានា​បាន​ប៉ាន់​ប្រមាណ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ពិត​ប្រាកដ​មាន​ចំនួន ២០,៥% កាល​ពី​ខែ​មេសា ដោយ​មាន​មនុស្ស​គ្មាន​ការងារធ្វើ​យ៉ាង​ហោច​ណាស់ ៧០ លាន​នាក់។

លោក Li Keqiang បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​ម្នាក់​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​ពីរ​ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ថា ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​ចិន គឺ​ប្រហែល ៤,២៥០ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ ប៉ុន្តែ មនុស្ស​ប្រហែល ៦០០ លាន​នាក់ អាច​រក​ចំណូល​បាន​តែ ១៤០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។ លោក​ក៏​បានថ្លែង​ផង​ដែរ​ថា នៅ​តាម​ទីក្រុង​ទំហំ​មធ្យម វា​ប្រហែលជា​ពិបាក​នៅ​ក្នុង​ការ​ស្វែករក​ផ្ទះ​ជួល​ក្នុង​កម្រិត​ប្រាក់​បៀវត្សរ៍​នេះ។

ជា​ការ​កត់​សម្គាល់ មន្ត្រី​រដ្ឋាភិបាល​ចិន​ហាក់ដូចជា​មិន​ប្រាកដ​ប្រជា​អំពី​សេដ្ឋកិច្ច​ទេ ដែល​ជា​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បានកំណត់​គោលដៅ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ទេ។

ទោះបីជា​ទិន្នន័យ​កាល​ពី​ថ្មីៗ​នេះ​ បង្ហាញ​ថា ប្រទេស​ចិន​កំពុង​ងើប​ឡើង​ពី​ដំណើរ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ​ក៏​ដោយ ក៏​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មិន​មែនជា​ការ​ងាយស្រួល​ទេ។ ហើយ​នៅ​តាម​បណ្តាញ​អ៊ីនធឺណិត ដែល​មាន​ការ​ត្រួតត្រា​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​ចិន អ្នក​ប្រើ​ខ្លះ​មាន​ចម្ងល់​ថា​ តើ​រដ្ឋាភិបាល​គួរ​ផ្តល់​អាទិភាព​លើ​ប្រយោជន៍​ប្រទេស​ផ្សេង​ជាង​ប្រទេស​ខ្លួន ឬ​ក៏​យ៉ាង​ណា​នោះ។

តើ​ការ​ពន្យារពេល​សង​បំណុល​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា?

លោក Weiping Qin ដែល​ជា​សេដ្ឋវិទូ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា សម្រាប់​រយៈពេល​ខ្លី ប្រទេស​ម្ចាស់​បំណុល​ ដែល​ពន្យារពេល​ការ​សង​បំណុល​នេះ គឺ​ដើម្បី​ជួយ​បញ្ចៀស​កុំឱ្យ​មាន​បំណុល​មិន​ល្អ។

លោក Qin បាន​ប្រាប់​វីអូអេ​ថា៖ «នៅ​ខាង​ភាគី​កូន​បំណុល ប្រសិន​បើ​សេដ្ឋកិច្ច​ពួកគេ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិនបើ​ពួក​គេ​គ្មាន​វិធី​សង​បំណុល​នៅ​ពេល​នេះ​ទេ ហើយ​ប្រសិនបើ​ពួកគេ​មិន​អាច​សម្រេច​បាន​ការ​ព្រមព្រៀង​ជាមួយ​ម្ចាស់​បំណុល​ពួកគេ​ទេ វា​ជា​ការ​ងាយស្រួល​ក្នុង​ការ​បណ្តាល​ឱ្យ​មាន​បំណុល​អាក្រក់ ដែល​មានផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ភាគី​ទាំង​សងខាង។ បន្ថែម​ពី​លើ​នេះ​ទៀត ភាព​ធ្ងន់ធ្ងរ​ជាង​មុន​នេះ​ នឹង​នាំ​ឱ្យ​មាន​វិបត្តិ​ធំ​ជាង​មុន​ថែម​ទៀត។ ខ្ញុំ​ជឿ​ថា ម្ចាស់​បំណុល និង​កូន​បំណុល​អាច​ឈាន​ដល់​ការ​ស្វែងយល់​ពី​បញ្ហា​នេះ ហើយ​ពន្យារពេល​ប្រមាណ​កន្លះ​ឆ្នាំ​ សម្រាប់​ឱ្យ​ភាគី​ទាំង​ពីរ​រក​ដំណោះស្រាយ​យក​ជា​ការ​បាន​មួយ ដើម្បី​យ៉ាងហោច​ណាស់​បញ្ចៀស​ជា​បណ្តោះ​អាសន្ន​ កុំ​ឲ្យ​ស្ថានការណ៍​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត»។

លោក Qin បាន​ចង្អុល​បង្ហាញ​ថា ការ​ព្យួរ​ការ​សង​បំណុល​នេះ​អាច​ជា​ការ​ចាត់ចែង​ក្នុង​រយៈពេល​ខ្លី​ដែល​មាន​គោលបំណង​ផ្តល់​ឱ្យ​ប្រទេស​ ដែលជា​កូនបំណុល​នូវ​រយៈពេល​មួយ​ ដើម្បី​ងើប​ចេញ​ពី​ការ​ពិបាក​ខាង​សេដ្ឋកិច្ច។ ប្រសិនបើ​ការចាត់ចែង​ក្នុង​រយៈខ្លី​បែបនេះ​មិន​អាច​ជួយ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កូន​បំណុល​ទេ ការណ៍​នេះ​អាចជា​សញ្ញា​ហានិភ័យ​មួយ​សម្រាប់​បញ្ជី​តុល្យភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Qin ជឿ​ថា ជា​ពិសេស​ក្នុង​ករណី​នៃ​ប្រទេស​ចិន នៅ​ពេល​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ស្ថិត​ក្នុង​ជំហរ​យ៉ាប់យ៉ឺន​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​កម្ចី​ដែល​ខ្លួន​ផ្ដល់​ឲ្យ​បរទេស។ ក្នុង​ករណី​ដែល​ប្រទេស​ជាប់​បំណុល​មិន​អាច​សង​បំណុល​បាន ប្រទេស​ចិន​នឹង​មានការ​ខាត​បង់ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ហើយ​ក៏​មាន​សម្ពាធ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផ្ទាល់​ផង​ដែរ។

អ្នក​វិភាគ​នានា​និយាយ​ថា គេ​ត្រូវការ​ឱ្យមាន​ការ​ផ្អាក​ការ​សង​បំណុល ដែល​ជា​វិធានការ​មួយ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បំណុល​អាក្រក់។ ដោយសារតែ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​បស្ចិម​ប្រទេស ប្រទេស​ចិន​ត្រូវតែ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាមេរិក​ឡាទីន។

បើ​តាម​កិច្ច​សម្ភាសន៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ហ្គាណា កាល​ពី​ខែ​មេសា គេ​ឃើញ​ថា បំណុល​ដែល​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ជំពាក់​ប្រទេស​ចិន​មាន​ជាង ១៤៥ ពាន់​លាន​ដុល្លារ។ បំណុល​ចំនួន​ប្រហែល ៨ ពាន់​លាន​ដុល្លារ គឺ​តម្រូវ​ឱ្យ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក Dajun Zhong ដែល​ជា​សេដ្ឋវិទូ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​បញ្ជាក់​ថា ការ​ផ្អាក​ការ​សង​បំណុល​ជា​ជម្រើស​មិន​បាន​ការ។

លោក​បានថ្លែង​ប្រាប់​វីអូអេ​ថា៖ «ប្រទេស​ចិន​មិន​អាច​ទទួល​បាន​ការ​សង​បំណុល​វិញ​ទេ។ ប្រទេស​កូន​បំណុល​ខ្លះ​ក្រីក្រ​ពេក ដែល​មិន​អាច​សង​បំណុល​បាន។ តើ​អ្នក​អាច​ធ្វើ​អ្វី​ផ្សេង​ពី​នេះ​បាន​ទេ? រដ្ឋាភិបាល​ចិន​គ្រាន់តែ​ដាក់​ឈ្មោះ​ថ្មី​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​តាម​ការ​ពិត ទាំង​នេះ​គឺ​ជា​បំណុល​ដែល​កូន​បំណុល​មិន​អាច​សង​បាន​ទេ»។

លោក Zhong បាន​និយាយ​ថា លោក​មាន​ជំនឿ​ថា ការ​ព្យួរ​ការ​សង​បំណុល​នេះ​គឺ​ជា​វិធានការ​មួយ​ដើម្បី​ប្រយោជន៍​ខាង​ការទូត។ លោក​បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​មាន​ការ​ខាតបង់​ច្រើន ប្រសិនបើ​ខ្លួន​ចង់​មាន​សម្ព័ន្ធមិត្ត​នយោបាយ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ទោះ​ណា​ជា​ប្រទេស​ទាំង​នោះ​ជា​ប្រទេស​ក្រីក្រ​ក៏​ដោយ ហើយ​ការបង់​ខាត​ច្រើន​នឹង​ក្លាយទៅជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​ចិន៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG