ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិននិង​វៀតណាម​ប៉ះទង្គិច​គ្នា​ជា​រឿយៗ​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ ទោះ​មាន​ទំនាក់ទំនង​ការ​ទូត​ក៏​ដោយ


នេសាទ​មួយ​ត្រូវ​បាន​គេ​នៅ​ក្បែរ​ឆ្នេរ​មួយ​ នៅ​ក្នុង​ក្រុង Thanh Hoa ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
នេសាទ​មួយ​ត្រូវ​បាន​គេ​នៅ​ក្បែរ​ឆ្នេរ​មួយ​ នៅ​ក្នុង​ក្រុង Thanh Hoa ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

ចិន និង​វៀតណាម​គឺ​ជាគូ​ប្រជែង​គ្នាខ្លាំង​បំផុ​តទាមទារ​ធ្វើ​ជា​ម្ចាស់ដែន​ទឹក​នៃ​សមុទ្រ​ដែល​មាន​ទំហំ​៣,៥លាន ​គីឡូម៉ែត្រការ៉េ ហើយ​​ក៏​បាន​ប្រជែង​គ្នា​នៅ​ក្នុង​សង្គ្រាម​ព្រំដែន​គោក​កាលពី​ទសវត្សរ៍ ១៩៧០ ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រយៈពេល​យ៉ាង​យូរ។

ឧប្បត្តិហេតុ​ក្រឡាប់​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង ​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ ​អះអាង​ថា​ត្រូវ​បាន​កប៉ាល់​ចិន​បុក​នៅ​ក្នុង​ដែនទឹក​មាន​ជម្លោះ​នោះ​ គឺ​ជា​ហេតុការណ៍ថ្មី​ចុងក្រោយ​បំផុត​មួយ​ នៅ​ក្នុង​អ្វី​ដែលក្រុម​អ្នកជំនាញ​ហៅ​ថា​ជម្លោះ​ដែន​ទឹក​រវាង​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​ជារឿយៗ​មិន​ត្រូវ​បានគេ​រាយការណ៍ ​ទោះ​ណាជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ក្រុម​មន្ត្រី ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ។

ទូកនេសាទ​ដែល​មាន​ផ្ទុក​មនុស្ស​ ៥ នាក់​ បាន​ក្រឡាប់ កាលពី​ថ្ងៃទី៦ ខែមីនា នៅ​ក្បែរ​កោះ Paracel ដែល​ជា​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ទាមទារ​ដោយ​ប្រទេស​ទាំង​ពីរ​ ប៉ុន្តែ​ត្រូវ​បាន​កាន់កាប់​ដោយ​ប្រទេស​ចិន។​

គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​ការ​ឆ្លើយតប​ ស្វែងរក និង​ជួយ​សង្គ្រោះ​ ពេលមាន​គ្រោះមហន្តរាយ​ធម្មជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហាណូយ​ បាន​និយាយ​ថា កប៉ាល់​ចិនបាន​បុក​ទូក​នេសាទ​នៅ​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក Discovery Reef នៅ​ភាគ​ខាង​លិច​ប្រទេស​វៀតណាម និង​ភាគ​និរតីទីក្រុង​ហុងកុង។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន VnExpress International។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ទូក​នេសាទ​វៀតណាម​មួយ​ទៀត​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​ជួយ។ ក៏ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងនេះ។​

បើទោះបី​ជា​ឧប្បត្តិហេតុ​ក្រឡាប់​ទូក​នេសាទ​នេះ​ ជា​ឧប្បត្តិហេតុ​លើ​ផ្ទៃ​សមុទ្រ​ធំបំផុតមួយ​ ដែល​ត្រូវផ្សព្វផ្សាយ​ជា​សាធារណៈ​ចាប់​តាំង​ពី​មាន​ឧប្បត្តិហេតុ​ដេញ​បុក​ទូក​ដ៏​ធំ​មួយ​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៤​ ក៏​ដោយ ក៏​ក្រុម​អ្នកជំនាញ​ដែន​សមុទ្រ​នៅ​អាស៊ី​បាន​ហៅ​ឧប្បត្តិហេតុនេះ​ថា​ បាន​កើត​ឡើង​បន្តបន្ទាប់​គ្នា។

លោក Huang Kwei-bo ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​ឯសាកលវិទ្យាល័យ National Chengchi University នៅទី​ក្រុង​តៃប៉ិ​ បាន​និយាយ​ថា «បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​ពិសេស​អ្វី​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា ភាគី​សងខាង​បានត្រៀម​លក្ខណៈ​ទប់ទល់​ដាក់​គ្នា​រួច​ទៅ​ហើយ​ ហើយ​ចុង​ក្រោយ​គឺ​អ្នក​នេសាទ​ទេ​ដែលជា​អ្នក​រងគ្រោះ។

លោក Huang បាន​និយាយ​ទៀតថា «រឿងរ៉ាវ​ទាំង​នេះ​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​រួច​ហើយ។ ជា​ធម្មតា​ពេល​នៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ឧប្បត្តិហេតុ​បែបនេះ​ នឹង​ត្រូវ​គេ​បិទបាំង​មិន​ឲ្យ​ខ្ចរខ្ចាយ​ ប៉ុន្តែ​ពេល​ទំនាក់ទំនង​មាន​បញ្ហា​ នោះ​ឧប្បត្តិហេតុ​នេះ​នឹង​ត្រូវ​គេ​បំប៉ោង​ឲ្យ​កាន់​តែ​ធំ។

ការ​ប៉ះទង្គិច​លើ​ដែន​សមុទ្រ និង​ការ​សម្របសម្រួល​ផ្នែក​ការទូត

ចិន និង​វៀតណាម​គឺ​ជាគូ​ប្រជែង​គ្នាខ្លាំង​បំផុ​តទាមទារ​ធ្វើ​ជា​ម្ចាស់ដែន​ទឹក​នៃ​សមុទ្រ​ដែល​មាន​ទំហំ​៣,៥លាន ​គ.ម.ការ៉េ ដែល​លាត​សន្ធឹង​ទៅ​ចុង​ខាង​ត្បូងនៃ​កោះ Borneo។ ប្រទេស​កុម្មុយនិស្ត​ទាំង​ពីរ​ក៏​បាន​ប្រជែង​គ្នា​នៅ​ក្នុង​សង្គ្រាម​ព្រំដែន​គោក​កាលពី​ទសវត្សរ៍ ១៩៧០ ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រយៈពេល​យ៉ាង​យូរ។

ចិន និង​វៀតណាម​មាន​ការ​ប៉ះទង្គិច​ក្នុង​ដែន​ទឹក​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ពីរ​ដង គឺនៅ​ក្នុង​ឆ្នាំ ១៩៧៤ និង​ឆ្នាំ ១៩៨៨ ពាក់ព័ន្ធទៅ​នឹង​ការ​គ្រប់គ្រង​ដែន​សមុទ្រ​ ដែល​សម្បូរ​ទៅ​ដោយ​ធនធានត្រី​ និងប្រេង។ ការ​ដេញ​បុក​ទូក​នេសាទ​ក្នុង​ឆ្នាំ ២០១៤​ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ដំឡើង​ម៉ាស៊ីន​បូម​ប្រេង​របស់​ចិន​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការដែន​សមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​ (University of the Philippines ) បាន​និយាយ​ថា​ ការ​ប៉ះទង្គិច​តូចៗ​ជាង​នេះធ្លាប់​បាន​កើត​ឡើង​ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​ចលាចល​ធំ​ដុំទេ​។

ជា​ឧទាហរណ៍​ នៅ​ក្នុង​ឆ្នាំ ២០១១ កប៉ាល់​ល្បាត​ចិន​មួយ​គ្រឿង​ «ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កាត់​ផ្តាច់​បណ្តាញ​រុករក​របស់​កប៉ាល់​ស្វែងរក​អណ្តូង​ប្រេង​របស់​វៀតណាម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសនៃដែន​សមុទ្រ​របស់​វៀតណាម​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅឆ្នាំ​២០១៨ ដោយ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី។

ការ​សម្របសម្រួល​ផ្នែក​ការទូត

បេសកជន​របស់​គណបក្ស​កុម្មុយនិស្ត​ជារឿយៗ​ជួប​ប្រជុំ​គ្នា បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​នៅ​លើ​ដែន​សមុទ្រ​ ដើម្បី​សម្រួល​ឲ្យ​ភាព​ស្ងប់ស្ងាត់។ ភាគី​ទាំង​សង​ខាងត្រូវ​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច។ ចិន​ចាត់​ទុក​វៀតណាម​ជា​កន្លែង​លក់​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត ខណៈ​វៀតណាម​ចាត់​ទុក​ចិន​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​របស់​ខ្លួន។

លោក Trung Nguyen ព្រឹទ្ធបុរសផ្នែកទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​ហូជីមិញ (Ho Chi Minh University of Social Sciences and Humanities) បាន​និយាយថា​ ផ្ទុយទៅវិញ​ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​ខ្លួន អាជ្ញាធរ​វៀតណាម​ជួនកាលបើក​ឲ្យ​កប៉ាល់​នេសាទ​ជនជាតិ​ខ្លួន​ចូល​ទៅ​នេសាទ​នៅ​ដែនទឹក​ដែល​រំលោភលើ​បម្រាម​ឯកតោភាគី​របស់​ចិន​ស្តី​ពី​ការ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។

ការ​ប្រឆាំង​នឹង​ចិន​បានកើនឡើង​កាន់​តែ​ខ្លាំងក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម​ទូទៅ​ផង​ដែរ ហើយ​រដ្ឋាភិបាល​អាច​បង្កើត​ឲ្យ​មាន​ការ​ប្រឆាំង​បែប​នោះ​ នៅ​ពេលណាខ្លួន​ត្រូវ​ការ​ការ​គាំទ្រ​ពី​សាធារណជន។

លោក Nguyen និយាយ​ថា សារព័ត៌មាន​វៀតណាម​ពី​ដំបូង​មិន​បាន​ផ្សព្វផ្សាយ​ថា ចិន​ជា​អ្នក​បង្ក​ឧប្បត្តិហេតុ​កាលពី​ថ្ងៃទី៦ ខែមីនា​នោះ​ទេ។ លោក​សង្ស័យ​ថា គណបក្ស​កុម្មុយនិស្ត​បាន​ផ្តល់ «ភ្លើង​ខៀវ» ដល់​សារព័ត៌មាន។

លោក Nguyen បាន​និយាយ​ថា «ខ្ញុំ​គិត​ថា​ ទំនាក់ទំនង​រវាង​បក្ស និង​បក្ស​ ត្រូវ​តែ​ស្វែងរក​វិធី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ បើ​មិន​ដូច្នោះ​ទេ ឧប្បត្តិហេតុ​ស្រដៀងៗ​គ្នា​នេះ​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត​ទៀត»។

លោក Huang បាន​និយាយ​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ «មិន​មាន​បញ្ហា» អ្វីនោះ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​លោក​បាន​កត់សម្គាល់​ពី​ការ​បញ្ចូល​វៀតណាម​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​នៅ​អាស៊ី​នា​ពេល​ថ្មីៗ​នេះ។

ក្រម​ប្រតិបត្តិ

អ្នក​វិភាគ​ជឿ​ថា ឧប្បត្តិហេតុ​កាលពី​ថ្ងៃទី៦ ខែមីនា អាច​នឹង​ក្លាយ​ជា​ចំណុច​ដែលត្រូវ​លើក​មក​ពិភាក្សារវាង​ចិន​ និង​ប្រទេស​អាស៊ាន​ទាំង​១០ នៅ​ពេល​ប្រទេស​ទាំង​នេះ​ចរចា​ពី​ក្រម​ប្រតិបត្តិ​ដែន​សមុទ្រ​នៅ​ត្រឹម​ឆ្នាំ២០២១។ ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដូចជា​ ប្រទេស​ព្រុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន ក៏​បាន​ប្រជែង​ជាមួយ​នឹង​ចិន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ជាន់​គ្នា​នេះ​ផង​ដែរ។​

លោក Huang បាន​និយាយ​ថា ក្រម​ប្រតិបត្តិ​អាច​នឹង​ចែង​ពី​ប្រតិបត្តការ​របស់​នាវា​ល្បាត និង​នាវា​ចម្បាំង រួម​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក (drone)​ ដើម្បី​ជៀសវាង​កុំឲ្យកើត​មាន​ឧប្បត្តិហេតុ​បែប​នេះទៀត ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ ថា​តើ​ក្រម​នេះ​អាច​មាន​វិសាលភាព​លើ​នាវា​ឯកជន​ឬ​យ៉ាង​ណា។ ចិន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ពិភាក្សាគ្នាអំពី​ក្រម​ប្រតិបត្តិ​នេះ​ចាប់តាំង​ពីឆ្នាំ២០០២មក ដោយ​ចិន​បាន​ព្យាយាម​ពន្យារពេល​ក្នុង​ការ​សម្រេច​ក្រម​ប្រតិបត្តិ​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​អំណាច​យោធា​ខ្លាំង​បំផុត​ នៅក្នុង​ចំណោម​ប្រទេស​នានា​ដែល​ទាមទារ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​នេះ។​

លោក Batongbacal និយាយ​ថា ប្រទេស​ផ្សេង​ទៀត​អាច​នឹង​ពិចារណា​គាំទ្រក្រម​ប្រតិបត្តិនេះ ដើម្បី​បញ្ឈប់​ឧប្បត្តិហេតុ​ដូច​ថ្ងៃទី៦ ខែមីនា​កន្លង​ទៅ។ ​

លោក​បាន​និយាយ​ថា «ខ្ញុំ​ច្បាស់​ណាស់​ថា ឧប្បត្តិហេតុ​នេះ​នឹង​ត្រូវ​បាន​ប្រទេស​ដទៃ​ទៀត​ពិចារណា​ នៅ​ពេល​ពិភាក្សា​លើ​ក្រមប្រតិបត្តិ​ ដូច្នេះ​ខ្ញុំ​ជឿ​ថា សំណើ​របស់​វៀតណាម​នឹង​មាន​ទម្ងន់​ខ្លះ​លើ​បញ្ហា​នេះ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG