ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថ្កោល​ទោស​​ការ​​ថ្លែង​របស់​ក្រុម​ប្រទេស​ G7​ ដែល​​​វាយ​ប្រហារ​លើ​ខ្លួន​និង​​គាំទ្រ​តៃវ៉ាន់


រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០។
រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០។

ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោល​ទោស​សេចក្តី​ប្រកាស​រួមរបស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G7 ដែល​បាន​គាំទ្រដែន​កោះ​តៃ​វ៉ាន់​ ហើយដែល​បាន​ហៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​មាន​ភាព​គឃ្លើន​នោះ​ ថាជា​ការ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងរបស់​ប្រទេស​ចិន។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Reuters។​ ​បច្ចុប្បន្ននេះ ចិន​កំពុង​ទាម​ទារ​គ្រប់​គ្រង​កោះតៃវ៉ាន់​ ។

ក្រុម​រដ្ឋមន្ត្រីការបរទេសG7 ថ្លែងក្នុង​សេចក្តី​ប្រកាស​រួមមួយ ​ក្រោយកិច្ច​ប្រជុំ​កំពូល​ក្នុង​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ថា ប្រទេស​ចិន​បាន​ប្រព្រឹត្ត​កំហុស​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និងបាន​ប្រើប្រាស់​«គោល​នយោបាយ​សេដ្ឋកិច្ច​បង្ខិតបង្ខំ» ហើយថា ក្រុម​ប្រទេស ​G7 នឹង​ប្រើប្រាស់​កិច្ច​ប្រឹងប្រែង​រួម​គ្នា​របស់​ពួក​គេ ​ដើម្បី​បញ្ឈប់អំពើរបស់​ចិន​ទាំង​នោះ។​

នៅក្នុង​ចំណាត់ការដ៏​កម្រ​របស់​ខ្លួន ក្រុម​ប្រទេស​ G7 ក៏​បានសម្តែង​ការ​គាំទ្រ​ឱ្យ​ដែន​កោះ​តៃវ៉ាន់​អាចចូល​រួមក្នុង​វេទិកា​អង្គការ​សុខភាព​ពិភព​លោក WHO និង​សន្និបាតសុខាភិបាល​ពិភពលោក។ ក្រុមប្រទេស​ G7 ​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​អំពី «សកម្មភាព​ជាឯកតោ​ភាគី​ណា​មួយដែលធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កើន​ឡើង» នៅ​ក្នុងច្រក​សមុទ្រ​តៃវ៉ាន់​នោះ។ សកម្មភាព​នោះគឺសម្តៅដោយ​ប្រយោល​លើ​សកម្មភាពយោធា​របស់​ចិន។​

អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​ចិន ​លោក​ Wang Wenbin បាន​ថ្កោល​ទោសនូវ​សេច​ក្តី​ថ្លែង​ការណ៍របស់​ក្រុម​ប្រទេស​ G7​ ដោយ​លើក​ឡើង​ថា ​វាជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​មូលដ្ឋាន​និង​បាន​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន។​

អ្នក​នាំ​ពាក្យ​ចិនរូប​នេះ​បន្តទៀត​ថា៖ ​«​នេះ​ជាការ​បំផ្លាញ​ដោយ​ព្រៃ​ផ្សៃ​មួយ​លើ​បទដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ»។​

លោក​ថា​ ក្រុម​ប្រទេស​ G7 គួរ​ជំរុញ​សកម្មភាពស្តារ​សេដ្ឋកិច្ចសកល​លោក​ឡើង​វិញ​ ជា​ជាងការ​ធ្វើ​ឲ្យ​រាំង​ស្ទះ​នូវ​ដំណើរការ​នេះ៕​

XS
SM
MD
LG