ប្រធានាធិបតីចិនលោក Xi Jinping នឹងថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍ស្អែក នៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា លោក Xi Jinping នឹងថ្លែង «សុន្ទរកថាសំខាន់មួយ» នៅក្នុងសន្និសីទកំពូលតាមអនឡាញនេះ។
លោក Xi Jinping គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ ៤០ នាក់ ផ្សេងទៀត ដែលត្រូវបានលោក Biden អញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទកំពូលរយៈពេល ២ ថ្ងៃនេះ។ ក្នុងចំណោមមេដឹកនាំទាំងនោះក៏មាននាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីរុស្សីលោក Vladimir Putin ផងដែរ។
ការយល់ព្រមរបស់លោក Xi Jinping នៅក្នុងការចូលរួមក្នុងសន្និសីទកំពូលនេះបានធ្វើឡើង នៅក្រោយពេលដែលលោក John Kerry បេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ បានជួបប្រជុំជាមួយលោក Xie Zhenhua ដែលជាសមភាគីចិនរបស់លោក នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីសប្តាហ៍មុន។
ការបង្ហាញខ្លួនរបស់លោក Xi Jinping លើកនេះ គឺជាវត្តមានដំបូងបង្អស់របស់លោកជាមួយនឹងលោក Biden នៅក្រោយពេលដែលលោក Biden បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក និងស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងមានភាពតានតឹងកើនឡើងជាមួយគ្នាទាក់ទិននឹងបញ្ហាមួយចំនួនដូចជាបញ្ហាទីក្រុងហុងកុងនិងបញ្ហាសិទ្ធិមនុស្សនៅតំបន់ Xinjiang ជាដើម៕