ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជាក់​ជា​ថ្មី​ថា បញ្ហា​អាកាសធាតុ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ នៅ​មូលនិធិ Chesapeake Bay ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ នៅ​មូលនិធិ Chesapeake Bay ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

មុន​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​នៅ​សេតវិមាន​ចូល​មក​ដល់​នៅ​សប្តាហ៍​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ចាត់ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន នៅពេល​ដែល​ខ្លួន​សង្ឃឹម​ថា​នឹង​ដឹក​មុខ​បដិវត្តន៍​ថាមពល​ដែល​មិន​ប៉ះពាល់​បរិស្ថាន។

ប្រធានាធិបតី​ចិន​លោក Xi Jinping ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ចំនួន ៤០ រូប ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​នេះ។ ការ​រៀបចំ​កំពុង​ធ្វើ​ឡើង​ដើម្បី​អញ្ជើញ​លោក Xi ឲ្យ​ថ្លែង​សុន្ទរកថា​ចម្បង​នៅឯ​កិច្ច​ប្រជុំ​កំពូល​នេះ។ នេះ​បើ​យោង​តាម​ប្រភព​ការទូត។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ដែល​មិន​ប៉ះពាល់​បរិស្ថាន។

លោក Blinken បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​អង្គការ Chesapeake Bay Foundationនៅ​ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland ថា៖ «នៅ​ពេល​នេះ យើង​កំពុង​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​ចិន។ ចិន​គឺជា​ប្រទេស​ផលិត​និង​នាំ​ចេញ​បន្ទះ​ថាមពល​ព្រះអាទិត្យ កង្ហារ​ថាមពល​ខ្យល់ អាគុយ និង​រថយន្ត​អគ្គីសនី​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ចិន​កាន់កាប់​ប្រកាស​នីយប័ត្រតក្កកម្ម​ថាមពល​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ចំនួន​ជិត​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក»។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​ថា៖ «វា​ជា​ការ​ពិបាក​នៅ​ក្នុង​ការ​ប្រមើល​មើល​ថា​សហរដ្ឋ​អាមេរិក​ឈ្នះ​ការ​ប្រជែង​ជាមួយ​ចិន​ផ្នែក​យុទ្ធសាស្ត្រ​រយៈពេល​វែង ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​អាច​ដឹក​មុខ​បដិវត្តន៍​ថាមពល​ដែល​មិន​ប៉ះពាល់​បរិស្ថាន​នោះ»៕

XS
SM
MD
LG