ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​ស្តុកទុក​របស់​របរ​សំខាន់ៗ​ប្រចាំ​ថ្ងៃ មុនពេល​រដូវ​រងា​មក​ដល់


រូបឯកសារ៖ អតិថិជន​ម្នាក់ ពាក់​ម៉ាស​ពេល​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អតិថិជន​ម្នាក់ ពាក់​ម៉ាស​ពេល​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​រក្សាទុក​នូវរបស់​របរ​ប្រចាំ​ថ្ងៃ​សំខាន់​ៗ​នៅ​ក្នុង​ផ្ទះ​ ក្នុង​ករណី​គ្រា​អាសន្ន បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩​ និង​ការធ្លាក់​ភ្លៀង​ខុស​ពី​ប្រក្រតី​ដែល​បណ្តាល​ឲ្យ​តម្លៃ​បន្លែ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ដោយធ្វើ​ឲ្យ​មាន​ការព្រួយ​កង្វល់​អំពី​ការផ្គត់ផ្គង់​មិន​គ្រប់​គ្រាន់។ នេះ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សារាចរ​ណែនាំរបស់​ក្រសួង​ពាណិជ្ជកម្មចិន ​ដែលត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​កង្វល់​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​ក្នុង​ស្រុក​ថា ការណ៍​នេះ​ អាច​បណ្តាល​មកពី​ភាព​តានតឹង​យ៉ាង​ខ្លាំង​ជាមួយ​កោះ​តៃវ៉ាន់ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត បាន​និយាយ​ថា មនុស្ស​បាន​សម្រុក​ទៅ​ទិញ​អង្ករ ប្រេង​ឆា ​និង​អំបិល​ដើម្បី​ស្តុកទុក​នោះ។

អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ Twitter ក្នុង​ប្រទេស​ចិន​ ដូចជាបណ្តាញ​សង្គម Weibo ជាដើម​ បាន​សរសេរ​ថា «នៅពេលដែល​ព័ត៌មាន​នេះ ​ត្រូវ​បានចេញ​ផ្សាយ​ភ្លាម​នោះ​ មនុស្ស​ទាំង​អស់​នៅ​ជិត​ខ្ញុំ បាន​នាំ​គ្នា​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារទំនើបយ៉ាង​តក់​ក្រហល់»។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក កាលពីពេល​ថ្មី​ៗ​នេះ ក៏​បាន​ចេញផ្សាយ​បញ្ជី​របស់​ទំនិញ​ដែល​ស្នើ​ឲ្យ​ស្តុកទុក​នៅ​តាម​ផ្ទះ រួម​មាន​នំ​បារាំង មី ថ្នាំ​វីតាមីន វិទ្យុ​ និង​ពិល​បំភ្លឺ​ជា​ដើម​។

កាសែត​ប្រចាំ​ថ្ងៃ Economic Daily ដែល​ជា​កាសែត​គាំទ្រ​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​ បាន​ប្រាប់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​នឹក​ស្រមើ​ស្រមៃ​ហួស​ហេតុ​ពេក ហើយ​ថា គោល​បំណង​នៃ​សារាចរណែនាំ​នេះ​ ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មិន​មាន​ការភ្ញាក់ផ្អើល ប្រសិនបើ​មាន​ការ​បិទ​ខ្ទប់សកម្មភាព​សង្គម​នៅ​ក្នុង​តំបន់​របស់គេ​នោះ។

កាសែត​ប្រចាំ​ថ្ងៃ People's Daily បាន​រាយការណ៍​ថា ក្រសួង​បាន​ចេញ​ផ្សាយនូវ​ការ​ជូន​ដំណឹងបែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ក៏ប៉ុន្តែ​បាន​ចេញផ្សាយ​នូវ​ការ​ណែនាំរបស់​ខ្លួន​នៅ​ដើម​ឆ្នាំ​នេះ ពី​ព្រោះ​តែ​មានគ្រោះ​មហន្តរាយ​ធម្មជាតិ​ តម្លៃ​បន្លែ​ឡើង​ថ្លៃ​ និង​ករណី​ជំងឺ​កូវីដ១៩ ​នៅពេល​ថ្មីៗ​នេះ។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​ជំរុញ​ឲ្យ​ពួក​អាជ្ញាធរ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការផ្គត់ផ្គង់​ និង​តម្លៃ​មាន​ស្ថិរភាព ហើយ​នឹង​ផ្តល់​ការព្រមាន​ឲ្យ​បាន​រួសរាន់​នៅពេល​មាន​បញ្ហា​នៃ​ការផ្គត់ផ្គង់​នោះ៕

XS
SM
MD
LG