ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​នៃ​ដែន​ចរន្ត​ធម្មជាតិ​របស់​ចិន​បាន​វិវត្ត​ហួស​សមត្ថភាព​ស្រូប​យក​ទឹក​ភ្លៀង


រូបឯកសារ៖ ទិដ្ឋភាពនៃគ្រោះទឹកជំនន់ដោយទឹកភ្លៀងដែលបានជន់លិចទីក្រុង Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។

ទីក្រុង Zhengzhou គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួច​ផ្ដើម​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​សាង​សង់ប្រព័ន្ធ​ស្រូបយក​ទឹកភ្លៀង ហៅ​ថា​ទីក្រុង​នៃ​ដែន​ចរន្ត​ធម្មជាតិ ឬ «sponge city» ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​គ្រោះ​ទឹក​ជំនន់​ដែល​ចេះ​តែ​កើន​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ចិន។

ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ស្រូប​យក​ទឹក​ភ្លៀង​ទាំង​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណងស្រូប​យក​ទឹក​ភ្លៀង ដើម្បី​ប្រើ​ប្រាស់ ជា​ជាង​បង្ហូរ​ទឹកភ្លៀងចេញ​តាម​បំពង់​បង្ហូរ​ទឹក​ធ្វើ​ពី​ស៊ីម៉ង់ត៍ និង​ប្រព័ន្ធ​បង្ហូរ​ទឹក​នានា​ដែល​អាច​កក​ស្ទះ ឬ​បង្ក​ជា​បញ្ហា​ផ្សេងៗ​ទៀត។

ប្រព័ន្ធ​អភិវឌ្ឍ​ទីក្រុង​បែប​នេះ​កំពុង​មាន​ភាព​ល្បីល្បាញ​នៅជុំវិញពិភព​លោក ដោយ​សារ​តែ​អ្នក​រៀបចំ​ផែនការ​អភិវឌ្ឍ​ក្រុង​ទទួល​ស្គាល់​នូវ​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ស្រូប​យក​ទឹក​ភ្លៀង​នេះ ដូច​ជា​ការ​គ្រប់​គ្រង​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ​ ការ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ត្រជាក់​និង​មាន​សោភ័ណភាព​គួរ​ឲ្យ​ទាក់​ទាញ។

ក៏​ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ទឹក​ជំនន់​ដែល​ជន់លិច​ទីក្រុង Zhengzhou កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជាកម្រិត​ទឹក​ជំនន់​មួយ​ ដែល​គ្មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ក្នុង​ទីក្រុង​ណា​មួយ​អាច​រំដោះ​បាន​នោះ​ទេ។ ដោយ​សារ​តែ​បម្រែបម្រួល​អាកាសធាតុ ព្យុះ​ធំៗ​ប្រភេទ​នេះ​កំពុង​តែកើន​ឡើង​ហើយ​ក្លាយ​ជា​បាតុភូត​ធម្មជាតិ​ទូទៅ​សម្រាប់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។

លោក Neil Weinstein គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ Low Impact Development Center ដែល​ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ផ្ដោត​លើ​បច្ចេកទេស​ប្រកប​ដោយ​និរន្តរភាព​លើ​ការគ្រប់​គ្រង​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «អាំងតង់ស៊ីតេ​និង​ហ្វ្រេកង់​នៃ​ព្យុះ​គឺ​កាន់​តែ​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​ជួប​កាល​ពី​មុន»។

លោក David Sedlak គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​និង​បរិស្ថាន នៅ​សាកល​វិទ្យាល័យ​ California, Berkeley។ លោក​មាន​ប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍ​ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ស្រូប​យក​ទឹក​ភ្លៀង​ពិត​ជា​គំនិត​ដ៏​ល្អ​ប្រសើរ​មួយសម្រាប់​បន្ថយ​ល្បឿន​ព្យុះ​នានា​ដែល​មាន​កម្លាំង​បោកបក់​តិច​តួច។ ប៉ុន្តែ​វា​មិន​អាច​ជំនួស​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ទឹក​ជំនន់​ដែល​ទីក្រុង​ជា​ច្រើន​ត្រូវ​មាន​ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួនកុំ​ឲ្យ​រង​គ្រោះ​ពី​ទឹក​ជំនន់​ដ៏​ធំ​និង​ព្យុះ​នានា​ដែលកើត​ឡើង​ភ្លាមៗ​តែ​ក្នុង​រយៈ​ពេល​ខ្លី​បាននោះ​ទេ»។

រូបឯកសារ៖ ពលរដ្ឋចិនក្នុងទីក្រុង Zhengzhou ដើរកាត់ទឹកជន់លិចផ្លូវក្រោយភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្ត Henan កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋចិនក្នុងទីក្រុង Zhengzhou ដើរកាត់ទឹកជន់លិចផ្លូវក្រោយភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្ត Henan កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១។

នគរូបនីយកម្ម​រហ័ស

ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​គម្រោង​ទីក្រុងដែល​មាន​ប្រព័ន្ធ​ស្រូប​យក​ទឹក​ភ្លៀង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​មាន​គម្រោងសាក​ល្បង​ចំនួន ១៦។ នៅ​ឆ្នាំ​ក្រោយ​នេះ ចិន​នឹង​អនុវត្ត​គម្រោង​បែប​នេះ​ចំនួន ១៤ ទៀត។

កិច្ច​ប្រឹង​ប្រែង​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើត​ឡើង​នៃ​គ្រោះ​ទឹក​ជំនន់​នៅ​តាម​ទីក្រុង​នានា​របស់​ចិន ដែល​កើត​មាន​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ការ​ធ្វើ​នគរូបនីយកម្ម​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​នេះ។

កាល​ពី​ឆ្នាំ ២០០០ មាន​ពលរដ្ឋ​ចិន​តែ​ជាង​១​ភាគ​៣​ ប៉ុណ្ណោះ ដែល​រស់​នៅ​ក្នុង​ទីក្រុង។ នៅ​ឆ្នាំ​ ២០១៩ ចំនួន​ពលរដ្ឋ​ចិន​រស់​នៅ​ក្នុង​ទីក្រុង​បាន​កើន​ដល់​ទៅ ៦០ ភាគរយ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ចិន។

ការ​សាង​សង់​ទីក្រុង​ធំៗ​បាន​តម្រូវ​ឲ្យមាន​ការ​កាប់​រាន​ទន្ទ្រាន​ព្រៃ​ឈើ ទីវាល និង​ដី​សម្រាប់​ធ្វើ​កសិកម្ម។ ប៉ុន្តែ​ ទីធ្លា​និង​ដំបូល​នៃ​ទីក្រុង​ទាំង​នោះ​មិន​អាច​ស្រូប​យក​ទឹក​ភ្លៀង​ដូច​ទីវាល​បៃតង ​ដែល​មាន​មុន​ពេល​សាង​សង់​ទីក្រុង​ទាំង​អស់​នេះ​ទេ។

នៅ​ពេល​តំបន់​ទាំង​នោះ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​សំណង់​ផ្ទៃ​រឹង និង​មិន​ជ្រាប​ទឹកកាន់​តែ​ច្រើន​ នោះ​កម្រិត​នៃ​ទឹក​ដែល​ហូរ​ចុះ​ពី​តំបន់​ទាំង​នោះ​ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​ក៏​កើន​ឡើង​ដូច​គ្នា​ដែរ។

អ្នកស្រី​ Colleen Chiu-Shee គឺ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​ដេប៉ាតឺម៉ង់​សម្រាប់​ការ​សិក្សា​និង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ម៉ាឆាឈូសេត (MIT) សហរដ្ឋ​អាមេរិ។ អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ទឹក​ហូរ​បុក​លឿន​ខ្លាំង​ភ្លាមៗ ធ្វើ​ឲ្យ​ទឹក​គ្មាន​កន្លែង​ហូរ​ជ្រាប​គ្រប់គ្រាន់។ ព្យុះ​ធំៗ​អាច​ធ្វើ​ឲ្យ​ជន់​ហៀរ​ប្រព័ន្ធ​រំដោះ​ទឹក​ ហើយ​ឈាន​ទៅ​ដល់​ការ​កើត​មាន​ជា​គ្រោះ​ទឹក​ជំនន់»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ធ្វើ​នគរូបនីយកម្ម​ក៏​បង្ក​ឲ្យ​មានកង្វះ​ទឹក​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន។ ប្រព័ន្ធ​បង្ហូរ​ទឹក​ដែល​រៀបចំ​ឡើង​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​ទឹក​ភ្លៀងនោះ​ជ្រាប​ចូល​ទៅ​ក្នុង​ដី​បាន​ទេ។ ជាលទ្ធផល វា​ធ្វើ​ឲ្យ​ប្រភព​ទឹក​ក្រោម​ដី​មិន​អាច​ស្រូប​យក​ទឹក​គ្រប់គ្រាន់​ដើម្បី​ទៅ​បំពេញ​ប្រភព​ទឹក​ក្រោម​ដី​បាន។

ការ​អភិវឌ្ឍ​ដែល​មាន​ផល​ប៉ះ​ពាល់​តិច

ទីក្រុង​ធំៗ​ជា​ច្រើន​ទៀត​នៅ​ជុំ​វិញពិភព​លោក បាន​ប្រឈម​និង​កំពុង​ដោះស្រាយ​បញ្ហា​ដូច​គ្នា​នេះ។ ឧទាហរណ៍ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ទីក្រុង​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក កំណើន​នៃ​ការ​អភិវឌ្ឍ​បាន​នាំ​ឲ្យ​ទឹក​កខ្វក់​ដែល​មិន​បាន​ច្រោះ​សម្អាត​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​លើស​ចំណុះ​ប្រព័ន្ធ​បង្ហូរ​លូ​ទឹក​ស្អុយ។

កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក ក្រុម​អ្នករៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ស្រុក Prince George រដ្ឋ​ Maryland បាន​ចាប់​ផ្ដើម​ពិនិត្យ​ប្រព័ន្ធ​តាម​បែប​ធម្មជាតិ​ដើម្បី​គ្រប់​គ្រង​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​គ្រោះ​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ។ គម្រោងទាំង​នោះ​ដែល​ពី​ដំបូង​ត្រូវ​គេ​ស្គាល់​ថា ការ​អភិវឌ្ឍ​មាន​ផល​ប៉ះ​ពាល់​តិច​នោះ បាន​សាយ​ភាព​ទៅ​ទូទាំង​ពិភពលោក ដោយ​មាន​ឈ្មោះ​ផ្សេងៗ​គ្នា។

គំនិត​ជា​មូលដ្ឋាន​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀប​ចំ​អភិវឌ្ឍ​ទីក្រុង​គេច​ឲ្យផុត​ពី​ការ​ប្រើ​ប្រាស់​លូ​ធ្វើ​ពី​ស៊ីម៉ង់ត៍ និងប្រព័្ធ​បង្ហូរ​ទឹក​ដែល​បង្ក​ឲ្យ​ទឹក​ហូរ​បុក​ចេញ​ពី​ទីក្រុង​ក្នុង​ល្បឿន​លឿន​ពេក។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គោល​បំណង​ពិត​ប្រាកដ​នោះ​គឺ​ពន្យារ​ចរន្ត​ទឹក​ហូរ​ដើម្បី​ឲ្យ​ទឹកអាច​ជ្រាប​ចូល​ទៅ​ក្នុង​ដី​បាន។

គម្រោង​ទាំង​នេះ​រួម​មាន​ការ​សាង​សង់​ប្រឡាយ​ភ្លោះ​ដោយ​មាន​ដាំ​ស្មៅ​ដែល​គេ​ហៅ​ថា​ប្រឡាយ​បង្ហូរ​និង​សម្អាត​ទឹក​នៅ​សង​ខាង​ផ្លូវ​ឬ​ជុំវិញ​កន្លែង​ចត​ឡាន។ ហើយ​នៅ​ជាយ​ប្រឡាយ​នេះ វា​មាន​បឹង​ដែល​គេ​រចនា​ឡើង​ដើម្បី​ស្រូប​យក​ទឹក​និង​អាច​សម្អាត​កាក​សំណល់​ជាតិ​ពុល​បាន។

រុក្ខជាតិ​គឺ​ជា​សមាសភាព​រួម​ផ្សំ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រព័ន្ធ​ទាំង​នេះ។ ឬស​របស់វា​ស្រូប​យក​ទឹក ហើយ​បញ្ចេញ​ទឹក​ទាំង​នោះ​ទៅ​ក្នុង​ខ្យល់​តាម​រយៈ​ស្លឹក​របស់​វា។ ឬស​ឈើ​ទាំង​នោះ​អាច​ជួយ​ធ្វើ​ប្រតិកម្ម​គីមី​ដី​ដែល​ធ្វើ​ឲ្យ​ទឹក​កាន់​តែ​ច្រើន​អាច​ហូរ​ចូល​ទៅ​ក្នុង​ដី។

រូបឯកសារ៖ គ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុង Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១។
រូបឯកសារ៖ គ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុង Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១។

ទីវាល​រុក្ខជាតិ​បៃតង់ និង​ទីវាល​សំណង់​ស៊ីម៉ងត៍​

វត្តមានរុក្ខជាតិ​ទាំង​នោះ​គឺ​ជា​មូលហេតុ​ដែល​ប្រព័ន្ធ​អភិវឌ្ឍ​ទីក្រុង​ស្រូប​យក​ទឹក​ ត្រូវ​បាន​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ហេដ្ឋារចនា​សម្ព័ន្ធ​រុក្ខជាតិ​បៃតង ហើយ​វា​មាន​ភាព​ខុស​ប្លែក​ពី​ហេដ្ឋរចនា​សម្ព័ន្ធ​ប្រផេះ​ដែល​ពឹង​ផ្អែក​លើ​ស៊ីម៉ងត៍ និង​លូ​បង្ហូរ​ទឹក។

ហេដ្ឋារចនា​សម្ព័ន្ធ​រុក្ខជាតិ​បៃតងក៏​នាំ​មកនូវអត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ផង​ដែរ។ នេះ​បើ​តាម​លោក Sedlak។ លោក​បាន​ថ្លែង​ថា៖ «កត្តា​មួយ​គឺ​ថា នៅ​ពេល​យើង​ដាំ​ដើម​ឈើ​និង​ដាំ​បន្លែ​កាន់​តែ​ច្រើន​នៅ​ក្នុង​ទីក្រុង មាន​ន័យ​ថា​យើង​បាន​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាពត្រជាក់ ហើយ​មនុស្ស​អាច​រស់​នៅ​បាន​ស្រួល។ ម្យ៉ាង​ទៀត យើង​ធ្វើ​ឲ្យ​ទឹក​ជ្រាប​ចូល​ក្នុង​ដី​ហើយ​យើង​ក៏មាន​ឱកាស​ទទួល​យកទឹក​នោះ​ទៅ​ប្រើប្រាស់វិញ​សម្រាប់​តម្រូវ​ការ​ផ្គត់​ផ្គង់​ទឹក​ប្រចាំ​ថ្ងៃ»។

លោក Shaw Yu គឺ​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់​ផ្នែក​សំណង់​ស៊ីវិល​និង​បរិស្ថាន​នៃ​សាកល​វិទ្យាល័យ Virginia។ លោក​មាន​ប្រសាសន៍​ថា៖ «គំនិត​រៀប​ចំ​ទីក្រុង​បែប​នេះ​ហើយ​ដែល​ចិន​ហៅវា​ថា​ជា ទីក្រុង​នៃ​ដែន​ចរន្ត​ធម្មជាតិ​ស្រូប​យក​ទឹក ឬ​ «sponge city»។ ទីក្រុង​ទាំង​នោះ​ស្រូប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​បន្ទាប់​មក​ទឹក​ទាំង​នោះ​ត្រូវ​បាន​គេ​បូម​យក​មក​ប្រើប្រាស់​វិញ នៅ​ពេល​គេ​ត្រូវ​ការ គឺ​ប្រៀប​ដូច​ទៅ​នឹង​ទឹក​ដែល​ចេញ​នៅ​ពេល​យើង​ច្របាច់​អេប៉ុង​អីចឹង​ដែរ»។

អ្នក​ស្រី Colleen Chiu-Shee អ្នក​ស្រាវជ្រាវ​ប្រចាំ​ដេប៉ាតឺម៉ង់​សម្រាប់​ការ​សិក្សា​និង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ម៉ាឆាឈូសេត ​(MIT) និយាយ​ថា អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​កំពុង​ពិនិត្យ​គម្រោង​អភិវឌ្ឍ​ទីក្រុង​នៃ​ដែន​ចរន្ត​ធម្មជាតិ​នេះ​ហើយ​មក​ទល់​ពេល​នេះ លទ្ធផល​នៃ​ការ​សិក្សា​ទាំង​នោះ​មាន​ភាពចម្រុះ​គ្នា។ ភាគ​ច្រើន​វា​អាស្រ័យ​ទៅ​លើ​អ្នក​ដែល​រៀប​ចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​នោះ​អាទិភាព​របស់អ្នក​វិនិយោគ​និង​អ្នក​អភិវឌ្ឍ។

ប៉ុន្តែ​គ្មាន​ទីក្រុង​ណា​មួយ​ដែល​ត្រូវ​បានរៀប​ចំ​ឡើង​មក​ទល់​ពេល​នេះ​អាច​ដោះ​ស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​ដូច​ដែល​បាន​ជន់​លិច​ទីក្រុង​ Zhengzhou ឬ​ទឹក​ជំនន់​ដែល​បាន​បោកបក់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ប៊ែលហ្ស៊ិក កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​នោះ​ទេ។

អ្នក​ស្រី​ Chiu-Shee បាន​ថ្លែង​ដូច្នេះ​ថា៖ «ពិភពលោក​ទាំង​មូល​កំពុង​តែ​សិក្សាមើល​ថា​តើការ​ប្រែប្រួល​អាកាសធាតុ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អាក្រក់ដល់​ទីក្រុងក្នុង​កម្រិត​ប៉ុណ្ណា នា​ពេល​បច្ចុប្បន្ន​នេះ»៕

XS
SM
MD
LG