ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​មិន​សប្បាយ​ចិត្ត​នឹង​សេចក្តី​ថ្លែងការណ៍​របស់​​ក្រុ​ម​​ប្រទេស G7 ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាព​បង្ហាញ​ពី​ផែនទី​ប្រទេស​ចិន។ ចិន​មិន​សប្បាយ​ចិត្ត​នឹង​សេចក្តី​ថ្លែងការណ៍​របស់​​ក្រុ​ម​​ប្រទេស G7 ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​បាន​រិះ​គន់យ៉ាង​ខ្លាំង​ដល់សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បានចេញ​ផ្សាយ​ដោយ ​ក្រុមរដ្ឋមន្ត្រី​ការបរទេស​នៅ​ក្នុង​កិច្ច​ប្រជុំនៃ​ក្រុមប្រទេស​ចំនួន​៧ ​ដែល​មាន​ឧស្សាហកម្ម​រីកចម្រើន​ក្នុង​ពិពលោក ហៅកាត់ថា​ «ក្រុមប្រទេស​ G-7» ដែល​បាន​សម្តែង​កង្វល់​អំពី​ភាពតានតឹង​ និង​ជម្លោះទឹកដីនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិនលោក Lu Kang បាន​ចោទ​ប្រកាន់ក្រុម​ប្រទេស​ G-7 នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា ​បណ្តាប្រទេស​ទាំង​នេះ «បាន​កកូរ​កកាយ​បញ្ហា​សមុទ្រ​ និងបញ្ឆេះភាព​តានតឹងនៅ​ក្នុង​តំបន់» ហើយ​បាន​និយាយ​ថា ​ប្រទេសចិន​មាន «ការ​មិនពេញចិត្តយ៉ាង​ខ្លាំង​ជាមួយ​ចំណាត់ការ​ដោយ​ក្រុម​ប្រទេស​ G-7»។

សេចក្តី​ថ្លែង​ការណ៍​នេះក៏​បាន​ទូន្មាន​ដល់​ក្រុម​ប្រទេស G-7 ឲ្យ«គោរព​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​បណ្តាប្រទេស​ក្នុង​តំបន់ បញ្ឈប់​ពាក្យ​ពេចន៍ និង​សកម្មភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​ទាំង​អស់ និង​ធ្វើវិភាគ​ទានប្រកបដោយ​ការ​ស្ថាបនា​ដល់សន្តិភាព​ និង​ស្ថេរភាពក្នុង​តំបន់»។

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រទេស​ G-7 ដែល​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​សប្តាហ៍​នេះ​បានសម្តែង​ «ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់ការបំភិតបំភ័យ ការ​បង្ខិតបង្ខំ ឬ​សកម្មភាពបង្ករឿង​ជា​ឯកតោភាគី​ ដែល​អាចកែប្រែ​ភាព​នៅ​ដដែល​ និងបង្កើន​ភាពតាន​តឹង​ ហើយ​ស្នើ​សុំ​ដល់​រដ្ឋ​ទាំងអស់​ឲ្យទប់ចិត្ត​កុំ​ធ្វើ​សកម្មភាពនានា​ដូច​ជា​ ការ​ចាក់ដីបង្កើត​ជាកោះ ដោយមានរួមបញ្ចូល​ការបង្កើត​ជា​កោះធំៗ ការ​កសាង​ប៉ុស្តិ៍​ជួរមុខ និង​ការ​ប្រើប្រាស់កន្លែង​ទាំង​នេះក្នុង​គោលដៅ​យោធា»៕

XS
SM
MD
LG