ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​របស់​ចិន​ទៅ​សកម្មជន​សិទ្ធិមនុស្ស​តៃវ៉ាន់​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ខុសគ្នា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ


បាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​រូបថត​របស់​លោក Lee Ming-Che (រូប​ឆ្វេង) និង​សកម្មជន​ផ្សេង​ទៀត​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០១៧។
បាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​រូបថត​របស់​លោក Lee Ming-Che (រូប​ឆ្វេង) និង​សកម្មជន​ផ្សេង​ទៀត​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០១៧។

តុលាការ​មួយ​នៅ​ខេត្ត​ Hunan ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ចន្ទ បាន​បើក​សវនាការ​លើ​ករណី​សកម្មជន​សិទ្ធិមនុស្ស​តៃវ៉ាន់ លោក Lee Ming-che និង​លោក Peng Yuhua ដែល​ជា​ជនជាតិ​ចិន។ អ្នក​ទាំង​ពីរ​បាន​សារភាព​ទទួល​កំហុស​ពី​បទ​ចោទ​លើក​ទឹកចិត្ត​ឲ្យ​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក៏​ប៉ុន្តែ​អ្នក​វិភាគ​នៅ​ក្រៅ​ប្រទេស​ចិន​បាន​ថ្កោលទោស​សវនាការ​នេះ​ថា​ជា​រឿង​កំប្លែង ឬ​គ្រាន់​តែ​ជា​សវនាការ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។ ពួកគេ​និយាយ​ថា សវនាការ​របស់​តុលាការ​ខេត្ត​ Hunan មិន​បាន​គូស​បញ្ជាក់​ពី​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​បង្ហាញ​នូវ​កម្រិត​ខុស​គ្នា​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​រវាង​តៃវ៉ាន់​និង​ចិន​តែ​ប៉ុណ្ណោះ។ ​

អ្នក​វិភាគ​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ចិន​ដោះលែង​លោក Lee ជា​បន្ទាន់ ខណៈ​ដែល​តុលាការ​ចិន​បាន​បញ្ចប់​សវនាការ​រយៈពេល​៤​ម៉ោង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ តាមរយៈ​ការ​ប្រកាស​ថា ខ្លួន​នឹង​ចេញ​សាលក្រម​នៅ​កាល​បរិច្ឆេទ​ក្រោយ​ទៀត។

យោង​តាម​វីដេអូ​ខ្លីៗ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី Weibo ផ្លូវការ​របស់​តុលាការ​នេះ​សម្រាប់​ឲ្យ​សាធារណជន​បើក​មើល រដ្ឋអាជ្ញា​នៅ​ក្នុង​ទីក្រុង Yueyang បាន​ចោទប្រកាន់​លោក Peng និង​លោក Lee ថា​បាន​រៀបចំ​ក្រុម​ពិភាក្សា​លើ​បណ្តាញ​សង្គម​នានា​ដូចជា​បណ្តាញ​សង្គមQQ បណ្តាញ​សង្គម Wechat និង ហ្វេសប៊ុក ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដើម្បី​តស៊ូ​មតិ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​និង​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​កុម្មុយនិស្ត៕

XS
SM
MD
LG