ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​រឹតបន្តឹង​ការ​គ្រប់គ្រង​ហុងកុង​និង​កំណត់​​គោលដៅ​ចំណូល​ជាតិ GDP នៅ​ពេល​​សភា​ចាប់ផ្តើម​ប្រជុំ


ប្រធានប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam និងមន្ត្រីរដ្ឋាភិបាលចិន ស្វាគមន៍លោកប្រធានាធិបតី Xi Jinping ក្នុងកិច្ចប្រជុំសមាជបក្សប្រជាជនជាតិ (NPC) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។
ប្រធានប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam និងមន្ត្រីរដ្ឋាភិបាលចិន ស្វាគមន៍លោកប្រធានាធិបតី Xi Jinping ក្នុងកិច្ចប្រជុំសមាជបក្សប្រជាជនជាតិ (NPC) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាល​ចិននៅពី​ថ្ងៃ​សុក្រ​នេះ​បាន​ចាត់វិធានការ​ដើម្បី​គ្រប់គ្រងប្រព័ន្ធ​បោះឆ្នោត​របស់​ក្រុង​ហុងកុង ដែល​ជា​បរាជ័យថែម​ទៀត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ។ ​ចិន​ថែម​ទាំង​បាន​កំណត់​គោលដៅការ​រីក​លូតលាស់​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ នៅ​ពេល​ដែល​ខ្លួន​បាន​ចាប់​ផ្តើម​សម័យ​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ។

ក្នុង​ថ្ងៃ​សុក្រ ​ដែល​មានផ្សែង​លាយអ័ព្ទ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នេះ លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បាន​សរសើរ​សមិទ្ធិផល​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ចិន​បាន​ជម្នះ​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ ហើយ​បាន​លាតត្រដាង​នូវ​មហិច្ឆិតា​ ដើម្បី​ពង្រឹងសេដ្ឋកិច្ច​ឡើង​វិញ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កខ្វក់ វិនិយោគលើ​គំនិត​ថ្មីៗ​ ហើយ​និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាពប្រជាសាស្ត្រ​កាន់​តែ​យ៉ាប់យឺន​របស់​ប្រទេស។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​ផែនការ ​៥ ឆ្នាំ​បន្ទាប់​របស់​ខ្លួន ដោយ​បាន​សន្យា​បង្កើន​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​លើ​ការ​ស្រាវជ្រាវអភិវឌ្ឍន៍ដល់ជាង​ ៧ ភាគរយ​ រហូត​ដល់​ឆ្នាំ​ ២០២៥។ នេះបញ្ជាក់​ពីការ​តាំង​ចិត្ត​ឱ្យ​សម្រេច​បាន​ភាព​ម្ចាស់ការ ខណៈ​ចិនប៉ះទង្គិច​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត ​អំពី​គោល​នយោបាយ​បច្ចេកវិទ្យា។

ក្នុង​អំឡុង​ពេល​នៃ​សម័យ​ប្រជុំ​សភា​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ស្នើ​ច្បាប់​ដែល​រឹត​បន្តឹងទីក្រុង​ហុងកុង​ ដោយ​ផ្លាស់ប្តូរ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ​ដែល​ជ្រើសរើស​មេដឹកនាំ​ហុងកុង ដែល​នេះ​ផ្តល់​អំណាចដល់​ចិន​ថែម​ទៀ ត​ដើម្បី​តែងតាំង​បេក្ខជន​អង្គ​នីតិ​បញ្ញត្តិ។

ដោយឡែក ក្រោយ​សវនាការ​រយៈ​ពេល ​៤ ​ថ្ងៃ តុលាការ​មួយ​របស់​ហុងកុង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​ឱ្យ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ៤៧​ នាក់ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​វិទ្ធស្សនា​ត្រូវ​នៅ​បន្ត​ជាប់​ឃុំ។

ចៅក្រម​ថា ​ពួក​គេ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ថា ​ពួក​គេ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ទេ។ តុលាការ​កំពូល​ហុងកុង ​នឹង​ពិនិត្យ​បន្ត​លើ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ពួក​គេ៕

XS
SM
MD
LG