រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo មានការខ្វែងគំនិតគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅថ្ងៃចន្ទនេះ បន្ទាប់ពីលោក Pompeo បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីបូព៌ា។
លោកទាំងពីរបានជួបប្រជុំគ្នានៅវិមានសំណាក់រដ្ឋ Diaoyutai។ នៅក្នុងការប្រជុំនេះ លោក Wang Yi បានប្រាប់លោក Pompeo ថា សហរដ្ឋអាមេរិកបាន «បង្កើនវោហារសាស្ត្រលើភាពតានតឹងផ្នែកពាណិជ្ជកម្ម» បន្ទាប់ពីមានការយកពន្ធគយទៅវិញទៅមកលើទំនិញក្នុងទឹកប្រាក់រាប់ពាន់លានដុល្លាររវាងសហរដ្ឋអាមេរិក និងចិនមក។
លោក Wang Yi ក៏បានចោទប្រកាន់ផងដែរលើសហរដ្ឋអាមេរិកថាមាន «វិធានការជាបន្តបន្ទាប់» លើកោះតៃវ៉ាន់ ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិន។
លោក Wang Yi និយាយដូច្នេះថា៖ «ទង្វើទាំងនេះបានប៉ះពាល់ដល់ការទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងពីរ និងបានបង្អាក់ដល់ក្ដីរំពឹងទុកនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ដែលផ្ទុយស្រឡះពីការចង់បានរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។
លោក Wang Yi បានបន្តថា៖ «រដ្ឋាភិបាលចិនស្នើឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពដែលគ្មានការពិចារណាច្បាស់លាស់នេះ»។ លោកបានបន្ថែមថា ប្រទេសទាំងពីរគួរតែបន្តកិច្ចសហប្រតិបត្តិការ «ហើយធ្វើយ៉ាងណាកុំឲ្យធ្លាក់ចូលទៅក្នុងជម្លោះ និងការប្រឈមមុខដាក់គ្នា»។
លោក Pompeo បានតបទៅលោក Wang Yi វិញថា៖ «បញ្ហាដែលលោកបានលើកឡើង គឺថាយើងមានការខ្វែងគំនិតគ្នាជាមូលដ្ឋាន»។
លោក Pompeo បានបន្តថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំងទាក់ទិននឹងទង្វើរបស់ចិន ដែលបានធ្វើកន្លងមក ហើយខ្ញុំរង់ចាំឱកាសដើម្បីពិភាក្សាអំពីទង្វើទាំងនេះនីមួយៗនៅថ្ងៃនេះ ដោយសារតែនេះគឺជាទំនាក់ទំនងដ៏មានសារៈសំខាន់បំផុត»។
លោក Pompeo បានបន្ថែមថា វាពិតជា «សំខាន់ដែលប្រទេសទាំងពីរស្ដាប់គ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយដែលមានប្រយោជន៍ ដើម្បីទទួលបានលទ្ធផលល្អសម្រាប់ប្រទេសយើងទាំងពីរ»៕