ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ផ្អាក​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ជាមួយ​អូស្ត្រាលី


រូបឯកសារ៖ ទង់ជាតិ​អូស្ត្រាលី (ឆ្វេង) និង​ទង់ជាតិ​ចិន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​ការ​តាំង​ពិព័រណ៍​ទំនិញ​មួយ ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិ​អូស្ត្រាលី (ឆ្វេង) និង​ទង់ជាតិ​ចិន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​ការ​តាំង​ពិព័រណ៍​ទំនិញ​មួយ ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្អាក​កិច្ចប្រជុំ​បន្ថែម​ទៀត​ទាក់ទិន​នឹង​ការ​ចរចា​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អូស្ត្រាលី។ នេះ​គឺជា​សញ្ញា​ចុងក្រោយ​នៃ​ទំនាក់ទំនង​កាន់តែ​អាក្រក់​ទៅៗ​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា វិធានការ​ដូច​នេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ដោយសារតែ​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​កិច្ច​សន្ទនា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ចិន​អូស្ត្រាលី​មិន​បាន​ធ្វើ​ឡើង ៤ ឆ្នាំ​មក​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មេដឹកនាំ​ជំនួញ​នានា​របស់​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា ពួកគេ​ជឿ​ថា ការ​ផ្អាក​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​កន្លង​ទៅ​នេះ គឺជា​ការ​ធ្លាក់​ចុះ​ថ្មី​មួយ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេ​ភាគី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា ប្រទេស​អូស្ត្រាលី​បាន​បង្អាក់​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ពេល​កន្លង​មក តាមរយៈ​វិធានការ​មួយ​ចំនួន​ដូចជា ការ​ហាមឃាត់​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​ចិន មិន​ឲ្យ​ដំឡើង​បណ្តាញ​ទូរគមនាគមន៍ 5G ជាដើម។ ជាង​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​នេះ​បាន​ចោទ​រដ្ឋាភិបាល​អូស្ត្រាលី​ថា​មាន «គំនិត​សង្គ្រាម​ត្រជាក់ និង​ការ​រើសអើង​បែប​មនោគមវិជ្ជា»។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​នឹង​បញ្ឈប់​ជា​ផ្លូវការ​នូវ​ទំនាក់ទំនង​រវាង​មន្ត្រី​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ប្រទេស​ទាំង​ពីរ។ កិច្ច​សហប្រតិបត្តិការ​ថា្នក់​រដ្ឋមន្ត្រី​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​ត្រូវ​បាន​ផ្អាក​ផងដែរ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក Dan Tehan បាន​និយាយ​ថា លោក​ខកចិត្ត​ចំពោះ​រឿង​នេះ ប៉ុន្តែ​លោក​នៅតែ​បើក​ចំហ​សម្រាប់​កិច្ច​សន្ទនា និង «ការ​ចូលរួម​ថ្នាក់​រដ្ឋមន្ត្រី»។

លោក Anthony Albanese មេដឹកនាំ​គណបក្ស Labor ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​អូស្ត្រាលី ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នេះ​ផងដែរ។

លោក Anthony Albanese និយាយ​ដូច្នេះ​ថា៖ «នេះ​ជា​រឿង​អកុសល។ យើង​ត្រូវការ​កិច្ច​សន្ទនា​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ កិច្ច​សន្ទនា​នោះ​មិន​អាច​ផ្អែក​តែ​តាម​លក្ខខណ្ឌ​របស់​ភាគី​ចិន​នោះ​ទេ។ វា​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​របស់​ប្រទេស​ទាំង​ពីរ ហើយ​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ»។

កន្លង​មក ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នៅ​ក្នុង​ការ​ហាមឃាត់​ក្រុមហ៊ុន Huawei កាលពី​ឆ្នាំ ២០១៨ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ជម្លោះ​នេះ​បាន​កាន់តែ​តានតឹង​បន្ថែម​ទៀត​កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រភព​នៃ​ជំងឺ​កូវីដ១៩ បញ្ហា​សន្តិសុខ​ជាតិ និង​បញ្ហា​សិទ្ធិ​មនុស្ស។

ក្រោយ​មក ចិន​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ការ​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​របស់​អូស្ត្រាលី ទោះបីជា​ការ​នាំ​ចេញ​រ៉ែ​ដែក​របស់​អូស្ត្រាលី​មិន​រង​ការ​ប៉ះពាល់​ក៏ដោយ។ រ៉ែ​ដែក​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ផលិត​ដែក​ថែប។

កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​លុបចោល​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​រវាង​ចិន​និង​រដ្ឋ Victoria របស់​អូស្ត្រាលី។

ទោះជា​យ៉ាង​នេះ​ក្ដី លោក Tim Harcourt សេដ្ឋវិទូ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ស៊ីដនី (University of Technology Sydney) ថា លោក​ជឿ​ថា ទំនាក់ទំនង​នឹង​ប្រសើរ​ឡើង​វិញ​ជា​មិន​ខាន។

លោក Tim Harcourt បញ្ជាក់​ដូច្នេះ​ថា៖ «អូស្ត្រាលី​ត្រូវការ​ចិន ហើយ​ចិន​ត្រូវការ​អូស្ត្រាលី។ ចិន​មាន​ការ​ពឹងផ្អែក​ខ្លាំង​លើ​សន្តិសុខ​ថាមពល ដូច​ដែល​យើង​បាន​លើក​ឡើង​ពី​រឿង​រ៉ែ​ដែក​ដូច្នេះ​ដែរ ជា​ពិសេស​ជាមួយ​នឹង​ប្រទេស​ប្រេស៊ីល។ នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ប្រេស៊ីល​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​រឿង​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នោះ​ទេ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩ បញ្ហា​សន្តិសុខ​ស្បៀងអាហារ និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ប្រទេស​ចិន​និង​អូស្ត្រាលី​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ចង់​ឃើញ​ទំនាក់ទំនង​នេះ​បាន​នឹងនរ​ឡើង​វិញ​ដូច​កាលពី​មុន។ [វា] មិន​មែន​ជា​ទំនាក់ទំនង​ល្អ​ឥតខ្ចោះ​នោះ​ទេ ហើយ​មាន​ប្រព័ន្ធ​ខុស​គ្នា​ខ្លាំង គុណតម្លៃ​ខុស​គ្នា​ខ្លាំង ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​អាច​ដំណើរការ​ទៅ​បាន។ ខ្ញុំ​គិត​ថា វា​ជា​តុល្យភាព​មួយ​ដែល​យើង​ចង់​បាន»។

ភាព​តានតឹង​រវាង​អូស្ត្រាលី​និង​ចិន​កើតឡើង នៅ​ពេល​ដែល​ក្រុម​ប្រទេស G-7 បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរព​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន។

ចិន​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ភាគតិច​នៅ​ក្នុង​ខេត្ត Xinjiang គំរាមកំហែង​ដោយ​អាវុធ​លើ​កោះ​តៃវ៉ាន់ និង​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច៕

XS
SM
MD
LG