ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​អញ្ជើញ​ក្រុម​មេដឹកនាំ​ពិភពលោក​ចូល​រួម​វេទិកា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​គាំពារ​ទំនិញ​ក្នុង​ស្រុក


នេះ​ជា​ទិដ្ឋភាព​នៃ​កំពង់ផែ​ទឹក​ជ្រៅ Yangshan ក្នុង​ក្រុង Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​ចិន​បាន​កោះ​ប្រជុំ​តំណាង​ប្រទេស​ចំនួន​៥៦ ដើម្បី​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ​ដើម្បី​ទប់​ទល់​នឹង​​សហរដ្ឋ​អាមេរិក។ ​នៅ​ខែ​ឧសភា​ខាង​មុខ ​ប្រធានា​ធិបតី​ចិន​​ ស៊ី ជីងពីង ​នឹង​អញ្ជើញ​ប្រមុខរដ្ឋ​របស់​ប្រទេស​ជា​ច្រើ​ននៅ​ក្នុង​ទ្វីប​អាស៊ី ​អឺរ៉ុប ​និង​ទ្វីប​អាមេរិក​ឲ្យ​ចូល​រួម​ក្នុង​ជំនួប​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ក្រោម​ឈ្មោះ​ថា វេទិកា​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ឬ​ One Belt, One Road (OBOR)។​

ក្រុម​មន្រ្តី​ និង​អ្នក​ជំនាញ​ចិន​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលបំណង​នៃ​ជំនួប​ក្នុង​ខែ​ឧសភា​នឹង​ពិភាក្សា​គ្នា​លើស​ពី​វេទិកា​ខ្សែ​ក្រវ៉ា់ត់​មួយ ផ្លូវ​មួយ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​វេទិកា​នោះ​ពិភាក្សា​ការ​កើន​ឡើង​នូវ​ការ​គាំពារ​ទំនិញ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ចិន​ក៏​កំពុង​ព្យាយាម​បង្កើន​ និង​ពង្រឹង​មតិ​អន្តរជាតិ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ដែល​ត្រូវ​គេ​រំពឹងថា ​នឹង​ដាក់​ការ​រឹតត្បិត​ទៅ​លើ​ទំនិញ​ និង​ការ​វិនិយោគទុនចិន ​នេះ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​វិភាគ​ឯករាជ្យ។

លោករដ្ឋ​មន្រ្តី​ការបរទេស​ចិន Wang Yi បាន​និយាយ​ថា «វេទិកា​នា​ពេល​ខាង​មុខ ​នឹង ក្លាយ​ជា​ព្រឹត្តិការណ៍ដ៏​សំខាន់​សម្រាប់​វិស័យ​ការ​ទូតរបស់​ចិន​នៅ​ឆ្នាំ​២០១៧​នេះ។វេទិកា​នេះ​ក៏​មាន​គម្រោង​ពិភាក្សា​ផែនការ​កិច្ច​សហ​ប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស និង​អង្គការពាក់​ព័ន្ធ​នៅ​ថ្ងៃ​អនាគត ​ដើម្បី​ស្វែង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ​និង​សាកលលោក ​ហើយ​និង​បង្កើត​ថាម​ពល​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ដែល​ជាប់​ការ​ទាក់​ទងគ្នា‍»។

កុ្រម​អ្នក​វិភាគ​និយាយ​ថា ​ចិន​បាន​យល់ថា ខ្លួន​មាន​ឱកាស​ដើម្បី​ចាប់​យក​តួនាទី​ជា​មេដឹកនាំ​ បន្ទាប់​ពី​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​ត្រាំ​ ហើយ​និង​ចំណាត់​ការដែល​បាន​បណ្តាល​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ទីផ្សារ​អឺរ៉ុប ​ហើយ​និង​ការ​សម្តែង​នូវ​ក្តី​មិន​ពេញ​ចិត្ត​ដែល​បាន​កើត​ចេញ​មក​ពី​ប្រទេស​ខ្លះ​ដូច​ជា​ប្រទេស​អូស្រ្តាលី ​បន្ទាប់​ពី​ការ​សន្ទនា​របស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​កុ្រម​មេដឹកនាំ​ទាំង​នោះ។

​ពួកគេ​និយាយ​ថា ​វេទិកា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹងប្រែង​របស់​ចិន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ចំណង​ទាក់ទង​ខាង​នយោបាយ​ព្រោះការ​ភ័យ​ខ្លាច​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​អាច​កើត​មាន​ឡើង​ ប្រសិនបើ​ ប្រធានា​ធិបតី​ត្រាំ ​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​លោក​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដើម្បី​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ទំនិញ​របស់​ចិនហើយ​និង​រឹតត្បិត​ការ​វិនិយោគទុន​មក​ពី​ប្រទេស​ចិន។

លោក Jan Gaspers នាយក​ស្រាវជ្រាវ​សម្រាប់​អង្គភាព​គោល​នយោបាយ​អឺរ៉ុប​ចិន​នៅឯ​វិទ្យាស្ថាន Mercator ក្នុង​ទីក្រុង​បែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​សិក្សា​អំពី​ចិន បាន​ប្រាប់ VOA​ ថា «សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ នឹង​ក្លាយ​ជា​ការ​អាក្រក់​មួយ​សម្រាប់​សេដ្ឋកិច្ច​ចិន។ ការ​ភ័យ​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កើតឡើង​ពី​ក្រោយ​មាន​ចំណាត់​ការ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ និង​ស្វះស្វែង​រក​ផល​ប្រយោជន៍រវាង​គ្នាជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្រៅ​ពី​សហរដ្ឋ​អាមេរិក‍»។

លោក Vladimir Putin ​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី ​ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹក​នាំ​មុន​ដំបូង​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​វេទិកា​នេះ។​ ការិយាល័យរបស់​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ Theresa May ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោកស្រី​នាយករដ្ឋ​មន្រ្តី ​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែល​ត្រូ​វគេ​បកស្រាយនៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ជា​ការ​បញ្ជាក់​ថា​លោកស្រី​នាយករដ្ឋ​មន្រ្តី​នឹង​ចូល​រួម​វេទិកា​នេះ​ដែរ។ ប្រធានាធិបតី Rodrigo Duterte នៃ​ប្រ​ទេស​ហ្វីលីពីនជា​មិត្តភក្តិ​ថ្មី​របស់​ចិន​ដែល​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន ​ក៏​បាន​សន្យា​ចូល​រួម​វេទិកា​នេះ​ដែរ។​ ចិន​រំពឹង​ថា ​ប្រមុខ​រដ្ឋ​របស់​រដ្ឋាភិបាល​ជាង​២០​ប្រទេស​នឹង​ចូលរួម។

​ក្រុម​អាជ្ញាធរ​ចិន​ចង់​ប្រែ​ក្លាយ​កម្មវិធី​ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ​ឲ្យក្លាយ​ទៅ​ជា​ឧបករណ៍​ខាង​ការ​ទូត។ បណ្តាញ​ព័ត៌មាន​ផ្លូវ​ការ​បាន​ដក​ស្រង់សម្តី​លោក Chu Yin ​សាស្រ្តាចារ្យ​រង​នៅ​ឯ​សាកលវិទ្យាល័យ​ទំនាក់​ទំ​នង​អន្តរជាតិ​មក​ចុះ​ផ្សាយ​ថា «អនាគត​នៃ​សកលភាវូបនីយកម្ម និង​សេដ្ឋកិច្ច​សកលលោក ​មាន​ភាព​មិន​ប្រាកដប្រជា​ខ្លាំង​ណាស់។ វេទិកា​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ​នឹង​ពង្រឹង​ទំនុក​ចិត្ត​សេដ្ឋកិច្ច​សកលលោក‍»។

លោក Bai Gao ​ជា​សាស្រ្តាចារ្យ​ខាង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Duke ​មាន​ទស្សនៈ​ផ្សេង​ពី​លោក Chu Yin។ លោក​និយាយ​ថា «ខ្ញុំ​យល់​ឃើញ​ថា​ វេទិកា​នេះ មាន​គោលដៅ​បង្កើន​សំឡេង​ប្រឆាំង​នឹង​សកម្មភាព​របស់​ប្រធានា​ធិបតី​ត្រាំ​ទេ។​ ខ្ញុំ​យល់​ថា គោល​បំណង​នៃ​វេទិកា​នេះ​គឺ​ ស្ថាបនាការ​មូល​មតិ​ខាង​ពាណិជ្ជកម្ម​សេរី​ និង​បង្កើន​សំឡេង​ដើម្បី​តវ៉ា​ប្រឆាំង​ការ​គាំពារ​ទំនិញ​ក្នុង​ប្រទេស‍»។

ក្រសួង​ពាណិជ្ជកម្ម​ចិនប្រាប់​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​ទុន​២៤​ពាន់​១រយ​៩០​លាន​ដុល្លារ​ក្នុង​តំបន់​កិច្ច​សហប្របត្តិការ​សេដ្ឋ​កិច្ច​ចំនួន៧៧​ដែល​ជា​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​ចំនួន៣៦។ តំបន់​ទាំង​នោះ​មាន​ក្រុមហ៊ុន​បរទេស​១ពាន់​៥រយ​២២​ហើយ​បាន​ដើរ​តួនាទី​វិជ្ជមាន «នៅ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​និង​សេដ្ឋ​កិច្ច​ទ្វេភាគី‍»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​វិនិយោគ​ខាង​ឧស្សាហកម្ម ​ជា​ឧបករណ៍​គោល​នយោបាយ​បរទេស​សម្រាប់​ប្រទេសចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើម​មូលនិធិ​១០ពាន់​លាន​ដុល្លារសម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន​នៅ​ឆ្នាំ​២០១៥ ​ហើយ​បន្ទាប់​មក​កាល​ពី​ឆ្នាំ​ចិន​បាន​ដាក់​ប្រាក់​ចំនួន​១១​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​អឺរ៉ុប។​ ការ​ប្រកាស​បែប​នេះ​ច្រើន​ទៀត​អាច​ត្រូវ​គេ​រំពឹង​នៅ​ឯ​វេទិកា​នោះ។លោក Scott Kennedy នាយកគម្រោង​ស្តី​ពី​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​នយោបាយ​ចិន​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត ​និង​អន្តរជាតិ​មាន​ទីតាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​និយាយ​ថា «វេទិកា​នេះ​នឹង​មាន​អត្ថន័យ​ដ៏​ពិត​ប្រាកដ ប្រសិន​បើ​វេទិកា​នេះ​មាន​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យសេដ្ឋកិច្ច​របស់​ចិន​មាន​លក្ខណៈ​សេរី​ពេញលេញ​ ជា​ជាង​ការ​សន្យា​របស់​ចិន​ដើម្បី​ផ្តល់​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ ហើយ​ប្រាក់​ទាំង​នោះ​ភាគ​ច្រើន​នឹង​ធ្លាក់​ទៅ​សហគ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ‍​របស់​ចិន»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ប្រទេស​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​មាន​ការ​ខ្វល់​ខ្វាយ​អំពី​ចិន​ដែល​កំពុង​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​ក្រុម​ហ៊ុន​ចិន ដោយ​មិន​ធ្វើ​ទៅ​តាម​ការ​ថ្លែង​របស់​ខ្លួន​អំពី​សកលភាវូនីយកម្ម​ និង​ពាណិជ្ជកម្ម​សេរី​នោះ។ លោកGasper បាន​និយាយ​បន្ត​ទៀត​ថា «ខ្ញុំ​មើល​មិន​ឃើញ​តំបន់​អឺរ៉ុប​ស្ថិត​ក្នុង​ស្ថានភាព​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចិន​ដឹក​នាំ​សេដ្ឋកិច្ច​សាកលលោក​ ដោយ​មិន​អនុវត្តជា​មុន​នូវ​បទដ្ឋាន​ តាម​អន្តរជាតិ​ស្តី​ពី​ពាណិជ្ជកម្ម ​បរិស្ថាន ​ហើយ​និង​បញ្ហា​ផ្សេង​ទៀត​ដ៏​ត្រឹមត្រូវ​នោះ​ទេ។ចិន​មិន​បាន​ខ្នះខ្នែង​ទាល់​តែ​សោះ​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បទដ្ឋាន​អន្តរជាតិ។ ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប ​កំពុង​ព្យាយាម​ស្វែង​រក​វិធី​ថា​តើ​ពួកគេ​អាច​ធ្វើ​ការ​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ចិនយ៉ាង​ដូចម្តេច​ដោយមិន​បោះបង់​ បទដ្ឋាន​អន្តរជាតិរបស់​ខ្លួន»។

អ្នក​វិភាគ​ខ្លះ​និយាយ​ថាចិន​ កំពុង​ត្អូញ​ត្អែរ​ខ្លាំង​ពេក​ដោយ​មិន​យក​ចិត្ត​ទុកដាក់​ពី​ឥរិយាបថរបស់​ខ្លួន​ផ្ទាល់​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទុន។

លោក Kennedy ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ និង​អន្តរជាតិ CSIS ​បាន​និយាយ​បន្ថែម​ទៀត​ថា ​«ការ​ទាក់ទង​នឹង​ការ​ខ្វែង​គំនិត​គ្នា​គ្រប់​យ៉ាង​ខាង​ពាក្យ​សម្តី​រវាង​ប្រធានា​ធិបតី​ចិន​ស៊ី ជីងពីង​ និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់​ ត្រាំ ចិនមាន​ឧបសគ្គច្រើន​ជាង​សហរដ្ឋ​អាមេរិក​សម្រាប់​ទំនិញ សេវាកម្ម​ និង​ការ​វិនិយោគ​ទុន​បរទេស»៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG