ពួកអ្នកវិភាគមានកង្វល់ខ្លាំងជាងមុនថាការធ្វើវិសោធនកម្មច្បាប់សុវត្ថិភាពនាវាចរណ៍ក្នុងសមុទ្រនៃប្រទេសចិននឹងជួយរដ្ឋាភិបាលក្រុងប៉េកាំងឱ្យពង្រឹងការត្រួតត្រាលើសមុទ្រអាស៊ីដោយធ្វើឱ្យការស្ទាក់កប៉ាល់បរទេសជាការត្រឹមត្រូវនិងអនុញ្ញាតឱ្យទាមទារបង់ប្រាក់ពិន័យពីពួកប្រតិបត្តិករនៃនាវាទាំងនោះផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋនៃប្រទេសចិនបានរាយការណ៍ថា កាលពីថ្ងៃទី២៩ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិរបស់ប្រជាជនចិនបានបោះឆ្នោតធ្វើវិសោធនកម្មច្បាប់សុវត្ថិភាពនាវាចរណ៍ក្នុងសមុទ្រនេះ។
ច្បាប់ត្រូវកែប្រែនេះ ដូចដែលមានចុះផ្សាយតាមមាត្រានីមួយៗក្នុងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua និយាយថានាវាបរទេសទាំងឡាយណាដែលបើកកាត់ដែនសមុទ្រនៅក្រោមយុត្តាធិការនៃប្រទេសចិនគួរមានការអនុញ្ញាតជាមុនសិន។ ច្បាប់នេះនិយាយថាក្រុមប្រឹក្សារដ្ឋនៃប្រទេសចិននិងក្រសួងនានារបស់រដ្ឋាភិបាលអាចចាត់«វិធានការចាំបាច់»ដើម្បីបញ្ឈប់ការឆ្លងកាត់នៃកប៉ាល់បរទេសទាំងនេះក្នុង«ដែនទឹក»។ ច្បាប់នេះនិយាយយោងដល់សុវត្ថិភាពនាវាចរណ៍និងការការពារបរិស្ថានជាហេតុផល។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានបន្ថែមថាតាមរយៈច្បាប់នេះពួកនាវិកត្រូវបំពេញចំណែករបស់ពួកគេក្នុងការការពារបរិស្ថានសមុទ្រហើយមេបញ្ជាការនាវាទាំងនោះនឹងទទួលខុសត្រូវដល់ការឆ្លើយតបគ្រាមានអាសន្នដល់ជនទាំងឡាយក្នុងកប៉ាល់ដែលជាប់សង្ស័យថាមានជំងឺឆ្លង។
ពួកអ្នករំលោភលើច្បាប់នេះអាចត្រូវបង់ពិន័យប្រមាណ៤៧.០០០ដុល្លារ។
ពួកអ្នកជំនាញនិយាយថាពួកមន្ត្រីចិនប្រហែលចង់ប្រើច្បាប់នេះដើម្បីធ្វើឱ្យនាវាបរទេសចាកចេញពីសមុទ្រចិនខាងត្បូងមានជម្លោះឬមិនលើកទឹកចិត្តកប៉ាល់ទាំងនោះឱ្យបើកមកជិតដែនទឹកនោះ។ ប្រទេសចិនបានប្រើស្រេចហើយនូវកងឆ្មាំឆ្នេរសមុទ្រ កងនាវានេសាទ និងសកម្មភាពកសាងកោះដើម្បីពង្រឹងការទាមទាររបស់ខ្លួនលើ៩០%នៃសមុទ្រចិនខាងត្បូង។
លោក Carl Thayer ជាសាស្ត្រាចារ្យចូលនិវត្តន៍ពីសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា៖ «ខ្ញុំឃើញការណ៍នេះថាជាផ្នែកមួយនៃគោលនយោបាយចិនក្នុងការអះអាងអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រចិនខាងត្បូង ដាក់សម្ពាធលើពួករដ្ឋដែលទាមទារផ្នែកនៃសមុទ្រនេះនិងធ្វើឱ្យមានការខ្វែងគំនិតជាមួយស.រ.អា.»។
ប្រទេស ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់និងប្រទេសវៀតណាមបានទាមទារផ្នែកទាំងអស់ឬផ្នែកខ្លះនៃដែនសមុទ្រ៣,៥លានគ.ម.ក្រឡាដែលលាតសន្ធឹងពីក្រុងហុងកុងរហូតដល់កោះ Borneo។ ផ្លូវទឹកនេះសំបូរត្រីនិងប្រេងឥន្ធនៈផូស៊ីល ក្រោមសមុទ្រ។
កាលពីឆ្នាំទៅមិញ កងនាវាចម្បាំងស.រ.អា បានបើកក្នុងសមុទ្រនេះ១០ដងដើម្បីបង្ហាញការយល់ឃើញរបស់រដ្ឋាភិបាលក្រុង Washingtonថាសមុទ្រនេះបើកចំហជាអន្តរជាតិ ហើយបាននាំឱ្យចិនខឹងរាល់ដង។ ស.រ.អាមិនបានទាមទារដែនសមុទ្រនេះទេ តែពួកអ្នកវិភាគនិយាយថាពួករដ្ឋក្នុងអាស៊ីអាគ្នេយ៍និងតៃវ៉ាន់រកការគាំទ្រពីរដ្ឋាភិបាលក្រុង Washington នៅពេលប្រទេសចិនដែលជាប្រទេសមហាអំណាចប្រជែងនឹងខ្លួនកំពុងពង្រីកកងទ័ពជើងទឹក។
លោក Alexander Vuving ជាសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខក្នុងរដ្ឋហាវ៉ៃ។ លោកបាននិយាយថាពួកមេដឹកនាំចិនយល់ឃើញថាច្បាប់ត្រូវកែប្រែនេះជាយុទ្ធសាស្ត្រ«កាត់សាច់ក្រក salami ជាបន្ទះៗ»ដើម្បីអះអាងការទាមទារក្នុងសមុទ្រចិនខាងត្បូង។ លោកបានទស្សន៍ទាយថាពួកមេដឹកនាំចិននឹងប្រើច្បាប់នេះ«ដោយរើសមុខ»ហើយ«ក្នុងករណីខ្លះ»ប្រឆាំងនឹងកងនាវាអាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើច្បាប់ក្នុងប្រទេសច្រើនជាងមុនដើម្បីបង្កើនផលប្រយោជន៍ខ្លួនក្នុងលំហសមុទ្រ។ ជាឧទាហរណ៍ រដ្ឋាភិបាលនេះបានហាមប្រាមការនេសាទត្រីក្នុងផ្នែកខាងជើងនៃសមុទ្រមានជម្លោះនេះនៅពាក់កណ្តាលឆ្នាំដើម្បីការពារត្រីហើយកាលពីខែមករាបានយល់ព្រមឱ្យមានច្បាប់មួយស្តីពីកងឆ្មាំឆ្នេរសមុទ្រដែលអនុញ្ញាតឱ្យបាញ់លើកប៉ាល់បរទេសថែមទៀតផង។ លោក Thayer បានថ្លែងថាកាលពីពេលមុនៗអាជ្ញាធរចិនបានឡើងលើនាវាបរទេសដែរ។
លោក Vuving បានថ្លែងថា៖
«ប្រទេសចិននឹងប្រើច្បាប់ក្នុងប្រទេសសម្រាប់ពង្រឹងយុត្តាធិការខ្លួនក្នុងសមុទ្រចិនខាងត្បូង»។
ប្រទេសចិនដែលនិយាយយោងដល់ឯកសារប្រវត្តិសាស្ត្រជាមូលដ្ឋាននៃការទាមទាររបស់ខ្លួន បានចាក់ដីបំពេញកោះតូចៗសម្រាប់ប្រើប្រាស់ខាងយោធាសម្រាប់បង្កើនការទាមទាររបស់ខ្លួនថែមទៀត។ កងនាវានេសាទមកពីប្រទេសវៀតណាមនិងហ្វីលីពីននេសាទត្រីក្នុងផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូង។ ប្រទេសព្រុយណេ និងប្រទេសវៀតណាមបានបូមយកប្រេងនិងឧស្ម័នធម្មជាតិពីបាតសមុទ្រនេះដែរ។
លោក Andrew Yang ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាចិនសម្រាប់ការសិក្សាគោលនយោបាយជឿនលឿន។ លោកបាននិយាយថាការសើរើច្បាប់សន្តិសុខសមុទ្រនេះនឹងបន្ថែមការគាំទ្រដល់ការទាមទាររបស់ចិនក្នុងសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតដែលនៅទីនោះរដ្ឋាភិបាលចិនមានជម្លោះទាមទារប្រជុំកោះតូចៗមួយជាមួយប្រទេសជប៉ុននិងតៃវ៉ាន់។
លោក Andrew Yang បានពោលដែរថាការខិតខំប្រឹងប្រែងទាំងឡាយណា
«ដើម្បីគាំទ្រភាពត្រឹមត្រូវតាមច្បាប់»ដោយបញ្ឈប់នាវាចុះឈ្មោះក្នុងប្រទេសក្រៅនឹងបង្កើនការបែកបាក់ជាមួយប្រទេសនានាដែលទាមទារដែរ។ លោកបាននិយាយថា៖
«ខ្ញុំមិនយល់ថាពួកចិននឹងបញ្ឈប់នាវាបរទេសដោយចេតនាទេ តែពួកគេនឹងគិតគូរអំពីការប្រថុយប្រថាននិងផលប្រយោជន៍ដើម្បីចាត់វិធានការជាចាំបាច់»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ