ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ស្វះស្វែង​​បង្កើត​ទំនាក់​ទំនង​កាន់តែ​ខ្លាំង​ជាមួយ​​ស៊ូដង់​ ខណៈ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​ក្នុង​តំបន់​និង​អន្តរជាតិ


រូបឯកសារ៖ វិស្វករជនជាតិចិនម្នាក់កំពុងធ្វើការនៅការដ្ឋានសំណង់អគារខ្ពស់ស្កឹមស្កៃមួយខ្នង នៅរដ្ឋធានីខាទុំ ក្នុងប្រទេសស៊ូដង់ កាលពីឆ្នាំ ២០០៩។
រូបឯកសារ៖ វិស្វករជនជាតិចិនម្នាក់កំពុងធ្វើការនៅការដ្ឋានសំណង់អគារខ្ពស់ស្កឹមស្កៃមួយខ្នង នៅរដ្ឋធានីខាទុំ ក្នុងប្រទេសស៊ូដង់ កាលពីឆ្នាំ ២០០៩។

ប្រទេស​ចិន​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍទីតាំង​ប្រេង​ជា​ច្រើន​កន្លែងរបស់​ប្រទេស​ស៊ូដង់​ នៅ​មុន​ពេល​ប្រទេស​នេះ​បាន​បែង​ចែក​ជា​ពីរទៅ​ជា​ប្រទេស​ស៊ូដង់​ខាង​ជើង​ និង​ស៊ូដង់​ខាង​ត្បូង​ក្នុង​ឆ្នាំ​ ២០១០​ ដោយ​បានបោះ​ទុនវិនិយោគ​ជិត​ ៣​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​ប្រភព​មួយ​ចំនួន។​

ក្រុម​កម្មករ​ចិន​បាន​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធសម្រាប់គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ជា​ច្រើន​ មុន​ពេល​ប្រគល់​វា​ទៅ​ឲ្យប្រទេស​ស៊ូដង់​ខាង​ត្បូង​ ដែល​ទើប​បាន​ទទួល​ឯករាជ្យ​ថ្មីៗ​នៅ​ពេល​នោះ។

បំពង់​បង្ហូរប្រេង​មួយ​នៅបន្ត​បង្ហូរ​ប្រេងនៅ​ភាគ​ខាង​ជើង​ស៊ូដង់​ ដែលជា​កន្លែង​ចុងក្រោយ​ដែល​ប្រេង​ត្រូវ​នាំចេញ​ពី​កំពង់​ផែ​ Port Sudan។

រូបឯកសារ៖ បំពុលបង្ហូរប្រេងគរលើគ្នា នៅការដ្ឋានបូមប្រែងមួយ នៅប្រទេសស៊ូដង់ខាងត្បូង កាលពីឆ្នាំ ២០១០។
រូបឯកសារ៖ បំពុលបង្ហូរប្រេងគរលើគ្នា នៅការដ្ឋានបូមប្រែងមួយ នៅប្រទេសស៊ូដង់ខាងត្បូង កាលពីឆ្នាំ ២០១០។

ចិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ប្រទេស​ស៊ូដង់​តាំង​ពី​ឆ្នាំ​ ១៩៥៩ មក​ម្ល៉េះ​ ​នៅពេលរដ្ឋាភិបាល​ក្រុង​ខាទុំ​បានស្ថិត​ក្នុង​ចំណោម​បណ្តា​រដ្ឋអារ៉ាប់​ដំបូង​គេ​ ដែល​ទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ជំនួយផ្នែក​ពេទ្យ​និង​គម្រោង​សំណង់​ផ្សេងៗ​ដូច​ជាសាលប្រជុំ​ប្រជាជនដ៏​ធំ​ក្នុង​រដ្ឋធានី​ខាទុំ​ជាដើម​ ​គឺ​ជា​សមិទ្ធផល​នៃ​ប្រតិបត្តិការដំបូងៗ​រវាង​ប្រទេស​ទាំង​ពីរ។​

អ្នក​វិភាគ​បញ្ហា​មជ្ឈិម​បូព៌ា​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ Theodore Karasik​ បាន​ប្រាប់វីអូអេថា ផលប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងលើ​ប្រទេស​ស៊ូដង់​ មាន​ការ​រីក​កាន់​តែ​ខ្លាំង​ឡើង នៅ​ក្នុង​អំឡុង​ពេល​នៃការ​គ្រប់គ្រង់របស់​អតីត​មេដឹនាំ​ប្រទេស​នេះ​ គឺ​លោក​ Omar al-Bashir ។​

លោក​ថ្លែង​ដូច​នេះ​ថា៖ «ផលប្រយោជន៍​របស់​ចិននៅក្នុង​ប្រទេស​ស៊ូដង់​ ​មាន​សារៈសំខាន់​និង​យូរមក​ហើយ​លើ​វិស័យ​ថាមពល​និង​កិច្ចសន្យាលើ​គម្រោង​ផ្សេងៗ​ក្នុង​ពេល​កន្លង​ទៅ​ ជាពិសេសនៅ​ក្នុង​វិស័យ​រុករក​រ៉ែ​និង​កសិកម្ម។ រដ្ឋាភិបាល​ក្រុងប៉េកាំង​ ក៏​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​ផង​ដែរ​ជាមួយនឹង​របប​ដឹកនាំ​របស់​លោកBashir ​ដែលបានធ្វើ​កិច្ចសន្យាមួយ​ចំនួន​ជា​មួយ​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខា​ការពារ​ជាតិ​របស់​ចិន។ ផល​ប្រយោជន៍ជា​ច្រើន​របស់​ចិន​ ​ក៏​ហាក់​ដូច​ជាត្រួតគ្នាជាមួយ​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុងក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​របស់​ស៊ូដង់​ផង​ដែរ»។​

អ្នក​វិភាគ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ប្រទេស​ចិន​បាន​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​មួយ​ នៅក្នុង​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ដោយ​លោកធ្វើ​ការ​កត់សម្គាល់​ថា ចិន​បាន​បោះទុន​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ដូច​ជាការ​សាងសង់​ប្រព័ន្ធផ្លូវរថភ្លើង​ជាតិ​មួយ​ នៅ​ក្នុង​បណ្តាប្រទេស​អាហ្វ្រិក​ភាគខាងកើត​មួយ​ចំនួន។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Hu Jintao ចាប់ដៃជាមួយប្រធានាធិបតីស៊ូដង់លោក Omar al-Bashir ក្នុងអំឡុងពិធីចុះហត្ថលេខាមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១១។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Hu Jintao ចាប់ដៃជាមួយប្រធានាធិបតីស៊ូដង់លោក Omar al-Bashir ក្នុងអំឡុងពិធីចុះហត្ថលេខាមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១១។

​លោក​ក៏​បាន​បញ្ជាក់ដែរ​ថា​ ប្រទេស​ចិន​ក៏​បាន«ពាក់ព័ន្ធ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុងតំបន់​នៃ​រដ្ឋ​អាហ្វ្រិក​មួយ​ចំនួន​ ហើយ​ក៏​មាន​ផែន​ការ​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូនចេញ​ពី​កំពង់​ផែ​ស៊ូដង់​ នៅក្រោយ​ពេលសង្គ្រាម​ស៊ូដង់បញ្ចប់។ ​

​ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ីនៅ​ក្នុង​ប្រទេស​ស៊ូដង់​ ក៏​អាច​មានបញ្ហាផង​ដែរ​ ដោយ​សារ​តែ​ប្រទេស​ទាំង​ពីរ​នេះហាក់​ដូច​ជា​មាន​ផលប្រយោជន៍​និង​យុទ្ធសាស្ត្រ​ខុស​គ្នា​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ។

លោក​ Karasik ​និយាយ​ថា៖ «​សំណួរពិត​ប្រាកដ​នៅ​ត្រង់​ថា​ តើ​រុស្ស៊ី​នឹង​សហការ​បែប​ណា​ជាមួយ​ចិន​នៅក្នុង​ប្រទេស​ស៊ូដង់​ ពី​ព្រោះ​ប្រទេស​ទាំង​ពីរនេះ​ហាក់​មានសកម្មភាព​ខុស​គ្នា​នៅ​ក្នុងទ្វីប​អាហ្វ្រិក ឬពេល​ខ្លះ​ក៏​ស្រប​គ្នា​ដែរ លើ​យុទ្ធសាស្ត្រសេដ្ឋកិច្ច ដែល​ទាញ​ចំណេញ​ពី​ធនធាន​ធម្មជាតិ​នោះ»។ ​

លោក​បាន​បន្ថែមក្នុង​សម្តី​ដើម​ដូច​នេះ​ទៀត​ថា៖ «ស៊ូដង់​ដែល​ស្ថិតក្នុង​យុទ្ធសាស្ត្រ​តំបន់​ដ៏​ធំ​មួយ​របស់ចិន​នោះ គឺ​ជា​ផ្នែក​មួយនៃការប្រើប្រាស់​ដែនសមុទ្រ​ដែល​បានក្លាយ​ជា​បញ្ហា​ដ៏​សំខាន់ក្នុង​ការដឹកជញ្ជូន​ជា​សាកល។​ វា​មិន​មែន​ជា​រឿងដោយ​ចៃដន្យ​នោះ​ទេ​ ដែល​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនងរវាង​ប្រទេស​ចិននិង​ស៊ូដង់កើត​ឡើង ក្នុង​ពេលដែលស៊ូដង់​កំពុង​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​នេះ។​ ​វា​ច្បាស់​ណាស់​ថា​ ចិន​កំពុង​ប្រើប្រាស់​ដៃគូ​ដទៃ​ផ្សេង​ៗទៀត​ ​ជុំវិញ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ស៊ូដង់​»។

​អ្នកវិភាគ​នយោបាយ​សង្គមជនជាតិ​អេហ្ស៊ីប ​លោក ​Said Sadek ​បាន​ថ្លែង​ប្រាប់​វីអូអេថា​ ផល​ប្រយោជន៍​របស់​ចិននៅ​ក្នុង​ប្រទេស​ស៊ូដង់​ គឺ​ពាក់ព័ន្ធ​គ្នាទៅ​នឹង​ភូមិសាស្ត្រ​តំបន់ ក៏​ដូច​ជាសារៈសំខាន់​ខាង​យុទ្ធសាស្ត្រដែល​កំពុង​កើន​ឡើង​ផង​ដែរ​នៃ​តំបន់​សមុទ្រ​ក្រហម​ ទៅ​លើ​ពាណិជ្ជកម្ម​ពិភពលោក។​

លោក​ថ្លែង​ក្នុង​សម្តី​ដើមថា៖ «ជា​ការ​ពិត​ណាស់​ ហេតុផល​ដទៃ​ទៀតនោះ​ គឺ​កម្មវិធី​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្មរបស់​ចិន​ ​ពី​ព្រោះ​ចិន​ចង់​ស្ថិត​នៅ​ក្នុង​សមុទ្រ​ក្រហម​ ​និង​ជាមូលដ្ឋាន​ក្រៅ​ប្រទេស​តែ​មួយ​គត់នៅ​ក្នុង​ប្រទេស​ជីប៊ូទី ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីកឥទ្ធិពល​របស់​គេនៅទ្វីបអាហ្វ្រិក ដែល​ក្នុងនោះក៏​រួម​មានប្រទេស​អេហ្ស៊ីប​ ស៊ូដង់​ អេត្យូពី​ និង​ប្រទេស​អេរីទ្រា​ជាដើម​ផង​ដែរ​ ខណៈពេល​ដែលប្រទេស​ចិន​មើល​ឃើញ​ថា​ សមុទ្រក្រហម​ នឹង​ក្លាយ​ទៅ​ជាទី​កន្លែង​ដ៏​សំខាន់​ខ្លាំង​ដល់​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ ដូច​ជា​ប្រេង​ ឧស្ម័ន​ និង​វិស័យ​ទេសចរណ៍»។ ​

លោក​ Sadek បញ្ជាក់​ទៀត​ថា​៖ «ប្រទេស​អារ៉ាប៊ី សាអូឌីត​ កំពុង​សាងសង់​គម្រោង​ NEOM ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ ១លានលាន​ដុល្លារ​ ដែល​ជា​គម្រោងផែនការ​ទី​ក្រុង​ឆ្លាត​មួយ​ ក្នុង​ខេត្ត​ Tabuk ភាគពាយ័ព្យ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ដែល​ស្ថិតនៅ​ទល់​មុខ​នឹង​សមុទ្រ​ក្រហម​នោះ។ ជាមួយ​នឹងប្រជុំ​កោះ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ទីក្រុង​កាស៊ីណូ​ Las Vegas ​របស់​អាមេរិក​ ឬ​ក្រុង​កាស៊ីណូ​Monte Carlo របស់​ប្រទេស​ម៉ូណាកូ​នោះ​ បាន​ធ្វើ​ឱ្យចិន​ចង់​មាន​វត្តមានកាន់​តែខ្លាំងនៅ​ក្នុង​តំបន់​នេះ»។

រូបឯកសារ៖ នាវាចម្បាំងចិនបានមកដល់កំពង់ផែស៊ូដង់ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៥។
រូបឯកសារ៖ នាវាចម្បាំងចិនបានមកដល់កំពង់ផែស៊ូដង់ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៥។

លោក​ Sadek បន្ថែម​ទៀត​ថា​ ប្រទេស​ភាគ​ច្រើន​បំផុតក្នុង​ចំណោម​ប្រទេស​ទាំង​ ៥៤ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ជា​ប្រទេស​ក្រីក្រ ហើយ​ចិន​បានកំពុងធ្វើ​សកម្មភាព​ជា​ខ្លាំង​ដើម្បី​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំង​នោះ។

លោក​បាន​បន្ថែមទៀត​ថា៖ «ចិន​បាន​ហក់​ចូល​ទៅ​ក្នុង​ប្រទេស​នេះដោយ​ផ្តល់​ជា​កម្ចី​ទន់​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ពី​ព្រោះ​ប្រទេស​អាហ្វ្រិក​ទាំង​នោះ​ ខ្វះខាត​ហេដ្ឋារចនា​សម្ព័ន្ធ​ ហើយ​រដ្ឋាភិបាល​ក្រុងប៉េកាំងមិនសួរ​នាំ​រឿង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ និង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ ដូច​សហរដ្ឋ​អាមេរិកនោះ​ឡើយ»។

លោក​ Paul Sullivan​ ​អ្នកវិភាគ​បញ្ហា​មជ្ឈិម​បូព៌ា​នៃ​ក្រុមប្រឹក្សា​ Atlantic​ បាន​ប្រាប់​វីអូអេ​ថា​ ចិន​បានផ្តោត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទៅ​លើ​វិស័យជា​ច្រើន​ នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បណ្តុះ​ទំនាក់ទំនង​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ជាមួយ​ប្រទេស​ស៊ូដង់។​

លោក​ថ្លែង​ថា៖ ​«ស៊ូដង់​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​យុទ្ធសាស្ត្រទូទៅ​របស់​ចិននៅក្នុង​តំបន់​ ដើម្បី​ទាក់ទាញ​ក្រុម​ប្រទេស​អាហ្វ្រិក​ខាង​កើត​និង​ខាង​ជើង​ ឱ្យ​ខិត​ចូល​មក​ខាង​ខ្លួនឱ្យ​កាន់​តែ​ជិត​ថែម​ទៀត។ ចិន​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើនៅ​ក្នុង​ប្រទេស​នេះ ដោយ​រាប់តាំង​ពីមុខ​ជំនួញ​ ការ​វិនិយោគ​ ហេដ្ឋារចនា​សម្ព័ន្ធ​ និង​សូម្បី​ទាំងការ​អប់រំ​ជាដើម​ ដែល​ក្នុង​នោះ​ក៏​បាន​បង្រៀន​ភាសា​ចិន​កុកងឺ​ដល់​ជនជាតិ​ស៊ូដង់​ផង​ដែរ។​ ប្រទេស​ស៊ូដង់​បាន​ដើរតួនាទី​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​តំបន់​អាង​ទន្លេនីល​ ប៉ុន្តែ​ពេល​នេះ​បាន​ចុះ​ខ្សោយ​និង​មិន​ប្រាកដ​ប្រជា​នោះ​ឡើយ​ ប៉ុន្តែ​មាន​សក្តានុពលខ្លាំង ​បើ​មានមេដឹកនាំ​ត្រឹមត្រូវ។​ អស្ថិរភាព​និង​ភាព​មិនច្បាស់​លាស់​ បានផ្តល់​ឱកាសបើក​ចំហ​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​ដើម្បីកេងប្រវ័ញ្ច​ទៅ​លើប្រទេស​នេះ ក៏​ដូច​ជា​បង្កឱ្យមាន​ក្រុមភេរវជន​ និង​ឧក្រិដ្ឋកម្មដែល​មានការ​រៀប​ចំ​ជាដើម»។

លោក​ Sullivan បន្ថែម​ទៀត​ថា​ ចិន​«មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការ​រុករក​រ៉ែមាសក្នុង​ប្រទេស​ស៊ូដង់» ហើយ ​«ក៏​ដូច​រុស្ស៊ី​ដែរ​ ចិន​ក៏​ចាប់​អារម្មណ៍​ខ្លាំងទៅ​លើ​កំពង់​ផែ​នានា​របស់​ស៊ូដង់​ផង​ដែរ»។​

លោក​បាន​កត់​សម្គាល់​ថា៖ «ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​មួយពី​ស៊ូដង់​ខាងត្បូងតាម​រយៈ​ប្រទេស​អ៊ូហ្គាន់ដា​ ទៅ​កាន់​ឆ្នេរ​ប្រទេស​កេនយ៉ា​ នឹងទំនងធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍កាន់​តែ​ខ្លាំង​ថែម​ទៀត​ ក្រោយ​ពី​ជម្លោះ​បច្ចុប្បន្ន​នេះ​ថមថយ​ទៅ»។

លោក​ Sullivan អះអាងដោយ​ទាញ​លើក​ហេតុផលថា​ ផល​ប្រយោជន៍​ចិន​និង​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ូដង់និង​ក្នុង​តំបន់ ​មិន​ដើរ​ស្របគ្នា​នោះ​ឡើយ​ ពី​ព្រោះ​សហរដ្ឋ​អាមេរិកមិន​ចង់ឃើញ​វត្តមានយោធា​ចិន​ឬ​រុស្ស៊ីនៅ​ក្នុង​ប្រទេស​ស៊ូដង់​ ឬ​នៅ​កំពង់​ផែ​ស៊ូដង់​ឡើយ​ ដោយ​ឈរ​លើ​ហេតុផល​នៃ​«ទី​តាំង​យុទ្ធសាស្ត្រ​ដ៏​រសើប» នៃ​កំពង់​ផែ Port Sudan​ នោះ។​ លោក Sullivan ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ចិន​កំពុង​ព្យាយាម​បិទ​ខ្ទប់[ការពាក់ព័ន្ធ]​ របស់​សហរដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ឡើងៗ [នៅ​ក្នុង​ប្រទេស​ស៊ូដង់]៕

ប្រែសម្រួល​ដោយ​លោក​ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG