ប្រទេសចិនកំពុងស្វែងរកការគាំទ្រពីប្រទេសរុស្ស៊ី និងពីបណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាលនានា ពាក់ព័ន្ធនឹងជម្លោះពន្ធគយរីករាលដាលរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក។ ស្របពេលនោះដែរ ប្រទេសចិនក៏កំពុងបង្កើនការតវ៉ាប្រឆាំងនឹងវិធានការនានាដែលដាក់ទណ្ឌកម្មលើវិស័យបច្ចេកវិទ្យារបស់ខ្លួន។
ដោយថ្លែងកាលពីថ្ងៃពុធម្សិលមិញនៅឯការប្រជុំមួយនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្នុងប្រទេសកាហ្សាក់ស្ថាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា អ្នកតំណាងនៃប្រទេសជាសមាជិកទាំង ៨ នៃអង្គការសហប្រតិបត្តិការសៀងហៃនេះ បានបង្ហាញ «ការគាំទ្រយ៉ាងទូលំទូលាយ» ចំពោះគោលជំហររបស់ប្រទេសចិន។
នៅក្នុងការលើកឡើងរបស់លោកដែលត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ លោក Wang Yi បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ប្រទេសចិន ដែលថា ខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលមិនយុត្តិធម៌នោះទេ។ លោកបានបញ្ចេញយោបល់បង្ហោះលើវេបសាយរបស់ក្រសួងការបរទេសចិនថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រើវិធានការខ្លាំងក្លាតបតវិញជាមួយនឹងការដាក់សម្ពាធខ្លាំងក្លារបស់សហរដ្ឋអាមេរិក។
លោក Wang Yi បានបញ្ជាក់ដូច្នេះថា ជម្លោះពាណិជ្ជកម្ម «បានធ្វើឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាខ្លាំង។ ខ្ញុំចង់សង្កត់ធ្ងន់ចំពោះអ្នកគ្រប់គ្នាថា សកម្មភាពរបស់ប្រទេសចិនគឺមិនគ្រាន់តែដើម្បីរក្សាសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សានូវបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីជាអន្តរជាតិ»។
ប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនេះមានដូចជា ចិន រុស្ស៊ី កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន ឃឺគីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសផ្សេងទៀតដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះគឺគ្រាន់តែជាប្រទេសចូលរួមមើល និងជាប្រទេសដៃគូចរចាតែប៉ុណ្ណោះ៕