ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើសមយុទ្ធរួមគ្នាជាមួយនឹងប្រទេសរុស្ស៊ីនៅក្នុងខែនេះ ស្របពេលដែលប្រទេសដែលជាសម្ព័ន្ធមិត្តទាំងពីរបានពង្រឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពជើងទឹកនិងកងទ័ពជើងអាកាសនឹងចូលរួមនៅក្នុងសមយុទ្ធ «ទិសឧត្ដររួមឆ្នាំ ២០២៤» នៅលើអាកាសនិងជុំវិញដែនសមុទ្ររុស្ស៊ីនៅឯសមុទ្រជប៉ុន (Sea of Japan) និងសមុទ្រ Okhotsk។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន។
ក្រសួងនេះបានលើកឡើងថា៖ «សមយុទ្ធនេះមានបំណងពង្រឹងកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀតរវាងយោធាចិននិងរុស្ស៊ីនិងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់រួមគ្នាជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខ»។
ក្រសួងនេះបានបន្ថែមថា ភាគីទាំងពីរនឹងបញ្ជូនកងនាវាទៅកាន់ «តំបន់សមុទ្រពាក់ព័ន្ធនានានៅមហាសមុទ្រប៉ាស៊ីហ្វិក» សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយប្រទេសចិនក៏នឹងចូលរួមនៅក្នុងសមយុទ្ធយុទ្ធសាស្ត្រ «មហាសមុទ្រឆ្នាំ ២០២៤» របស់ប្រទេសរុស្ស៊ីផងដែរ។
ក្រសួងនេះមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការធ្វើសមយុទ្ធនេះទេ៕
វេទិកាបញ្ចេញមតិ