ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​រុស្ស៊ី​ច្រានចោល​ការ​ព្រមាន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​បញ្ហា​នៅ​តំបន់​អាកទិក


រូបឯកសារ៖ យោធាពី​កងពល​របស់​កងទ័ព​ន័រវែស​ធ្វើសមយុទ្ធនៅក្បែរ​ព្រំដែន​រវាង​ហ្វាំងឡង់​និង​ន័រវែស​ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ យោធាពី​កងពល​របស់​កងទ័ព​ន័រវែស​ធ្វើសមយុទ្ធនៅក្បែរ​ព្រំដែន​រវាង​ហ្វាំងឡង់​និង​ន័រវែស​ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។

កាលពី​ថ្ងៃទី ២៣ ខែកក្កដា កន្លង​ទៅ​នេះ រុស្ស៊ី និង​ចិន បាន​ច្រានចោល​ការព្រមាន​របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា និង​សេដ្ឋកិច្ច​របស់​ពួកគេ នៅ​ក្នុង​តំបន់​អាកទិក ដែល​ការប្រែប្រួល​អាកាសធាតុ​កំពុង​បើក​ឱ្យ​មាន​ការប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រុស្ស៊ី​បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​អាកទិក ដោយ​ការ​បើក​ឡើង​វិញ និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​យោធា និង​អាកាសយានដ្ឋាន​ជាច្រើន​កន្លែង​ដែល​ត្រូវ​បាន​បោះបង់ចោល​ចាប់តាំង​ពី​ចុង​សម័យ​សូវៀត ខណៈ​ដែល​ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​ទៅ​លើ​ការរុករក និង​ស្រាវជ្រាវ​តំបន់​ប៉ូល។

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក អ្នកស្រី Kathleen Hicks បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ២២ ខែ​កក្កដា​ថា៖ «យើង​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) និង​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាក់ទិក​កាន់តែ​មាន​ខ្លាំង​ឡើង ដោយ​ចិន គឺ​ជា​អ្នក​ផ្តល់​មូលនិធិ​ដ៏​សំខាន់​សម្រាប់​ការ​ឆ្លៀត​យក​ចំណេញ​ផ្នែក​ថាមពល​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាកទិក‍»។

ចំណែក​ឯ​កិច្ចសហប្រត្តិការ​យោធា​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ «ដោយ​រុស្ស៊ី និង​ចិន ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ Alaska‍»។ អ្នកស្រី Hicks បាន​និយាយ​យ៉ាង​ដូច្នេះ នៅ​ពេល​ដែល​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​យុទ្ធសាស្ត្រ​នៅ​តំបន់​អាកទិក​ឆ្នាំ​ ២០២៤ របស់​ខ្លួន។

អ្នកស្រី Hicks បាន​និយាយ​ទៀត​ថា៖ «បញ្ហា​ប្រឈម​ទាំង​អស់​នេះ​ត្រូវ​បាន​រីក​កាន់តែ​ធំ​ឡើង​ដោយសារតែ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​គឺ​សីតុណ្ហភាព​ឡើង​ក្តៅ​យ៉ាង​ឆាប់រហ័ស និង​ផ្ទាំង​ទឹកកក​កាន់តែ​ស្តើង ហើយ​វា​ជួយ​ដល់​សកម្មភាព​ទាំង​អស់​នោះ‍»។

ការ​រលាយ​ទឹកកក​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​ប៉ូល​បាន​ធ្វើ​ឱ្យ​មាន​សកម្មភាព​ច្រើន​ហួសហេតុ​នៅ​ក្នុង​តំបន់​នោះ ខណៈ​ដែល​ប្រទេស​នានា​សម្លឹង​មើល​វិធី​រក​ប្រាក់​តាម​រយៈ​ការរុករក​ប្រេង ឧស្ម័ន និង​រ៉ែ ក៏ដូចជា​ផ្លូវ​ដឹកជញ្ជូន​នៅ​ក្នុង​តំបន់​ដែល​មាន​ភាព​ស្មុគស្មាញ​ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​គ្នា​ទាមទារ​កាន់កាប់​ដែនដី។

រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​អំពី​ផ្លូវ​សមុទ្រ​ខាងជើង​របស់​ខ្លួន (Northern Sea Route) ដែល​ជា​ផ្លូវ​ដឹកទំនិញ​មួយ​ផ្សេង​ទៀត​សម្រាប់​នាវា​ដែល​ធ្វើដំណើរ​ទៅ​មក​រវាង​អឺរ៉ុប​និង​អាស៊ី។

«ជម្លោះ​និង​ភាព​តានតឹង‍»

កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​កន្លង​ទៅ​នេះ ទាំង​ប្រទេស​ចិន​ទាំងប្រទេស​រុស្ស៊ី​បាន​ការពារ​គោលនយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាកទិក។

ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ខ្លួន​ធ្វើ​សកម្មភាព​លើ​«គោលការណ៍​នៃ​ការ​គោរព កិច្ច​សហប្រតិបត្តិការ ភាគី​ទាំងពីរ​ទទួល​បាន​ផលប្រយោជន៍​ដូចគ្នា និង​និរន្តរភាព‍» ហើយ​បាន​បន្ថែម​ទៀត​ថា ខ្លួន​បាន​«ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព‍» នៅ​ក្នុង​តំបន់​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​បំភ្លៃ​គោលនយោបាយ​នៅ​តំបន់​អាកទិក​របស់​ចិន និង​ធ្វើការ​កត់សម្គាល់​ដោយ​មិន​បាន​គិត​លើ​សកម្មភាព​ធម្មតា​របស់​ចិន​នៅ​តំបន់​អាកទិក (ដែល) ជា​សកម្មភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ‍»។

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​«ធ្វើ​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ដើម្បី​ធានា​ថា តំបន់​អាកទិក​នឹង​មិន​ក្លាយ​ជា​ដែនដី​នៃ​ជម្លោះ និង​ភាព​តានតឹង​នោះ​ទេ‍»។

លោក Dmitry Peskov បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ច​សហប្រតិបត្តិការ​របស់​រុស្ស៊ី​ជាមួយ​ចិន​«រួមចំណែក​ធ្វើ​ឱ្យ​មាន​បរិយាកាស​ស្ថិរភាព និង​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន‍»​នៅ​ក្នុង​តំបន់​អាកទិក ហើយ​សកម្មភាព​របស់​ចិន​និង​រុស្ស៊ី​មិន​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ថា​ ជា​សកម្មភាព​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត​ឡើយ។

របាយការណ៍​យុទ្ធសាស្ត្រ​នៅ​តំបន់​អាកទិក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពណ៌នា​តំបន់​នេះ​ថា​ជា​«តំបន់​សំខាន់​ជា​យុទ្ធសាស្ត្រ‍»​សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​រួមមាន «ផ្លូវ​ពី​ភាគខាងជើង​ឆ្ពោះ​ទៅកាន់​មាតុភូមិ‍» និង​«ហេដ្ឋារចនាសម្ពន្ធ​ការពារ​ជាតិ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក‍»។

របាយការណ៍​យុទ្ធសាស្ត្រ​នៅ​តំបន់​អាកទិក​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រែប្រួលអាកាសធាតុ​អាច​បណ្តាល​ឱ្យ​តំបន់​អាក់ទិក​ជួបប្រទះ​រដូវ​ក្តៅ​ដោយ​គ្មាន​ទឹកកក​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០៣០‍»។

របាយការណ៍​យុទ្ធសាស្ត្រ​ដដែល​នោះ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា៖ ​«ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​មនុស្ស​នឹង​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់ ការ​គណនា​ខុស និង​ការ​ធ្វើ​ឱ្យ​ខូច​បរិស្ថាន‍» ហើយ​កងកម្លាំង​សហរដ្ឋ​អាមេរិក​«ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​ទាក់ទង​នឹង​ឧបទ្ទវហេតុ​ដែល​អាច​កើត​មាន​នៅ​ក្នុង​តំបន់​អាក់ទិក‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG