ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ចិន​ព្យាយាម​យកចិត្ត​នៅ​សន្និសីទ​កំពូល​អាស៊ាន ខណៈ​មាន​ការតវ៉ា​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ


នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang ថ្លែងក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។
នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang ថ្លែងក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

នៅ​ក្នុង​ការ​ចរចា​ជាមួយ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ប្រទេស​របស់​លោក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២​របស់​ពិភពលោក​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ដើម្បី​តតាំង​នឹង​ការបារម្ភ​ជា​ថ្មី​អំពីភាព​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង​ដែល​មាន​ជម្លោះ លោក​ Li បាន​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​នៃ​មិត្តភាព​របស់​ចិន​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន​ការ​ខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​របៀប​ដែលភាគី​បាន​ដោះស្រាយ​ការ​ខ្វែង​គំនិត​តាម​រយៈ​ការសន្ទនា​ក្នុង​ពេល​កន្លងទៅ។

លោក Li បាន​និយាយ​ទៀត​ថា៖ «ដរាបណា​យើង​រក្សា​មាគ៌ា​ត្រឹមត្រូវ មិន​ថាព្យុះ​យ៉ាង​ណា​អាច​កើត​មាន​ឡើង​នោះទេ កិច្ច​សហប្រតិបត្តិការ​ចិន​និង​អាស៊ាន​នឹង​នៅ​រឹងមាំ​ជា​រៀង​រហូត​ហើយ​បន្ត​ទៅ​មុខ​ប្រឆាំង​នឹង​ភាព​មិន​ចុះសម្រុង។ យើង​បាន​ថែ​រក្សា​សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចលាចល​និង​ការ​ផ្លាស់ប្តូរ។

ក៏ប៉ុន្តែ បណ្តា​រដ្ឋ​ដែល​ជា​គូប្រជែង​ទាមទារ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ក្នុង​ប្លុក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​បានជំទាស់​ប្រឆាំង​នឹង​ការ​ចាត់វិធានការ​គឃ្លើន​របស់​ចិន​ដើម្បី​បង្កើន​ការ​ទាមទារ​ទឹកដី​ដ៏​ធំធេង​របស់​ខ្លួន​នៅ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ។ ផែនទី​ថ្មី​របស់​ចិន​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​មកពី​មេដឹកនាំ​របស់​ប្រទេស​ផ្សេងៗ​ដែល​និយាយ​ថា​ផែនទី​នេះ​បង្ហាញ​ពី​ការ​ទាមទារ​ដ៏​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​រំលោភ​ដែន​ទឹក​របស់​ពួកគេ។

ប្រធានាធិបតី​ហ្វ៊ីលីពីន​លោក Ferdinand Marcos Jr. បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​របស់​លោក​អំពី​ការ​ប៉ះទង្គិច​កាលពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។ កាលពី​ដើម​ខែ​សីហា នាវា​ឆ្មាំ​ការពារ​របស់​ចិន​មួយ​គ្រឿង​បាន​ប្រើ​កាណុង​បាញ់​ទឹក​ដើម្បី​ព្យាយាម​រារាំង​នាវា​របស់​ហ្វ៊ីលីពីន​ដែល​បាន​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅ​ឱ្យ​កងទ័ព​ហ្វ៊ីលីពីន​នៅកោះ Second Thomas Shoa ដែល​មាន​ជម្លោះ។

ឯកសារ​នៃ​ប្រសាសន៍​របស់​លោក Marcos ក្នុង​ជំនួប​រយៈពេល​មួយ​ម៉ោង​របស់​អាស៊ាន​ជាមួយ​លោក Qiang នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​ត្រូវ​បាន​ផ្តល់​ដល់អ្នក​កាសែត​បាន​ បង្ហាញ​ថា ​លោក​ប្រធានាធិបតី​ហ្វ៊ីលីពីន​បាន​រិះគន់​មិនចំៗ ក៏ប៉ុន្តែ​មិន​បាន​លើកឡើង​ចំៗ​ពីភាព​គឃ្លើន​ជាក់លាក់​ណាមួយ​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ​នោះ​ទេ។

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​រួម​បញ្ចូល​ដោយ​ផ្ទាល់​ប្រទេស​ផ្សេង​ទៀត​របស់​អាស៊ាន​ដូច​ជា​កម្ពុជា ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ​និង​មីយ៉ាន់ម៉ា​ទេ។ សំណួរ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ​តើ​ហេតុអ្វី​បាន​ជាប្លុកក្នុង​តំបន់​នោះ ​និង​មេដឹកនាំ​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ប្រទេស​ឥណ្ឌូណេស៊ី ​ខកខាន​មិន​បាន​សម្តែង​ការ​បារម្ភ​ខ្លាំងៗ​ណាមួយ​ អំពី​សកម្មភាព​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​ដែល​ត្រូវ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច​និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត។

លោកស្រី Marty Natalegawa អតីត​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ហៅ​ការ​បរាជ័យ​របស់​អាស៊ាន​មិន​ថ្កោលទោស​សកម្មភាព​គឃ្លើន​របស់​ចិន​ថា​ជា​«ការ​ស្ងៀមស្ងាត់​គួរ​ឱ្យ​សោកស្តាយ»៕

XS
SM
MD
LG