ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រិះគន់រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​លោក Pompeo ដែល​ហៅ​វីរុស​កូវីដ​១៩​ថា​«មេរោគ​វូហាន»


លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ០៥ ខែមីនា​ ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ក្រសួង​ការបរទេស​ចិន បានថ្កោល​ទោស​ខ្លាំងៗ​អំពី​អត្ថា​ធិប្បាយ​ដែល​បាន​ធ្វើឡើង​ដោយ​លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដែល​ក្នុងនោះ​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​និយាយ​សំដៅ​មេរោគ​កូវីដ​១៩ថា​ «វីរុសវូហាន»​ហើយ​បាន​អះ​អាង​ថា ចិន​បាន​ធ្វើ​យុទ្ធ​នាការ​ផ្តល់​ព័ត៌មាន​មិនពិត​អំពី​ការរាល​ដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា​នេះ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo បាន​ធ្វើអត្ថាធិប្បាយ​ទៅកាន់ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃពុធ​នៅខាងក្រៅ​សន្និសីទ​តាមវីដេអូ​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង៧​ហៅ​កាត់​ថា G7។ លោក Pompeo បាន​និ​យាយថា ​ប្រទេសនានា ត្រូវតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត​របស់​ចិន​ស្តីពី​មេរោគ​កូរ៉ូណា​នេះ។

ថ្លែងនៅ​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក Geng Shuang អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា លោក Pompeo ទទូ​ច​ប្រើពាក្យ ​«វីរុសវូហាន»​ដើម្បីបង្ខូច​កេរ្តិ៍ឈ្មោះ​ចិននិង​ធ្វើឲ្យប៉ះ​ពាល់​ដល់​ការ​ខំប្រឹងប្រែង​របស់​ចិន​ដើម្បី​បង្វែរ​ការយក​ចិត្ត​ទុកដាក់។លោក Shuang បាន​និយាយ​ទៀត​ថា លោក​រដ្ឋមន្រ្តី​ការបរទេស Pompeo មាន​«គោល​បំណង​អាក្រក់​បំផុត»។

លោក Pompeo និង​មន្រ្តី​ផ្សេង​ទៀត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ រួម​ទាំង​លោក​ប្រធានាធិបតី​ត្រាំ​ផង ជា​រឿយៗ បាន​ហៅ​មេរោគ​កូរ៉ូណា​ថ្មីថា«មេរោគ​វូហាន​ឬ​មេរោគ​ចិន»។​ អង្គការ​សុខភាព​ពិភព​លោក​និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត បាន​ឲ្យ​ឈ្មោះ​មេរោគ​នោះ​ជា​ផ្លូវការ​ថា «មេរោគ​កូរ៉ូណា​ឬ​កូវីដ​១៩»។

ការប្រើ​ពាក្យ​នេះ បាន​ក្លាយ​ជា​បញ្ហា​មួយ​ក្នុងអំឡុង​នៃ​សន្និសីទ​វីដេអូ G7 កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក ទទូច​ប្រើពាក្យ​«វីរុសវូហាន»​នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ដែល​ត្រូវចេញ​ផ្សាយ​បន្ទាប់​ពី​ជំនួប។ប្រទេស​ជាសមាជិក​ផ្សេងទៀត​ បាន​ជំទាស់​ការ​ប្រើ​ពាក្យ​នេះ ដែល​នាំឲ្យ​មានការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ពី​គ្នា៕

XS
SM
MD
LG