ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​របស់​ចិន​ផ្តល់​ទៅ​ឲ្យ​អឺរ៉ុប​ដើម្បី​ទប់ស្កាត់​មេរោគ​កូវីដ១៩ បង្ក​ឲ្យ​មាន​ការ​​បារម្ភ​អំពី​ឥទ្ធិពល​ចិន​​រយៈ​ពេលយូរ


រូបឯកសារ៖ សមាជិកក្រុមជំនួយចាកចេញពីយន្តហោះ Air Plane ដែលដឹកសម្ភារៈពេទ្យផ្តល់ដោយរដ្ឋាភិបាលចិន នៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកក្រុមជំនួយចាកចេញពីយន្តហោះ Air Plane ដែលដឹកសម្ភារៈពេទ្យផ្តល់ដោយរដ្ឋាភិបាលចិន នៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រូវការ​ជំនួយ​ខ្លាំង​នោះ បាន​ទទួល​យក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត និង​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ប៉េកាំង​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​មាន​ការបារម្ភ​អំពី​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើង​របស់​ចិន។

យន្តហោះ​ដឹក​សម្ភារៈ​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ដែល​ទទួលបន្ទុក​គ្រប់គ្រង​ការដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​របស់​ចិន បាន​ចុះចត​នៅ​តាម​ទីក្រុង​នានា​នៅ​ទ្វីប​អឺរ៉ុប​ស្ទើរតែ​រាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នកវិភាគ​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា កិច្ចប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​ចិន​នេះ នឹង​ផ្តល់​ឲ្យ​ក្រុង​ប៉េកាំង​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​កាន់តែ​ខ្លាំង​ជាង​សហភាព​អឺរ៉ុប។

មេដឹកនាំ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​អ៊ីតាលី​និង​អេស្ប៉ាញ បាន​ស្វាគមន៍​ដោយ​បើក​ចំហ​ចំពោះ​ជំនួយ​របស់​ចិន។ នាយក​រដ្ឋមន្រ្តី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​ថា លោក​នឹង​ទាញ​យក​បទពិសោធន៍​ពី​ប្រទេស​ចិន​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ពី​ស្ថានភាព​អាសន្ន ដែល​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ​ក្នុង​រយៈពេល​មួយ​ខែ។

មេដឹកនាំ​អឺរ៉ុប​ផ្សេង​ទៀត ហាក់ដូចជា​មិន​សូវ​ស្វាគមន៍​ជំនួយ​របស់​ចិន​នេះ​ទេ។ អ្នកស្រី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ពណ៌នា​ថា ជំនួយ​នេះ​គឺជា «ការសងវិញ» នូវ​ជំនួយ​សង្គ្រោះ​ដែល​អឺរ៉ុប​បាន​ផ្តល់​ដល់​ប្រទេស​ចិន នៅ​ពេល​វីរុស​កូរ៉ូណា បាន​រាតត្បាត ចម្លង និង​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅក្រុងវូហាន និងខេត្ត​ហ៊ូប៉េ​នៃ​ប្រទេស​ចិន កាលពី​ដើម​ឆ្នាំ​នេះ។

អ្នកវិភាគខ្លះ​មើលឃើញ​ថា ការផ្តល់​ជំនួយ​របស់​ចិន​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​មុខមាត់​របស់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មាន​ចំណាត់ការ​មិនត្រឹមត្រូវ និង​ការបិទបាំង​អំពី​ការផ្ទុះ​វីរុស​នេះ​ដំបូងៗ នៅ​ទីក្រុង​វូហាន ដែល​នេះបាន​ធ្វើឲ្យ​វីរុស​នេះ​ មាន​ការរីក​រាលដាល។ ប៉ុន្តែ ដោយសារ​កង្វះ​សេវាកម្ម​សុខភាព មេដឹកនាំ​អឺរ៉ុប​គ្មាន​ជម្រើស​ផ្សេង ក្រៅតែពី​ការព្រម​ទទួល​ជំនួយ​របស់​ចិន​នោះ​ឡើយ។

ទោះជាយ៉ាងណា​ក៏ដោយ ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​រយៈពេលយូរ​អាច​នឹង​មាន​ទំហំ​ធំធេង។

លោក Evan Ellis អ្នកជំនាញ​ខាង​កិច្ចការ​សង្គ្រាម​វិសមភាព​នៅ​មហា​វិទ្យាល័យសង្គ្រាម​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក និង​ជា​អ្នកវិភាគ​លើ​គោលនយោបាយ​អន្តរជាតិ​របស់​ចិន​ជាមួយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖

«គ្រាដែល​អឺរ៉ុប​កំពុង​រងគ្រោះ​ដោយសារ​មេរោគ​កូវីដ១៩​នេះ ចិន​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ធូរស្បើយ​ទៅហើយ​ពី​មេរោគ​កូវីដ១៩​នេះ ហើយ​អាច​ចាប់ផ្តើម​ផលិតកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​បាន»។

លោក Evan Ellis បានថ្លែង​បន្ត​ទៀត​ថា៖

«ប្រទេសចិន​អាច​នឹង​ត្រូវ​ផ្តល់​ថវិកា​ដើម្បី​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​អឺរ៉ុប ដែល​នឹង​មាន​បំណុល​ជាច្រើន​ដោយសារ​ការចំណាយ​ទៅ​លើ​ផ្នែក​សាធារណៈ​ដើម្បីដោះស្រាយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ។ ពួកគេ​នឹង​ប្រើប្រាស់​ជំនួយ​នេះ ដើម្បី​ផ្លាស់ប្តូរ​វិស័យជា​យុទ្ធសាស្រ្ត​នានា ជាពិសេស​បច្ចេកវិទ្យា​ជាន់​ខ្ពស់ និង​ទូរគមនាគមន៍»។

ប្រទេសចិន បាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​អឺរ៉ុប​អាច​ងើប​ឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ ដោយ​នៅ​ពេល​នោះ ចិន​បាន​ចេញ​សង​ជំនួស​នូវ​បំណុល​សាធារណៈ​មួយ​ចំនួន​ធំ​របស់​ប្រទេស​អ៊ីតាលី អេស្ប៉ាញ និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​មួយ​ចំនួន​ផងដែរ។ សហភាព​អឺរ៉ុប​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ២៣០ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន ដែល​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​អ៊ីតាលី ក្រិក និង​ព័រទុយហ្កាល់។

ជំនួយ​ខ្លះត្រូវបាន​ផ្តល់​ឲ្យ​ក្នុង​ទម្រង់​នៃ​ការបរិច្ចាគ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មហិមា​របស់​ចិន គឺ​ក្រុមហ៊ុន Huawei ដែល​ព្យាយាម​ក្លាយជា​អ្នក​ផ្តល់​សម្ភារៈ​ចម្បង​សម្រាប់​បណ្តាញ​ទូរគមនាគមន៍ 5G ទោះបីជា​មាន​ការដាក់​សម្ពាធ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​អ៊ឺរ៉ុប​មិន​ឲ្យ​ទទួលយក​ក៏ដោយ។

ក្រុមអ្នកវិភាគ​និយាយ​ថា អឺរ៉ុបទំនង​មិន​មាន​ជម្រើស​ច្រើន​ទេ ដោយ​ត្រូវ​ទទួលយក​ការពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ចិន ទោះបីជាអឺរ៉ុប​មិន​មាន​ការទុកចិត្ត​ជា​ទូទៅ​ចំពោះ​ប្រព័ន្ធ​នយោបាយ​ឯកបក្ស​របស់​ចិន ហើយ​ដែល​ត្រូវបាន​គេ​ស្តី​បន្ទោស​ថា​ជា​មូលហេតុនៃ​កំហុសនិង​ការបិទបាំង​ព័ត៌មាន​ដែល​នាំ​ឲ្យ​មាន​ការ​រាតត្បាត​យ៉ាងឆាប់​រហ័ស​នៃ​វីរុស​កូវីដ១៩​នេះ ក៏ដោយ។

រដ្ឋាភិបាល​ចិន បាន​បញ្ចេញ​កំហឹង​ចំពោះ​អត្ថបទ​មួយ​នៅក្នុង​កាសែត​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ថា El Pais ដែល​សរសេរ​ដោយ​ជ័យលាភី​រង្វាន់​ណូបែល​លោក Mario Vargas Llosa ដែល​បាន​រិះគន់​បក្ស​កុម្មុយនិស្ត​កំពុង​កាន់អំណាច​របស់​ចិន ពី​ការ​បំបិទ​មាត់​វេជ្ជបណ្ឌិត​ដែល​បាន​ព្រមាន​អំពី​ការរាតត្បាត​វីរុស​កូរ៉ូណា​នៅ​ពេល​ដែល​ការឆ្លង​ដំបូង​បាន​ចាប់ផ្តើម​នៅ​ទីក្រុង​វ៉ូហាន។

សៀវភៅ​របស់​លោក Vargas Llosa ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ដាក់​លក់​ក្នុង​ហាង​លក់​សៀវភៅ​នានា​នៅ​ប្រទេស​ចិន ហើយ​លោក​ត្រូវ​បាន​វាយប្រហារ​ជាផ្លូវការ​អំពី «ការថ្លែងការណ៍​ដែល​គ្មាន​ការទទួល​ខុសត្រូវ»។

មហាសេដ្ឋី​ហុងគ្រី​លោក George Soros បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​លុបចោល​កិច្ចប្រជុំ​កំពូល​រវាង​ចិន និង​អឺរ៉ុប​ដែល​គ្រោងធ្វើ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ច្រានចោល «ភាព ជោគជ័យ​ផ្នែក​នយោបាយ» របស់​ប្រធានាធិបតី​ចិន​លោក ស៊ីជីន ពីង។

ប្រទេស​បារាំង ស៊ុយអែត និង​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ថា ប្រព័ន្ធ​ផ្តាច់ការ​របស់​ចិន មិន​ត្រូវគ្នា​នឹង​ស្ថាប័ន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។

នៅ​ប្រទេស​អ៊ីតាលី​ដែល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាងគេ​នៅ​ទ្វីប​អឺរ៉ុប​ដោយសារ​វីរុស​កូវីដ១៩​នេះ វេជ្ជបណ្ឌិត​គុយបា​ចំនួន ៥០ នាក់ និង​អង្គភាព​ពេទ្យ​រុស្ស៊ី បាន​ចូលរួម​ជាមួយ​គ្រូពេទ្យ​ចិន​ដែល​មានចំនួន​កើន​ឡើង​ជា​ប្រចាំ ដើម្បី​ធ្វើការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល។

កាលពី​ពេល​ថ្មីៗ​នេះ អនុ​ប្រធាន​កាកបាទ​ក្រហម​ចិន​លោក Sun Shuopeng បាន​រិះគន់​រដ្ឋាភិបាល​អ៊ីតាលី​ចំពោះ​ភាពធូររលុង​ក្នុង​ការអនុវត្ត​វិធានការបិទ​ដំណើរការ ដែល​បាន​ណែនាំ​ដោយ​ប្រទេស​ចិន។

លោក Sun Shuopeng បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​នៅតែ​មើលឃើញ​ថា ការដឹកជញ្ជូន​សាធារណៈ​នៅតែ​ដំណើរការ ហើយ​ប្រជាពលរដ្ឋ​នៅតែ​ធ្វើដំណើរ​ធម្មតា មាន​ការប្រមូលផ្តុំគ្នា​នៅ​តាម​សណ្ឋាគារ ហើយ​ពួកគេ​មិន​ពាក់ម៉ាស​ទេ»។

ក្រោយមក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte បាន​ប្រកាស​រឹតបន្តឹង​កាន់តែ​ខ្លាំង​លើ​ការធ្វើ​ចលនា​របស់​ប្រជាពលរដ្ឋ ហើយ​ផលិតកម្ម​ទាំងអស់​ត្រូវបាន​បិទ។

ចក្រភព​អង់គ្លេស និង​ប្រទេស​ហូឡង់​បាន​ព្យាយាម​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​មិន​សូវ​តឹងរឹង​ពេក​ ដោយ​មាន​គោលដៅ​ដាក់​ក្រុមប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ជាជាង​ផ្អាកសកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ទាំងមូល។

ប្រទេស​ចិន​បាន​រិះគន់​ចំណាត់ការ​នោះ​ថា ជា​ «ការ​គ្រប់គ្រង​សង្គម​បែប​ច្បាប់​ធម្មជាតិ» ដែលលើក​តម្កើងក្រុម​ពលរដ្ឋ​ដែល​មាន​ប្រៀប​ស្រាប់៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG