ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋមន្រ្តី​ចិន​ប្តេជ្ញា​ការ​​អនុវត្ត​តឹងរឹង​ជាង​មុន​ដើម្បី​ការ​ពារ​បរិ​ស្ថាន


នាយករដ្ឋមន្រ្តី​ចិន មាន​ប្រតិកម្ម​នៅ​អំឡុង​ពេល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុង Davos ប្រទេស​ស្វីស​។ លោក​បាន​ប្តេជ្ញា​ការ​​អនុវត្ត​តឹងរឹង​ជាង​មុន​ដើម្បី​ការ​ពារ​បរិ​ស្ថាន។

នា​យក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang បាន​និយាយ​ថា រដ្ឋា​ភិបាល​នៃ​ប្រទេស​ចិន​នៅ​តែ​មិន​អាច​បំពេញ​នូវ​ការរំ​ពឹង​ទុក​របស់​ប្រ​ជា​ជន​ពាក់​ព័ន្ធ​នឹង​ការ​បំ​ពុល​បរិស្ថាន។ ភាព​យន្ត​ឯក​សារ​មួយ​អំពី​ការ​បំ​ពុល​ខ្យល់​ ដែល​នា​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ក្នុង​ប្រ​ទេស​ចិន ​បាន​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​ដូច​នោះរបស់​សាធារណជន​ មុន​ពេល​ភាព​យន្ត​ឯក​សារ​នោះ​ត្រូវ​បាន​បិទ​ដោយ​ក្រុម​អា​ជ្ញា​ធរ។

មុន​ពេល​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​នៅ​ទី​ក្រុង​ប៉េកាំង ភាព​យន្ត​ឯក​សារ​មួយ ដែល​មាន​ចំ​ណង​ជើង​ថា​ «នៅ​ក្រោម​ដំបូល​ជ្រក» (Under the Dome) ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ពាសពេញ​ប្រព័ន្ធ​អ៊ីនធឺណែត។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​សមាជ​ប្រ​ជា​ជាតិប្រព្រឹត្ត​ទៅ​បាន​មួយ​ថ្ងៃ ភាព​យន្ត​ឯកសារ​នោះ​ត្រូវ​បា​ន​បញ្ជា​ឲ្យ​បិទ ​បន្ទាប់​ពីមនុស្ស​ជាង ២០០ លាន​នាក់​បាន​មើ​ល​វា។ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ដែល​ទើប​តែ​ត្រូវ​បាន​ចាត់​តាំងថែម​ទាំង​បាន​កោត​ សរ​សើរ​ភាព​យន្ត​ឯ​ក​សារ​មួយ​នោះ។

ភាព​យន្ត​ឯក​សារ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អតីតអ្នក​យក​ព័ត៌​មាន​ទូរ​ទស្សន៍ជាតិ​លោក​ Chai Jing បាន​ផ្តោត​ទៅ​លើ​បញ្ហា​សុខភាព​ដែល​បង្ក​មក​ពី​ផ្សែង​នៅ​ប្រទេស​ចិន ​បញ្ហា​ប្រឈម​ដែល​អា​ជ្ញា​ធរ​បរិ​ស្ថាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង បែបផែនដែលសហ​គ្រាសរដ្ឋ​ ជា​ពិសេស​ក្រុម​ហ៊ុន​ថាម​ពល​ផ្សេងៗ​ ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នោះ។

នៅ​អំឡុងសន្និសីទកាសែត នា​ថ្ងៃ​អា​ទិត្យ (៣/២២) នៅ​ចុង​បញ្ចប់​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ នា​យក​រដ្ឋ​មន្ត្រី​ចិន លោក Li Keqiang ត្រូវ​បាន​សួរ​ពី​គំនិត​របស់​លោក​ទៅ​លើ​ការ​អះ​អា​ង​នៅ​ក្នុងភាព​យន្តឯក​សារ​អំពី​ ក្រុម​ហ៊ុន​ប្រេង​ធំ​ៗ ក៏​ដូច​ជា​ថា​តើ​ក្រុមហ៊ុន​ទាំង​នោះអាច​ជា​ឧបសគ្គ​ចំពោះ​ការ​អនុវត្ត​ការ​ការ​ពារ​បរិ​ស្ថាន​ឬ​ទេ។

ដោយ​ពុំ​បាន​បញ្ជាក់​ពី​ភាព​យន្ត​ឯក​សារ​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​ការ​ដោះស្រាយ​បញ្ហា​ បំ​ពុល​បរិ​ស្ថាន ជា​ពិ​សេស​ផ្សែង​អ័ព្ទ​ គឺ​ជាព្រួយ​បារម្ភ​ដ៏​ធំ​មួយ​ក្នុង​អា​រម្មណ៍​ប្រ​ជា​ជន​គ្រប់​រូប។ លោក​បាន​និយាយ​ថា រាជ​រដ្ឋា​ភិ​បាល​មាន​ការ​ប្តេជ្ញា​នៅក្នុង​ការ​ដោះ​ស្រាយ​ និង​បាន​ចាត់​វិធាន​ការ​ដើម្បី​សម្រេច​បាន​ដំណោះ​ស្រាយ​បញ្ហា​នោះ។ លោក​បាន​បន្ត​ទៀត​ថា កិច្ច​ប្រឹង​ប្រែង​នោះ​មិន​បាន​បំពេញ​នូវ​ការ​រំ​ពឹង​ទុក​របស់​ប្រជាជន។

សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ បន្ទាប់​ពី​សមាជ​ត្រូវ​បានរៀប​ចំទុក​យ៉ាង​រឹតត្បឹត​ ហើយ​សំណួរ​ត្រូ​វ​បាន​ជ្រើស​រើស​ទុក​មុន។

លោក​នាយក​រដ្ឋ​មន្រ្តី​ LI បាន​និយាយ​ថា ក្រោម​ក្រម​ច្បាប់ការ​ការ​ពារបរិ​ស្ថាន​នា​ឆ្នាំ​នេះ​ ក្រុម​អាជ្ញាធរ​ត្រូវ​ប្តេជ្ញា​ធ្វើ​ឲ្យ​ប្រា​កដប្រជា​ថា​ អ្នក​ដែល​មាន​វិភាគទាន​នៅ​ក្នុង​បញ្ហា​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​នា​យក​រដ្ឋ​មន្ត្រី​បាន​ពោល​ទៀត​ថា រាល់​សកម្មភាព​ផលិត​ និង​បញ្ចេញ​ចោល​ខុស​ច្បាប់​ទាំង​ឡាយ​នឹង​ត្រូវ​ប្រឈម​នឹង​ច្បាប់​ មិន​ថា​ជន​ល្មើស​ជា​នរណា​នោះ​ទេ ។​ លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅ​លើ​រាល់​អាជីវកម្ម​ណា​ ដែល​បញ្ចេញ​ឧស្ម័ន​បំពុល​ និង​ចាក់​កាក​សំណល់​ខុស​ច្បាប់។ លោក​បាន​និយាយ​ទៀត​ថា​ ច្បាប់​បរិស្ថាន​មិន​មែន​ជា​ស្ករ​គ្រាប់​មួយ​ចង្កាក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ជា​សំណាញ់​ប្រកប​ដោយ​អំណាច​មួយ​។

អត្ថ​ន័យ​ទូ​ទៅ​នៃ​ភាព​យន្ត​ឯក​សារ​នេះ​ ហាក់​ដូច​ជា​មាន​ទិស​ដៅ​ស្រប​គ្នា​ ជា​មួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​អាជ្ញាធរ​កំពុង​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែមិន​ទាន់​មាន​ភាព​ច្បាស់លាស់ពីហេតុផល​ ដែល​ភាពយន្ត​ឯកសារ​នោះ​ត្រូវ​បាន​បិទ ឬ​ហេតុផល​ដែល​បញ្ហា​នោះ​ទើប​តែ​ត្រូវ​បាន​លើកឡើង​ជា​សាធារណៈនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​ប៉ុណ្ណោះ​។ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ CCTV ​ទី​ដែល​លោក Chai Jing ធ្លាប់​ធ្វើ​ការពុំ​បាន​លើក​ភាព​យន្ត​ឯក​សារ​នោះ​មក​និយាយ​ឡើយ​។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ដែល​ទើប​ត្រូវ​បាន​ចាត់​តាំង​នៅ​ប្រទេស​ចិន​ លោក Chen Jining បាន​កោត​សរ​សើរខ្សែ​ភាព​យន្ត​នោះ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​លើក​ដំបូង​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ វា​ហាក់​ដូចជា​ក្រុម​ អា​ជ្ញា​ធរ​បាន​ចាត់​វិធាន​ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ នឹង​មិន​មាន​សំណួរ​ណា​មួយ​ដែល​ពាក់​ព័ន្ធនឹង​ភាព​យន្ត​ឯក​សារ​នោះ​លេច​ឡើង​ឡើយ។

ក៏​ប៉ុន្តែ​នៅ​កិច្ច​ប្រ​ជុំ​នយោ​បាយ​ប្រ​ចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​ ក៏​មាន​ការ​លើ​ក​ឡើង​ខ្លះ​ៗ​ អំពី​ភាព​យន្ត​ឯក​សារ​នោះ​។

នៅ​ក្នុង​សេច​ក្តី​អធិ​ប្បាយ​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន​មុន​ពេល​ដែល​ភាព​យន្ត​ឯក​សារ​ត្រូវ​បាន​គេ​ហាម​ឃាត់​ លោក Yao Ming អតីត​កីឡា​បាល់​បោះ​ជាតិ​ ដែល​បាន​មក​ធ្វើ​ជាតំ​ណាង​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ បាន​និយាយ​ថា​លោក​បាន​មើល​ខ្សែ​ភាព​យន្ដ​និង បាន​ថ្លែង​អំណរគុណ​លោក Chai Jing ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់​រលឹក។ លោក Yao បាន​បន្ថែម​ទៀត​ថា ខ្សែ​ភាព​យន្ត​នេះ​ បាន​ស្តែង​ជា​សាធារណៈ​នូវអារម្មណ៍​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​។

លោក Chen Kaige អ្នក​ដឹក​នាំ​រឿង​ជន​ជាតិ​ចិន បាន​ហៅ​ខ្សែ​ភាព​យន្ត​នេះ​ ជា​អ្វី​មួយ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​និង​ពិត​ប្រាកដ​។ ​លោក​បន្ថែម​ថា​ សំឡេង​ផ្សេងៗ​ដូច​ជា​ សំឡេង​លោក Chai Jing ក្នុងការ​រំលឹក​អំពី​បញ្ហា​បំពុល​បរិ​ស្ថាន​ ជា​អ្វី​មួយ​ដែល​ត្រូវ​ការ​ក្នុង​សង្គម​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វី​អូ​អេ​ អ្នក​ជំនាញ​ខាង​ផ្លូវ​ដង្ហើម​ និង​ជា​អ្នក​តំ​ណាង​នៅ​ក្នុង​កិច្ច​ប្រជុំ លោកZhong Nanshan បាន​និ​យាយ​ថា ខ្សែ​ភាព​យន្ត​លោក​ Chai Jing បាន​ចង្អុល​បង្ហាញ​យ៉ាង​ល្អ​អំពី​បញ្ហា​នៃ​កន្លែង​ដែល​ផ្សែង​អ័ព្ទ​ផុល​ចេញ​មក ការ​ប៉ះពាល់​ដែល​អាច​បង្ក​ឡើង​ ​អ្វី​ដែល​កំពុង​ធ្វើ​ឡើង​ដើម្បីដោះ​ស្រាយ និងឧបសគ្គ​ផ្សេងៗ​ដែល​ត្រូវជួប​ប្រទះ​កន្លង​មក។

លោក​ Zhong និយាយ​ថា ផល​ប៉ះ​ពាល់​ពេលលេញ​នៃ​ការ​បំពុល​ទៅ​លើ​រាងកាយ គឺ​នៅ​តែ​មិន​ទាន់ច្បាស់​លាស់​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ គឺ​ថា​ការ​បំពុល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។ លោក​បាន​បន្ត​ថា​ ភាព​យន្ត​ឯក​សារ​នេះ​ បាន​លើក​ជា​សំ​ណួរ​ល្អៗ​ សម្រាប់​យក​មក​គិត ហើយ​បំ​ផុស​គំ​និត។

លោក Zhong បាន​និយាយ​បើក​ចំហ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​អំពី​បញ្ហា​ការ​បំពុល​ខ្យល់​នៅប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​ស្គាល់​ច្រើន​ពី​ការ​លាត​ត្រដាង​ការ​បិទបាំង​របស់​រដ្ឋាភិបាល​ទៅ​លើ​ជំងឺផ្លូវ​ដង្ហើមធ្ងន់ធ្ងរក្នុង​ឆ្នាំ​ 2003។ លោក​ Zhong បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បញ្ហាផ្សែង​អ័ព្ទ​នៅ​ប្រទេស​ចិន​ គឺ​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ជំងឺ​ SARS ទៅ​ទៀត​៕

ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង

XS
SM
MD
LG