ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សន្យា​ផ្តល់​ទិន្នន័យ​ជល​សាស្រ្ត​ពេញ​មួយ​ឆ្នាំ ​ខណៈ​ប្រទេស​ផ្នែកខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​កំពុង​ប្រឈម​កង្វះ​ទឹក


នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ថ្លែង​សុន្ទរកថា​ទៅ​កាន់​បណ្ដា​មេដឹកនាំ​ពី​បណ្ដា​ប្រទេស​នៅ​ជាប់​ទន្លេ​មេគង្គ និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ក្នុង​អំឡុងពេល​នៃ​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​លើក​ទី​ ៣ ដែល​ធ្វើ​ឡើង​តាម​អនឡាញ ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ២០២០។

ថ្នាក់​ដឹកនាំ​ប្រទេស​ចិន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សន្យា​ថា​ ប្រទេស​ចិន​នឹង​ផ្តល់​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​ទៅ​ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ទាក់ទង​នឹង​ជល​សាស្រ្ត​ដើម្បី​អាច​យក​មក​វិភាគ ​ ខណៈ​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ​ រួម​មាន​កម្ពុជា​កំពុង​ប្រឈម​កង្វះ​ទឹក។

ទន្លេ​មេគង្គ​ហូរ​កាត់​ប្រទេស​៦​ រួម​មាន​ចិន ​និង​មីយ៉ាន់ម៉ា ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ ​និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៤​ទៀត​គឺ​ប្រទេស​ឡាវ​ ថៃ​ កម្ពុជា ​និង​វៀតណាម។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ទន្លេ​មេគង្គឡាន​ឆាង​លើក​ទី​៣​ជាមួយ​ប្រទេស​ចិន ​ក្រោម​មូលបទ​«ពង្រឹង​ភាព​ជា​ដៃ​គូ​ដើម្បី​វិបុល​ភាព​រួម»​នាយក​រដ្ឋមន្រ្តី​ចិន​លោក​លី ខឺឈាង ​(Li Keqiang) ​មាន​ប្រសាសន៍​ថា ​ប្រទេស​ចិន​នឹង​ចែក​រំលែក​ទិន្ន​ន័យ​នានា​ដោយ​ចំហ ​ព្រម​ទាំង​ផ្តល់​អ្នក​ជំនាញ​ថែម​ទៀត​ មក​វិភាគ​ទិន្នន័យ​ទាក់​ទង​នឹង​ជល​សាស្រ្ត​ទន្លេ​មេគង្គ ​ដែល​ចិន​ហៅ​ថា ជា​ទន្លេ​ឡាន​ឆាង។​លោក​សន្យា​ថា ​ប្រទេស​ចិន​នឹង​ផ្តល់​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​ទាក់​ទង​នឹង​ទឹក​ទន្លេ​មេគង្គ ​ដោយ​ចាប់​ផ្តើម​ពី​ឆ្នាំ​នេះ។​

នាយក​រដ្ឋមន្រ្តី​ចិន​មាន​ប្រសាសន៍​ដោយ​មាន​ការ​ប្រែ​សម្រួល​ថា៖​«ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ ប្រទេស​ចិន​នឹង​ចែក​រំលែក​ទិន្នន័យ​ជល​សាស្រ្ត​ទឹក​ទន្លេ​មេគង្គ​ពេញ​មួយ​ឆ្នាំ ​ដល់​ប្រទេស​ទន្លេ​មេគង្គ​ខាង​ក្រោម»។​

លោក​ថ្លែង​បន្ត​ថា​ការ​អភិវឌ្ឍ ​និងការ​ប្រើប្រាស់​ទឹក​ទន្លេ​មេគង្គ​ដ៏​ត្រឹម​ត្រូវ ​ត្រូវ​តែ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ​លោក​បន្ថែម​ថា៖ ​«ប្រទេស​ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​បន្ថែម​ទៀត​ដើម្បី​បង្កើន​ទឹក​ហូរ​ចេញ​ទៅ​ផ្នែក​ខាង​ក្រោម ​ អំឡុង​ពេល​រដូវ​រាំង​ស្ងួត​ដើម្បី​ជួយ​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​អាច​ដោះ​ស្រាយ​បញ្ហា​រាំង​ស្ងួត​បាន»។​

នាយក​កម្ម​វិធី​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Stimson Center ​លោក ​Brian Eyler ​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​សន្យា​របស់​ប្រទេស​ចិន​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​នោះ​ មិន​ទាន់​មាន​ព័ត៌​មាន​លម្អិត​នៅ​ឡើយ​ទេ ​ថា​តើ​នឹង​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​ទំនប់​វារី​អគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាង​លើ ​ឬ​យ៉ាង​ណា។​

លោក ​Brian Eyler ​ដែល​និពន្ធ​សៀវភៅ​ Last Days of the Mighty Mekong​ មាន​ប្រសាសន៍​ថា៖​ «ប្រទេស​ចិន​គួរ​តែ​ចែក​រំលែក​សូចនាករ​ទាំង​អស់​ រួម​មាន​ស្ថានភាព​កំពុង​ដំណើរ​ការ​នៃ​ទំនប់​វារី​អគ្គិសនី​ផ្នែក​ខាង​លើ​ទាំង​១១​ និង​ទិន្នន័យ​លំហូរ​ដី​ល្បាប់​ និង​បម្លាស់​ទី​របស់​ត្រី។​បើ​គ្មាន​ទិន្នន័យ​ទាំង​អស់​នេះ​ទេ ​ប្រទេស​នៅ​ខាង​ក្រោម​ទន្លេ​មេគង្គ​មិន​អាច​វាយ​តម្លៃ​អំពី​ទឹក​ទន្លេ​មួយ​នេះ​ឲ្យ​បាន​ល្អ ​ហើយ​ក៏​មិន​អាច​ប្រើ​ប្រាស់​ធនធាន​ទឹក​ឲ្យ​បាន​ល្អ​បំផុត​ដែរ»។​

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​កម្ពុជា ​លោក​ គល់ វឌ្ឍនា​ថ្លែង​ប្រាប់​VOA​កាល​ពី​ដើម​ខែ​សីហា​ថា ប្រទេស​ជា​សមាជិក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​(MRC)​ធ្លាប់​បាន​ស្នើ​សុំ​ប្រទេស​ចិន​នូវ​ទិន្ន​ន័យ​នានា​ ដើម្បី​យក​មក​វិភាគ​ ​ប៉ុន្តែ​ប្រទេស​ចិន ​មិន​បាន​ផ្តល់​ឲ្យ​ពេញ​លេញ​នោះ​ទេ ​ហើយ​ប្រទេស​ទាំង​អស់​ ក៏​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ប្រទេស​ចិន​ផ្តល់​ឲ្យ​នោះ​ដែរ ​ដោយ​សារ​ចិន​មិន​មែន​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ ​គ្រាន់​តែ​ជា​ដៃ​គូ​ពិភាក្សា​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​សុំ​គាត់​ អាស្រ័យ​លើ​គាត់​ឲ្យ​យើង។ ​បើ​គាត់​មិន​ឲ្យ ​ក៏​យើង​គ្មាន​មូល​ដ្ឋាន​ច្បាប់​ណា​មួយ​ទៅ​សង្កត់​គាត់​បាន​ទេ។ ​វា​កត្តា​កំណត់​នៅ​លើ​ចិន​ទេ។ ​អា​យើង​សុំ​សុំ​ហើយ។​ ស្អី​ចេះ ​ស្អី​ចុះ ​លើក​ហេតុផល​ម៉េច​ក៏​លើក​ទៅ ​ក៏​ប៉ុន្តែ​កត្តា​កំណត់​នៅ​លើ​ចិន ​ដែល​ជា​ម្ចាស់​ទិន្នន័យ។ ​គាត់​ឲ្យ​ប៉ុនណា ​ក៏​ឲ្យ​ប៉ុណ្ណឹង»។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)​ លោក ​ឱម សាវ៉ាត ​ប្រាប់​ VOA ​ថា​ ការ​បង្ហាញ​ឆន្ទៈ​ចែក​រំលែក​ទិន្នន័យ​ជា​រឿង​ល្អ​មួយ​ ដោយសារ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ពីរ​ឆ្នាំ​ជាប់​គ្នា ​ ស្រប​ពេល​មាន​ការ​ព្រួយ​បារម្ភ​រឿង​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ។​ លោក​សង្ឃឹម​ថា​ប្រទេស​ចិន​នឹង​ចែក​រំលែក​ទិន្នន័យ​ប្រកប​ដោយ​តម្លាភាព​ និង​ជា​ព័ត៌មាន​ពិត ដើម្បី​អាច​យក​មក​វិភាគ​បាន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រែង​លោ​គាត់​ថាតែ​មាត់។​បើ​គាត់​មាន​បំណង​ថា​ចែក​ជា​ការ​ល្អ​ហើយ​ព្រោះ​យើង​ចង់​បាន​អាហ្នឹង​ ដើម្បី​ពិនិត្យ​មើល​កម្ពស់​ទឹក​លំហូរ​ទឹក ព្រោះ​ឥឡូវ​យើង​ឃើញ​ហើយ​ពីរ​ឆ្នាំ​ជាប់​គ្នា ​ឆ្នាំ​២០១៩​ ឆ្នាំ​២០២០​ហ្នឹង​ កម្រិត​ទឹក​ទាប​មែន​ទែន ​ចូល​បឹង​ទន្លេសាប»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ហើយ​បើ​សិន​ជា​ចិន​គាត់​មាន​ទឹក​ចិត្ត​ថា​ ចង់​ចែក​រំលែក​ព័ត៌មាន​ទាំងអស់​ហ្នឹង​យើង​welcome​(សូម​ស្វាគមន៍)​ យើង​រីករាយ​ប៉ុន្តែ​ធ្វើ​ម៉េច​ឲ្យ​ព័ត៌មាន​ហ្នឹង​បង្ហាញ​អំពី​ភាព​ពិត​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​យើង​សហការ​គ្នា»។​

កិច្ច​ប្រជុំ​ឡានឆាង​មេគង្គ​ដែល​ចាប់​កំណើត​ឡើង​ក្នុង​ឆ្នាំ​២០១៥​ធ្វើ​ឡើង​ពីរ​ឆ្នាំ​ម្តង។​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់​គ្រង​វិសាលភាព​ទឹក​ទន្លេ​មេគង្គ​តែ​២​ភាគ​រយ​ប៉ុណ្ណោះ​នឹង​ធ្វើ​ជា​ម្ចាស់​កិច្ច​ប្រជុំ​នេះ​នៅ​ឆ្នាំ​២០២២ ​បន្ទាប់​ពី​ប្រទេស​ឡាវ​ដែល​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​វីដេអូ​អនឡាញ ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ថា ​ការ​សម្រេច​ស្រុះ​ស្រួល​គ្នា​លើ​ការ​ចែក​រំលែក​ព័ត៌មាន ​និង​ទិន្នន័យ​ជល​សាស្រ្ត​ជា​ជោគជ័យ​សំខាន់​មួយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​ស្រុះ​ស្រួល​មតិ​រួម​គ្នា​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ទាក់ទង​នឹង​ប្រធាន​បទ​រសើប​បំផុត​នៃ​ការ​គ្រប់​គ្រង​ទឹក​ឆ្លង​ដែន​ គឺ​ជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយ​ទៀត​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​យើង»។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បន្ត​ថា​ ប្រទេស​កម្ពុជា​ដែល​គ្រប់​គ្រង​ទឹក​ទន្លេ​ប្រមាណ​១៨​ភាគ​រយ​បាន​ទទួល​គម្រោង​ចំនួន​៥៥​ក្រោម​កិច្ច​ព្រម​ព្រៀង​ដែល​ផ្តល់​ជំនួយ​ដោយ​ប្រទេស​ចិន​ ហើយ​វា​នាំ​មក​ការ​អភិវឌ្ឍ​ជាក់​ស្តែង​និង​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ​មេគង្គ។​

កាល​ពី​ដើម​ខែ​សីហា ​ គណៈ​កម្មការ​ទន្លេ​មេគង្គ ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤ ​រួម​មាន​ថៃ ​ឡាវ​ កម្ពុជា ​និង​វៀតណាម​ បាន​លើក​ឡើង​ថា​ ​ទឹក​ទន្លេសាប​របស់​កម្ពុជា​ ជួប​ប្រទះ​ភាព​រាំង​ស្ងួត​ មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ។​គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ជំរុញ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦ ​ដែល​មាន​ទាំង​ប្រទេស​ចិន​ គ្រប់គ្រង​ទឹក​ទន្លេ​ប្រមាណ​១៦​ភាគ​រយ​ ដោះ​ស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ​ ខណៈ​ដែល​អាង​ទន្លេ​មេគង្គ​ក្រោម ​ប្រឈម​នឹង​កំណត់​ត្រា​លំហូរ​ទឹក​ទាប​អស់​រយៈ​ពេល​២​ឆ្នាំ​ជាប់​គ្នា។​គណៈ​កម្មការ​បញ្ជាក់​ថា​មូល​ហេតុ​នៃ​ទឹក​ទាប​នេះ​ រួម​មាន​បរិមាណ​ភ្លៀង​ធ្លាក់​តិច​តួច​ខុស​ប្រក្រតី ​ដែល​បង្ក​ដោយ​បាតុភូត​អាកាស​ធាតុ​អែលនីណូ​ (El Nino)​ ស្ថាន​ភាព​លំហូរ​ទាប​រយៈ​ពេល​យូរ​ដែល​បន្ត​អូស​បន្លាយ​ ចាប់​ពី​ឆ្នាំ​២០១៩​មក​ និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃ​ទន្លេ​មេ​គង្គ។​

យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិក​កាំង ​ឈ្មោះ​ថា​Eyes on Earth ​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២០ ​ ប្រទេស​ចិន ​បាន​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ កាល​ពី​ឆ្នាំ​២០១៩​ ជាមួយ​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​កន្លែង​ក្នុង​ប្រទេស​ខ្លួន។ ​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​លើក​ឡើង​ពី​ភាព​រាំង​ស្ងួត​ ដោយសារ​អាកាសធាតុ។​

ក្រៅ​ពី​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន​ ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​ឡាវ​ដែល​គ្រប់គ្រង​ទឹក​ទន្លេ​មេគង្គ​ច្រើន​ជាង​គេ​ដល់​ទៅ​៣៦​ភាគ​រយ​ មាន​ដូច​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី ​(Xayaburi)​ និង​ទំនប់​វារី​អគ្គិសនី​ដនសាហុង ​(Don Sahong)។ ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​បារម្ភ​ថា​ ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ ​នឹង​ប៉ះពាល់​ការ​រស់​នៅ​របស់​មនុស្ស​ប្រមាណ​៦០​លាន​នាក់​ នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ទាំង​៤ ​ដែល​រួម​មាន​កម្ពុជា​ផង​ដែរ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG