អាជ្ញាធរចិនកំពុងព្យាយាមលើកទឹកចិត្តបន្ថែមទៀតដល់ស្រ្តីកាន់តែច្រើនឱ្យមានកូន បន្ទាប់ពីចំនួនប្រជាជនចិនបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នានៅឆ្នាំ ២០២៣ ហើយអត្រាកំណើតបានធ្លាក់ដល់កម្រិតទាបបំផុត។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា «Mama's Post» គឺជាមុខតំណែងដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ស្រ្តីជាម្តាយដែលមានលក្ខិណៈពិសេសដូចជា ម៉ោងធ្វើការមានលក្ខណៈបត់បែនដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការធ្វើឱ្យមានតុល្យភាពរវាងការងារ និងការថែទាំកូនៗ»។
សេចក្តីរាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ម្តាយជាច្រើនមិនបាននៅក្នុងទីផ្សារការងារអស់រយៈពេលជាងបីឆ្នាំ ទម្រាំតែដល់កូនៗរបស់ពួកគេធំល្មមអាចយកទៅដាក់នៅកន្លែងមើលថែទាំក្មេងនៅពេលថ្ងៃបាន ហើយស្រ្តីជាម្តាយទាំងនោះត្រូវការម៉ោងធ្វើការដែលមានលក្ខណៈបត់បែន នៅពេលដែលពួកគេត្រឡប់ទៅធ្វើការវិញ។
ខណៈពេលដែលនិយោជកជាច្រើនស្វែងយល់អំពីគំរូនៃការធ្វើការងារបែប «Mother's Post» នេះ ជម្រើសការងារជារឿយៗមានកម្រិត ដោយការងារភាគច្រើនមានកិច្ចសន្យាការងាររយៈពេលខ្លី ឬបណ្តោះអាសន្នដែលធ្វើឱ្យមានការពិបាកក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ស្ត្រី។
មុខតំណែងជាច្រើននៅតែជាការងារដែលពឹងផ្អែកខ្លាំងលើកម្លាំងក្នុងការផលិត និងដំណើរការដោយផ្តោតលើកម្មករដែលគ្មានជំនាញ ដូចជាការផ្តល់ការងារមួយចំនួននៅក្នុងទីក្រុង Qingdao ក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិនជាដើម។
ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ទៀតថា អាជ្ញាធរនៅខេត្ត Guangdong ដែលនៅភាគខាងត្បូងនិងជាខេត្តដែលសម្បូរធនធានជាងនោះ កំពុងស្វែងរកវិធីផ្សព្វផ្សាយគំរូនៃការធ្វើការងារបែបថ្មីនេះនៅទូទាំងក្រុងទាំងអស់នៃខេត្តនេះ ដែលមានដូចជា មុខតំណែងវិជ្ជាជីវៈ បច្ចេកទេស និងការគ្រប់គ្រងជាដើម។
ស្ត្រីជាច្រើននៅក្នុងប្រទេសចិនបានសម្រេចមិនយកកូនដោយសារតែការមើលថែទាំកូនត្រូវចំណាយខ្ពស់ ការមិនចង់រៀបការ ឬត្រូវផ្អាកអាជីពរបស់ខ្លួននៅក្នុងសង្គមមួយដែលជាទម្លាប់គេនៅតែមើលឃើញថា ស្រ្តីជាអ្នកមើលថែចម្បង និងមានការរើសអើងផ្នែកយេនឌ័រផងដែរ។
ការឈប់សម្រាកនៅពេលសម្រាលកូនដែលមានរយៈពេលយូរជាងមុន អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ផ្នែកពន្ធដារសម្រាប់ការមានកូន និងការជួយឧបត្ថម្ភសម្រាប់លំនៅដ្ឋាន គឺជាកត្តាលើកទឹកចិត្តក្នុងការជំរុញឱ្យអត្រាកំណើតដែលអាជ្ញាធរបានដាក់ចេញមានការកើនឡើង៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
ប្រទេសចិនផ្តល់ការងារដែលមានលក្ខណៈបត់បែនសម្រាប់ស្ត្រីក្រោយសម្រាលកូនរួច
- Reuters
វេទិកាបញ្ចេញមតិ