ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេទ្យ​នៅ​ Wuhan ​កំពុង​ស្ថិត​នៅ​ក្រោម​គ្រោះ​ថ្នាក់​ខ្លាំង​ឡើងៗ​នៅ​ពេល​ការ​ផ្គត់​ផ្គង់​សម្ភារៈ​ពេទ្យ​មាន​តិច


អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​សម្លៀកបំពាក់​ការពារ​នៅ​ស្ថានីយ​រថភ្លើង​មួយ នៅ​ក្នុង​ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​សម្លៀកបំពាក់​ការពារ​នៅ​ស្ថានីយ​រថភ្លើង​មួយ នៅ​ក្នុង​ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើ​តាម​អ្នកស្រី​ Xiao​ ថា​ មន្ទីរពេទ្យ​នេះ​ត្រូវ​ការ​ខ្លាំង​ណាស់​នូវ​វ៉ែនតា​ពាក់​ការពារ​ភ្នែក​៥​ពាន់​ ម៉ាស់​បែប​ N95​ ២​ម៉ឺន​ និង​សម្លៀក​បំពាក់​ការពារ​ខ្លួន​យ៉ាង​ច្រើន​តាម​ដែល​អាច​រក​បាន​ពីព្រោះ​មន្ទីរ​ពេទ្យ​នេះ​ប្រើ​ប្រាស់​វ៉ែនតា​ការពារ​ភ្នែក​១​ពាន់​ និង​ម៉ាស់​​៣​ពាន់​ក្នុង​មួយ​ថ្ងៃ។​

មន្ទីរ​ពេទ្យ​នៅ​ខាង​ក្នុង​ និង​នៅ​ជុំវិញ​ក្រុង​ Wuhan ​ដែល​ជា​កន្លែង​រាតត្បាត​ខ្លាំង​នៃ​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​ចិន​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ​តិចតួច​ដែល​នាំ​ឱ្យ​ពួក​វេជ្ជបណ្ឌិត​និង​ក្រុម​គិលានុបដ្ឋាយិកាត្រូវ​បាន​សុំ​ឱ្យ​ពាក់​ម៉ាស់​ មាន​គុណភាព​ទាប​ ឬ​ពាក់​កន្ទប​លាមក​ដើម្បី​មិន​ចាំ​បាច់​ដូរ​សម្លៀក​បំពាក់​ការពារ​ខ្លួន​ញឹកញាប់។

ការ​ធ្វើ​ដូច្នេះនាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ពួក​ពេទ្យ​ដែល​ព្យាបាល​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន។​

បុគ្គលិក​ពេទ្យ​ម្នាក់​នៅ​ឯ​មន្ទីរ​ពេទ្យ ​Puren ​ក្នុង​ក្រុង ​Wuhan ​ប្រទេស​ចិន​ដែល​ប្រាប់​ថា​ ខ្លួន​ឈ្មោះ​ Xiao ​បាន​និយាយ​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ចន្ទ​ថា​ «ដោយ​សារ​មាន​ការ​ផ្តល់​សម្លៀក​បំពាក់​ការពារ​ខ្លួន​មិន​គ្រប់គ្រាន់​វេជ្ជបណ្ឌិត​យើង​ច្រើន​នាក់​នៅទី​នេះ​ត្រូវ​តែ​ចែក​គ្នា​ប្រើ​សម្លៀក​បំពាក់​ការ​ពារ​ខ្លួន​តែ​មួយ។ ​វេជ្ជ​បណ្ឌិត​ខ្លះ​ត្រូវ​ពាក់​កន្ទប​លាមក​ដើម្បី​កុំ​ឱ្យ​ពួក​គេ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ការពារ​ខ្លួន​ញឹក​ញយ​ ដោយ​បារម្ភ​ថា​ គ្មាន​សម្លៀក​បំពាក់​បែប​នេះ​ទៀត‍»។​

អ្នកស្រី ​Xiao ​បាន​និយាយ​បន្ថែម​ថា «យើង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​សម្លៀក​បំពាក់​ការពារ​ខ្លួន​យ៉ាង​ច្រើន‍»។​

ការ​ខ្វះ​ខាត​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ​

បើ​តាម​អ្នកស្រី​ Xiao​ ថា​ មន្ទីរពេទ្យ​នេះ​ត្រូវ​ការ​ខ្លាំង​ណាស់​នូវ​វ៉ែនតា​ពាក់​ការពារ​ភ្នែក​៥​ពាន់​ ម៉ាស់​បែប​ N95​ ២​ម៉ឺន​ និង​សម្លៀក​បំពាក់​ការពារ​ខ្លួន​យ៉ាង​ច្រើន​តាម​ដែល​អាច​រក​បាន​ពីព្រោះ​មន្ទីរ​ពេទ្យ​នេះ​ប្រើ​ប្រាស់​វ៉ែនតា​ការពារ​ភ្នែក​១​ពាន់​ និង​ម៉ាស់៣​ពាន់​ក្នុង​មួយ​ថ្ងៃ។​

មន្ទីរ​ពេទ្យ​ Puren ​នៅ​ក្នុង​ក្រុង​ Wuhan ​ជា​មន្ទីរពេទ្យ​មួយ​ក្នុង​បណ្តា​មន្ទីរ​ពេទ្យ​២៤​ដែល​បាន​សុំ​វិភាគ​ទាន​សម្ភារៈ​ពេទ្យ​ជា​ផ្លូវ​ការ​ពី​សាធារណ​ជន​ដែល​មាន​រួម​បញ្ចូល​ម៉ាស់បែប​ N95​ និង​ម៉ាស់សម្រាប់​ប្រើ​នៅ​ពេល​វះ​កាត់​ សម្លៀក​បំពាក់​ការពារ​ខ្លួន​និង​ថ្នាំ​សម្រាប់​លាង​ដៃ។​

ក៏​ប៉ុន្តែ​លទ្ធផល​ពី​សប្បុរស​ជន​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះ​មិន​ជា​ការ​ពេញ​ចិត្ត​ទេ​ពីព្រោះ​វិភាគ​ទាន​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របស់​ឯកជន​មិន​សូវ​បាន​ការ​ទេ​ ​ពី​ព្រោះ​មិន​ត្រូវ​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ​ ​ហើយ​មន្ទីរ​ពេទ្យ​ជា​ច្រើន​មាន​ការ​ស្តាយ។​

បុគ្គលិក​ពេទ្យ​ម្នាក់​ទៀត​មាន​ឈ្មោះ​ Xiao ​ដែរ​ដែល​ធ្វើការ​នៅ​ឯ​មន្ទីរ​ពេទ្យ​លេខ​មួយ​ក្នុង​ក្រុង​ Wuhan​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​«យើង​ខ្វះ​សម្ភារៈ​ពេទ្យ​ច្រើន​ណាស់។​ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​វិភាគ​ទាន​ នេះ​ជា​ការ​ល្អ​ប្រសើរ...ក៏​ប៉ុន្តែ​បញ្ហា​គឺ​ថា​ សម្ភារៈ​ពេទ្យ​ភាគ​ច្រើន​ដែល​សាធារណ​ជន​ធ្វើ​វិភាគទាន​មិន​បាន​ជួយ​អ្វី​ច្រើន​ទេ។​ សម្ភារៈ​ទាំង​នេះ​គ្មាន​ស្តង់ដារ​វេជ្ជសាស្ត្រ​ទេ‍»។​

បុគ្គលិក​ពេទ្យ​រូប​នេះ​បាន​និយាយ​បន្ថែ​មថា​ «យើង​កំពុង​ខិត​ខំព្យាយាម​រក​មធ្យោបាយ​ឯ​ទៀតៗ​ដើម្បី​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ​ឱ្យ​បាន​គ្រប់គ្រាន់‍»។​

ការ​កសាង​មន្ទីរពេទ្យ​ថ្មីៗ​ជា​បន្ទាន់

នៅ​ពេល​ដោះ​ស្រាយ​ការ​ខ្វះខាត​សម្ភារៈ​ពេទ្យ ​អាជ្ញាធរ​នៅ​ក្នុង​ក្រុង ​Wuhan ​ដែល​ជាកន្លែង​កំណើត​មេរោគ​កូរ៉ូណា ​ក៏​ប្រញាប់​ប្រញាល់​កសាង​មន្ទីរពេទ្យ​បន្ទាន់​ចំនួន​ពីរ។​ គេ​គ្រោង​នឹង​ដាក់​គ្រែ​១​ពាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​បណ្តា​មន្ទីរ​ពេទ្យ​ទាំង​ពីរ​នេះ​ដែល​នឹង​ស្ថាបនា​ហើយ​បើក​ឱ្យ​មាន​ដំណើរ​ការ​នៅ​ថ្ងៃទី​៣​ខែ​កុម្ភៈ​ខាង​មុខ​នេះ។​

របាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ឲ្យ​ដឹង​ថា ​មន្ទីរពេទ្យ​ទី​ពីរ​ដែល​ត្រូវ​កសាង​យ៉ាង​លឿន​នេះ​នឹង​មាន​គ្រែ​១​ពាន់​៣រយ​ថែម​ទៀត​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត​ដើម្បី​ព្យាបាល​ពួកអ្នក​ជំងឺ​ដែល​ជាប់​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគដ៏​ប្រល័យ​ស្រដៀង​គ្នា​នឹង​ជំងឺ​រលាក​សួត​ដែរ។​

ចំណាត់​ការ​នេះ​ទំនង​ជា​បង្ហាញ​សញ្ញា​នៃ​ការ​ប្រយុទ្ធ​ខ្លាំងក្លា​មួយ​នៅ​ពេល​ខាង​មុខ​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​មេរោគ​នេះ​ដែល​នាំ​ឱ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដល់​មន្ទីរពេទ្យ​ប្រមាណ​២៤​នៅ​ក្នុង​ខេត្ត​ Hubei។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់រដ្ឋ​បាន​រាយ​ការណ៍​ថា មន្ត្រី​សុខាភិបាល​ក្រុង​ម្នាក់​បាន​សន្យា​ថា ​នឹង​ដាក់​បញ្ចូល​មន្ទីរ​ពេទ្យ​ថែម​ទៀត​ក្នុងការ​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ ​ប្រសិន​បើមាន​កំណើន​អ្នក​ជំងឺ។​

ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​វិបត្តិសុខភាព​សាធារណៈ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ការ​រាល​ដាល​ជំងឺ ​SARS​ ក្នុង​ឆ្នាំ​២០០៣​បាន​កើន​ឡើង​ដល់​ជាង​១០០​នាក់​ហើយ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ទារក​ម្នាក់​អាយុ​៩ខែ​ផង​ដែរ​ ហើយ​មាន​អ្នក​ផ្ទុក​មេរោគនេះ​ជាង​៦​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ គិត​ដល់​ថ្ងៃ​ពុធ។​

ដោយ​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ ពួក​ពេទ្យ​ខ្លះ​ដែល​ព្យាបាល​អ្នក​ជំងឺ​ដោយ​ផ្ទាល់​បាន​បាក់​ទឹកចិត្ត​ដោយ​សារ​ការ​រន្ធត់។​

វីដេអូ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ បាន​បង្ហាញ​វេជ្ជបណ្ឌិត​ចិន​ម្នាក់​បាន​យំ​ដោយ​សារ​លោក​ខ្វល់​ខ្វាយ​អំពី​មន្ទីរ​ពេទ្យ​ខ្វះ​ធនធាន​ដើម្បី​ព្យាបាល​ពួក​អ្នក​ជំងឺ។​ នៅ​ក្នុង​វីដេអូ​មួយ​ទៀតគេ​បាន​ឃើញ​គិលានុបដ្ឋាយិកា​ម្នាក់​និយាយ​ថា ​អ្នកស្រី​មិន​បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​ពួក​ជនជា​ទី​ស្រឡាញ់​របស់​អ្នកស្រី​ទេ​ នៅ​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​ដោយ​បារម្ភ​ថា​ទប់ទឹក​ភ្នែក​មិន​បាន។​

ការ​បាក់ទឹក​ចិត្តដោយ​សារ​ការ​រន្ធត់​

គិលានុបដ្ឋាយិកា​រូប​នេះ​បាន​និយាយ​ថា ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​អ្នកស្រី​មិន​ចង់​ឱ្យ​គ្រួសារ​អ្នកស្រី​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នក​ស្រី​ទេ។​

ពួក​បុគ្គលិក​ពេទ្យ​ ដែល​នៅ​ជិត​អ្នក​ជំងឺ​ក៏​ប៉ុន្តែ​គ្មាន​កិច្ច​ការពារ​គ្រប់​គ្រាន់​ទប់ទល់​នឹង​ជំងឺ​នេះ ​និយាយ​ថា​ ​ពួក​គេ​មាន​ការ​មិន​ស្រួល​ក្នុង​ចិត្ត​ច្រើន​ឡើងៗ​ នៅ​ក្រោយមាន​របាយ​ការណ៍​ថា ​វេជ្ជ​បណ្ឌិត​ចិន​ម្នាក់​ដំបូង​គេ​បាន​ស្លាប់​កាលពីថ្ងៃ​សៅរ៍​ដោយ​សារ​លោក​បាន​នៅ​ជិត​អ្នក​ជំងឺ។​

បុគ្គលិក​ម្នាក់​នៅ​ឯមន្ទីរ​ពេទ្យ​ Jinyintang ​ក្នុង​ក្រុង ​Wuhan ​បាន​និយាយ​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មន្ទីរ​ពេទ្យ​នេះ​មាន​ម៉ាស់​ប្រើ​នៅ​ពេល​វះ​កាត់​មិន​គ្រប់​គ្រាន់​ទេ​ហើយ​ថា​ គិលានុបដ្ឋាយិកា​ខ្លះ​មិន​អាច​ធ្វើអ្វី​កើត​ទេ ​ក៏​ប៉ុន្តែ​សង្ឃឹម​ថា ​ការ​ពាក់​ម៉ាស់​ច្រើន​ជាន់​ដែល​មិន​មែនសម្រាប់​ប្រើ​ក្នុង​ការ​វះកាត់​អាច​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការ​ការពារ​គ្រប់គ្រាន់​នៅ​ពេលពួក​គេ​ថែ​ទាំ​ពួកអ្នក​ជំងឺ​ដែល​អាច​ចម្លង​មេរោគ​ខ្លាំង។​

ជា​កុសលល្អ ​យុទ្ធនាការ​សុំ​ជំនួយ​តាម​រយៈ​បណ្តាញ​សង្គម​ GoFundMe បណ្តាញ Weibo និង​ WeChat​ បាននាំ​ឱ្យ​មាន​ការ​បញ្ជូន​សម្ភារៈ​ពេទ្យ​ទៅ​កាន់​ខេត្ត​ Hubei ​ទោះ​ណាជា​ភាគ​ច្រើន​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុង​ Wuhan ក៏​ដោយ។​

មន្ទីរពេទ្យ​មួយនៅ​ក្នុង​ក្រុង ​Huanggang ​ដែល​នៅជិត​ក្រុង​ Wuhan ​បាន​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា ការ​លំបាករបស់​ខ្លួន​ដោយ​សារ​មាន​ធនធាន​មិន​គ្រប់គ្រាន់​អាច​ត្រូវ​សម្រាល​បាន​នៅ​ពេល​ដែល​ជំនួយ​សម្ភារៈ​ពេទ្យ​នឹង​ទៅ​ដល់​នៅ​ពេល​បន្ទាប់។​

បុគ្គលិក​ម្នាក់​ឈ្មោះ ​Yang ​នៅ​ឯ​មន្ទីរ​ពេទ្យ​កណ្តាល​នៃ​ក្រុង ​Huanggang​ បាន​និយាយ​ថា​ «ពីព្រោះម៉ាស់​និង​សម្លៀក​បំពាក់ការពារ​ខ្លួន​ទាំង​នេះ​សម្រាប់​ប្រើ​តែ​ម្តង ​កាលពី​ពេល​ថ្មីៗ​នេះ​យើង​ចាប់​ផ្តើម​សុំ​ជំនួយ​សម្ភារៈ​ពេទ្យ។ ​យើង​បាន​ទទួល​សម្ភារៈ​ទាំង​នេះ​តិច​តួច​ណាស់​ សម្ភារៈ​ភាគ​ច្រើន​ប្រហែល​កំពុង​បញ្ជូន​មក​ហើយ។​ យើង​ដឹង​មិន​ច្បាស់ទេ​ថា ​តើ​មាន​សម្ភារៈ​ពេទ្យ​ប៉ុន្មាន​ទៀត​ដែល​យើង​នឹងទទួល​បាន‍»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG