ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​អាមេរិក​ថា ចិនអាច​កេងប្រយោជន៍​ពី​វិបត្តិ​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ឈរ​ថតរូប​ជាមួយ​គ្នា​នៅ​មុន​ជំនួប​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (Alexei Druzhinin, Sputnik, Kremlin Pool Photo via AP)

ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ព្រមាន​ថា ចិនអាច​កេង​ប្រយោជន៍​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ហើយ​ធ្វើការ«បង្ក​ហេតុ»នៅ​ក្នុង​តំបន់​អាស៊ី ស្របពេល​ដែល​មហា​អំណាច​លោក​ខាង​លិច ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការដាក់ពង្រាយ​កងទ័ព​ជាង១សែន​នាក់​របស់​រុស្ស៊ី​នៅ​តាម​ព្រំដែន​ប្រទេស​អ៊ុយក្រែន បាន​បណ្តាល​ឲ្យ​មាន​ការភ័យខ្លាច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​បណ្តា​រដ្ឋធានី​នៃ​ប្រទេស​លោក​ខាង​លិច​អំពី​ការឈ្លានពាន។

លោក​ឧត្តមសេនីយ៍ Kenneth Wilsbach មេបញ្ជាការ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​កត់​សម្គាល់​ថា ចិនបាន​ធ្វើ​សម្ព័ន្ធមិត្ត​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​នេះ ដែល​កំពុង​លើកឡើង​អំពី​សំណួរ​អំពី​ចេតនា​ផ្ទាល់​នៅ​ក្នុង​តំបន់​អាស៊ី។

លោក​ឧត្តមសេនីយ៍ Wilsbach បាន​និយាយ​ទៀត​ថា៖ «ចិន​មើលឃើញ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប ហើយព្យាយាម​ធ្វើ​អ្វី​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប្រាកដ​ណាស់​អំពី​បញ្ហា​នេះ។ នេះ​ជា​ការព្រួយ​បារម្ភ​មួយ»។

លោក​ឧត្តមសេនីយ៍ បាន​ថ្លែង​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ខាង​ក្រៅ​ការតាំង​ពិព័រណ៍​យន្ត ហោះ​ក្នុង​ប្រទេស​សិង្ហបុរី​ថា «ខ្ញុំ​មាន​ការព្រួយ​កង្វល់​ថា ចិន​ចង់​ឆ្លៀតយក​ប្រយោជន៍»។
លោក​និយាយ​ទៀត​ថា៖ «វា​គ្មាន​ការភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ពួកគេ​ព្យាយាម​ធ្វើ​អ្វី​ដែល​អាច​ជា​ការបង្កហេតុ​ ហើយ​យើងនឹង​ឃើញ​តើ​សហគមន៍​អន្តរជាតិ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច​នោះ»។

លោក​ឧត្តមសេនីយ៍ Wilsbach បាន​និយាយ​បន្ត​ទៀត​ថា នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េ កាំង សម្តែង​ការគាំទ្រ​រុស្ស៊ី​នៅ​ក្នុង​ភាពមិន​ចាញ់​មិន​ឈ្នះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ លោក​បាន​ធ្វើ​ការពិភាក្សា​ជាមួយ​បុគ្គលិក​របស់​លោក​ និង​អង្គភាព​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អំពីការទាក់ទិន​របស់​ចិន​នេះ។

ទីបញ្ជាការ​របស់​លោក​ឧត្តមសេនីយ៍ Wilsbach មាន​ទីតាំង​នៅ​កោះ​ហាវ៉ៃ នឹង​ដើរ​តួនាទី​ដ៏​សំខាន់​មួយ ប្រសិនបើជម្លោះ​ផ្ទុះឡើង​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ចំពោះ​ការធ្វើ​ឲ្យ​មាន​ការតានតឹង​នៅ​ក្នុង​តំបន់​នៅពេល​ដែល​ខ្លួន​ត្រួតត្រា​ប្រជុំ​កោះ​សំខាន់​ៗ​និង​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទាមទារគ្រប់​គ្រង​ដែន​សមុទ្រ​នោះ​ស្ទើរតែ​ទាំង​អស់ ក៏ប៉ុន្តែ ការទាមទារ​នោះ បាន​ត្រួត​ស៊ីគ្នា​ជាមួយ​កោះ​តៃវ៉ាន់​និង​ប្រទេស​៤ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែលមាន​ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន​និង​ប្រទេស​វៀតណាម។

ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច មិន​បាន​ទាមទារ​នៅ​ទីនោះ ពួក គេ​ភ័យខ្លាច​ថា ការត្រួតត្រា​របស់​ចិន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​ក្នុង​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​នេះ។

ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ចិន​ក៏​បាន​បង្កើន​ការដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ ដែល​ខ្លួន​ចាត់ទុក​ថា ជា​ទឹកដី​របស់​ខ្លួន ដោយ​ការបញ្ជូន​យន្តហោះ​ចំបាំង​ចូល​ក្នុង​តំបន់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។

លោក​ឧត្តមសេនីយ៍ Wilsbach បាន​និយាយ​ទៀត​ថា នៅពេល​ដែល​ចិន ក្រឡេក​មើល​វិបត្តិ​នោះ ចិន​ពិចារណា​ថា​តើ«នេះ​ជា​ឱកាស​ដើម្បី​ចំណេញ​ដែរ​ឬទេ»។

លោក​ឧត្តមសេនីយ៍​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ចិន អាច​ធ្វើ​ក្នុង​អំឡុង​នៃ​វិបត្តិ​នៃ​ប្រ ទេស​អ៊ុយក្រែន​នោះ​ទេ ដោយ​និយាយ​ថា «ប្រហែលជា​មាន​ជម្រើស​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាលក្រុង​ប៉េកាំង»៕

XS
SM
MD
LG