ប្រទេសចិនបានប្រាប់ឲ្យដឹងថា ខ្លួននឹងយកពន្ធគយលើទំនិញនាំចូលដែលមានតម្លៃ ៦០ពាន់លានដុល្លារ មកពីសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើទំនិញចិន ដែលមានតម្លៃជាង ២រយពាន់លានដុល្លារ ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយបានចាត់វិធានការយកពន្ធគយលើទំនិញនាំចេញដែលមានតម្លៃ ៣រយលានដុល្លារ ថែមទៀតរបស់ចិន។
ក្រសួងហិរញ្ញវត្ថុចិន បានប្រាប់ឲ្យដឹងថា ការយកពន្ធគយថ្មីពី ៥ទៅ២៥ ភាគរយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ហើយនឹងប៉ះពាល់ដល់ផលិតផលនាំចេញចំនួន ៥.១៤០ មុខដែលនាំចេញទៅកាន់ប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា ការឆ្លើយតបរបស់ខ្លួនបានដៅលើការអនុវត្តពាណិជ្ជកម្មឯតោភាគី និងការការពារការប្រើប្រាស់ទំនិញក្នុងស្រុករបស់សហរដ្ឋអាមេរិក។
ក្រសួងការបរទេសចិនបានប្រាប់ឲ្យដឹងថា៖ «ចិន នឹងមិនដែលដាក់ការគាបសង្កត់បរទេសទេ។ យើងបានតាំងចិត្តហើយមានលទ្ធភាពការពារសិទ្ធិត្រឹមត្រូវតាមច្បាប់ និងផលប្រយោជន៍របស់យើង។ យើងនៅតែសង្ឃឹមថា សហរដ្ឋអាមេរិក នឹងសម្របសម្រួលជាមួយយើង»។
ការយកពន្ធគយថ្មីរបស់ចិនកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី ត្រាំ បានបញ្ជូនសារតាមប្រព័ន្ធ Twitter ដែលបានជំរុញឲ្យចិនកុំធ្វើការតបតវិញ។ ប្រធានាធិបតី ត្រាំ បានអះអាងថា ចិនមានប្រៀបយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រធានាធិបតីមុនរបស់យើង មិនបានធ្វើការងារទេ។ ដូច្នេះ ចិន មិនត្រូវសងសឹកដែលធ្វើឲ្យបញ្ហានេះកាន់តែអាក្រក់ឡើងទេ។
ការរាលដាលកាន់តែធំឡើងនៃការបង្កើនពន្ធគយទៅវិញទៅមក បានធ្វើឲ្យប៉ះពាល់ភ្លាមៗ ដល់ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដោយផ្សារភាគហ៊ុន Dow Jones Industria Average បានដាំក្បាលចុះជាង ២ភាគរយ នៅក្នុងការលក់ដូរពាក់កណ្តាលថ្ងៃនៅបុរីញូវយ៉ក៕