ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិ​ធី​ប្រគល់​​ប្រព្រិត្តិទៅ​ នៅ​ពេល​ជ័យលាភី​រង្វាន់​ណូបែល​​សន្តិភាព​ជាប់​ឃុំ​


ក្រុម​ប៉ូលីស​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១០ កំពុង​ល្បាត​នៅ​ខាង​ក្រៅ​​ផ្ទះ​ដែល​ភរិយា​របស់​លោក Liu Xiabo ត្រូវ​ជាប់​ឃុំ​ឃាំង​​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
ក្រុម​ប៉ូលីស​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១០ កំពុង​ល្បាត​នៅ​ខាង​ក្រៅ​​ផ្ទះ​ដែល​ភរិយា​របស់​លោក Liu Xiabo ត្រូវ​ជាប់​ឃុំ​ឃាំង​​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

អ្នក​ប្រឆាំង​ជនជាតិ​ចិន​ លូ ស្ស៊ាបូ (Liu Xiaobo) ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រូវបាន​ប្រគល់​ឲ្យ​នូវរង្វាន់​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​គណៈកម្មការរង្វាន់​ណូបែល​នៅ​ឯពិធីមួយដែល​ត្រូវ បាន​ប្រារព្ធនៅ​រាជធានី​អូស្លូ​ (Oslo) នៃ​ប្រទេស​ណ័រវ៉េ (Norway)។ ក្នុង​ពេល​ជា​មួយគ្នា​នោះ​ រដ្ឋាភិបាលចិន​កំពុងតាមឃ្លាំ​មើលអ្នកគាំ​ទ្ររបស់លោក​ លូ នៅក្នុងប្រទេស​ចិន​យ៉ាងហ្មត់​ចត់។

អាជ្ញាធរចិនត្រូវ​បានមើលឃើញ​ថា បានបន្តឹងសន្តិសុខនៅខាងមុខ​បរិវេណផ្ទះ​ដែលភរិយារបស់លោក ​ លូ ស្ស៊ាបូ គឺ​អ្នក​ស្រី លូ ស្ស៊ា (Liu Xia) ត្រូវ​បានបង្ខាំង​ ចាប់​តាំង​ពី​លោក លូ ស្ស៊ាបូ ឈ្នះ​រង្វាន់សន្តិភាពដ៏ល្បីនៅក្នុងខែ​តុលា។

ឆ្មាំ​សន្តិសុខឆែក​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​ផ្ទះ​នោះ។ រថយន្តប៉ូលីសពង្រាយនៅគ្រប់ជ្រុងនៃបរិវេណ​ ហើយភ្នាក់​ងារសន្តិសុខដើរ​ល្បាតនៅក្នុងបរិវេណ។ អាជ្ញាធរ​ចិនក៏​យាម​កាមយ៉ាងហ្មត់ចត់​ ឃ្លាំមើល​អ្នក​គាំទ្រ​របស់លោក លូ ស្ស៊ាបូ និងចាប់​គេ​ដាក់​ឃុំ​ក្នុង​ផ្ទះ ឬឃ្លាំ​មើល​យ៉ាង​តឹងរឹង។

កាលពី​ថ្ងៃ​សុក្រ មេធាវី​ ពូ ​ស្ស៊ីជាង (Pu Zhigiang) និយាយ​ថា​ ភ្នាក់ងារ​សន្តិសុខបង្ហាញមុខ​ដើម្បី​ឃ្លាំមើលគាត់​ ហើយ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅក្រៅ​រដ្ឋធានី​ប៉េកាំងជាមួយ​គាត់​។

លោក​ ពូ និយាយ​ថា​ ភ្នាក់ងារ​ទាំង​នោះ​ទៅតាម​គាត់​ពី​ព្រោះ​តែ​ពិធី​ប្រគល់​រង្វាន់ណូបែល​ ដែល​គាត់​ហៅ​ថា «គូរ​ឲ្យ​ខ្លាច» គឺ​មិន​មែន​ដោយសារ​គាត់​ខ្លាច​នោះ​ទេ គឺ​រដ្ឋាភិបាល​ចិន​ដែល​ជាអ្នក​ខ្លាច។ លោក ពូ​ និយាយថា​ ពេល​នេះ​ ភ្នាក់ងារសន្តិសុខ​ប្រាប់​គាត់​ថា គេ​នឹង​ឈប់​តាម​គាត់​នៅ​ថ្ងៃសៅរ៍។

អ្នក​ផ្សេង​ទៀត​ដូចជា អ្នក​យក​ព័ត៌មាន​ លី​ ដាតុង (Li Datong) ប្រឈមនឹង​ការដាក់កំហិត​ក្នុងការធ្វើដំណើរទៅបរទេស។ លោក​ លី និយាយ​ថា គាត់​គិត​ថា គាត់នឹងមិនត្រូវ​បានអនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស​ទេ​ រហូត​ដល់​ចុង​ខែ​មករា។

នៅ​ឯពិធី​ជូន​ព័ត៌មាន​ក្នុង​សប្តាហ៍​នេះ​ អ្នក​នាំ​ពាក្យក្រសួងការបរទេស​ លោក​ស្រី ជាន​ យូ (Jian Yu) ត្រូវបាន​សួរ​អំពី​ការ​ដាក់​កំហិត​មួយ​ចំនួន​របស់​រដ្ឋាភិបាលចិន​ចំពោះ​អ្នក​គាំ​ទ្រ​លោក លូ ឬមូល​ហេតុ​ដែលភរិយា​របស់​លោក​លូ ត្រូវ​បានបង្ខាំងក្នុងផ្ទះ ទោះបីជា​គាត់​មិនបានប្រព្រឹត្តិអំពើឧក្រឹដ្ឋ​កម្មនោះ។ ទោះ​បី​ជា​សំណួរ​បែប​នេះ​ត្រូវបាន​សួរ​ម្តង​ហើយ​ម្តង​ទៀត​ក្តី ក៏​លោកស្រី​ ជាន មិន​បាន​ផ្តល់​ចម្លើយ​ចំៗ​ដែរ។

លោក​ស្រី​ ជាន និយាយថា អ្នក​យក​ព័ត៌មាន​គួរ​សួ​រ​អ្វី​ដែល​គាត់​ហៅ​ថា «អាជ្ញធរ​មានសមត្ថកិច្ច»។ គាត់​ក៏​បាន​បង្ហាញ​ពី​ការ​សង្ស័យ​ចំពោះ​ភាព​ត្រឹមត្រូវ​នៃ​សេចក្តី​រាយការណ៍​អំពី​ការ​បង្ខាំង​ក្នុង​ផ្ទះ និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត។

គណៈកម្មការ​រង្វាន់​ណូបែល បាន​ប្រគល់​រង្វាន់​សន្តិភាព​ជូនលោក​ លូ ស្ស៊ាបូ សម្រាប់​អ្វី​ដែល​គណៈកម្មការ​នោះ​ហៅ​ថា គឺ​ជា​ការ​តស៊ូ​អហឹង្សា​ដ៏​យូរ​អង្វែង សម្រាប់​សិទ្ធិមនុស្ស​ជាមូលដ្ឋាននៅ​ក្នុង​ប្រទេស​ចិន។ លោក លូ គឺ​ជា​អ្នក​និពន្ធសកម្ម​ជើង​ចាស់ ដែល​បាន​ជួយ​រៀបចំ​ធម្មនុញ្ញ០៨ (Chapter 08) ដែល​ជា​សេចក្តី​ប្រកាសដែល​អំពាវនាវ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​កំណែ​ទម្រង់នៅប្រទេស​ចិន។ គាត់​បាន​បាត់​មុខ​ដោយ​ត្រូវ​បានចាប់​ដាក់​ឃុំ​កាល​ពី​ពីរ​ឆ្នាំមុន។ កាល​ពី​ឆ្នាំកន្លង​ទៅ​ លោក លូ ស្ស៊ាបូ ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារចំនួន១១​ឆ្នាំ​ពី​បទ​វិទ្ធង្សនា៕ ៚

ប្រែ​សម្រួល​ដោយ​ ​អ៊ឹម សុធារិទ្ធ​។

XS
SM
MD
LG