ប្រទេសចិនបានរាយការណ៍ថា សេដ្ឋកិច្ចរបស់ខ្លួនបានកើនឡើងតែ៧ភាគរយក្នុងត្រីមាសទី២ ដែលជាការល្អប្រសើរជាងការរំពឹងទុករបស់អ្នកវិភាគបរទេសជាច្រើន។
ការកើនឡើងនៃសេដ្ឋកិច្ចចិនចំនួន ៧,៤ភាគរយកាលពីឆ្នាំទៅជាការកើនឡើងតិចបំផុតក្នុងរយៈពេល២៤ឆ្នាំ ហើយការកើនឡើងនៅឆ្នាំនេះទំនងជានឹងកាន់តែតិចជាងនេះទៅទៀត។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ ថាតើសេដ្ឋកិច្ចចិននឹងចុះថយដល់កម្រិតណាទេ ហើយក្រុមអ្នកវិភាគបរទេសមានការមិនទុកចិត្តលើស្ថិតិផ្លូវការរបស់រដ្ឋទេ។
ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ទី២នៅលើពិភពលោក បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងឆាប់រហ័សដែលមិនបានរំពឹងទុកជាមុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់ពីមានការកំណើនសេដ្ឋកិច្ចពីរខ្ទង់អស់ពេល៣០ឆ្នាំមកនេះ។
កាលពីពេលថ្មីៗនេះ ប្រទេសចិនចាំបាច់ត្រូវចាត់វិធានការសំខាន់ៗ ដើម្បីស្តារការដាំក្បាលចុះនៃទីផ្សារហ៊ុន ដែលបានធ្វើឲ្យបាត់បង់តម្លៃហ៊ុនក្នុងទីផ្សារអស់ជិត៣០ភាគរយក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ៕