ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ស្នើ​អាមេរិក​កុំឱ្យ​ស្ទាក់ស្ទើរ​លើ​ខ្លួនឯង


នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​សភាអាមេរិករួម​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែ​មេសា ឆ្នាំ​២០២៤។
នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​សភាអាមេរិករួម​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែ​មេសា ឆ្នាំ​២០២៤។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ស្នើឱ្យ​សហរដ្ឋ​អាមេរិក​យកឈ្នះ​លើ «ភាព​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង» នៅពេល​លោក​ថ្លែង​សរសើរ​អំពី​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សភា​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ដោយ​ព្រមាន​អំពី​ហានិភ័យ​នៃ​ឥទ្ធិពល​កើនឡើង​របស់​ចិន លោក Kishida បាន​និយាយ​ថា ប្រទេស​ជប៉ុន ដែល​ត្រូវ​បាន​ដក​សិទ្ធិ​យោធា​នៅ​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ បាន​តាំងចិត្ត​ថា​នឹង​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ចែក​រំលែក​ការ​ទទួល​ខុសត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោក Kishida បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​រួម​របស់​សភា​អាមេរិក​ទាំង​ពីរ​ថ្នាក់​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ខណៈ​យើង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ ខ្ញុំ​ឃើញ​មាន​ភាព​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​អំពី​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក»។

លោក Kishida បាន​និយាយ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​ថា៖ «របៀប​រៀបរយ​អន្តរជាតិ​ ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​អស់​ជាច្រើន​ជំនាន់​ដើម្បី​ស្ថាបនា​ឡើង​កំពុង​ជួប​នឹង​ការ​ប្រឈម​ថ្មីៗ​ជាច្រើន ដែល​នោះ​គឺ​ការ​ប្រឈម​ពី​ប្រទេស​ដែល​មាន​គុណតម្លៃ​និង​គោលការណ៍​ខុស​ពី​យើង​ខ្លាំង»។

លោក Kishida បាន​និយាយ​ថា លោក​យល់​អំពី «ភាព​ហត់នឿយ​ក្នុង​ការ​ធ្វើ​ជា​ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​នូវ​របៀប​រៀបរយ​អន្តរជាតិ​ស្ទើរតែ​ម្នាក់ឯង»។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា៖ «ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ»។

លោក​បាន​លើក​ជា​សំណួរ​ថា៖ «បើ​គ្មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ទេ តើ​អ៊ុយក្រែន​អាច​ស៊ូ​នឹង​ការ​វាយប្រហារ​របស់​រុស្ស៊ី​បាន​យូរ​ប៉ុណ្ណា? បើ​គ្មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ទេ តើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាច​ប្រឈម​នឹង​តថភាព​ដែល​កាន់តែ​ធ្ងន់ធ្ងរ​បាន​យូរ​ប៉ុណ្ណា?»៕

XS
SM
MD
LG