ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Evergrande របស់​ចិន​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ប៉ូលិស


រូបឯកសារ៖ រូបសញ្ញារបស់ក្រុមហ៊ុន China Evergrande Group នៅលើទីស្នាក់ការរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ រូបសញ្ញារបស់ក្រុមហ៊ុន China Evergrande Group នៅលើទីស្នាក់ការរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

បណ្តាញ​ទូរទស្សន៍​ Bloomberg News បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ China Evergrande Group កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ប៉ូលិស ដែល​នេះ​បង្ក​ឱ្យ​មាន​ចម្ងល់​អំពី​អនាគត​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រួមរឹត​ដោយ​បញ្ហា​នេះ ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​ព្យាយាម​ដោះស្រាយបញ្ហា​គំរាម​កើនឡើង​នៃ​ការ​លក់​ក្រុមហ៊ុន​ដើម្បី​សង​បំណុល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

រូបឯកសារ៖ លោក Hui Ka Yan ប្រធាន​ក្រុមហ៊ុន Evergrande Real Estate Group Ltd ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក Hui Ka Yan ប្រធាន​ក្រុមហ៊ុន Evergrande Real Estate Group Ltd ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦។

ដោយ​យោង​លើ​អ្នក​ដែល​ដឹង​អំពី​រឿង​នេះ សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន Bloomberg News បាន​លើកឡើង​ថា លោក Hui Ka Yan ដែល​បាន​បង្កើត​ក្រុមហ៊ុន Evergrande នេះ​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ទៅ​កាលពី​ដើម​ខែ​នេះ​ហើយ​កំពុង​ត្រូវ​បាន​ប៉ូលិស​តាមដាន​នៅ​ទីតាំង​ស្នាក់នៅ​ដែល​អាជ្ញាធរ​កំណត់​ឱ្យ។

ក្រុមហ៊ុន Evergrande គឺ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ជាប់​បំណុល​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដោយ​ជាប់​បំណុល​សរុប​ជាង ៣០០ ពាន់​លាន​ដុល្លារ និង​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​វិបត្តិ​សាច់ប្រាក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន។ វិស័យ​អចលនទ្រព្យ​នេះ​មាន​ចំនួន​ស្មើ​នឹង​ប្រហែល​មួយ​ភាគ​បួន​នៃ​សេដ្ឋកិច្ច​របស់​ចិន។

សារព័ត៌មាន Bloomberg News ថា គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ហេតុអ្វី​បាន​ជា​លោក Hui ត្រូវ​ប៉ូលិស​តាមដាន និង​ថា​វិធានការ​នេះ​គឺ​ជា​ប្រភេទ​នៃ​វិធានការ​របស់​ប៉ូលិស​ដែល​មិន​ឈាន​ដល់​កម្រិត​នៃ​ការ​ឃុំឃាំង​ផ្លូវការ​ឬ​ក៏​ការ​ចាប់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​លោក Hui នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ណា​មួយ​នោះ​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នូវ​សេចក្ដី​រាយការណ៍​នេះ​បាន​ទេ ដោយសារ​តែ​ក្រុមហ៊ុន Evergrande ស្នងការដ្ឋាន​នគរបាល​ខេត្ត Guangdong និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​យោបល់​នោះ​ទេ។

មនុស្ស​ម្នាក់​ដែល​ស្និទ្ធ​នឹង​ក្រុមហ៊ុន Evergrande បាន​និយាយ​ថា លោក Hui បាន​ឈប់​ទាក់ទង​បុគ្គលិក​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ រី​ឯ​ប្រភព​មួយ​ទៀត​ផ្នែក​អចលនទ្រព្យ​បាន​បញ្ជាក់​ថា គេ​មិន​អាច​ទាក់ទង​លោក​បាន​ទាំងស្រុង។ ប្រភព​ទាំង​ពីរ​នេះ​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ៕

XS
SM
MD
LG