ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជោគ​ជ័យ​ផ្នែក​ការ​ទូត​របស់​ចិន​អាច​នឹង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ


លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​របស់​ចិន ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​លើក​ទី២៣ នៅ​ក្នុង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​របស់​ចិន ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​លើក​ទី២៣ នៅ​ក្នុង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ជាមួយ​នឹង​ពាក្យ​សម្តី​ប្រកាន់​នូវ​ជំហរ​របស់​ខ្លួន​ ចិន​ទំនង​ជា​ទទួល​បាន​ជោគ​ជ័យ​ផ្នែក​ការ​ទូត​កាលពី​សប្តាហ៍​មុន​ ដោយ​បាន​ប្រកាស​ពី​ការ​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ប្រឆាំង​នឹង​ការ​អះអាង​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ អ្នក​ខ្លះ​អះអាង​ថា ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​វប្បធម៌​មិន​គោរព​នឹង​សេចក្តី​សម្រេច​របស់​តុលាការ។ ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា ចិន​នឹង​នៅ​តែ​ត្រូវ​ប្រឈម​ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង​ចេញ​ពី​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​នឹងធ្វើ​ឲ្យ​សំណុំ​រឿង​នេះ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់​ថែម​ទៀត​ត្រង់​ចំណុច​ដែល​ចិន​បាន​អះអាង​ថា​នឹង​នៅ​តែ​បន្ត​ជំទាស់​តវ៉ា​លើ​​ជម្លោះ​ដែន​ដី​ទឹក​នេះ។

លោក Tim Huxley នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​នៅ​អាស៊ី​បាន​និយាយ​ថា កិច្ច​សន្ទនា​ទេ្វ​ភាគី​នា​ពេល​ខាង​មុខ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​នឹង​រដ្ឋ​ដែល​ទាម​ទារ​ចំណែក​ផ្សេង​ទៀត​ រួម​មាន​ហ្វីលីពីន និង​វៀតណាម​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ។

លោក Huxley និយាយ​ថា៖ «និយាយ​មួយ​បែប​ទៀត​ ហ្វីលីពីន និង​វៀតណាម​កំពុង​និយាយ​ថា អូខេ យើង​អាច​និយាយ​គ្នា​បាន។ ប៉ុន្តែ​យើង​នឹង​មិន​និយាយ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​របស់​អ្នក​ទេ។ យើង​នឹង​និយាយ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​របស់​យើង ហើយ​លក្ខខណ្ឌ​របស់​យើង​គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ»។

អ្នក​វិភាគ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​រូប​នេះ​និយាយ​ថា ដូច្នេះ ​វាអាច​នឹង​មាន​ការ​យល់​ច្រំឡំ​លើ​ការ​រំពឹងថា​នឹង​មានការវិវត្ត​ភ្លាមៗ ​ពីព្រោះប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​រយៈ​ពេល​វែង​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​ ​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើនបើ​ទោះ​បី​ជា​មិន​មែន​រាប់​ទសវត្សរ៍ ​ដើម្បី​អាច​លេច​ចេញ​ជារូបរាង។

យុទ្ធសាស្រ្ត​ការ​ទូត

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កាល​ពី​ដើម​សប្តាហ៍​នេះ​ «បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន» ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់ថា អាស៊ាន ​ក្នុង​ការ​មិន​និយាយ​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ឬ​ករណី​សេចក្តី​សម្រេច​របស់​តុលាការ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​នៅប្រទេស​ឡាវ។​

ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជោគជ័យ​មួយ​ទៀត​ផ្នែក​ការ​ទូតរបស់​ចិន​ បន្ទាប់​ពី​ខ្លួន​បាន​ដាក់​សម្ពាធ​លើ​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួ​១០ ​ឲ្យ​កែ​ប្រែ​នូវ​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា។

បន្ទាប់​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​ជឿ​ថា «កម្តៅ​នៃ​បញ្ហា​នេះ​បាន​ធ្លាក់​ចុះ​ហើយ» នៅ​ខណៈ​ដែល​លោក​«បាន​បន្ទោស» ទៅ​លើ​អ្វី​ដែល​លោក​បាន​ហៅ​ថា កម្លាំង​ពី​ខាង​ក្រៅ​ ដែល​លោកចោទ​ថា​បានបង្ក​ឲ្យ​មាន​កម្តៅ​នេះ​ឡើង​ក្នុង​ចំណោម​រដ្ឋ​ទាំង​អស់​ដែល​ទាមទារ​យក​ផ្លូវ​ទឹក​នេះ។

លោក ​Wang ​បាន​ពណ៌នា​សេចក្តី​សម្រេច​របស់​តុលាការ​ថា​ជា «ការ​ចេញ​វេជ្ជ​បញ្ជា​ខុស ដែល​នឹង​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​នោះ​បាន​ទេ»។

បន្ទាប់​មក​លោក​បាន​រិះគន់​ខ្លាំង​លើ​សេចក្តី​ថ្លែងការណ៍​ត្រី​ភាគី​ដែល​ចេញ​ដោយ​អាមេរិក ​ជប៉ុន​ និង​អូស្រា្តលី​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ចោទ​ថា​បាន «បញ្ឆេះ​អណ្តាត​ភ្លើង» លើ​បញ្ហា​តានតឹង​ក្នុង​តំបន់​ បន្ទាប់​ពី​សម្ព័ន្ធ​មិត្ត​ទាំង​៣​បាន​ជំរុញកុំ​ឲ្យ​ប្រទេស​ចិនសាងសង់​មូលដ្ឋាន​យោធា និង​រាន​យក​ដី​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ​ ដែល​ការ​ជំរុញ​នេះ​គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​ទាមទារ​ផ្សេង​ទៀត។​

យោធាចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ប្រកាស​ពី​ផែន​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​នឹង​កង​កម្លាំង​រុស្ស៊ី​នៅ​ក្នុង​ខែ​កញ្ញា​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ សមយុទ្ធ​នេះ​មាន​បំណង​បង្កើន​ទំនាក់​ទំនង​រវាង​យោធា​របស់​ប្រទេស​ទាំង​ពីរ និង​បង្កើន​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ខាង​ផ្លូវ​ទឹក។ នេះ​បើ​យោង​តាម​លោក Yang Yujun អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ខែ។

សរុប​មក ចិន​បាន​ខិតខំ​គ្រប់​មធ្យោបាយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ចំពោះ​មុខ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នៅ​ពី​ក្រោយ​លើ​ជំហរមិន​ទទួល​យក​របស់​ខ្លួន ​ក្នុង​ជម្លោះ​នេះ។

ជំហរ​នេះ​បូក​រួម​ទាំង​ការ​បញ្ចេញ​វីដេអូ​ជា​សាធារណៈ​ដំបូង​រយៈពេល​៣នាទីនៅ​លើ​ចំណុច​ប្រសព្វ​ Time Square (ក្នុង​ទីក្រុងញូវយ៉ក) ​ដោយ​បាន​ចាក់​បញ្ចាំង​ចំនួន​១២០​ដង​ក្នុង​មួយ​ថ្ងៃ​និង​បន្ត​ដល់​ថ្ងៃសុក្រ​សប្តាហ៍​ក្រោយ​ ដែល​សារព័ត៌មាន​អាមេរិក​មួយ​ចំនួន​បាន​ពណ៌នា​បែប​ចំអក​ថា ​វា​ជាការ​ផ្សាយ​ក្នុង​កម្រិត​ដែល​ធ្វើឲ្យ​មាន​ការ​ធុញ​ទ្រាន់​មួយ ​ដែល​លើស​ពីភាព​ស៊ូទ្រាំ​របស់មនុស្ស​បាន។

ជំហរ​សុចរិត​ភាព​របស់​ចិន​ត្រូវ​បាន​សង្ស័យ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​បាន​និយាយ​ថា​ ការ​ដាក់​សម្ពាធ​លើ​អាស៊ាន​ឲ្យចេញ​សេចក្តី​ថ្លែង​ការណ៍​ដែល​មិន​មាន​ប្រសិទ្ធិភាព​មួយ​ ​ប្រហែល​ជា​អាច​ទុក​មុខ​ទុក​មាត់​ឲ្យ​ប្រទេស​ចិន​បាន​ ប៉ុន្តែ​ ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​រក្សា​សុចរិតភាព​របស់​ខ្លួន​យ៉ាង​ណា​នោះ​ នៅ​តែ​ចម្ងល់​នៅ​ឡើយ។

លោក ​Walden Bello ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អាស៊ី​ក្នុង​ក្រុង​ក្យូតុប្រទេស​ជប៉ុន​បាន​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​ខ្លី ​ប្រទេស​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​គំរាម​កំហែង ប៉ុន្តែ​នេះ​ជា​ការ​ប៉ុនប៉ង​សម្លុត​ប្រើ​កម្លាំង​ដែល​នឹង​ត្រូវ​បាន​គេ​ចង​ចាំ ហើយ​ច្បាស់​ណាស់​ការ​ធ្វើ​ដូច្នេះ​នឹង​មិនធ្វើ​ឲ្យ​ចិន​ចំណេញ​អ្វី​នោះ​ទេ​ នៅ​ទី​បញ្ចប់»។​

លោក ​Bello​ ដែល​ជា​អតីត​សមាជិក​នៃ​រដ្ឋ​សភា​ហ្វីលីពីន​បាន​បន្ថែម​ថា៖ «បញ្ហា​ដែល​ចិន​ជួប​ប្រទះ​នៅ​ទី​នេះ​គឺ​ថា នៅ​ពេល​ខ្លួន​រិះគន់​សេចក្តី​សម្រេច​នោះ​កាន់​តែ​ខ្លាំង​ ចិន​នឹង​បាត់បង់​ភាព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​កាន់​តែ​ខ្លាំង»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អតីត​សមាជិក​សភា​ហ្វីលីពីន​រូប​នេះ​បាន​ស្វាគមន៍​ការ​អំពាវនាវ​របស់​ចិន​ឲ្យ​មានការ​បន្ត​ការ​សន្ទនា​ជាមួយ​នឹង​ហ្វីលីពីន​ ដែល​លោក​និយាយ​ថា​គួរ​តែ​មាន​ផ្តោត​លើ​ការកាត់​បន្ថយយោធា និង​ការ​ទាមទារ​រៀងៗ​ខ្លួន​ លើ​ដែន​ដែល​មាន​ជម្លោះ​នេះ។

ប៉ុន្តែ​លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ​អំពី​ឧបសគ្គ​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​ចិន​ដក​យោធា ឬ​ដក​អាវុធ​បរមាណូ​ចេញ​ពី​តំបន់​នោះ​ បន្ទាប់​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​សន្តិសុខ​ដែល​ល្អ​ប្រសើរ​ ជាមួយ​សហរដ្ឋ​អាមេរិក ដែល​លោក​បាន​និយាយ​ថា​ ការ​ចុះ​ហត្ថលេខា​នេះ​មិន​បានផល​អ្វី​នោះ​ទេ​ ក្រៅ​ពីបន្ថែម​ការ​ភ័យ​ខ្លាច​ផ្នែក​សន្តិសុខ​របស់​ចិន​ចំពោះ​អ្វី​ដែល​គេ​ហៅ​ថា​ ជា​ការ​ឡោមព័ទ្ធ​របស់​អាមេរិក។​

ការ​ខូច​ខាត​ឥត​ព្រាង​ទុក​

លោក ​Dan Steinbock​ នាយក​ផ្នែក​ស្រាវជ្រាវធុរកិច្ច​អន្តរជាតិ​នៃវិទ្យាស្ថានអាមេរិក ចិន និង​ឥណ្ឌា​ បាន​និយាយ​ថា ​បញ្ហា​ផ្លូវ​ច្បាប់​របស់​ហ្វីលីពីន ​និង​ប្រតិកម្ម​របស់​អាស៊ាន​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ ជា​ឧទាហរណ៍​យ៉ាង​ច្បាស់ដែល​បង្ហាញ​ថា​ ប្រទេស​អាស៊ី​ទាំង​នេះ​ជាប់​គាំង​នៅ​ចន្លោះ​រវាង​ការ​ធានា​ផ្នែក​សន្តិសុខ​របស់​អាមេរិក​ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន ដែល​ជា​ការ​ខូច​ខាត​ឥត​ព្រាង​ទុក។​

លោក ​Steinbock​ បាន​និយាយ​នៅ​ចម្លើយ​ឆ្លើយ​តប​តាមអ៊ីម៉ែល​ថា៖ «ការ​ផ្តោត​ទៅ​លើ​ភាគី​តែ​ម្ខាង​មិន​ដែល​ល្អ​នោះ​ទេ ​ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ភាគី​ទាំង​ពីរ​អាច​ជួយ​ឲ្យ​មាន​សន្តិភាព និង​ភាព​រុងរឿង​នៅ​ក្នុង​តំបន់»។ លោក​បាន​បន្ថែម​ទៀត​ថា លោក​ជឿ​ថា​បន្ទាប់​ពី​លោក លី ក្វាន់យូ​ របស់​ប្រទេស​សិង្ហបុរី​ មេដឹកនាំ​អាស៊ានទាំង​ឡាយ​ដែល​មាន​ជោគជ័យ​ត្រូវ​តែ​មាន​សម្ថភាព​ខ្ពស់​ក្នុង​ការ​កំណត់​ព្រំដែន​ទប់​ទល់​នឹង​មហា​អំណាច​ទាំង​ពីរ​នេះ។​

លោក​បន្ថែម​ថា​ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ច្បាប់​អន្តរជាតិ​ជា​រឿង​មួយ​ ប៉ុន្តែ​ភាព​ជាក់​ស្តែង​លើ​គោលនយោបាយ​នៅ​ក្នុង​តំបន់​ជា​រឿង​មួយ​ផ្សេង​ទៀត»។

លោក​អះអាង​ថា​ ដូច្នេះ​លទ្ធភាព​នៃ​ការ​កើត​មាន​ជម្លោះ​ជា​យថាហេតុ​នៅ​ក្នុង​តំបន់​នឹង​នៅ​តែ​បន្ត​កើត​មាន​ ដែល​នេះ​ទាមទារ​ឲ្យ​មាន​ការ​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ តាម​រយៈ​ការ​កសាង​ទំនុក​ចិត្ត និង​ការ​ចរចា៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG