ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដើម្បី​សម្រាល​បញ្ហា​រាលដាល​នៃ​មេរោគកូរ៉ូណា ខណៈ​វៀតណាម​និង​អាមេរិក​បារម្ភ


រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

ប្រទេស​ចិន​និង​កម្ពុជា​បាន​ជម្នះនឹង​និន្នាការ​នៅ​ជុំវិញ​ពិភពលោកក្នុង​សប្តាហ៍​នេះ​នៃ​ការ​លុបចោល​ព្រឹត្តិការណ៍​នានា ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធារួម​គ្នា ដើម្បី​បង្ហាញ​ទៅពិភពលោក​ថាប្រទេស​ទាំង​ពីរ​រួច​ផុត​ពី​វិបត្តិ​ការ​ផ្ទុះ​រាតត្បាត​នៃ​មេរោគ​កូវីដ១៩ និង​កាន់​តែ​ស្និទ្ធស្នាល​នឹង​គ្នា​ថែម​ទៀត​បើ​ទោះ​បី​ជា​មាន​ការបារម្ភ​ពី​ប្រទេស​ដទៃ​ក្តី។ ​

ប្រទេស​ជា​មិត្ត​ទាំង​ពីរ​ដែល​ជានិច្ចកាល​តែង​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​វៀតណាម​និង​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ទី​៤​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៤ ខែ​មីនា​កន្លង​ទៅ​នេះ។ សកម្មភាព​ធ្វើ​លំហាត់​យោធា​នៅ​ក្នុង​ខេត្ត​កំពត​របស់​ប្រទេស​កម្ពុជា​ផ្តោត​លើ​កិច្ចការ​ជួយ​សង្គ្រោះ​មនុស្សធម៌​ និងកិច្ចការប្រឆាំង​ភេរវកម្ម ​នៅ​មុន​ពេល​សមយុទ្ធ​នេះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ខែ មេសា ខាង​មុខ នេះ​បើ​តាម​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន Xinhua។​

ប្រទេស​ចិន​និងដៃគូ​ខាង​យោធា​របស់​ខ្លួន​ដែល​ខ្សោយ​ជាង​នោះ កំពុង​ធ្វើ​ការ​ហាត់​សមយុទ្ធ​ «នាគ​មាសឆ្នាំ​២០២០» ខណៈ​ដែល​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​លុប​ចោលព្រិត្តិការណ៍គ្រោង​ទុក​ជា​ច្រើន​ដោយ​សារ​មាន​ការ​ផ្ទុះ​រាតត្បាត​នៃកូវីដ១៩ ដែល​ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។ ប្រទេស​ចិន​ខ្លួន​ឯងមាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះច្រើន​ជាង​គេចាប់​តាំង​ពី​មេរោគ​នេះ​លេច​មុខ​ដំបូង​កាល​ពី​ខែ​ធ្នូ ដែល​ចំនួន​នេះ​បាន​កើន​ដល់​ ៨០.០០០​នាក់។ ប៉ុន្តែ​ករណី​ឆ្លង​ថ្មីៗ​ក្នុង​ប្រទេស​ចិនបាន​ធ្លាក់​ចុះ​ជិត​ដល់​កម្រិត​សូន្យក្នុង​ខែ​មីនា​នេះ។

មន្ត្រី​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​សង្ឃឹម​នឹង​អាច​បង្ហាញ​ពិភពលោក​ថា ​ប្រទេស​ចិន​បាន​រើប​ឡើង​វិញខាង​នយោបាយ​និង​សេដ្ឋកិច្ចពី​ការ​ផ្ទុះ​រាតត្បាត​នៃ​មេរោគ​ថ្មី​នេះ ដែល​នៅ​បន្ត​រាលដាល​នៅ​ប្រទេស​លោក​ខាង​លិច ខណៈ​ដែល​ប្រទេសកម្ពុជា​ចង់​បង្ហាញ​ពី​សាមគ្គីភាពជាមួយ​ប្រទេស​ចិន​ដើម្បី​អាច​ទទួល​បាន​ជំនួយ​ពី​ចិន​បន្ថែម​ទៀត នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិភាគ។​

លោក Alan Chong សាស្ត្រាចារ្យ​ជំនួយ​នៅ​សាលា S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​ចិន​ចង់​ងាក​ផុតចេញ​ពីបញ្ហា​កូវីដ១៩ ឲ្យ​បាន​ឆាប់។ ហេតុ​នេះ​ហើយ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ពង្រឹង​ភាព​ស្របច្បាប់​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃនៃ​របប​[កុម្មុយនិស្តចិន]»។

ប្រទេស​ចិនធ្លាប់​បានជួយ​ទ្រទ្រង់​របប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម​ក្នុង​អំឡុង​ទសវត្ស​១៩៧០ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ប្រទេស​វៀតណាម​នៅ​តំបន់​ឥណ្ឌូចិន។ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ផ្តល់​ដល់​ប្រទេស​ចិន​នូវ​សំឡេង​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ដែល​ជា​អង្គការ​តំបន់​មួយ​ដែល​មាន​សមាជិក​ខ្លះមាន​ជម្លោះ​ដែន​អធិបតេយ្យភាព​សមុទ្រ​ជាមួយ​នឹង​ប្រទេស​ចិន។ ប្រទេស​កម្ពុជា​ជា​សមាជិក​មួយ​នៃ​សមាជិក​ទាំង​១០​របស់​អាស៊ាន។​

ជា​ថ្នូរ​ប្រទេស​ចិន​បាន​ផ្តល់​ថវិកា​ជំនួយ​ចំនួន​២​ពាន់លាន​ដុល្លារ​ដល់​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៨។ ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​ បាន​ប្រើ​ថវិកា​នេះ​ដើម្បី​ពង្រីក​កំពង់ផែ​សមុទ្រ សម្ពោធ​បណ្តាញ​ផ្លូវ​ថ្នល់​ថ្មី​មួយ និង​រៀច​ចំ​គម្រោង​សម្រាប់​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ចំនួន​ពីរ​កន្លែង។ លោក Termsak Chalermpalanupap អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ISEAS Yusof Ishak នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ថ្លែង​ថា ពេល​នេះ​ប្រទេស​កម្ពុជា​នឹងទំនង​ទទួល​បាន​ជំនួយ​ខាង​សុខាភិបាលពី​ចិន​ទៀត។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​កុម្ភៈ នៅ​អំឡុង​ជិត​ដល់​ចំណុច​ធ្ងន់ធ្ងរ​បំផុត​នៃ​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ចិន ដែល​កាយវិការ​របស់​លោក​នេះ ត្រូវ​អ្នក​ជំនាញ​ថា ជា​កាយវិការ​ដ៏​កម្រ​នៃ​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ខាង​ស្មារតី​ដល់​ភាគី​ចិន។​

លោក Termsak Chalermpalanupap បញ្ជាក់​ថា៖ «លោក​ ហ៊ុន សែន​ កាល​ពី​ខែ​កុម្ភៈ ខំ​ធ្វើ​ដំណើរ​រហូត​ដល់​ទី​ក្រុង​ប៉េកាំង​ដើម្បី​គ្រាន់​តែ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មាន​មិត្ត​ធំៗ​ដែល​អាច​ជួយ​កម្ពុជា​បាន»។ អ្នក​វិភាគ​មួយ​ទៀត​គឺ លោក Alan Chong បន្ថែម​ទៀត​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ចង់​បន្ត​ទទួល​បាន​ជំនួយ​ខាង​ហេដ្ឋារចនាសម្ព័ន្ធពី​ប្រទេស​ចិន។

ទី​តាំង​នៃការ​ធ្វើ​លំហាត់​សមយុទ្ធ​នេះ​ ចៃដន្យ​ត្រូវ​ធ្វើ​ឡើង​នៅ​ជិត​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​នៅ​ទីនោះ​ប្រទេស​ចិន​មាន​«វត្តមាន​ធំ​មហិមា» នេះបើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ទៀត គឺ​លោក Thitinan Pongsudhirak សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Chulalongkorn ក្នុង​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។

អ្នក​វិភាគ​ទាំង​ឡាយ​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ទោះ​បី​មិនជាក់​ច្បាស់​ជា​សមយុទ្ធ​ស្ថានភាព​ពេល​សង្ក្រាម​ក្តី​ ក៏​ត្រូវគេ​រំពឹង​ថា​ នឹង​ផ្តល់​ដល់​ប្រទេស​ចិន​នូវ​ឥទ្ធិពល​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​តំបន់​ឥណ្ឌចិន​នេះ នៅ​រយៈ​ពេល​យូរ ក្នុង​ពេល​ប្រទេស​ចិន​ត្រូវការ។​

លោក Alan Chong សាស្ត្រាចារ្យ​ជំនួយ​នៅ​សាលា S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ថ្លែង​ថា ​ប្រទេស​វៀតណាមមាន​ការ​បារម្ភ​ជា​ពិសេស។ ប្រទេសនេះ​មាន​ព្រំដែន​ជាប់​ទាំង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រឆាំង​ទៅ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។ ប្រទេស​វៀតណាម​ដែល​ជា​សមាជិក​អាស៊ាន​ផង​ដែរ​នោះ មាន​ជម្លោះ​ជាមួយ​នឹង​ចិន​អំពី​តំបន់​ដ៏​សម្បូរ​ធនធាន​ក្នុង​ដែន​សមុទ្រ​នេះ។​

លោក Stephen Nagy សាស្ត្រាចារ្យ​ជំនួយ​ជាន់​ខ្ពស់ផ្នែក​នយោបាយ​និង​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Christian អន្តរជាតិ​ក្នុង​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន និយាយ​ថា សមយុទ្ធ​រួម​គ្នា​ចិន​កម្ពុជា​នេះ បង្ហាញ​អំពី«ការ​ប្តេជ្ញា»​របស់​ចិន ​ក្នុង​ការ​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​បែកបាក់​ជា​ស្ថាប័ន ដោយ​លោក​ពន្យល់​ថា៖

«ដោយ​បញ្ជូល​វត្តមាន​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត ទៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ធ្វើ​បេសកកម្ម​រួម​គ្នា ឬ​ធ្វើ​តេស្ត​រួម​គ្នា ឬ​ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព ទាំង​នេះ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​រារាំង​អាស៊ាន​ពី​ការ​ធ្វើ​ការ​ជាមួយ​គ្នា ដូច​តាមតួនាទី​របស់​អង្គការ​តំបន់​នេះ»។​

សមយុទ្ធ​យោធា​រវាង​ចិន​និង​កម្ពុជា​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​ សមយុទ្ធ​យោធា​ពហុ​ប្រទេសដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ឈ្មោះ Cobra Gold ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា​ រយៈ​ពេល​១២ថ្ងៃ ហើយ​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​មីនា​កន្លង​ទៅ។ ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​ការផ្លាស់​ទី​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ រដ្ឋភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ហៅ​តំបន់​នាវាចរណ៍​នេះថា​ជា​ដែនសមុទ្រ​របស់អន្តរជាតិ ខណៈ​ដែលចិន​បាន​ទាមទារ​៩០%​នៃ​ផ្ទៃ​សមុទ្រ​នេះ​ថា​ជា​ដែន​សមុទ្រ​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG