ចិនកំពុងអំពាវនាវឲ្យទប់ទល់លើកម្មវិធីអាវុធនុយក្លែអ៊ែរនិងកាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានត្អូញត្អែថា សហរដ្ឋអាមេរិក កំពុងរុញតំបន់នោះឲ្យខិតចូលកាន់តែជិតទៅនឹង សង្គ្រាមនុយក្លែអ៊ែរ។
នៅក្នុងការនិយាយតាមទូរស័ព្ទមួយកាលពីពុធជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញឲ្យភាគីទាំងអស់នៅជម្លោះនោះប្រើប្រាស់នូវភាពអត់ធ្ងត់ហើយវិលត្រឡប់ទៅកាន់តុចរចាតាមលទ្ធភាពដែលអាចធ្វើបាន។ នេះតាមសេចក្តីរាយការណ៍របស់វិទ្យុរដ្ឋចិន។
ក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ជាថ្មីម្តងទៀត យើងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការស្ងប់ស្ងាត់ហើយនឹងអនុវត្តនូវភាពអត់ធ្មត់ បញ្ឈប់ការរករឿងគ្នាទៅវិញទៅមកហើយនឹងខិតខំធ្វើការដើម្បីបង្កើតបរិយាកាសមួយសម្រាប់គ្រប់ភាគីទាំងអស់ធ្វើការទាក់ទងគ្នានិងសន្ទនាគ្នា»។
កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា សមយុទ្ធយោធានៅក្នុងតំបន់នោះដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធរបស់ខ្លួនបានបង្កើនការបង្ករហេតុខាងយោធាដែលកំពុងជំរុញស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឲ្យខិតជិតទៅនឹងសង្គ្រាមនុយក្លែអ៊ែរ។
សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់ផ្ទៃទឹកកូរ៉េ។ នៅក្នុងការបង្ហាញកម្លាំងមួយទៀត យន្តហោះទម្លាក់គ្រាប់បែក២គ្រឿងរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះបានចូលរួមជាមួយយន្តហោះចំបាំងរបស់កូរ៉េខាងត្បូងនិងជប៉ុននៅក្នុងសមយុទ្ធហឹ្វកហាត់ក្នុងតំបន់៕