ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​លើ​ពិភពលោក​ស្វាគមន៍​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងអំឡុងពេលចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិជាលើកដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការិយាល័យប្រធានាធិបតីនៅសេតវិមាន ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពី​លោក Joe Biden បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​បាន​ស្វាគមន៍​រូប​លោក។

មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​នូវ​អារម្មណ៍​ធូរស្រាល​ដែល​ថា​ពួកគេ​មាន​មិត្ត​ម្នាក់​ជា​ថ្មី​ម្តង​ទៀត​ក្នុង​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​ថា៖ «ជា​ថ្មី​ម្ដង​ទៀត បន្ទាប់ពី​អស់​រយៈពេល ៤ ឆ្នាំ​មក​នេះ អឺរុប​មាន​មិត្ត​នៅ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ហើយ»។

អ្នកស្រី​បន្ថែម​ថា៖ «ទំព័រ​សករាជ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​គឺជា​ពេល​វេលា​ដែល​យើង​បាន​រង់ចាំ​អស់​ពេល​ជា​យូរ​មក​ហើយ។ អឺរ៉ុប​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ចាប់ផ្ដើម​ជា​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃគូ​ដ៏​យូរយារ​បំផុត​និង​ទុកចិត្ត​បំផុត​របស់​យើង»។

រូបឯកសារ៖ អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុង Brussels ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុង Brussels ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

ចំណែក​ឯ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani វិញ បាន​ស្វាគមន៍​ការ​ចាកចេញ​របស់​លោក Donald Trump ដែល​លោក​បាន​ហៅ​ថា​ជា «ជន​ផ្តាច់ការ» ដោយ​កន្លង​មក រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ចេញ​នូវ​ទណ្ឌកម្ម​ដែល​ដាក់​លើ​ខ្លួន​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Rouhani បាន​បញ្ជាក់​ថា៖ «សម័យកាល​ជន​ផ្តាច់ការ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ ហើយ​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​គ្រប់គ្រង​អំណាច​ប្រកប​ដោយ​ការ​គំរាមកំហែង​របស់​គាត់»។

លោក Rouhani បាន​បន្ថែម​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ឥឡូវ​នេះ ការ​សម្រេចចិត្ត​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សហរដ្ឋ​អាមេរិក។ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រឡប់​មក​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ វិញ យើង​ក៏​នឹង​គោរព​ពេញលេញ​ចំពោះ​ការ​តាំង​ចិត្ត​របស់​យើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ដែរ»។

ដោយ​ឡែក អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ដែល​ហៅ​ថា​អូតង់ បាន​បញ្ជាក់​ថា ខ្លួន​សង្ឃឹម​ថា​នឹង​បង្កើន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​របស់​លោក Biden។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​សរសេរ​នៅ​លើ Twitter ថា៖ «ថ្ងៃ​នេះ​គឺជា​ការ​ចាប់ផ្ដើម​នៃ​ទំព័រ​សករាជ​ថ្មី​សម្រាប់​ទំនាក់ទំនង​របស់​អង្គការ​អូតង់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។...អង្គការ​អូតង់​ដ៏​រឹងមាំ​គឺ​ល្អ​សម្រាប់​ទាំង​ទ្វីប​អាមេរិក​ខាង​ជើង​និង​ទាំង​ទ្វីប​អឺរ៉ុប»។

រី​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying វិញ បាន​បញ្ជាក់​ថា៖ «កាល​ពី ៤ ឆ្នាំ​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រព្រឹត្តិ​កំហុស​យ៉ាង​ខ្លាំង​នៅ​ក្នុង​គោល​គំនិត​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​ចិន...ដោយ​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន គាប​សង្កត់​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​ចិន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក»។

អ្នកស្រី​បាន​បន្ថែម​ថា ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា រដ្ឋបាល​របស់​លោក Biden នឹង «ទទួល​យក​ចំណុច​មួយ​ចំនួន​របស់​ប្រទេស​ចិន ហើយ​នៅ​ក្នុង​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក សមភាព និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក រដ្ឋបាល​របស់​លោក Biden នឹង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ឲ្យ​វិល​ទៅ​រក​ផ្លូវ​ត្រូវ​វិញ​នៃ​ការ​អភិវឌ្ឍ​ដ៏​រឹងមាំ​និង​ឋិតថេរ​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ»។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​វិញ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​បញ្ជាក់​នៅ ក្នុង​សន្និសីទ​កាសែត​ថា លោក​ប្រមើល​មើល​ថា មិន​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​នោះ​ទេ៕

XS
SM
MD
LG