ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​សងសឹក​យក​ពន្ធ​គយ​ជុំ​ថ្មី​ទៀត​លើ​ទំនិញ​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ កសិករ​​ Michael Petefish ដើរ​នៅ​ក្នុង​ចម្ការ​សណ្តែង​របស់​ខ្លួន​ក្នុង​ទីក្រុង​ Claremont ភាគ​ខាងត្បូង​រដ្ឋ Minnesota។
រូបភាព​ឯកសារ៖ កសិករ​​ Michael Petefish ដើរ​នៅ​ក្នុង​ចម្ការ​សណ្តែង​របស់​ខ្លួន​ក្នុង​ទីក្រុង​ Claremont ភាគ​ខាងត្បូង​រដ្ឋ Minnesota។

រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នឹង​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ បន្ថែម​ទៀត​លើ​ទំនិញ​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​មាន​ទឹក​ប្រាក់ ១៦ ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​យក​ពន្ធ​គយ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា​ខាង​មុខ​នេះ ដោយ​យក​ចំនួន​ស្មើ​នឹង​ការ​យក​ពន្ធ​គយ​ជុំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ចិន ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ។

ការ​យក​ពន្ធ​ទៅ​វិញ​ទៅ​មក​នេះ បាន​ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​កើន​ឡើង​ថែម​ទៀត​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​លើ​ពិភពលោក ដែល​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា​មក នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​យក​ពន្ធ​គយ​ជា​ផ្លូវការ​ចំនួន ២៥ ភាគរយ​លើ​ទំនិញ​របស់​ចិន​ជាង ៨ រយ​ប្រភេទ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក។

បន្ទាប់​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សងសឹក​វិញ​ដោយ​យក​ពន្ធ​គយ​ក្នុង​ចំនួន​ដូច​គ្នា​នេះ​ដែរ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៥៤៥ ប្រភេទ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដូច​គ្នា​ដែរ។

រដ្ឋបាល​របស់​លោក Trump ក៏​បាន​គំរាម​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Donald Trump បាន​លើក​ឡើង​ថា ដោយសារតែ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា​របស់​ចិន និង​ការណ៍​ដែល​ចិន​លួច​កម្មសិទ្ធិ​បញ្ញា បាន​ជា​លោក​ចាត់​វិធានការ​យក​ពន្ធ​គយ​ថ្មី​ទាំង​នេះ៕

XS
SM
MD
LG