ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​«កុមារ​រៀន​ កុមារ​ចេះ»​បង្កើត​ឡើង​ដើម្បីជួយ​ឲ្យ​កុមារ​​​​​ជោគជ័យ​ក្នុង​ការ​សិក្សា


រូបឯកសារ៖ កុមារី​​កំពុង​អាន​សៀវភៅ​នៅ​ក្នុង​ថ្នាក់​រៀន នៅ​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
រូបឯកសារ៖ កុមារី​​កំពុង​អាន​សៀវភៅ​នៅ​ក្នុង​ថ្នាក់​រៀន នៅ​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

កម្មវិធី​ថ្មី​នេះ​ផ្តោត​លើ​​មុខ​វិជ្ជា​​ចំនួន​ពីរ​សំខាន់​គឺ​ភាសាខ្មែរ​និង​គណិតវិទ្យា តាម​រយៈ​ការ​អាន​​និងការ​អនុវត្ត​សម្រាប់​កូន​សិស្ស ​និង​​​ការ​ពង្រឹង​សមត្ថភាពនិង​វិធីសាស្រ្ត​សម្រាប់​​គ្រូបង្រៀន។

ក្រសួង​អប់រំ​កម្ពុជា​ដាក់​ចេញ​កម្មវិធី​ «កុមារ​រៀន​ កុមារ​ចេះ» ​សម្រាប់កុមារនៅ​កម្រិត​ថ្នាក់​ដំបូង​ចំនួន​ជិត​៤​សែន​នាក់ បន្ទាប់ពី​រក​ឃើញ​ថា សិស្ស​ថា្នក់​ទី​៧ ជាង៣០​ភាគរយ នៃ​ចំនួន​ជាង​១​សែន​នាក់​ មិន​ចេះ​អាន និង​មិន​ចេះ​សរសេរ​ភាសា​ខ្មែរ​ច្បាស់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្តកម្មវិធី «កុមារ​រៀន កុមារ​ចេះ» ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ​នេះ​ថា​ កុមារ​រៀន​នៅ​ថ្នាក់​ទី៣ ប្រមាណ​ជា​៥០​ភាគ​រយ​នៃ​ចំនួន​ជិត​៤​សែន​នាក់​ មិន​ចេះ​អាន​បាន​ត្រឹម​ត្រូវ និង​ជាង​៥០​ភាគ​រយមាន​ពិន្ទុ​គណិតវិទ្យា​ទាប។​ ចំណែក​សិស្ស​អនុវិទ្យាល័យថា្នក់​ទី​៧ ចំនួន​៣០​ ទៅ​៤០​ភាគរយ នៃ​ចំនួន​ជាង​១​សែន​នាក់​មិន​ចេះ​អាន និង​មិន​ចេះ​សរសេរ​ភាសា​ខ្មែរ​ច្បាស់ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រៀន​របស់​ពួកគេ​មិន​មាន​ប្រសិទ្ធភាព​និង​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ខ្ពស់។

រដ្ឋមន្រ្តី​ក្រសួង​អប់រំ​រូប​នេះ​បន្ថែម​ថា មូលហេតុ​ដែល​សិស្ស​ថ្នាក់ទី​៣​និង​ថ្នាក់​ទី​៧​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​មិន​ចេះ​អាន​និង​សរសេរ​បាន​ច្បាស់​ គឺ​ដោយ​សារការ​សិក្សា​របស់​ពួក​គេ​នៅ​ថ្នាក់ទី​១ និង​ថ្នាក់ទី​២ មិន​មាន​ប្រសិទ្ធ​ភាព។ ​លោក​ថា កម្មវិធី​«កុមារ​រៀន កុមារ​ចេះ»​ នេះ​នឹង​ជួយ​ឲ្យ​កុមារ​នៅ​ថ្នាក់​កម្រិត​ដំបូង​ទទួល​បាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ក្នុង​ការ​សិក្សា។​

លោក​ឆ្លើយ​នឹង​សំណួរ​របស់​ VOA ​ថា៖ «នៅ​ពេល​ដែល​ក្មេង​អាន​មិន​ច្បាស់ គឺ​គាត់​ប្រឈម​នឹង​ការ​បោះបង់​ចោល​ការ​សិក្សា រៀន​អត់​ទាន់​គេ។ អញ្ចឹង​ដើម្បី​ដោះស្រាយ ដើម្បី​ឲ្យ​កុមារ​ទាំងអស់​អាច​ចូល​រៀន​បាន ឡើង​បញ្ចប់​ការ​សិក្សា​ដល់​មធ្យម​សិក្សាទាំងអស់​គ្នា គឺ​ត្រូវ​តែ​ពង្រឹង​ពី​មត្តេយ្យ​សិក្សា ពី​ការ​ថែទាំ​កុមារ​ពី​តូច ហើយ​ឲ្យ​សិស្ស​ហ្នឹងបាន​ចូល​រៀន​មត្តេយ្យ​ទាំង​អស់​គ្នា ហើយ​នៅ​ថ្នាក់ទី​១ គឺ​រៀន​អាន​ឲ្យ​ចេះ​ច្បាស់ភាសាខ្មែរ»។

កម្មវិធី «កុមារ​រៀន កុមារ​ចេះ​» ផ្តោត​លើមុខ​វិជ្ជាចំនួន​ពីរ​សំខាន់ គឺ​ភាសាខ្មែរ​និង​គណិតវិទ្យា តាម​រយៈ​ការ​ផលិត​ជាកញ្ចប់​សម្ភារៈ​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត ដោយមាន​ការ​ឧបត្ថម្ភ​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​អង្គការ​អន្តរជាតិ​មួយ​ចំនួន។​

អ្នកស្រី Natascha Paddison នាយិកា​រង​ប្រចាំ​ប្រទេស​របស់​អង្គការ​យូនីសេហ្វ ​លើកឡើង​ក្នុង​កម្ម​វិធី​នោះ​ថា ការ​ពង្រឹង​ការ​សិក្សា​ថ្នាក់​ដំបូង​របស់​កុមារ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ក្នុង​ការអភិវឌ្ឍ​ជំនាញ​ការ​គិត​របស់​កុមារ។ អ្នកស្រី​បន្ថែម​ថា គ្រូ​បង្រៀន​ជា​តួអង្គ​សំខាន់​បំផុត​ក្នុង​ការ​អនុវត្ត​កម្ម​វិធី «កុមារ​រៀន កុមារ​ចេះ» ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នកស្រី Paddison ថ្លែង​ថា៖«ការរៀន​ថ្នាក់​ដំបូង​ប្រកប​ដោយ​គុណភាព​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការរៀន​សូត្រ​របស់​កុមារ។ គ្រប់​ដំណាក់​កាល​នៃ​ការអប់រំ​បន្ទាប់​ពី​នោះ​គឺពឹងផ្អែក​លើ​ជោគជ័យ​របស់​វា។ នៅ​ពេល​ដែល​កុមារ​ទទួល​បាន​ឱកាសអប់រំ​កម្រិត​បឋម​ប្រកប​ដោយ​គុណភាព ​ពួកគេនឹង​អភិវឌ្ឍជំនាញ​ក្នុង​ការ​គិត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​សាលា​ ហើយ​ជា​ការពិត​ គឺ​មិន​សូវ​ងាយ​នឹងរៀន​ត្រួត​ថ្នាក់ ឬ​បោះបង់​ចោល​សាលារៀន​នោះ​ទេ»។​

កញ្ចប់​សម្ភារៈ​អំណាន និង​គណិតវិទ្យា​សម្រាប់​កម្រិត​ថ្នាក់​ដំបូង​នៅ​បឋម​សិក្សា​នៃ​កម្ម​វិធី «កុមារ​រៀន កុមារ​ចេះ» រួមមាន​សៀវភៅ​ណែនាំ​សម្រាប់​គ្រូ និង​ឯកសារ​បង្រៀន​ និង​រៀន សម្រាប់​សិស្ស​ថ្នាក់​ទី១ និង​ទី២​ ដែល​ឯកសារ​ទាំង​នោះ​នឹង​បំពេញ​បន្ថែម​ទៅ​លើ​សៀវភៅ​សិក្សា​គោលដែល​មាន​ស្រាប់។

គ្រូបង្រៀន​ថ្នាក់ទី​១​និង​ទី​២​ទាំងអស់​ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ និង​ការ​ណែនាំ​អំពី​វិធីសាស្រ្ត​ថ្មី ក្នុង​ការ​បង្រៀន​កុមារ​តូចៗ​ទាំង​នោះ។

អ្នកស្រី អឿ កេសនី គ្រូ​បង្រៀន​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​មុខ​នាគ ក្នុង​ខេត្ត​សៀមរាប លើកឡើង​ថា អ្នកស្រីបាន​បង្រៀន​កម្ម​វិធី​ថ្មី​នេះ​មួយ​ឆ្នាំ​កន្លង​មក​ហើយ​ក្នុង​ពេល​ដែល​ក្រសួង​ដាក់​ដំណើរ​ការ​សាកល្បង​រយៈពេល​១​ឆ្នាំ។ អ្នកស្រី​បន្ថែម​ថា សិស្ស​ដែល​បាន​ឆ្លង​កាត់​ការ​អនុវត្ត​ការ​បង្រៀន​តាម​កម្ម​វិធី​ថ្មីនេះ ការអាន និង​ការ​សរសេរ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ជាង​ក្មេងៗ​ដែល​រៀន​តាម​កម្មវិធី​ចាស់។

អ្នកស្រី អឿ កេសនី ថ្លែង​ថា៖«នៅ​ពេល​ដែល​គាត់​រៀន​កម្មវិធី​ថ្មី គាត់​ចង​ចាំ​បាន​យូរ។ ព្រោះ​នៅ​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ ឧទាហរណ៍​ថា បណ្ណ​អក្សរ​រូបភាព​ហ្នឹង​វា​បាន​ភ្ជាប់​ជាមួយ​នឹង​ភាសាកាយ​វិការ ឧទាហរណ៍​ថា ក អញ្ចឹង ដូច​ពាក្យ​កង្កែប​អញ្ចឹង សិស្ស​បាន​ឃើញ​ភាសា​កាយវិការហើយ សិស្ស​នឹង​បាន​ឃើញ​រូប​តួ​អក្សរ​ហើយ​គាត់​ចាំ។ ដូច្នេះបើសិន​ជា​យើង​ថា ក មួយ​អញ្ចឹង​ បើ​គាត់​ភ្លេច​ យើង​គ្រាន់​តែ​ថា ក ដូចជា​ពាក្យ​កង្កែប​ណា​កូន​ណា៎ ហើយ​ធ្វើ​ភាសា​កាយវិការ​ទៅ​គាត់​នឹង​យល់​ បាន​ន័យ​ថា​គាត់​ចាំ​បាន​យូរ គាត់​មិន​ងាយ​ភ្លេច»។

ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្ម​វិធី «កុមារ​រៀន កុមារ​ចេះ​» ជាផ្លូវ​ការ​នៅ​ទូទាំងប្រទេស​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត​សាក​ល្បង​អស់​រយៈពេល​មួយ​ឆ្នាំ នៅ​តាម​សាលា​មួយ​ចំនួន​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​សៀម​រាប កំពង់ធំ កំពង់​ស្ពឺ និង​កំពង់ឆ្នាំង ដោយ​មាន​កុមារ​ចំនួន១​សែន​៥​ម៉ឺន​នាក់​ចូលរួម​សិក្សា​ក្នុង​កម្ម​វិធី​សាក​ល្បង​នេះ។ ​

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ការ​អនុវត្ត​កម្ម​វិធីថ្មី​នេះកាន់​តែ​មាន​ប្រសិទ្ធ​ភាព លុះ​ត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី រួម​មាន​គ្រូ​បង្រៀន និង​ក្រុម​គ្រួសារ​ជាដើម ហើយ​កត្តា​អាហារូបត្ថម្ភ​និង​ការ​ថែទាំ​កុមារ​ត្រូវ​តែ​មាន​គុណភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG