ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រៀបការ​និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ក្មេង​នៅតែ​ជា​បញ្ហា​ព្រួយ​បារម្ភ​សម្រាប់​កម្ពុជា


រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះនិងកូនដើរកាត់ក្នុងភូមិមួយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះនិងកូនដើរកាត់ក្នុងភូមិមួយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។

របាយ​ការណ៍​សិក្សា​របស់​អង្គការ​ភ្លែន អន្តរ​ជាតិ​កម្ពុជានិង​ក្រសួង​កិច្ចការ​នារី​ ស្តី​ពីការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​វ័យ​កុមារ និង​ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ជំទង់​បង្ហាញ​ថា ​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​សម្រាប់​កម្ពុជា បើ​ទោះ​បី​ជា​អាត្រា​នៃ​ការ​រៀប​ការ​នៅ​វ័យ​កុមារ​ធ្លាក់​ចុះ​តិច​តួច​ក្តី។ នេះ​បើ​តាម​លោក យី គឹមថាន នាយក​រង​ប្រចាំ​ប្រទេស​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា ដែល​ជា​អង្គការធ្វើការ​ផ្តោត​ទៅ​លើ​ក្មេង​ស្រី និង​សិទ្ធិ​កុមារ ជាមួយ​សហគមន៍ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​សិក្សា​ស្រាវជ្រាវ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​ ៩ រួមមាន​ខេត្ត​សៀមរាប ព្រះវិហារ បាត់ដំបង ព្រៃវែង ស្ទឹងត្រែង រតនគិរី តាកែវ កំពត និង​ខេត្តព្រះសីហនុ ក្នុង​ចំណោម​អ្នក​ដែល​ផ្តល់​បទ​សម្ភាសន៍​សរុប​ប្រមាណ​ ១.៣៥០​នាក់។

របាយ​ការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុងកិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​កិច្ចការ​នារី និង​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជាកាល​ពី​សប្តាហ៍​មុន។

លោក យី គឹមថាន នាយក​រង​ប្រចាំ​ប្រទេស​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជា ប្រាប់​វីអូអេ​ថា ​របាយ​ការណ៍​រក​ឃើញ​ថា ​កុមារ​អាយុ​ក្រោម ​១៥ ​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​ ១០០ ​នាក់ រៀប​ការ​នៅ​វ័យ​កុមារ។ ចំណែក​កុមារ​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ១៥​ នាក់​ ក្នុង​ចំណោម​ ១០០ ​នាក់ ​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​វ័យ​ក្មេង។ លោក​បន្ត​ថា អត្រា​ដែល​កុមារ​រៀប​ការ​វ័យ​ក្មេង​នៅ​តែ​ស្ថិត​ក្នុង​តួលេខ​ខ្ពស់ ជា​ពិសេស​កុមារ​ដែល​រស់​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​រក​ឃើញ​ថា​អត្រា​នៅ​ក្នុង​ខេត្ត​រតនគិរី មាន ​៣៧,៣% ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត។

លោក យី គឹមថាន ថ្លែង​ថា៖ «យើង​ឃើញ​ថា នេះ​ជា​ការ​ព្រួយ​បារម្ហ​មួយ​ហើយ ​ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​តិច​ក៏ដោយ​ ប៉ុន្តែ​អត្រា​គឺ​នៅ​តែ​មាន​កម្រិត​មួយ​ខ្ពស់​នៅ​ឡើយ ​ជាពិសេស​នៅ​តំបន់​ភូមិ​ភាគ​ឦសាន។ យើង​ឃើញ​ថា ​អត្រា​នៅខេត្ត​រតនគិរី បន្ត​មក​ខេត្តព្រះវិហារ​អីហ្នឹង​គឺ​យើង​ឃើញ​ថា ​វា​នៅ​មាន​កម្រិត​មួយ​ខ្ពស់ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​ពី​គ្រប់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​យើង​លុប​បំបាត់​នូវ​ការ​រៀប​ការ​វ័យ​ក្មេង ឬនៅ​វ័យ​កុមារ​នេះ​ហើយ​ក៏ដូច​ជា​ទាក់​ទង​ទៅ​នឹង​កាត់​បន្ថយ​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់»។

លោក​បញ្ជាក់​ថា​ ការ​រៀបការ​នៅ​វ័យ​កុមារ​បង្ក​ផល​ប៉ះ​ពាល់ជា​ច្រើន ​រួម​មាន​ប៉ះពាល់​សុខ​ភាព​របស់​ក្មេង​ស្រី​នៅ​ពេល​មានផ្ទៃពោះ ដោយ​សារ​តែ​កាយ​សម្បទា​របស់​ក្មេង​ស្រី​មិន​ទាន់​អាច​ត្រៀម​លក្ខណៈ​នៅ​ពេល​មាន​ផ្ទៃពោះ ជា​ពិសេស​ពួក​គេ​ក៏​មិន​ទាន់​យល់​ដឹង​ពី​ការ​មាន​ផ្ទៃ​ពោះនិង​ការ​ចិញ្ចឹម​កូន​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទាំង​ម្ដាយ​និង​ទារក។ លោក​បន្ដ​ថា ​ការ​រៀប​ការ​វ័យ​កុមារ​ក៏​ធ្វើ​ឱ្យ​កុមារ​បាត់​បង់​ការ​សិក្សា ជា​ពិសេស​ក្មេង​ស្រី​នៅ​ពេល​ដែល​ពួកគេ​មាន​ផ្ទៃ​ពោះ ឬត្រូវ​ទទួល​បន្ទុក​ការងារ​ផ្ទះ។

លោក យី គឹមថាន បន្ថែម​ទៀត​ថា​ នៅ​ក្នុងគ្រួសារ​ដែល​មាន​ការ​រៀប​ការ​នៅ​វ័យ​ក្មេង ក៏​អាច​ងាយ​នឹង​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​សារ​តែ​ពួក​គេ​ក្មេង​ខ្ចី ការ​គិត ការ​ពិចារណា​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្រើន​នៅឡើយ​ទេ។

យោង​តាម​របាយ​ការណ៍​ដែល​បាន​សិក្សា​និង​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​រៀប​ការ​នៅ​វ័យ​ក្មេង និង​ការ​មាន​ផ្ទៃ​ពោះ​នេះ​កើត​ឡើង ដោយ​សារ​តែ​កត្តា​ជា​ច្រើន​រួម​ផ្សំ​គ្នា រួម​មាន​វិសម​ភាព​យេន​ឌ័រ កង្វះ​ខាត​ការ​យល់​ដឹង​អំពី​ការ​រៀប​ការ​វ័យក្មេង​និង​ផ្នែក​ច្បាប់​ពី​ឪពុក​ម្ដាយ​របស់​ក្មេង ការ​មាន​ផ្ទៃ​ពោះ​វ័យ​ជំទង់ ទំនៀម​ទម្លាប់​ប្រពៃណី​របស់​សហគមន៍​ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន សេដ្ឋកិច្ច​គ្រួសារ ភាព​ក្រីក្រ ឥទិ្ធពល​នៃ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល និង​ជា​ពិសេស​អក្ខរ​កម្ម​ឌីជីថល​នៅ​មាន​កម្រិត។

កញ្ញា សយ ពិសី អាយុ​ ២៧ ​ឆ្នាំ ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែ​ល​មាន​បងប្អូន​ ៣ នាក់ និង​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ រស់​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ដែល​សហគមន៍​របស់​ខ្លួន​ជំរុញ​ឱ្យ​រៀប​ការ កាល​ពី​វ័យ​ក្មេង តែ​មិន​បាន​សម្រច​ដោយ​សារ​ខ្លួន​មិន​ចង់ និង​មាន​ការ​ការពារ​ពី​ម្ដាយ។ ពិសី ​បន្ត​ថា​ ដោយ​សារ​តែ​ឃើញ​បទ​ពិសោធន៍​ម្ដាយ​របស់​ខ្លួន​ជួប​ការ​លំបាក​ ក្រោយ​ការ​រៀបការវ័យក្មេង​បែប​នេះ ទើប​នាង​សម្រេច​ចិត្ត​មិន​ទាន់​ឆាប់​រៀប​ការ​នៅ​ពេល​នោះ និង​ស្វះ​ស្វែង​ក្នុង​ការ​រៀន​សូត្រ​រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស។

កញ្ញា សយ ពិសី ថ្លែង​ថា៖ «បើ​មែន​ទែន​ទៅ បើ​សិន​ជា​ម្ដាយ​របស់​ខ្ញុំ​គាត់​បណ្ដែត​បណ្ដាយ​ប្រហែល​ជា​ខ្ញុំ​នឹង​មាន​ទំនោរ​ទៅ​តាម​សហគមន៍​ដែល​ខ្ញុំ​រស់​នៅ​ជាមួយ ដោយ​សារ​តែ​គេ​ឱ្យ​តម្លៃ​ទៅ​លើ​ការ​កាន់​តែ​រៀប​ការ​កាន់​តែ​លឿន​កាន់​តែ​ល្អ កុំ​ឱ្យ​យើង​ចាស់​ទាន់ ដើម្បី​យើង​មាន​អ្នក​ណា​ដែល​ជា​ទីពឹង​ផ្អែក ប៉ុន្ដែ​នៅ​ក្នុង​ករណី​ខ្ញុំ ខ្ញុំ​មាន​ម្ដាយ​របស់​ខ្ញុំ​គាត់​តម្រង់​ទិស​រហូត គាត់​ណែនាំ​គាត់​ការពារ​រហូត​ចឹង​ទៅ​គោល​ដៅ​របស់​ខ្ញុំ​គឺ​យ៉ាង​ហោច​ណាស់​ ក៏ខ្ញុំ​ត្រូវ​រៀន​ចប់​ទី​១២​ដែល​ដោយ​សារ​មាន​ម្ដាយ​គាត់​តម្រែ​តម្រង់»។

ពិសី ​មើល​ឃើញ​ថា​ ការ​រៀប​ការ​នៅ​វ័យ​ក្មេង​នេះ​នៅ​តែ​បន្ដ​កើត​មាន​នៅ​ក្នុង​សហគមន៍​ដែល​ខ្លួន​រស់​នៅ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ​១៨ ​ឆ្នាំ ជា​ពិសេស​ក្មេង​ស្រី។ ពិសី​ បន្ត​ថា ​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ មាន​តែ​ការ​ជួយ​ជ្រោម​ជ្រែង ការពារ ការ​ណែនាំ​ពី​ឪពុក​ម្ដាយ និងសហគមន៍​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការរៀប​ការ និង​មាន​ផ្ទៃពោះ​នៅ​វ័យ​ក្មេង។

អ្នកស្រី ក្រូន ចន្រ្ទា មេឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី មើល​ឃើញ​ថា​ចំនួន​កុមារ​ដែល​រៀប​ការ​នៅ​វ័យ​ក្មេង​ក្នុង​ឃុំ​ល្អក់​នៅ​តែ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​ព្រួយ​បារម្ហ។

អ្នកស្រី​បន្ដ​ថា​ កន្លង​មក មន្រ្តី​ភូមិឃុំ​តែង​តែ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​រៀប​ការ​នៅ​វ័យ​ក្មេង​តាម​សហគមន៍ ហើយ​រដ្ឋបាល​ភូមិ​ឃុំ​មិន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ឱ្យ​គ្រួសារ​ដែល​មាន​អាយុ​មិន​គ្រប់​តាម​ច្បាប់​ដែល​មាន​ចែង​ឡើយ។ អ្នកស្រី​មើល​ឃើញ​ថា​ អត្រា​ដែល​កុមារ​រៀប​ការ​វ័យ​ក្មេង ភាគ​ច្រើន​តែង​កើត​ឡើង​ចំពោះ​ក្មេង​ស្រី​ជាង​ក្មេង​ប្រុស។

អ្នក​ស្រី ក្រូន ចន្រ្ទា ថ្លែង​ថា៖ «គាត់​រៀប​ការ​វ័យ​ក្មេង​យើង​អត់​ធ្វើ​អាពាហ៍ពិពាហ៍​អី​ឱ្យៗ ហើយ​ម៉្យាង​បើ​តាម​ច្បាប់​បើ​អត់​គ្រប់​អាយុ​ក៏​យើង​អត់​អាច​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​បាន​ដែរ»។

យោង​តាម​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ មាត្រា ​៥ ​ចែង​ថា ​អ្នក​ដែល​អាច​រៀប​អាពាហ៍ពិពាហ៍​បាន បុរស​អាយុ​ចាប់​ពី ​២០ ​ឆ្នាំ​ឡើង នារី​អាយុ​ចាប់​ពី​ ១៨ ​ឆ្នាំ​ឡើង។ ក្នុង​ករណី​ពិសេស បុរស​ដែល​មាន​អាយុ​មិន​ទាន់​ដល់​ ២០ ​ឆ្នាំ និង​នារី​ដែល​មិន​ទាន់​ដល់​អាយុ​ ១៨ ​ឆ្នាំ អាច​រៀប​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​បាន ប្រសិន​បើ​នារី​មាន​ផ្ទៃពោះ ហើយ​មាន​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ។ ចំណែក​មាត្រា​ ២២ ​នៃ​ច្បាប់​នេះ​ចែង​ថា​អាពាហ៍​ពិពាហ៍​រវាង​បុរស​អាយុ​តិច​ជាង​ ២០ ​ឆ្នាំ ឬ​នារី​អាយុ​តិច​ជាង​ ១៨ ​ឆ្នាំ ត្រូវ​ទុកជា​មោឃៈ។ អាពាហ៍​ពិពាហ៍​ដែល​ចាត់​ទុក​ជា​មោឃៈ​នោះ​នឹង​លែង​ចាត់​ទុក​ជាមោឃៈ កាល​បើ​ប្ដី​ប្រពន្ធ​នោះ​ចម្រើន​វ័យ​ដល់​អាយុ​តាម​បញ្ញតិ្ត​ច្បាប់​ដែល​ចែង។

អ្នក​ស្រី ញាណ សុចិត្រា អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី ប្រាប់​វីអូអេ​ថា បញ្ហា​ការ​រៀបការ​វ័យ​ក្មេង​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​សម្រាប់​កម្ពុជា។ អ្នកស្រី​បន្ត​ថា​ចំពោះ​បញ្ហា​នេះ ក្រសួង​កិច្ចការ​នារី​នឹង​ពិនិត្យ​មើល​មូល​ហេតុ​ឬស​គល់​នៃ​បញ្ហា​នេះ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រៀប​ការ​នៅ​វ័យ​កុមារ និង​ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង​នេះ ព្រោះវា​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​កុមារ និង​សង្គម​ផង​ដែរ។

អ្នកស្រី​ថ្លែង​ថា​៖ «យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​កុំ​ឱ្យ​មាន​ការរៀប​អាពាហ៍​ពិពាហ៍​វ័យ​កុមារ​នេះ ហើយ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ​យើង​នឹង​ពិនិត្យ​មើល​អំពី​ឫស​គល់​នៃ​មូល​ហេតុ ​ឬ​ក៏​កត្តា​ដែល​នាំ​ឱ្យ​មាន​ការ​រៀបអាពាហ៍​ពិពាហ៍​វ័យ​កុមារ ហើយ​យើង​នឹង​ធ្វើ​ម៉េច​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត និង​ឥរិយា​បថ​សង្គម​យើង​ឱ្យ​គាត់​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​វ័យ​កុមារ និង​ការ​មាន​ផ្ទៃ​ពោះ​វ័យ​ជំទង់ ហើយ​យើង​នឹង​កៀរគរ​ដៃគូ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​នូវ​ផែនការ សកម្មភាព ដើម្បី​ទប់​ស្កាត់​ការ​រៀប​ការ​វ័យ​កុមារ និង​ការ​មាន​ផ្ទៃ​ពោះ​វ័យ​ជំទង់»។

បើ​យោង​តាមរយៈ​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវរបស់​ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន កុមារ​រៀបការ​មុន​អាយុ​ ១៥ ​ឆ្នាំ មាន​អត្រា​ថយ​ចុះ​ប្រមាណ ​០,៥%។ អ្នក​ឆ្លើយ​តប​ប្រមាណ​ ១៤%​ក្នុ ង​ចំណោម​អ្នក​សម្ភាសន៍​ជាង​ ១.៣០០ នាក់​បា ន​រាយ​ការណ៍​ថា​បាន​រៀបការ​នៅ​អាយុ​ចន្លោះ​ ១៥ ​ដល់ ​១៨ ​ឆ្នាំ។ ក្នុង​នោះ ស្រ្តី​ប្រមាណ ​១៤% ​ដែរ​បាន​រៀប​ការ​មុន​អាយុ ​១៨​ ឆ្នាំ។ ចំណែក​បុរសមាន​តែ ​០,២២%​ ដែល​បាន​រៀបការ​មុន​អាយុ ​១៥ ​ឆ្នាំ ហើយ​បុរស​ប្រមាណ ​៣% ​បាន​រៀប​ការ​នៅ​អាយុ​ពី​ ១៥​ ទៅ​ ១៨ ​ឆ្នាំ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG