ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​បង្ហាញ​ថា ពលកម្ម​កុមារ​បន្ត​កើត​មាន​​ក្នុង​ឧស្សាហកម្ម​ឡឥដ្ឋ


រូបឯកសារ៖ ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)

មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​មានឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ដើម្បី​កាត់​បន្ថយ​ពលកម្ម​កុមារ​ និង​ការ​ជំពាក់​បំណុល​នេះ​ដោយ​សន្សឹមៗ។

ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ឡ​ឥដ្ឋ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រើ​ម៉ាស៊ីន​ដែល​ប្រើ​ដោយ​ដៃ​ដែល​ជា​ហានិភ័យ​ធំបំផុត​មួយ​នាំ​ទៅ​រកគ្រោះថ្នាក់​ខូចខាត​ទៅ​លើ​អវយវៈ​ ​របស់​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​ឡឥដ្ឋ។ នេះ​បើ​តាម​សេចក្តី​ព្រាង​នៃ​របាយការណ៍​មួយ​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ (BWTUC) ដែល​ជា​អង្គការ​មួយ​ធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធ​ការងារ ។

ក្រុមវាគ្មិន​ដែល​ធ្វើការ​ក្នុងវិស័យ​ការ​ងារ​ចូលរួម​ការចេញផ្សាយ​របាយការណ៍​ព្រាង​ អំពី​ឧស្សាហកម្ម​ឥដ្ឋកម្ពុជា​ ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)
ក្រុមវាគ្មិន​ដែល​ធ្វើការ​ក្នុងវិស័យ​ការ​ងារ​ចូលរួម​ការចេញផ្សាយ​របាយការណ៍​ព្រាង​ អំពី​ឧស្សាហកម្ម​ឥដ្ឋកម្ពុជា​ ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)

របាយការណ៍ ​ដែល​បានមក​ពី​ការ​សិក្សា​ស្រាវជ្រាវចាប់​ពី​ខែ​កក្កដា​រហូត​ដល់​ខែ​សីហា ឆ្នាំ២០១៩​របស់​សហព័ន្ធ​សហជីព​ដដែល​បាន​សរសេរ​ក្នុង​អត្ថន័យ​ដើម​ថា៖

«៥០,៤ភាគរយ​នៃ​ឡ​ឥដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រើ​ម៉ាស៊ីន​បញ្ជា​ដោយ​ដៃ​ ដែល​មាន​ចំនួន​២៣១ឡ​ ធៀប​នឹង​ ២២៧ឡ​ ដែល​មិនមាន​ម៉ាស៊ីន​នេះ»។

របាយការណ៍​ជា​ភាសាខ្មែរ​ដែល​មាន​កម្រាស់​ជិត​៤០​ទំព័រ​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុជា​ ក៏​បាន​រក​ឃើញ​ដែរ​ថា មាន​កុមារ​ប្រមាណ៦៣៨​នាក់​ដែល​មានអាយុ​ក្រោម​១៨​ឆ្នាំ​កំពុង​ធ្វើការ​នៅ​ឧស្សាហកម្ម​ផលិត​ឥដ្ឋ។ ចំនួន​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចំនួន​៦៨៦៣នាក់​ ដែល​បញ្ជាក់​ថា​ មានការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ។ តាម​ការ​សិក្សា​នេះ​ ឧស្សាហកម្ម​ផលិត​ឥដ្ឋ​ នៅតែ​ពឹង​ផ្អែក​ខ្លាំង​លើ​ពលកម្ម​ប្រពល​វប្បកម្ម​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ ។

​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​មាន​ចំណង​ជើង​ថា​ «ជំរឿន​ឧស្សាហកម្ម​ឥដ្ឋ​កម្ពុជា៖ ប្រជាជន​ ភូមិសាស្ត្រ​ ការអនុវត្ត»​តាម​ន័យដើម​បន្ថែម​ថា៖

«កង្វល់​ចម្បង​មួយ​ចំពោះ​ឧស្សាហកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​គឺ​ជា​លក្ខខណ្ឌ​នៅ​កន្លែង​ធ្វើ​ការងារ​ផ្ទាល់។​ ក្នុង​ចំណោម​គ្រោះថ្នាក់​ជា​ច្រើន​ដែល​កម្មករ​ឡឥដ្ឋ​ប្រឈម​មុខ​...គឺ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​ម៉ាស៊ីន​ផលិត​វាយពុម្ព​ឥដ្ឋ​ដែល​ប្រើ​ដោយដៃ​ ដែល​បង្ក​ការ​ខូចខាត​ទៅ​លើ​អវយវៈ​ ឬ​ធ្វើ​ឲ្យ​មាន​ការ​កាត់​អវយវៈ»។

កាលពី​ដើម​ខែមីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​កុមារីឈ្មោះ ឆេង​ ស្រីភ័ក្រ​ អាយុ​១០​ ឆ្នាំ​ ជា​កូន​កម្មករ​ឡឥដ្ឋ​បាន​ជួប​គ្រោះ​ថ្នាក់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ម្ចាស់​ឈ្មោះ​ លាង​ ស្រ៊ុន​ ស្ថិត​នៅ​ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។ គ្រោះថ្នាក់​នេះ​បាន​បង្ក​ឲ្យ​កុមារ​បាត់បង់​ដៃ​ម្ខាង។

ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង​បាន​ចេញ​ណែនាំ​ហាម​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ។ ក្រសួង​បាន​ចាត់​វិធានការ​សំខាន់ៗ​ប្រាំ​ក្នុង​នោះ​គឺ​ម្ចាស់​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ ត្រូវ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ​ និង​ងាយ​មើល​ឃើញ​ដូចជា​ ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិត​កម្ម​ ឬ​ជន​ណា​ដែល​នាំ​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ។

លោក ​អ៊ិត សំហេង​ ក៏​ស្នើ​ឲ្យ​ម្ចាស់​សិប្បកម្ម «ត្រូវ​ហាម​ឃាត់​ដាច់​ខាត​ ការ​ប្រើ​ប្រាស់​ទាសភាព​បំណុល​ ដើម្បី​ដាក់​បន្ទុក​សេរីភាព​ការងារ​កម្មករ»​ និង​ «ហាម​ឃាត់​ដាច់​ខាត​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​ និង​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការ​ដើម្បី​ដោះ​បំណុល»។

កម្មករ​ឡឥដ្ឋ​ជាច្រើន​ត្រូវ​បាន​ជាប់​អន្ទាក់​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ ដោយសារ​បំណុល​នេះ។ ​បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ​កន្លង​មក។

ក្រុមវាគ្មិន​ដែល​ធ្វើការ​ក្នុងវិស័យ​ការ​ងារ​ចូលរួម​ការចេញផ្សាយ​របាយការណ៍​ព្រាង​ អំពី​ឧស្សាហកម្ម​ឥដ្ឋកម្ពុជា​ ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)
ក្រុមវាគ្មិន​ដែល​ធ្វើការ​ក្នុងវិស័យ​ការ​ងារ​ចូលរួម​ការចេញផ្សាយ​របាយការណ៍​ព្រាង​ អំពី​ឧស្សាហកម្ម​ឥដ្ឋកម្ពុជា​ ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)

លោក ​វ៉ាន់​ រតនា​ ប្រធាន​ការិយាល័យ​ផ្នែក​ពិនិត្យ​ និង​អធិការ​កិច្ច​ពលកម្ម​កុមារ​នៃ​នាយកដ្ឋាន​ការងារ​កុមារ​នៅ​ក្រសួង​ការងារ​ ដែល​បាន​ចូលរួម​កិច្ច​ពិភាក្សា​យោបល់​លើ​របាយការណ៍​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ពុធនេះ​ ​បាន​បញ្ជាក់ថា​ ក្រុម​អធិការ​កិច្ច​ក្រសួងការងារ​បាន​បង្កើនការ​ខិត​ខំ​ក្នុង​ការ​ទប់​ស្កាត់​ការប្រើ​ប្រាស់​ពលកម្ម​កុមារ។

មន្ត្រី​អធិការកិច្ច​រូបនេះ​អះអាង​ថាតាមរយៈ​សកម្មភាព​អធិការកិច្ច​ដែល​ធ្វើឡើង​ពីរដង​ក្នុង​រយៈមួយ​ឆ្នាំនេះ​ ក្រុម​ការងារ​អធិការកិច្ច​រកមិន​ឃើញ​ ការ​ជំពាក់​បំណុល​រវាង​កម្មករ​ឡឥដ្ឋ​ និង​ម្ចាស់​សិប្បកម្ម​នោះ​ទេ។ លោក​បាន​ទាត់​ចោល​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​មួយ​គឺ​អង្គការ​លីកា​ដូ​ ដែល​បានរក​ឃើញ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជាកាល​ពី​ឆ្នាំ​២០១៦។

«បើតាម​អង្កេត​របស់​ក្រសួង​ការងារ​ដែល​មាន​នាយកដ្ឋាន​អធិការ​កិច្ច​ការ​ងារ​ ដែល​ចុះ​ទៅដល់​សិប្ប​កម្ម​ឡឥដ្ឋ​ យើង​ពិនិត្យ​ឃើញ​ថា​ ដូច​អត់មាន​ទាសភាព​ទាសករ​ទេ​ អីចឹង​បាន​ក្រសួង​បាន​ចេញ​សេចក្តី​ព័ត៌មាន​ហ្នឹងបដិសេធ​មួយ​បាទ​ បដិសេធ​នៅ​ក្នុងឆ្នាំ​២០១៦​ហ្នឹង»។

អ្នកស្រី​ ហន ថារី​ វ័យ​២៤​ឆ្នាំ​ ដែល​ជា​កម្មករ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​ ក្នុង​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ និយាយ​ថា​ អ្នកស្រី​នៅ​ជាប់​បំណុល​ជាមួយ​ថៅកែ​ឡឥដ្ឋ​នៅឡើយ ហើយការ​សង​បំណុល​គឺកាត់​ទៅ​តាម​ប្រាក់​ឈ្នួល​ដែល​រក​បាន​ពីការ​ផលិត​ឥដ្ឋ​ក្នុងសិប្បកម្ម​ឡឥដ្ឋ​តែម្តង។

«និយាយ​ទៅ​យើង​ ​ដូច​ថា​យើង​ធ្វើបាន​ ប៉ុន្មាន​ យើង​បើក​លុយ​ដូច​ថា​ ក្នុង​មួយខែ​យើង​បើក​លុយបាន​២០ ៣០ម៉ឺន​អី​ យើង​កាត់​ឲ្យ​គេ​ ប្រាំម៉ឺន​អីចឹង​ទៅ។ ហើយ​យើង​អត់​ទាន់​កាត់​ក៏បាន​ដែរ​ ហ្នឹង​គេ​អត់​ទាម​ទារ​ចឹង​ តែ​គ្រាន់​ថា​ តែ​យើង​មាន​ជំងឺ​ យើង​ខ្ចី​គេ​ទៅ​ វាចេះ​តែកើន​ កើន»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ យល់​ថា​ បើរដ្ឋាភិបាល​មាន​ឆន្ទៈ​ខាង​នយោបាយ​នោះ​ ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​ និង​បញ្ហា​បំណុល​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋអាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ។

«​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ប្រាកដ​ប្រជា​ណ៎ា​ ពីព្រោះ​រឿង​ទាំង​អស់​ យើង​ទទួល​ស្គាល់​ហើយ​ថា​មិនមែន​ដោះស្រាយ​ភ្លាម​ចប់​ភ្លាម​ ប៉ុន្តែយើង​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឆាប់​ កាន់​តែ​ល្អ​ ជា​ពិសេស​ យើង​ចង់​ដោះ​ស្រាយ​បញ្ហា​ពលកម្ម​ ដែល​កុមារ​ធ្វើការ​នៅ​ក្នុង​ឡឥដ្ឋ យើង​ត្រូវ​តែ​ដោះស្រាយ​អំពី​ឫសគល់​បាន​ន័យ​ថា​ គឺ​បំណុល​របស់​ឪពុក​ម្តាយ​ ជាមួយ​នឹង​ថៅកែ​ឡឥដ្ឋ​ហ្នឹង​ ជាមុន។ អាហ្នឹង​ បើ​មិន​ចឹង​ទេ​ អា​ផល​ប៉ះពាល់​ហ្នឹង​នៅ​តែ​ប៉ះពាល់​ទៅដល់​កុមារ​ចឹង​ ពីព្រោះ​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ដែល​ធ្វើការ​ទៅ គាត់​ចង់​បាន​កម្រៃ​ច្រើន»។

​របាយការណ៍​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុជា​បន្ត​ឲ្យ​ដឹង​ថា​ ភាគ​ច្រើន​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ឡ​ឥដ្ឋ​ជា​ពលករ​ចំណាក​ស្រុក​ដែល​ជាង​២៤​ភាគរយ​មក​ពី​ខេត្ត​កណ្តាល​និង​ជាង​២២​ភាគ​រយ​មក​ពី​ខេត្ត​ព្រៃវែង ដែល​ស្ទើរ​តែ​ជិត​ពាក់​កណ្តាល​នៃចំនួន​ប្រជាជន​ធ្វើ​ការ​ក្នុង​ឡឥដ្ឋ​បច្ចុប្បន្ន។

របាយការណ៍​ដដែល​បាន​បង្ហាញ​ដែរ​ថា​ ភាគ​ច្រើន​លើស​លុប​នៃ​ឡឥដ្ឋ​ដែល​ស្មើ​នឹង​៨៨,៩​ ភាគ​រយ​មិន​មាន​ដំបូល។​

របាយការណ៍​បាន​លើក​ឡើង​ថា៖

«កង្វះ​ខាត​ដំបូល​ធ្វើឲ្យ​មាន​បញ្ហា​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​ដោយ​ហេតុ​ថា​ ផលិតកម្ម​ត្រូវ​តែ​បញ្ឈប់់​ទាំង​ស្រុង​នៅ​ពេល​ភ្លៀង។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា​សម្រាប់​កម្មករ​ដែល​អារ​រក​ប្រាក់​បាន​និង​ធ្វើ​ឲ្យ​ពួក​គេ​ពឹង​ផ្អែក​លើ​បំណុល​កាន់​តែ​ច្រើន​ថែម​ទៀត»។

តាម​ការ​បញ្ជាក់​របស់​លោក វ៉ាន់​ រតនា​ ប្រធាន​ការិយាល័យ​ផ្នែក​ពិនិត្យ​ និង​អធិការ​កិច្ច​ពលកម្ម​កុមារ​នៃ​នាយកដ្ឋាន​ការងារ​កុមារ​នៅក្រសួង​ការងារ កាល​ពី​ឆ្នាំ​២០១៩​ ក្រុម​មន្ត្រី​ក្រសួង​ការ​ងារ​បាន​ចុះ​យុទ្ធ​នា​ការ​ផ្សព្វផ្សាយ​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ដល់​ កម្មករចំនួន​៧៥៥៨នាក់​ និង​ក្រុមគ្រួសារ​កុមារ​១២៥៩គ្រួសារ។ ក្រុម​ការងារ​ក្រសួង​ក៏បាន​ណែនាំ​ឲ្យម្ចាស់​សិប្បកម្ម​បង្កើន​វិធានការ​នានា​ការពារ​មិន​ឲ្យកុមារ​ចូលដល់​កន្លែង​នៃ​សង្វាក់​ផលិត​កម្ម​ឥដ្ឋ។ ​

លោក​បន្ថែមថា​ នៅឆ្នាំ​២០២០នេះ​ ក្រសួង​នឹង​បន្តការ​ធ្វើ​អធិការ​កិច្ច​ដូច​សព្វ​ដង​ នៅ​កម្រិត​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​អាយុ​ក្រោម​១៨ឆ្នាំ​ ឬក្រោម​១៥​ឆ្នាំ។ ​ លោក​អះអាង​ថា​ ក្រុម​ការងារ​រក​មិន​ឃើញ​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​ដែល​មាន​អាយុ​ក្រោម​១៥ឆ្នាំ​នោះ​ទេ​ ដែល​ការណ៍​នេះ​គឺ​ផ្ទុយ​ពី​ការ​រកឃើញ​របស់​ក្រុម​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG