ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖​ ករណី​ជំងឺ​គ្រុនចាញ់​ថយ​ចុះ​៧០​ភាគ​រយ​ ក្នុង​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២០


បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ចំនួន​ករណី​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​៧០​ភាគរយគឺ​ពី​ចំនួន​១៥១៦៥​ករណី​ក្នុង​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៩មក​នៅ​ត្រឹម​ចំនួន​៤៥៤០​ករណីក្នុង​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២០​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា បញ្ជាក់​បន្ថែម​ថា​មិន​មាន​អ្នក​ស្លាប់​ទេ​ក្នុង​ករណីជំងឺ​គ្រុន​ចាញ់​ទាំង​៤៥៤០នោះ។ ស្ថានភាព​ជំងឺ​គ្រុនចាញ់​ឆ្នាំ​២០២០នេះ​មាន​រាយ​ប៉ាយ​នៅ​តំបន់​ព្រៃ​ភ្នំ ​ពិសេស​នៅខេត្ត​កំពង់​ស្ពឺ ​មណ្ឌលគិរី ​រតនគិរី ​ពោធិសាត់ និង​ស្ទឹងត្រែង។​

ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ​ធ្វើ​ឡើងពីរ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ចេញ​ផ្សាយ​ការ​សិក្សា​ថ្មី​មួយដែល​ព្រមាន​ថា​ ​ជំងឺ​កូវីដ១៩​អាច​មាន​សក្តានុពល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​សេវាកម្ម​សុខាភិបាល​ដែល​ផ្តោត​ទៅលើ​ជំងឺ​អេដស៍ ​របេង​និង​គ្រុន​ចាញ់​ក្នុង​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម​នេះ។​

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅលើ​ទិន្ទានុប្បវត្តិ​សុខភាព​សកល The Lancet នេះ​រក​ឃើញ​ថា​ ការ​អាក់ខាន​ការ​ផ្តល់​សេវាកម្ម​សុខាភិបាល​ទៅលើ​ជំងឺ​គ្រុនចាញ់​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​អាច​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​កើន​ឡើង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត។​

មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​គ្រប់គ្រងនិង​បង្ការ​ជំងឺនៅ​តែ​ដាក់​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​នៅ​ឡើយ ជា​ពិសេស​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​សន្ធំ​(P. falciparum)។

ក្រសួង​សុខាភិបាល​កម្ពុជា​លើកឡើង​ថា​ ជំងឺ​គ្រុន​ចាញ់​ប្រភេទ​សន្ធំ​នេះ​មាន​ចំនួន​៣៨១​ករណីគឺ​ថយ​ចុះ​៨០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕

XS
SM
MD
LG