ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ឆាំង សុង ​អតីត​រដ្ឋមន្រ្តី​ក្នុង​របប​ លន់ នល់ ​ទទួល​មរណ​ភាព ​ក្នុង​អាយុ​៨៥​ឆ្នាំ


នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​បង្ហាញ​រូប​លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ឃោសនាការ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ បាន​ទទួល​មរណ​ភាព​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ នៅ​​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​អាទិត្យ ទី ២១ ខែសីហា ឆ្នាំ២០២២។ (Facebook/Chhang Song)
នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​បង្ហាញ​រូប​លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ឃោសនាការ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ បាន​ទទួល​មរណ​ភាព​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ នៅ​​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​អាទិត្យ ទី ២១ ខែសីហា ឆ្នាំ២០២២។ (Facebook/Chhang Song)

លោក ​ឆាំង សុង ​អតីត​រដ្ឋមន្ត្រី​ឃោសនាការ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ ​ដែល​គ្រប់​គ្រង​ដោយ ​លោក​លន់ នល់ ​បាន​ទទួល​មរណ​ភាព​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ នៅ​ទីក្រុង​Long Beach​រដ្ឋ​ California ​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​អាទិត្យ សប្តាហ៍​មុន។ នេះ​បើ​យោងតាម​លោក ឆាំង យុ ប្អូន​ប្រុស​ជីដូន​មួយ​របស់​លោក ឆាំង សុង។

លោក ឆាំង សុង ដែល​មាន​ភរិយា​ឈ្មោះ ​ស៊ុំ រុន​ និង​កូន​៣​នាក់ ​បាន​ទទួល​មរណភាព ​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ​នៅ​ថ្ងៃ​ទី​២១ ​ខែ​សីហា​ ឆ្នាំ​២០២២។ ​ កាល​ពី​កន្លង​ទៅ ​ លោក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថាធ្លាក់​ខ្លួន​ឈឺ ​ដោយសារ​ជំងឺ​បេះដូង ​រលាក​តម្រង​នោម ​និង​លើស​ឈាម។​

លោក ​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក ​ឆាំង សុង​ កាល​នៅ​រស់ ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ច្រើន។​

លោក​ ឆាំង យុ ​ថ្លែង​ថា៖​ «អ៊ីចឹង ​គឺ​ចំពោះ​ក្រុម​គ្រួសារ​យើង​គិត​តាម​ធម៌​ព្រះ​ពុទ្ធ ​ គាត់​គង់​តែ​អនិច្ច​កម្ម​ថ្ងៃ​ណា​មួយ។​ អ៊ីចឹង​ គិត​អ៊ីចឹង​គ្រប់​គ្នា​ ហើយ​យើង​ធ្វើ​បុណ្យ​បង្សុកូល​អី​ជូន​គាត់​ទៅ»។​

បើ​តាម​លោក​ ឆាំង យុ ​លោក ​ឆាំង សុង​ ធ្លាប់​បាន​សរសេរ ​និង​ចង​ក្រង​សៀវភៅ​មួយ​ចំនួន ដូចជា​សៀវភៅ​ព្រះ​ពុទ្ធ​សាសនា​ក្រោម​របប​ប៉ុល ពត ​សៀវភៅ​រដ្ឋ​ប្រហារ​ទម្លាក់​សេនា​ប្រមុខ ​លន់ នល់​ សៀវភៅ​ស្តីពី​ការ​វិល​ត្រឡប់​មក​កាន់​កម្ពុជា ​អត្ថបទ​ទាក់​ទង​នឹង​វត្ថុ​អស្ចារ្យ​ពីរ​ប្រភេទ​ និង​កំណាព្យ​ផ្សេងៗ​ទៀត។​

ក្រសួង​ព័ត៌មាន ​និង​ព្រឹទ្ធសភា​កម្ពុជា ​ក៏​បាន​ចេញ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក ​ឆាំង សុង​ ផង​ដែរ។​ ក្រសួង​ព័​ត៌មាន​បាន​បញ្ជាក់​នៅ​ក្នុង​សារ​រំលែក​ទុក្ខ​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​មរណភាព​លោក​ឆាំង សុង​«ជា​ការ​បាត់​បង់​នូវ​ឥស្សរជន​មួយ​រូប​ ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ»។​

លោក ​ឆាំង សុង​ អតីត​រដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​ លន់ នល់ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សមាជិក​សហគមន៍​ខ្មែរ​ជា​ច្រើន​ដែល​បាន​រត់​ភៀស​ខ្លួន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០។​

មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ ​ លោក​ ឆាំង សុង ​កើត​នៅ​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆាំ្ន​១៩៣៩។​ លោក​គឺ​ជា​កូន​របស់​តាម៉ក់​យាយ​ផូ​ និង​ជា​កូន​សិស្ស​សាលា​វត្ត​ព្រៃ​ល្វា​ខេត្ត​តាកែវ​ ដែល​រៀន​ពូកែ​ និង​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សហ​រដ្ឋ​អាមេរិក​ផ្នែក​កសិកម្ម​នៅ​សាកល​វិទ្យាល័យ​រដ្ឋ ​Louisiana។ ​ លោក​ក៏​បាន​ចេះ​ដឹង​ជ្រៅ​ជ្រះ​ពី​អក្សរ​សាស្ត្រ​បារាំង​ ដោយ​សារ​លោក​បាន​សិក្សា​មុន​ពេល​លោក​ត្រឡប់​ពី​សហ​រដ្ឋ​អាមេរិក​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​ចុង​ទស​វត្សរ៍​១៩៦០។​ ក្រោយ​ពី​លោក ​ឆាំង សុង​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ​សង្គ្រាម​វៀតណាម​កាន់​តែ​រីកធំ​ ហៀរ​ចូល​ប្រទេស​កំណើត​របស់​លោក។​

ក្រុម​វៀតកុង​ដែល​ជា​កងទ័ព​វៀតណាម​ខាង​ជើង​បាន​បង្កើត​ផ្លូវ​លំ​ហូជីមិញ​ក្នុង​ប្រទេស​កម្ពុជា​ និង​តាម​សេចក្តី​រាយ​ការណ៍​នានា​ គឺ​ដោយ​សារ​មាន​ការ​បើក​ដៃ​ពី​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម​សីហនុ ​ដើម្បី​ដឹក​អាវុធ​ទៅ​វាយ​ប្រហារ​កងទ័ព​វៀតណាម​ខាងត្បូង​ និង​កងទ័ព​សហ​រដ្ឋ​អាមេរិក​ដែល​នាំ​ឲ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហ​រដ្ឋ​អាមេរិក​លើ​ផ្នែក​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម​ខាង​ត្បូង។​

ក្រោយ​ការ​ទម្លាក់​សម្តេច​នរោត្តម ​សីហនុ​ ចេញ​ពី​តំណែង​ប្រមុខ​រដ្ឋ​តាម​រយៈ​រដ្ឋ​ប្រហារ ក្រុម​យោធា​បាន​បង្កើត​របប​សាធារណ​រដ្ឋ​ខ្មែរ​ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ ​លន់ នល់ ​និង​មាន​ការ​គាំទ្រ​ពី​សហ​រដ្ឋ​អាមេរិក។​

និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​រដ្ឋាភិ​បាល​ថ្មី​ចាប់​អារម្មណ៍​និង​ទុក​ចិត្ត។​ ជា​ពិសេស​លោក​ ឆាំង សុង ​បាន​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធានាធិបតី ​លន់ នល់ ​និង​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ពី​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៤​ រហូត​ដល់​ចុង​ខែ​មីនា ​ឆ្នាំ​១៩៧៥។ នៅ​ពេល​នោះ​លោក ​ឆាំង សុង ​បាន​ក្លាយ​ជា​លេខា​ព័ត៌មាន​ផ្ទាល់​របស់​លោក ​លន់ នល់។​

នៅថ្ងៃ​ទី១​ ខែ​មេសា​ ឆ្នាំ​១៩៧៥ ​ លោក​ ឆាំង សុង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​លោក ​លន់ នល់ ​គឺ​១៦​ថ្ងៃ​មុន​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៥។ ​ នេះ​បើ​តាម​លោក​ វ៉ាន់ ស​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​រដ្ឋាភិបាល​លោក ​ឡុង បូរ៉េត ​ដែល​បាន​ឡើង​កាន់​អំណាច​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ។​

ដោយ​មាន​តួនាទី​ជា​អតីត​រដ្ឋមន្ត្រី​ឃោសនាការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​លោក ​ឆាំង សុង ​ដែល​កាល​ណោះ​អាយុ​៣៥​ឆ្នាំ ​បាន​ក្លាយ​ជា​សាក្សី​រស់​អំពី​ព្រឹត្តិ​ការណ៍​នៅ​មុន ​និង​នៅ​ពេល​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍​ចូល​កាន់​អំណាច។​ បើ​ទោះជា​របប​ដែល​លោក​បម្រើ​ការ​បាន​ចាញ់​សង្គ្រាម​ខ្មែរ​ក្រហម​ក៏​ដោយ​ ក៏​លោក​នៅ​តែ​រក​វិធី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ដោយ​បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ខេមរៈ​សង្គ្រោះ ​(Save Cambodia Inc) ​នៅ​ទីក្រុង​ Arlington​ រដ្ឋ​ Virginia ​ជួយ​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ការ​តាំង​លំនៅ​នៅ​សហ​រដ្ឋ​អាមេរិក។​ លោក​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​នៅ​ឆ្នាំ​១៩៨៧។​

លោក ​ឆាំង សុង​ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ​១៩៨៩ ​មុន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​១៩៩១​ ​ហើយ​ក្រោយ​មក​នៅ​អំឡុង​ទសវត្សរ៍​១៩៩០​ ​លោក​បាន​ក្លាយ​ជា​ទីប្រឹក្សា​លោក ​ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ​ ជា​អតីត​និស្សិត​សេរី​និយម​រៀន​នៅ​សហ​រដ្ឋ​អាមេរិក ​លោក​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រយៈ​ខ្លី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩៕

XS
SM
MD
LG