ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្អូនប្រុស​លោក ជា វិជ្ជា ប្រកាស​ឈប់​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ស្វែង​រក​ឃាតក​សម្លាប់​បងប្រុស​ខ្លួន ដោយសារ​អស់​ជំនឿ


រូបឯកសារ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា អុជ​ធូប​បួងសួង​នៅ​កន្លែង​ដែល​លោក ជា វិជ្ជា​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ឆ្នាំ២០០៤។ (ហេង រស្មី/ VOA Khmer)

លោក ជា​ មុន្នី ដែល​ជា​ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នោះ បាន​​សង្កត់​​ធ្ងន់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ នៅ​តែ​បើក​ឱកាស​ឲ្យ​មានការ​បាញ់​សម្លាប់​ អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​មិន​ផ្ដល់​អំណាច​ឲ្យ​​រដ្ឋាភិបាល​នេះ​បន្ត​គ្រប់​គ្រង​ប្រទេស​ទៀត​នោះ​ឡើយ។​

លោក​ ជា​ មុន្នី​ អតីត​ប្រធាន​និង​ជា​ទី​ប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ព្រមាន​កាលពី​ថ្ងៃ​អាទិត្យថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ ​អាច​នឹង​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ខណៈ​ការ​បាញ់​ប្រហារ​លើ​អ្នករិះគន់ បាន​បន្ត​កើតឡើង​ ហើយឃាតក​ពិតប្រាកដ​មិន​ត្រូវ​បាន​អាជ្ញាធររកឲ្យ​ឃើញ​ដើម្បីយក​មក​ផ្ដន្ទាទោសទេ​នោះ។

អតីត​មេដឹកនាំ​សហជីព​រូប​នេះ​ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​រម្លឹក​ដល់​ការ​បាញ់​សម្លាប់លោក​ ជា វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ​ដែល​បាន​កើត​ឡើង​កាល​ពី​ជាង​ ១០​ឆ្នាំមុន។

ថ្លែង​នៅកន្លែង​តម្កល់រូប​សំណាកលោក​ ជា វិជ្ជា​ ស្ថិត​នៅ​ទល់​មុខវត្ត​លង្កា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​ ជា​ មុន្នី​ ដែល​ជា​ប្អូន​ប្រុស​បង្កើត​លោក​ ជា វិជ្ជា​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ គ្មាន​ចេតនា​រក​ឲ្យ​ឃើញ​ឃាតក​ ដែល​បាន​បាញ់​សម្លាប់​បងប្រុស​របស់លោក​នោះ​ឡើយ។​

លោក​បន្ត​ថា​ មាន​តែ​រដ្ឋាភិបាល​ថ្មី​ប៉ុណ្ណោះ​ ដែល​អាច​ផ្ដល់​យុត្តិធម៌​ដល់បងប្រុស​របស់​លោក។

លោក​សង្កត់ធ្ងន់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ នៅ​តែ​បើក​ឱកាស​ឲ្យ​មានការ​បាញ់​សម្លាប់​ អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​មិន​ផ្ដល់​អំណាច​ឲ្យរដ្ឋាភិបាល​នេះ​បន្ត​គ្រប់​គ្រង​ប្រទេស​ទៀត​នោះ​ឡើយ។

«កុំ​ថា​ គេ​អត់​ឈឺ​ចាប់​អ្ហា៎ បើ​ប៉ះចំ​គ្រួសារ​អ្នក​ឯង​វិញ​ តែ​បន្តិច​ទេ​ ចាប់​គេ​ដាក់​គុក​ គ្រាន់​តែ​ជេរ​ គ្រាន់​តែ​គេ​រិះគន់​ ដើម្បី​ឲ្យ​ល្អ ​ចាប់​គេ​ដាក់​គុក។ មែន​ប្រទេស​អ្នក​ឯង​ ដឹកនាំ​តែម្នាក់​ឯង​ទេ។ ផ្កាំ​ផង ២០១៧​ណា៎ ប្រយ័ត្ន​អត់​បាន​មួយ​សន្លឹក»។

លោក​បញ្ជាក់​បន្ថែម​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ ត្រូវ​ឈប់​រក​ឃាតក​ ដែល​បាញ់​សម្លាប់​បងប្រុស​លោក​ ដោយសារ​រយៈពេល​ ១៣​ឆ្នាំ​ មក​ហើយ​ រដ្ឋាភិបាល​នៅ​មិន​អាច​ចាប់​ឃាតក​ពិតប្រាកដ​បាន​ដដែល។

មាន​សកម្ម​ជន​គណបក្ស​នយោបាយ​ ​សកម្មជន​បរិស្ថាន​ អ្នក​វិភាគ​នយោបាយ​ ព្រះសង្ឃ​ សហជីព​ និង​អ្នក​កាសែត​ជា​ច្រើន​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ។ ​

ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ មិន​មាន​ឃាតក​ពិត​ប្រាកដ​ណា​ម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​តាម​ច្បាប់​ទេ។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ទៅកាន់អ្នក​ចូលរួម​នៅ​ថ្ងៃ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ នឹង​នៅ​បន្តស្វែង​រក​យុត្តិ​ធម៌​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ពេល​កន្លង​មក។

«ពួក​យើង​ខ្ញុំ​ នៅ​តែ​បន្ត​ការ​តស៊ូ​ នៅ​ពេល​ថ្ងៃ​នេះ​ ថ្ងៃ​ស្អែក​ និង​ថ្ងៃ​អនាគត​រក​យុត្តិធម៌​ ជូន​អ្នក​ដែល​បាន​រង​គ្រោះ បាត់​បង់​ជីវិត​ ដើម្បី​ការ​ពារ​ផលប្រយោជន៍​ជាតិ​ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ផល​ប្រយោជន៍​កម្មករ​ឲ្យ​ទាល់​តែ​បាន​នៅ​ក្នុង​ពេល​អនាគត»។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​សេចក្ដី​អធិប្បាយ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ទេ​ ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​រក​ឃាតក​ដែល​បាញ់​សម្លាប់ លោក​ ជា​ វិជ្ជា។​

លោក​ ជា មុន្នី​ បាន​ប្រាប់​ VOA ​កាលពី​កន្លង​មក​ថា​ សមាជិក​ក្រុម​គ្រួសារដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ត្រូវរួមគ្នា​ជា​កម្លាំង​មួយ​ ដើម្បី​ទាម​ទារ​រក​យុត្តិធម៌។​

អ្នក​ដែល​ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់ កាល​ពី​ជាង​២០​ឆ្នាំ​មក​នេះ ​រួម​មាន​លោក​បណ្ឌិត​ កែម ឡី​ លោក​ ឈុត វទ្ធី ​លោក ​រស់​ សុវណ្ណារ៉េត​ លោក​ ជា វិជ្ជា​ និង​ព្រះតេជព្រះគុណ ​សំ ប៊ុនធឿន។​

កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ឆ្នាំ​២០១៦​ លោក​បណ្ឌិត កែម​ ឡី​ អ្នក​វិភាគ​ឯក​រាជ្យ​ ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល​តិច ​(Caltex)​ នៅ​ក្នុង​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។​

ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​ ទាំង​កណ្ដាល​ថ្ងៃ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ផ្ដល់​ការ​អធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មានទៅលើ​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​ និង​ការ​គ្រប់គ្រង​ក្រុម​ហ៊ុន​របស់​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​២០០​លាន​ដុល្លារ។​

ឃាត​កម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​អ្នក​វិភាគ​ពណ៌​នា​ថា​ ជា​ការ​ដាក់​សម្ពាធ​ធ្ងន់​មួយ​ទៀត​ទៅ​លើ​ក្រុម​ដែល​មិន​ពេញ​ចិត្ត​របៀប​របប​គ្រប់​គ្រង​ប្រទេស​របស់​រដ្ឋាភិបាលសព្វ​ថ្ងៃ៕

XS
SM
MD
LG