សាច់ញាតិ និងជាតំណាងសហជីពសេរីកម្មករនៅតែបន្តស្នើឲ្យរដ្ឋាភិបាលបំពេញភារកិច្ចរបស់ខ្លួនក្នុងការវែកមុខរកជនដៃដល់ដែលសម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ និងតំណាងសហជីពពីររូបផ្សេងទៀត ស្របពេលដែលតំណាងសហជីព និងកម្មករកាត់ដេរគ្រោងប្រារព្ធខួប១២ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នាថ្ងៃសុក្រនេះ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប្អូនប្រុសបង្កើតសពលោក ជា វិជ្ជា បានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោក និងតំណាងកម្មករជាង១០០នាក់គ្រោងនឹងជួបជុំគ្នា ក្បែរវត្តលង្កានាថ្ងៃសុក្រនេះ ដើម្បីប្រារព្ធខួប១២ឆ្នាំនៃការធ្វើឃាតលោក ជា វិជ្ជា។
«ចាប់ផ្តើមនៅម៉ោង៨ជាងបន្តិចបន្តួច គឺមានការជួបជុំគ្នា។ ដល់ទៅជួបជុំគ្នាហើយទើបយើងទៅឱនគោរពវិញ្ញាណខន្ធ ហើយបានយើងទៅដាក់កម្រងផ្កា។ កម្រងផ្កាហើយបានយើងទៅថ្លែងប្រាប់ជនរួមជាតិទាក់ទិននឹងការប្រែប្រួលនៃករណីឃាតកម្មលើលោក ជា វិជ្ជា»។
កាលពី១២ឆ្នាំមុន លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់ឱ្យដេកដួលក្នុងថ្លុកឈាម ក្បែរបងវត្តលង្កា ជាទីដែលលោកតែងតែអង្គុយអានកាសែត។ ក្នុងសំណុំរឿងនៃការបាញ់សម្លាប់លោក ជា វិជ្ជា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក ប៊ន សំណាង និងលោក សុខ សំអឿន ដាក់ពន្ធនាគាររយៈពេលជិត៥ឆ្នាំ ក៏ប៉ុន្តែក្រោយមកដោយមានការរិះគន់ថា ជាឃាតករសិប្បនិម្មិតទើបតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ។
កាលពីខែមិថុនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមានការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីឃាតកម្មលើមេដឹកនាំសហជីពចំនួនបីរូប រួមទាំងលោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ផងដែរ។ មកដល់ពេលនេះ ការស៊ើបអង្កេតលើករណីឃាតកម្មលើតំណាងសហជីពទាំងបីនេះនៅតែជា អាថ៌កំបាំងនៅឡើយ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពី លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការពិសេសនេះ និងមន្ត្រីនៃក្រសួងមហាផ្ទៃបានទេនាថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាក៏ដោយ លោក ជា មុន្នី បានទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលមានកាតព្វកិច្ចត្រូវផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារបងប្រុសលោក ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស និងក្រុមគ្រួសារអតីតសហជីព២រូបផ្សេងទៀតដែលបាត់បង់ឪពុកនិងប្តីនោះ។
«ឥឡូវហ្នឹងគឺយើងជំរុញថា ឃាតកម្មហ្នឹង ថ្ងៃណា ខែណាឆ្នាំណា? ព្រោះមន្ត្រីកាន់តួនាទីមួយៗហ្នឹង អាយុច្រើនហើយ លើសឈាមផង ទឹកនោមផ្អែមផង ហើយសុខភាពមិនសូវមាំមួនទេ ក្រែងលោគាត់ស្លាប់បាត់ទៅ វាបាត់ដានណ៎ា។ អញ្ចឹងបើគាត់ធ្វើគឺវាលឿនទេ ពីរឬបីថ្ងៃគាត់អាចរកឃើញ ហើយព្រោះរដ្ឋាភិបាលគាត់មានជំនាញសឹងងាប់។ ប៉ុន្តែគ្រាន់តែថាគាត់ចង់រក ឬមិនរក? ក៏ប៉ុន្តែប្រសិនបើចិត្តគាត់អត់ចង់រកក៏ហីទៅ យើងនៅតែស្រែកអញ្ចឹងទៅ ហើយប្រជាពលរដ្ឋអត់បោះឆ្នោតឲ្យគាត់ទៅ។ រឿងហ្នឹងវាមានតែប៉ុណ្ណឹង»។
ស្របគ្នានោះដែរ លោក អំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា បើទោះជាមានការបង្កើត គណៈកម្មការស៊ើបពិសេសលើករណីឃាតកម្មរបស់លោក ជា វិជ្ជា និងការបាញ់សម្លាប់តំណាងសហជីពផ្សេងទៀតនោះក៏ដោយ ក៏យុត្តិធម៌របស់ពួកគេ «ហាក់ដូចជានៅឆ្ងាយដូចជើងមេឃ»។
«អង្គការក្រៅរដ្ឋាភិបាលយើងនៅតែគិតថា ករណីដូចជាការបាញ់សម្លាប់លោក ជា វិជ្ជា ក្តី បាញ់សម្លាប់លោក រស់ សុវណ្ណារ៉េត លោក ហ៊ី វុទ្ធី ក៏ដូចជាសិល្បករ សិល្បការីមួយចំនួន ហើយនឹងករណីមួយចំនួនទៀតហ្នឹងជាផ្នែកមួយនៃនិទណ្ឌភាព ពីព្រោះមកទល់ពេលនេះករណីទាំងអស់គឺមិនទាន់ត្រូវបានធ្វើការស៊ើបអង្កេត ស្វែងរកតម្រុយនៃជនសង្ស័យមកកាត់ទោសនៅឡើយនោះទេ»។
លោក អំ សំអាត បន្តថា ករណីបាញ់សម្លាប់លើលោក ជា វិជ្ជា នៅតែជាអាថ៌កំបាំងមួយហើយបានធ្វើឲ្យជនរងគ្រោះពីររូបផ្សេងទៀតគឺ លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលគេស្គាល់ថា ជាឃាតករសិប្បនិម្មិតបានជាប់ពន្ធនាគាររយៈពេលជិត៥ឆ្នាំផងដែរ មុនពេលតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ៕