ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ចាន់ សុវ៉េត​ស្លាប់​តែ​រូបកាយ​ទេ​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​រស់​រវើក

  • គង់ សុឋានរិទ្ធិ

ពិធីបុណ្យ​សព​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើបអង្កេត​​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០១៤ ដែល​ធ្វើ​ឡើង​នៅ​វត្ត​គល់​ទទឹង​ ស្ថិត​នៅ​ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី ខ័ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។ (នូវ ពៅលក្ខិណា

កាល​ពី​សប្តាហ៍​មុន​ លោក​ចាន់​ សុវ៉េត​ សកម្ម​ជន​ការ​ពារសិទ្ធិ​មនុស្ស​ល្បី​ល្បាញ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ បាន​ស្លាប់ដោយ​សារ​បញ្ហា​សុខ​ភាព។ ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​លោក​បាន​រំឭក​ពី​ការ​លះ​បង់​របស់​លោក​នៅ​ក្នុង​ការងារ​និងសម្រាប់ជន​រង​គ្រោះ​នៅ​ក្នុង​សង្គម។​

«គាត់​ទទួល​មរណ​ភាព​ទៅសល់​កិត្តិ​យស​ទុក​ឲ្យ​ខ្ញុំ​ និង​សេចក្តី​ល្អ​របស់​គាត់»

នេះជា​ប្រសាសន៍​របស់​ អ្នកស្រី ​ប៊ី សុភាព​ ភរិយា​របស់​លោក​លោក​ ចាន់ សុវ៉េត។

ក្នុង​សម្លៀក​បំពាក់​ស្លៀក​ស​ពាក់​ស​ កាន់​មរណទុក្ខ អ្នកស្រី​ប៊ី សុភាព ​ភរិយា​របស់​លោក​ចាន់ សុវ៉េត​បាន​រំឭក​ពី​កេរ្តិ៍​ដំណែល​នៃ​ប្តី​របស់​ខ្លួន​ក្នុង​សកម្ម​ភាព​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏ល្បី​ល្បាញ។​

ជិត​២០​ឆ្នាំ​ ក្នុង​អាជីព​ជា​អ្នក​តាម​ដាន​ អង្កេត​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ សិទ្ធិ​បញ្ចេញ​មតិ​ និង​ការពារ​ជន​រង​គ្រោះ​ដោយសារ​ដីធ្លី​និង​ស៊ើប​អង្កេត​លើ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ ​លោក​ចាន់ សូវ៉េត ​ត្រូវ​មិត្ត​ភក្តិ​និង​ភរិយា​របស់​លោក​លាត​ត្រដាង​ថា ​លោក​មិនមាន​សល់​ទ្រព្យ​ធន​អ្វីសម្រាប់​ជា​ស្ពាន​ដល់​គ្រួសារ​ និងកូនៗ​របស់លោក​ទាំង​បីនាក់​នោះ​ទេ។​

«អត់​មាន​ទ្រព្យ​អី​ទេ ​មាន​តែ​ផ្តល់​ចំណេះ​វិជ្ជា​ឲ្យ​កូន។​ នេះ​ជា​ទ្រព្យ​សម្បត្តិ​មួយ។​ ​តែ​ជា​ទ្រព្យ​សម្បតិ្ត​លុយ​កាក់​អី​គឺ​គ្មាន​ទេ»។

លោក​ចាន់ សូវ៉េត​មាន​កូន​ចំនួន​បីនាក់​គឺ​ប្រុស​ពីរ​និង​ស្រី​មួយ។​ កូន​ប្រុស​ច្បង​អាយុ​១៦​ឆ្នាំ។ ​លោកចាន់ សូវ៉េត​បាន​ទទួល​មរណ​ភាពនៅ​អាយុ​៥១​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ គឺ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​តែ​ម្តង។​ មក​ដល់​ថ្ងៃ​ច័ន្ទនេះ​ត្រូវ​ជា​ថ្ងៃ​បុណ្យ​ខួប​គម្រប់​ប្រាំ​ពីរ​ថ្ងៃ។​

លោក​នី ចរិយា ​ប្រធាន​ផ្នែកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បញ្ជាក់​ថា ​លោក​ចាន់ សូវ៉េត​អាច​ផ្គត់​ផ្គង់​គ្រួសារ​សម្រាប់​តែ​ការ​រស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។​

«ជា​សកម្មជន​សិទ្ធិ​មនុស្ស​គ្មាន​អ្វី​នៅ​ជាប់​ខ្លួន​ទេ។ ​សូម្បី​តែ​លុយ​សម្រាប់​ធ្វើ​បុណ្យ​ក៏​គ្មាន​ផង។ សូម្បី​តែ​លុយ​សម្រាប់​ដឹក​សព​មក​វត្ត​ក៏​គ្មាន​ផង។ ​ថ្ងៃ​ទី​១​ដែល​សហការីទៅ​ដល់​ផ្ទះ​គាត់​គឺ​គាត់​អត់​មាន​លុយមួយ​រៀល​ក្នុង​ដៃទេ​សម្រាប់​ដឹក​សព​(មកវត្ត)។​

មាន​នាទី​ជាអនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ចាន់ សូវ៉េត​បាន​រួម​ចំណែក​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវករណី​ដែល​ពាក់​ព័ន្ធ​នឹងការ​រំ​លោភ​ដីធ្លី ​ការ​បំពារ​បំពានលើ​សិទ្ធិ​ពី​ក្រុម​អ្នក​មាន​អំណាច ​អ្នក​មាន​ប្រាក់ ​និងការ​បំពាន​ពីក្រុម​អាជ្ញាធរ ​រួម​ទាំង​ឃាត​កម្ម​ផ្សេងៗ​ទាក់​ទង​នឹង​សំណុំ​រឿង​នយោបាយ​ផង​ដែរ។ ​ចាប់​តាំង​ពី​ចូល​ធ្វើ​ការ​នៅ​សមាគម​អាដហុក​នៅ​ឆ្នាំ​១៩៩៥ ​លោក​សូវ៉េត​បាន​រួម​វិភាគ​ទាន​ក្នុង​ការ​ស៊ើប​អង្កេត​និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ច្រើន​ជាង​មួយ​ម៉ឺន​ករណី។​ ករណី​ខ្លះ​លោក​ត្រូវ​ចុះ​ទៅ​អង្កេត​ផ្ទាល់​ខ្លួន​ឯង​តែម្តង​ជាមួយ​សហការី​ប្រចាំ​ខេត្ត។​

លោក​ប៉ែន ប៊ុណ្ណា ​មន្ត្រីជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​រតនគីរី បាន​រំឭក​ពី​ភាព​ក្លាហាន​របស់​សហការី​របស់​លោក។​

«គ្រប់​រឿង​ទាំង​អស់គាត់​បាន​ចុះ​ទៅ​ដល់​មូល​ដ្ឋាន។​ ទូទាំង​២៤​ខេត្ត​ក្រុងគាត់​បាន​ចុះ​ដល់​ទាំង​អស់​ដើម្បី​ធ្វើ​ការ​តាម​ដាន​ ឃ្លាំ​មើល​និ​ង​ធ្វើ​អន្តរាគមន៍។​ នេះ​ជា​ស្នាដៃ​មួយ​ដែល​សមាគម​អាដហុក​ភាគ​ច្រើន​មិន​អាច​អត់​គាត់​បាន»។​

ដោយ​សារ​ភាព​អង់អាច​នេះ លោក​ចាន់​ សូវ៉េត​បាន​ទទួល​ការ​គំរាម​ដោយ​មិន​ចំ​ឈ្មោះ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នា​ពេល​ថ្មីៗ​កន្លង​ទៅ។​ ​ការ​ប្រឈម​បែប​នេះ​តែង​តែ​កើត​មាន​សម្រាប់​មន្ត្រីការពារ​សិទ្ធិ​មនុស្ស។​ ដំណាល​គ្នា​នេះ​លោក​មានជីវភាព​មិន​ថ្កុំ​ថ្កើងដូចក្រុម​មន្ត្រីក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មាន​ប្រាក់ខែ​ទាប​ជាង​លោក ​ប៉ុន្តែ​មាន​ជីវភាពហ៊ឺហារលើស​ពី​ជីវិត​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ដូច​រូប​លោក។​

ក្រៅ​ពី​កេរ្តិ៍​ដំណែល​ជា​កិត្តិ​យស​សម្រាប់​គ្រួសារ ​ចិត្ត​សប្បុរស​របស់​លោក​ចាន់ សូវ៉េត​ គឺ​ជាអ្វីដែល​បន្សល់​ទុក​ជា​គំរូ​ដល់​សហការី​ និង​ជន​រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ដទៃ​ទៀត​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​លោក។

លោក​ប៉ែន ប៊ុណ្ណា​បាន​រៀបរាប់​បន្ថែមថា៖​

«ខ្ញុំ​ឃើញ​ផ្ទាល់។​ មាន​រឿង​រាប់​រយ​ករណី​ទៀត​ ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ។​ ​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​គាត់​ផ្ទាល់​រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​ភ្នំពេញ​នេះ​ នៅ​ពេលដែល​ប្រជា​ពល​រដ្ឋ​សហគមន៍​ឡើង​មក​ភ្នំពេញ​តែង​តែ​ខ្វះ​ខាត​សោហ៊ុយ​ធ្វើ​ដំណើរ​ជា​បន្ទាន់​នោះ ​ខ្ញុំ​ឃើញ​លោក​ចាន់ សូវ៉េត​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​ជូន​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ»។​

ភរិយា​របស់​លោក​ចាន់ សូវ៉េត​ឧទាន​ពី​ទឹក​ចិត្ត​នេះ​ដូច​គ្នា។​

«ចិត្ត​ល្អ។​ ​ស្រឡាញ់​អាណិត​អាសូរ​សាច់ញ្ញាតិ​ ព្រម​ទាំងប្រជា​រាស្ដ្រទូទាំង​ប្រទេស​ដែល​ជួប​ការ​លំបាក។​ (គាត់)​ខំ​អស់​ទាំង​កម្លាំង​កាយ​ទាំង​កម្លាំង​ចិត្ត​ ទោះ​លំបាក​យ៉ាង​ណា​ក៏​តស៊ូ​ធ្វើ​ដែរ។​ ទោះ​ថ្ងៃ​សម្រាក​ក៏​គាត់​ឆ្លៀត​ទៅ​ធ្វើ​ដែរ។ ​គាត់​មិន​សូវ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​ទេ»។​

សម្រាប់​លោក​នី ចរិយា​ លោក​ចាន់ សូវ៉េត​បាន​បន្សល់​ទុក​នូវ​វិភាគ​ទាន​និង​ស្នាដៃ​ជាច្រើន​សម្រាប់​សមាគម​មួយ​នេះ។​

«លោក​សូវ៉េតជា​ជំហរ​មួយ​ធំណាស់​កាល​ពី​គាត់​នៅ​មាន​ជីវិតក្នុង​ការ​ដឹកនាំ​ស៊ើប​អង្កេត​នៅ​តាម​មូលដ្ឋាន។ នៅ​ពេល​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ដែល​បុគ្គលិក​ស៊ើប​អង្កេត​យើង​មាន​ការ​លំបាកក្នុង​ការ​ដឹក​នាំ​ការ​ស៊ើប​អង្កេត​ គឺ​មាន​តែ​លោក​សូវ៉េត​ទេ​ជា​ជំហរ​ក្នុង​ការ​ដឹក​នាំ​ការ​ស៊ើប​អង្កេត​នៅ​តាម​ខេត្តក្តី​ និង​តាម​រាជធានី​ភ្នំពេញ​ក្តី។​ រាល់​ករណី​ធំៗ​ដែល​កើត​ឡើង​មិន​រួច​ពី​ដៃ​គាត់​ទេ។​ គាត់​តែង​តែ​ជា​អ្នក​ដឹក​នាំ​ស៊ើប​អង្កេត​ទាំង​អស់»។

ការ​ប្រឹង​ប្រែង​ទាំង​នេះ​មិន​បាន​បង្ក​ជា​មាស​ប្រាក់​ហូរ​ហៀរ​សម្រាប់​គ្រួសារ​របស់​លោក​សូវ៉េត​ទេ។​ លោក​សូវ៉េត​មិន​មានផ្ទះដែល​ជា​កម្មសិទ្ធិ​ដាច់​មុខ​នោះ​ទេ​ ពោល​គឺ​លោក​សង់​ផ្ទះ​បន្ត​លើ​ដំបូល​ផ្ទះ​ល្វែង​របស់​ម្តាយមីង​សាច់​ថ្លៃ។ ប្រពន្ធ​របស់​លោក​ប្រកប​របរ​រកស៊ី​កាត់ដេរ​សម្លៀក​បំពាក់​ជាមួយ​ម្តាយ​មីង​នោះដើម្បី​ទទួល​យក​ប្រាក់​ខែ។​ លោក​បន្សល់​ទុក​ម៉ូតូ​ម៉ាក​ហុនដា ​វ៉េវ​ ចំនួន​ពីរ​គ្រឿង​សម្រាប់​គ្រួសារ។​

«ក្តី​ស្រមើ​ស្រមៃ​របស់​គាត់​ថា ​បើ​គាត់​មាន​លុយគាត់នឹង​ទិញផ្ទះនិង​បើក ​Star Mart ​ឲ្យ​ខ្ញុំ​មួយ»។​

ថ្វី​បើ​ក្តី​ស្រមៃ​របស់​លោក​ចាន់ សូវ៉េត​មិន​ទាន់​បាន​សម្រេច​ដូច​បំណង ​ប៉ុន្តែ​លោក​បន្សល់​ទុក​កេរ្តិ៍​ដំណែល​យ៉ាង​ជាក់​ស្តែង​សម្រាប់​ប្រជាជាតិក្នុង​ស្រទាប់​ដែល​ងាយ​រង​គ្រោះ។​ សកម្មជន​ដី​ធ្លី​និង​អ្នក​ទោស​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​គុក​ក៏​បាន​រៃ​អង្គាស​ប្រាក់ចូល​បុណ្យ​សព​របស់​លោក​និងធ្វើ​លិខិតចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ។ ​នេះ​បើ​តាម​លោក​នី ចរិយា។​

«ប្រជាជន​គ្រាន់​តែ​ដឹង​ឮ​តាម​ប្រព័ន្ធ​អេឡិកត្រូនិក ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ តាម​វិទ្យុ​វីអូអេ ​អាស៊ីសេរី​ជាដើម​ ពួក​គាត់​សស្រាក់​សស្រាំ​នាំ​គ្នា​មក​ចូល​រួម​ចាប់​មគ្គផល​ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​លើ​វីរ​ភាព​របស់​គាត់​ កាល​គាត់​នៅ​រស់។​ ​នេះ​ជា​អំពើ​ល្អ​មួយ​ដែល​បង្ហាញ​ដល់​សង្គម​ថា ​មនុស្ស​យើង​មិន​មែន​ថ្លៃ​ថ្នូរ​ដោយ​សារ​លុយ​ទេ​ ​គឺ​ថ្លៃ​ថ្នូរ​ដោយសារ​ការងារ​ស្អាត​ស្អំ​ ដោយសារ​ការងារ​ជួយ​សង្គម​នេះ​ឯង។ ស្នាដៃ​របស់​គាត់​ស្ថិត​នៅ​ជាប់​ក្រអៅ​បេះ​ដូង​របស់​ប្រជាជន​ដែល​រង​គ្រោះ​ និង​ទទួល​បាន​ការ​ជួយអន្តរាគមន៍​ពី​គាត់​ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស។​ តម្លៃ​មនុស្សនៅ​ត្រង់​ហ្នឹង​គឺ​ត្រង់​ថា​ ធ្វើ​អំពើ​ល្អ​ ពេលដែល​ស្លាប់​ទៅកុំ​ឲ្យ​គេ​បំភ្លេច​ ​កុំឲ្យ​ស្លាប់​ដោយសារ​គេ​បន់។នៅ​រស់​ផង​ គេ​បន់​ឲ្យ​ស្លាប់​ នេះ​មិន​មែន​ជា​មនុស្ស​ទេ»។​

ក្តី​ស្រមៃ​មួយ​ទៀត​នោះ​គឺសកម្មជន​សិទ្ធិល្បី​ល្បាញ​រូប​នេះ​ក៏​ចង់​ឃើញ​កូន​ខ្លួន​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​មួយ​រូបដែរ។​ ​ប៉ុន្តែ​កូន​ប្រុស​ច្បង​របស់​លោក​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​ឆ្នាំ​នេះ​ គឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​រូបលោក​បាត់​បង់​ជីវិត។​ នៅ​មុន​ពេល​នោះ​ លោក​ចង់​ឲ្យ​កូន​ប្រុស​ច្បង​នេះ​ធ្វើ​ការ​ក្រៅ​ម៉ោង​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ដើម្បី​បក​ប្រែ​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​សម្រាប់​រក​លុយ​ចិញ្ចឹម​ខ្លួន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ភរិយា​លោក​ចាន់ សូវ៉េត ​អ្នកស្រី​ប៊ី សុភាព៕

XS
SM
MD
LG