នេះជាការប្រារព្ធទិវាសិទ្ធិមនុស្សប្រចាំឆ្នាំដ៏កម្រមួយនៅរដ្ឋធានីវ៉ាស៊ីនតោនដែលមានរួមគ្នាជាមួយនឹងពិធីសាសនានិងការគោរពវិញ្ញាណក្ខន្ធរំលឹកដល់អ្នកដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុការពារសិទ្ធិមនុស្សនិងសេរីភាពនៅកម្ពុជា ក្នុងនោះមានលោកចាន់ សុវ៉េតផងដែរ។
សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងបានយកឱកាស នេះជំរុញឱ្យមានការគោរព សិទ្ធិមនុស្ស និងបន្ថយអំពើហិង្សាដែលកំពុងតែកើតមានឡើងយ៉ាងច្រើននៅកម្ពុជា។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថា៖
«រដ្ឋាភិបាល សូមស្តាប់មតិប្រជាជនដើម្បីយកឱកាសនេះជួយសម្អាតកំហុសខ្លួនឯង។ ខ្ញុំឃើញថាប្រទេសចិនសព្វថ្ងៃនេះលោកស៊ី ជិនពីង បានចំណាយពេលច្រើនដើម្បីប្រឆាំងនឹងអំពើពុករលួយ។ អំពើពុករលួយហ្នឹងហើយធ្វើឱ្យបាត់បង់សិទ្ធិមនុស្ស»។
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅវត្តពុទ្ធិការ៉ាម នាថ្ងៃពុធនេះកើតមានឡើងក្នុងពេលដែលសកម្មជនដីធ្លី ព្រះសង្ឃនិងអ្នកនយោបាយចំនួន១៧នាក់ក្នុងនោះមានលោកស្រី ទេព វន្នី ជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំនៃ អង្គការ Vital Voices ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារទាក់ទងនឹងការតស៊ូទាមទារ ដើម្បីសិទ្ធិនិងសេរីភាពនៅកម្ពុជា។ សកម្មជនដែលបានមកជួបជុំគ្នានៅថ្ងៃនេះក៏បានអំពាវនាវឱ្យដោះលែង អ្នកទាំងនោះផងដែរ។
លោកបណ្ឌិតទួន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលវត្តពុទ្ធិការ៉ាមយល់ថាពលរដ្ឋបានយល់ដឹងពី សិទ្ធិរបស់ពួកគាត់ជាបណ្តើរៗហើយដោយហ៊ានចេញមកតវ៉ានឹងអ្វីដែល ពួកគេមិនពេញចិត្ត។ ប៉ុន្តែរដ្ឋាភិបាលហាក់មិនយកចិត្តទុកដាក់។
«ជាអកុសល រដ្ឋាភិបាលមិនបានទទួលនូវការធ្វើឱ្យសោកនាដកម្មនៃអ្នកស្រុកបាន ធូរស្រាលទេ។ អ្នកស្រុកស្រែកយ៉ាងណាក៏ដោយរដ្ឋាភិបាលតែងតែបំភ្លេចសោកនាដកម្មអ្នក ទាំងអស់នោះ»។
សកម្មជនទាំងនេះលើកទឹកចិត្តឱ្យពលរដ្ឋត្រូវ តស៊ូទាមទារសិទ្ធិរបស់ខ្លួនតទៅទៀតដោយពួកគេយល់ថាសូម្បីតែបទ ពិសោធន៍នៅសហរដ្ឋអាមេរិកក៏សេរីភាពមិនបានមកដោយងាយៗដោយគ្មានការ តស៊ូទាមទារឡើយ។
លោកស្រីសយ រ៉ាស៊ី ជាសកម្មជនសិទ្ធិមនុស្សជើងចាស់មួយរូបបានបញ្ជាក់ថា៖
«ការសិក្សា ពីសិទ្ធិមនុស្សសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់។ ខ្ញុំសូមឱ្យប្រជាពលរដ្ឋទាំងអស់ខំតាមដាននិងរៀនសូត្រពីសិទ្ធិ របស់យើងដែលយើងត្រូវមានកុំឱ្យលិចលង់បាត់ទៅហើយគិតថាយើងអត់មាន សិទ្ធិទេតាមពិតយើងមានពីកំណើត»។
ទន្ទឹមនឹងការលើកឡើង ពីក្តីបារម្ភ អ្នកចូលរួមយល់ថាពួកគេត្រូវតែបន្តចែករំលែកនូវបទពិសោធនៃ សេរីភាពដែលពួកគេមាននៅសហរដ្ឋអាមេរិកដល់ទៅជនរួមជាតិរបស់គេនៅ ប្រទេសកម្ពុជា។
អ្នកសង្កេតការណ៍ជាច្រើនបានមើលឃើញថាស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជាមានការប្រសើរឡើងហើយក៏មានពេលដើរថយ ក្រោយដែរ។ បើទោះបីជាប្រទេសនេះបានបញ្ចូលស្មារតីនៃសិទ្ធិមនុស្សសាកលចូល ក្នុងរដ្ឋធម្មនុញ្ញ របស់ខ្លួនប៉ុន្តែដើម្បីឱ្យសម្រេចបានគោលការណ៍ដែលមានចែងនៅក្នុង សេចក្តីប្រកាសសាកលពីសិទ្ធិមនុស្សនៅទាមទារឱ្យមានការប្រឹងប្រែង និងយកចិត្តទុកដាក់ថែមទៀត៕