ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សង្គម​ស៊ីវិល សហជីព​ និង​គណបក្ស​ប្រឆាំង​​គោរព​វិញ្ញាណ​ក្ខន្ធសព​ លោក ចាន់ សុវ៉េត

  • ហេង រស្មី

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មេដឹក​នាំសហជីព​ និង​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ដាក់​កម្រង​ផ្កា​ជា​បន្ត​បន្ទាប់​ ​ដើម្បី​គោរពវិញ្ញាណ​ក្ខន្ធ​សព​ លោក​ ចាន់ សុវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោមួយ​ដែល​បាន​តម្កល់​ទុក​នៅ​វត្ត​គល់​ទទឹង​ ស្ថិត​នៅ​ភូមិ​ កោះ ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខ័ណ្ឌ​ ច្បារអំពៅ។

​លោក​ ចាន់ សុវ៉េត​ អាយុ​៥១​ឆ្នាំ​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ល្បីល្បាញ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​ពុធ​។​ បើ​តាម​ក្រុម​គ្រួសារ​បាន​សន្និដ្ឋាន​ ​ជំហាន​ដំបូង​ថា​ ដោយ​សារ​ជម្ងឺលើស​ឈាម​បណ្តាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់​។​

ការ​ស្លាប់​បាត់​បង់ជីវិត​របស់​ លោក​ចាន់ សុវ៉េត ​បាន​កើត​ឡើង​ក្រោយ​ពីលោកបាន​ចូល​រួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៦​។​ លោក​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នក​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ខាង​ផ្នែក​ការពារ​សិទ្ធិមនុស្សនៅ​កម្ពុជា ជា​ពិសេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

លោក​ធន់ សារ៉ាយ​ ប្រធាន​សមាគម​សិទ្ឋិមនុស្ស​អាដហុក​មាន​ប្រសាសន៏​ថា​លោក​មិន​មាន​អារម្មណ៏​នៅ​ក្នុង​ខ្លួន​ទេ​នៅ​ពេល​ដែលឮ​ដំណឹង​នៃការ​បាត់​បង់​ជីវិត​បុគ្គលិក​ដ៏ឆ្នើម​ម្នាក់។​លោក​បាន​និយាយ​ប្រាប់​អ្នក​កា​សែត​នៅ​ពិធីបុណ្យ​សពថា​លោក​បាន​បើក​រថយន្ត​ប៉ះ​អ្នក​ជិត​ខាង​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​លោក​មក​ចូល​រួម​បុណ្យ​សព​ លោក ចាន់ សុវ៉េត។

«​ការ​បាត់​បង់​ លោក​ ចាន់ សុវ៉េត ជា​ការ​បាត់​បង់​ធំណាស់​សម្រាប់​សមាគម​សិទ្ធិ​មនុស្ស​យើង​ សម្រាប់​សង្គម​ស៊ីវិល​យើង​ក៏​ដូច​សម្រាប់​ប្រជាពលរដ្ឋ​យើង​ដែល​ជា​អ្នក​ ក្រី​ក្រ​អ្នក​គ្មាន​អំណាច​ដែល​ត្រូវ​ការ​ ការ​ជួយ​គាំទ្រ​ ជួយ​ការ​ពារ​ពី​សកម្ម​ជន​សិទ្ធិមនុស្ស​របស់យើង​ជា​ពិសេស​ដូច​លោក​សាវ៉េត​ នេះ»។

នៅ​ក្នុង​បរិវេណ​វត្ត​គល់ទទឹង​មនុស្ស​ជា​ច្រើន​បាន​មក​ពពាក់​ពពូន​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​។​ក្នុង​ខណះ​ពេល​ដែល​សព​លោក​ចាន់ សុវ៉េត​ បាន​តម្កល់​ក្នុង​ក្តារម្ឈុស​យ៉ាង​មាន​របៀប​រៀប​រយ​ដោយ​មាន​កម្រង​ផ្តា​តាំង​រូប​ថត​លោក។

​លោក​ កឹម សុខា​ អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ ព្រម​ទាំង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​មន្ត្រី​គណបក្ស​មួយ​ចំនួន​មក​គោរព​វិញ្ញាណ​ក្ខន្ធលោក​ចាន់ សុវ៉េត។

​លោក​កឹម សុខា​បាន​បួង​សួងថា៖​ «នូវ​វីរៈ​ភាព​របស់​លោក​ពួក​យើង​ខ្ញុំ​មិន​ភ្លេច​ទេ​ពួក​យើង​ខ្ញុំ​និង​បន្ត​ការ​ត​ស៊ូ​តទៅ​ទៀត​ សុំ​អោយ​មាន​ការ​ស្ងប់​អារម្មណ៏​ហើយ​ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សុខ​ទាំង​អស់​គ្នា​ទៅ​ថ្ងៃ​មុខ​ទៀត​មាន​សិទ្ឋិ​សេរីភាព​ ប្រជារាស្ត្រ​យើង​។​ការ​តស៊ូ របស់​លោក​ចាន់ សុវ៉េត​គឺ​បាន​មក​នូវ​គុណ​សម្បត្តិ​ច្រើន​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​យើង​គ្រប់​រូប»។

​ចំណែក​លោក​ សម រង្ស៊ី​ មាន​ប្រសាសន៏ថា​៖«​ ថ្ងៃ​នេះ​យើង​ចូល​រួម​មរណៈ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ជា​ទី​បំផុត​ យើង​បាត់​បង់​អ្នក​ស្នេហា​ជាតិ​ អ្នក​ស្រឡាញ់​យុត្តិធម៌​ដ៏​ឆ្នើម​ តែ​យើង​និង​គាត់​ធ្វើ​ជា​គំរូឲ្យ​វិញ្ញាណ​ក្ខន្ធ​គាត់​បាន​ទៅ​កាន់​សុគតិ​ភព»។

​អ្នក​ស្រី​ និត អឿន​ អាយុ​៧៨​ ឆ្នាំ​ម្តាយ​លោក​ ចាន់ សុវ៉េត​ ដែល​បាន​បូស​ជា​ដូន​ជី​នៅ​វត្ត​គល់​ទទឺង​បាន​យំក្តុក​ក្តួលរៀប​រាប់​ប្រាប់​មេដឹក​នាំ​គណបក្ស​ប្រឆាំងនៅ​ពេល​ដែល​កូន​អ្នក​ស្រី​បាន​ស្លាប់បាត់​បង់ជីវិត​។

​អ្នក​ស្រី​និយាយ​ថា៖​«​ ខ្ញុំ​អស់​សង្ឃឹម​ហើយ‍»។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​លួង​លោម​អ្នកស្រី​ថា ៖ «លោក​យាយ​មាន​កូន​ល្អ​ កូន​ជួយ​ជាតិ​ កូនស្រឡាញ់​យុត្តិធម៌​ លោក​យាយ។​។​ក្នុង​ស្រុក​ខ្មែរ​គេ​ស្គាល់​កូន​លោក​យាយ​គេ​សរសើរ​ គេ​គោរព​ណាស់»។

អ្នកស្រី និត អឿន ឆ្លើយ​តប​ទៅ​លោក កឹម សុខា វិញ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​លោក​បាន​សរសើរ​កូន​ខ្ញុំ‍»។

​នៅ​ក្នុង​រោង​បុណ្យ​មាន​ការ​ដាក់​បញ្ចាំង​ស្លាយ​រូប​ថត​ស្តីពី​សកម្មភាព​លោក​ចាន់ សុវ៉េត ដែល​ចូល​រួម​ប្រឆាំង​នឹងការ​រំលោភ​សិទ្ធិ​មនុស្ស​និងទាម​ទារ​រក​យុត្តិធម៌​ក្នុង​សង្គម។

​លោក​ ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្ម​ករ​បាន​បញ្ជាក់​ថា​លោក​បាន​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​ ចាន់ សុវ៉េត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​លោក​បាន​មើល​ឃើញ​ថា​លោក​ជាមនុស្ស​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​។

«​យើង​គ្រប់​គ្នា​ចាត់​ទុក​លោក​ជា​វិរៈបុរស​ ជា​អ្នក​ស្នេហា​ជាតិ​ក៏​ដូច​ជា​អ្នក​ដែល​ការពារ​យុត្តិធម៌​ក៏​ដូច​ជា​តែង​តែ​ចំណាយ​ពេល​វេលា​ក៏​ដូច​ជា​អាយុ​ជីវិត​របស់​គាត់ ​ដោយ​មិន​ស្តាយ​ក្នុង​ការ​ការពារ​សិទ្ធិ​ក៏​ដូច​ជា​តែង​តែ​ចេញ​មុខ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​គ្រប់​រូប​ភាព​ទាំង​អស់​ជួន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​រង​គ្រោះ»។

​លោក​ ចាន់ ពិទ្ឋិស័ក​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​បាន​បញ្ជាក់​ថា​លោក​ចាន់ សុវ៉េត​បាន​ជួយ​យ៉ាង​ច្រើនក្នុង​រឿ​ងជម្លោះ​ដីធ្លី​នៅតំបន់​បឹងកក់​និង​ជម្លោះដីធ្លី​នៅ​សហគមន៍​ផ្សេង​ទៀត។

​«​បាទ​យើង​ឃើញ​ថា​ការ​បាត់​បង់​រូប​គាត់​ហ្នឹង​គឺ​ការ​សោក​ស្តាយ​មែន​ហើយ​គឺ​ជា​ការ​បាត់​ប្រភព​ម្នាក់​ដែល​គាត់​ជា​ប្រភព​នៃ​ អ្នក​ការ​ពារ​សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​ហ្នឹង​។​អញ្ចឹង​យើង​ពិបាក​រក​មនុស្ស​ណា​ដែល​មាន​ឆន្ទៈ​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ដូច​ជា​គាត់នេះ​ណាស់​ ហើយ​ខ្ញុំ​មាន​អារម្មណ៏​ថា​សោក​ស្តាយ​មែន​ទែន»។

​ក្រុម​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​រួម​មាន​អ្នក​ស្រី​ ទេព វន្នី​ បាន​រៃ​អង្គាស៏​ថវិកា​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ ​ប្រមាណ​២៧​ម៉ឺន​រៀល​មក​ចូល​រួម​បុណ្យ​សព​លោក​ចាន់ សុវ៉េត។​

សព​របស់​លោក​ចាន់ សុវ៉េត​គ្រោង​នឹង​បូជា​នៅ​ថ្ងៃ​សុក្រ​ស្អែកនេះ៕

XS
SM
MD
LG